ប្រធានបទសំខាន់ៗចំនួន ៤ ដែលត្រូវឃ្លាំមើលនៅក្នុងឆ្នាំ ២០២៣ នៅពេលដែលចិនបើកដំណើរការប្រទេសឡើងវិញ
កិច្ចព្រមព្រៀងដ៏ធំចុងក្រោយមួយទាក់ទងនឹងផ្នែកពាណិជ្ជកម្មអចលនទ្រព្យអាស៊ីកាលពីឆ្នាំ ២០២២ បាននាំមកនូវប្រធានបទ និងនិន្នាការមួយចំនួនដែលបានជួយឱ្យវិស័យអចលនទ្រព្យនៅក្នុងតំបន់មានភាពកាន់តែលេចធ្លោ។ កាលពីថ្ងៃទី ២៨ ខែធ្នូ ក្រុមហ៊ុន «Link Reit» ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង និងជាក្រុមហ៊ុនវិនិយោគអចលនទ្រព្យដ៏ធំបំផុតប្រចាំតំបន់អាស៊ីបានប្រកាសថា «ខ្លួននឹងទទួលបានទ្រព្យសម្បត្តិដំបូងរបស់ខ្លួននៅក្នុងប្រទេសសិង្ហបុរី តាមរយៈការទិញមជ្ឈមណ្ឌលផ្សារទំនើបនៅជាយក្រុងចំនួន ២ កន្លែង ក្នុងតម្លៃ ១,៦ ពាន់លានដុល្លារអាមេរិក ដែលជាប្រតិបត្តិការអចលនទ្រព្យដ៏ធំបំផុតនៅក្នុងទីក្រុងនេះកាលពីឆ្នាំមុន»។
ក្រុមហ៊ុន «Link Reit» កំពុងទិញផ្សារ «Jurong Point» ដែលជាផ្សារទំនើបមួយក្នុងចំណោមផ្សារទំនើបនៅជាយក្រុងដ៏ធំបំផុតរបស់ប្រទេសសិង្ហបុរី និង «Swing By @ Thomson Plaza» ដែលជាផ្នែកមួយនៃផ្សារទំនើប «Thomson Plaza» ដែលត្រូវបានតភ្ជាប់ដោយផ្ទាល់ពីសហគ្រាស «NTUC» ទៅកាន់ស្ថានីយ៍មួយនៅតាមបណ្តោយខ្សែរថភ្លើងក្រោមដីថ្មីបំផុតរបស់ទីក្រុងនេះ។
នៅក្នុងផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Link Reit ក៏នឹងទទួលបន្ទុកគ្រប់គ្រងលើទ្រព្យសម្បត្តិ និងអចលនទ្រព្យនៅ «AMK Hub» ផងដែរ ដែលជាផ្សារទំនើបជាយក្រុងមួយទៀត។ នៅក្នុងបទបង្ហាញមួយ ក្រុមហ៊ុន Link Reit បាននិយាយថា «ការសម្រេចចិត្តរបស់ខ្លួនក្នុងការវិនិយោគនៅក្នុងប្រទេសសិង្ហបុរី គឺផ្អែកលើការពិចារណាមួយចំនួន ដែលរួមមានកេរ្តិ៍ឈ្មោះរបស់ទីក្រុងនេះ ក្នុងនាមជាទីផ្សារប្រកបដោយស្ថិរភាព, តម្លាភាព និងភាពងាយស្រួលសម្រាប់ការធ្វើអាជីវកម្ម»។
ភាពធន់ និងដំណើរការដ៏រឹងមាំនៃមជ្ឈមណ្ឌលផ្សារទំនើបក៏ជាកត្តាសំខាន់ផងដែរ បូករួមនឹងឱកាសក្នុងការអាចទទួលបាន ទរព្យសម្បត្តិនៅក្នុងប្រទេសដែលអចលនទ្រព្យសំខាន់ៗតែងស្ថិតក្រោមការកាន់កាប់យ៉ាងតឹងរ៉ឹង និងកម្រត្រូវបានដាក់លក់ណាស់។ ប្រតិបត្តិការនេះបានកើតឡើងក្នុងពេលវេលាដ៏សំខាន់សម្រាប់ឧស្សាហកម្មពាណិជ្ជកម្មអចលនទ្រព្យនៅក្នុងតំបន់អាស៊ី ហើយបញ្ហានេះបានទាក់ទាញការយកចិត្តទុកដាក់មកលើប្រធានបទសំខាន់ៗមួយចំនួនដែលអាចនឹងមានលក្ខណៈកាន់តែគួរឱ្យកត់សម្គាល់នៅឆ្នាំនេះ នៅចំពេលកំពុងមានភាពមិនច្បាស់លាស់នៅក្នុងទស្សនវិស័យសេដ្ឋកិច្ចពិភពលោក ជាពិសេសដំណើរការបើកប្រទេសឡើងវិញយ៉ាងឆាប់រហ័សដែលមិននឹកស្មានដល់នៅក្នុងប្រទេសចិន។
ប្រធានបទសំខាន់ទី១ គឺ «ការប្រៀបធៀបរវាងទីក្រុងហុងកុង និងសិង្ហបុរី» ដែលទទួលបានការកើនឡើងយ៉ាងខ្លាំងនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលមួយផ្នែកដោយសារវិធីសាស្រ្តចម្រុះនៅក្នុងការគ្រប់គ្រងលើវីរុសរាតត្បាត។ ប្រទេសសិង្ហបុរី ដែលបានចាប់ផ្តើមបើកដំណើរការឡើងវិញនៅឆ្នាំ ២០២១ បានទទួលភាពទាក់ទាញនៅក្នុងក្រសែភ្នែករបស់វិនិយោគិនអន្តរជាតិ និងបានក្លាយជាទីផ្សារអចលនទ្រព្យ ដែលមានដំណើរការល្អបំផុតមួយនៅក្នុងតំបន់អាស៊ី។
វិសាលភាពនៃការអនុវត្តបានលើសផែនការគឺជារឿងដ៏គួរឱ្យចាប់អារម្មណ៍។ នៅក្នុងផ្នែកការិយាល័យ ការជួលអគារកម្រិត A នៅក្នុងតំបន់អាជីវកម្មសំខាន់ៗរបស់ទីក្រុងនេះ បានឈានជិតដល់កម្រិតខ្ពស់បំផុត ខណៈពេលដែលអត្រានៃអាគារការិយាល័យទំនេរមានចំនួនត្រឹមតែ ៣% ប៉ុណ្ណោះ។ បើទោះបីជាមូលដ្ឋានគ្រឹះនៃទីផ្សារការិយាល័យរបស់ទីក្រុងហុងកុងមានសភាពទន់ខ្សោយក៏ដោយ ក៏វានឹងគ្មានទីផ្សារណាមួយនៅក្នុងតំបន់អាស៊ីដែលអាចទទួលបានអត្ថប្រយោជន៍ច្រើនពីការបើកឡើងវិញរបស់ប្រទេសចិនជាងទីក្រុងហុងកុងឡើយ។
ការបើកព្រំដែនជាមួយចិនដីគោក ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ០៨ មករា គឺជាកាតាលីករដ៏ចម្បងសម្រាប់ការស្តារឡើងវិញ និងអាចជាផ្នែកមួយដ៏សំខាន់បំផុតសម្រាប់វិស័យអចលនទ្រព្យរបស់តំបន់អាស៊ីនៅក្នុងឆ្នាំនេះ។ បើទោះបីជាការបើកដំណើរការឡើងវិញភ្លាមៗរបស់ប្រទេសចិនអាចបង្កឱ្យមានក្តីព្រួយបារម្ភ និងភាពច្របូកច្របល់មួយចំនួនក៏ដោយ ក៏វាច្បាស់ណាស់នឹងផ្តល់ផលចំណេញយ៉ាងច្រើនដល់ទីក្រុងហុងកុង។
ប្រធានបទសំខាន់ទី២ គឺ «តម្រូវការកាន់តែច្រើនឡើងនៅក្នុងវិស័យអចលនទ្រព្យ ទាក់ទងនឹងការលក់រាយ និងសណ្ឋាគារ»។ ដោយបានទទួលរងផលប៉ះពាល់យ៉ាងខ្លាំងបំផុតដោយសារវីរុសកូវីដ-១៩ វិស័យទាំងពីរនេះ ត្រូវបានគេរៀបចំឡើងវិញយ៉ាងល្អបំផុតដើម្បីដឹកនាំការស្តារសេដ្ឋកិច្ចឡើងវិញ ដោយមានការជំរុញបន្ថែមពីការបើកឡើងវិញរបស់ប្រទេសចិន។
នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីខែមុន ក្រុមហ៊ុនអចលនទ្រព្យ CBRE បានឱ្យដឹងថា «ខ្លួនរំពឹងថា ការពង្រីកខ្លួនរបស់ក្រុមហ៊ុនលក់រាយនៅក្នុងប្រទេសចិននឹងកើនឡើងនៅក្នុងត្រីមាសទី២ នៃឆ្នាំនេះ ខណៈពេលដែលករណីឆ្លងបានធ្លាក់ចុះ បូករួមនឹងការកើនឡើងនៃតម្រូវការសម្រាប់ទីតាំងលក់រាយសំខាន់ៗនិងការជួលផ្សារទំនើបក្នុងតម្លៃទាប»។
កាន់តែសំខាន់ជាងនេះទៅទៀតនោះគឺ «វិស័យអចលនទ្រព្យទាក់ទងនឹងការលក់រាយនៅក្នុងតំបន់អាស៊ីមានភាពងាយស្រួលក្នុងការទប់ទល់នឹងការរំខានផ្នែកឌីជីថលបានល្អប្រសើរជាងដៃគូរបស់ពួកគេនៅក្នុងបណ្តាប្រទេសលោកខាងលិច និងអាចទទួលបានអត្ថប្រយោជន៍ពីរចនាសម្ព័ន្ធដ៏រឹងមាំនៃតម្រូវការដែលបណ្តាលមកពីការពង្រីកយ៉ាងឆាប់រហ័សនៃប្រជាជនវណ្ណៈកណ្តាល។
បន្ថែមពីលើនេះ ប្រតិបត្តិការនៅក្នុងវិស័យសណ្ឋាគារនៅក្នុងតំបន់អាស៊ី ក៏កំពុងវិលត្រឡប់ទៅរកកម្រិតមុនពេលកើតមានវីរុសរាតត្បាតផងដែរ។ ខណៈពេលដែលសកម្មភាពវិនិយោគនៅក្នុងឧស្សាហកម្មពាណិជ្ជកម្មអចលនទ្រព្យនៅក្នុងតំបន់ទាំងមូលត្រូវបានគេរំពឹងថានឹងធ្លាក់ចុះចន្លោះពី ៥%-១០% នៅឆ្នាំនេះ កិច្ចព្រមព្រៀងជួលសណ្ឋាគារត្រូវបានគេព្យាករថា នឹងកើនឡើង ៦% (យោងតាមទិន្នន័យរបស់ JLL)។
ប្រធានបទទី៣ គឺ «ឱកាសក្នុងការការវិនិយោគឆ្លងព្រំដែន»។ ខុសគ្នាពីទីផ្សារជាច្រើននៅអឺរ៉ុប និងអាមេរិក ទីផ្សារវិនិយោគអចលនទ្រព្យនៅក្នុងតំបន់អាស៊ីភាគច្រើនត្រូវបានគ្រប់គ្រងដោយអ្នកទិញឯកជន និងស្ថាប័នក្នុងស្រុក។ សូម្បីតែអ្នកវិនិយោគឆ្លងកាត់ព្រំដែនភាគច្រើនក៏មានប្រភពមកពីក្នុងតំបន់នេះផងដែរ។ ខណៈពេលដែលការកើនឡើងយ៉ាងខ្លាំងនៃអត្រាការប្រាក់នឹងធ្វើឱ្យការវិនិយោគនិងអ្នកកាន់កាប់ទីផ្សារ បន្តស្ថិតនៅក្រោមសម្ពាធ វានឹងបង្កើតឱកាសសម្រាប់វិនិយោគិនធំៗ ដូចជាក្រុមហ៊ុន «Link Reit» ក្នុងការអាចទទួលបានទ្រព្យសកម្មជាមួយនឹងការលក់បញ្ចុះតម្លៃ។
ប្រធានបទទី៤ គឺ «សារៈសំខាន់នៃការធ្វើពិពិធកម្ម»។ ដោយសារភាពមិនច្បាស់លាស់កាន់តែខ្លាំងផ្នែកសេដ្ឋកិច្ចនៅពេលនេះ វិនិយោគិននិងអ្នកអភិវឌ្ឍត្រូវធ្វើការជ្រើសរើសទីផ្សារប្រកបដោយការប្រុងប្រយ័ត្ន។ បើទោះបីជាសេដ្ឋកិច្ចដ៏រឹងមាំ និងប្រកបដោយភាពធន់ នឹងទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីភាពមិនប្រាកដប្រជាក៏ដោយ ក៏ទីផ្សារកំពុងរីកចម្រើនមួយចំនួននៅតែអាចរងនូវសម្ពាធនៅក្នុងវិស័យមួយចំនួន។
ឆ្នាំមុនគឺជាឆ្នាំដែលពោរពេញទៅដោយបញ្ហាប្រឈមសម្រាប់វិស័យអចលនទ្រព្យអាស៊ី។ នៅឆ្នាំនេះ វានឹងក្លាយជាការធ្វើតេស្តសាកល្បងមួយទៀត ជាពិសេសជាមួយនឹងការភ័យខ្លាចអំពីការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ តំបន់អាស៊ីអាចនឹងនៅតែជាទីតាំងដ៏ល្អប្រសើរជាងគេមួយ ដោយសារការបើកឡើងវិញភ្លាមៗរបស់ប្រទេសចិន។ សម្រាប់វិនិយោគិន ការរក្សាតុល្យភាពរវាងសុវត្ថិភាពនិងឱកាស នឹងមានសារៈសំខាន់ណាស់៕
South China Morning Post