ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្ដីណែនាំ អំពីវិធានការគាំទ្រដល់ការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យផ្នែកបុរី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៧ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 21
រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្ដីណែនាំ អំពីវិធានការគាំទ្រដល់ការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យផ្នែកបុរី រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្ដីណែនាំ អំពីវិធានការគាំទ្រដល់ការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យផ្នែកបុរី

រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីណែនាំ អំពីវិធានការគាំទ្រដល់ការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យផ្នែកបុរី។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានចេញផ្សាយនៅព្រឹកថ្ងៃទី ១៧ ខែមេសា នេះ។

សេចក្តីប្រកាសព័ត៌មាននេះបានឲ្យដឹងថា ទោះបីសកម្មភាពសង្គម-សេដ្ឋកិច្ចកម្ពុជា បាន និងកំពុងបើកឡើងវិញជាបណ្តើរៗ តាមគន្លងប្រក្រតីភាពថ្មីក៏ដោយ បច្ចុប្បន្នដូចបណ្តាប្រទេសនានា ការកើនឡើងនូវភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកល នៅតែជាក្តីកង្វល់ដ៏ ធំចំពោះកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសហានិភ័យនៃការងើបឡើងវិញ យឺតជាងការព្យាកររបស់សេដ្ឋកិច្ចសកល ការកើនឡើងនូវភាពតានតឹងនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន, ការរឹតបន្តឹងយូរជាងការរំពឹងទុកនៃគោលនយោបាយរូបិយវត្ថុ ក្នុងប្រទេសកំពុងអភិវឌ្ឍន៍, ការបន្តរអាក់រអួលនៃខ្សែច្រវាក់ផ្គត់ផ្គង់សកល និងការកើនឡើងនូវភាពតានតឹង នៃវិស័យហិរញ្ញវត្ថុសកលជាដើម ។

ក្នុងន័យនេះ ដើម្បីរក្សាស្ថិរភាពនៃវិស័យសំណង់ និងអចលនទ្រព្យ ដែលត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយ ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជារួម, ជាពិសេស បន្តរក្សានិរន្តរភាពការងារជូនបងប្អូនកម្មករ ព្រមទាំងលើកកម្ពស់លទ្ធភាពដល់ប្រជាពលរដ្ឋ ដែលមានចំណូលទាប និងមធ្យម អាចមានលទ្ធភាពទិញ លំនៅឋានតម្លៃសមរម្យបាន, រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវវិធានការបន្ថែមជាកញ្ចប់ ដូចខាងក្រោម៖

  1. បន្តពន្យារពេលការអនុវត្តការបង់ពន្ធជាកញ្ចប់ តាមដំណាក់កាលរហូតដល់ដំណាច់ឆ្នាំ២០២៤ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលបាន និងកំពុងប្រតិបត្តិការគម្រោងអភិវឌ្ឍន៍ លំនៅឋានដែលមានអាជ្ញាបណ្ណអាជីវកម្មអចលនវត្ថុ ផ្តល់ដោយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ។ ដោយឡែក ក្រុមហ៊ុនដែលបាន និងកំពុងប្រតិបត្តិការគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលគ្មានអាជ្ញាបណ្ណអាជីវកម្មអចលនវត្ថុ ត្រូវរួសរាន់ចុះបញ្ជីគម្រោងរបស់ខ្លួន ដើម្បីទទួលបានអាជ្ញាបណ្ណអាជីវកម្ម អចលនវត្ថុ ស្របតាមនីតិវិធីជាធរមានពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ យ៉ាងយូរត្រឹមដំណាច់ឆ្នាំ២០២៣ ដើម្បីទទួលបានការបន្តការបង់ពន្ធជាកញ្ចប់ រហូតដល់ដំណាច់ឆ្នាំ ២០២៤។
  2. បង្កើនរយៈពេលនៃការបង់ពន្ធជាកញ្ចប់ តាមដំណាក់កាល១២ខែ ដល់ ១៨ខែ សម្រាប់ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលបង់ពន្ធតិចជាង១ លានដុល្លារអាមេរិក និងពី ២៤ ខែដល់ ៣៦ខែ សម្រាប់ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលបង់ពន្ធលើសពី ១ លានដុល្លារអាមេរិក។
  3. ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋានជាបុរីថ្មី ឬក្រុមហ៊ុនដែលមានគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលមិនទាន់អភិវឌ្ឍត្រូវបង់ពន្ធ ស្របតាមនីតិវិធីជាធរមាន (របបពិត) និងត្រូវកាន់បញ្ជីគណនេយ្យឱ្យបានត្រឹមត្រូវ។
  4. បន្តពន្យារពេលការអនុវត្តពន្ធលើចំណេញមូលធន សម្រាប់តែវិស័យអចលនទ្រព្យ រហូតដល់ដំណាច់ឆ្នាំ ២០២៤។
  5. បន្តការលើកលែងពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី ដែលមានតម្លៃក្រោម ឬ ស្មើ៧ម៉ឺនដុល្លារអាមេរិក រហូតដល់ដំណាច់ឆ្នាំ២០២៤។
  6. លើកទឹកចិត្ត និងស្នើឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ធ្វើការរៀបចំឥណទានឡើងវិញ តាមលទ្ធភាពជាក់ស្ដែងរបស់គ្រឹះស្ថាន ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងការព្រមព្រៀងរវាងគ្រឹះស្ថាន និងក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាបុរី ។
  7. លើកលែងការផាកពិន័យផ្សេងៗ ចំពោះគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ប៉ុន្តែក្រុមហ៊ុនអភិវឌ្ឍន៍ចាំបាច់ត្រូវបំពេញកាតព្វកិច្ច ស្របតាមប្រកាសលេខ ០៨៩ សហវ ប្រក.ស្ដីពី «ការគ្រប់គ្រងអាជីវ- កម្មអភិវឌ្ឍអចលនវត្ថុ»។
  8. ពន្យារពេលអនុវត្តរហូតដល់ដំណាច់ឆ្នាំ ២០២៣ លើសេចក្ដីប្រកាសលេខ ៥៦៣ សហវ. ប្រក ចុះថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២០ ស្តីពី «កាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ» ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) នឹងរៀបចំយន្តការ ការងារ ដើម្បីតាមដានពិនិត្យ និងវាយតម្លៃជាប្រចាំ លើស្ថានភាពនៃវិស័យសំណង់ និងអចលនទ្រព្យ សំដៅស្នើឡើងនូវវិធានការគោលនយោបាយ ជាក់លាក់បន្ថែមទៀត ក្រៅពីវិធានការ ដែលរាជរដ្ឋាភិបាលបានដាក់ចេញរួច៕

 

អត្ថបទទាក់ទង