ខ្មែរប៉ុស្ដិ៍ Close

អាស៊ានអាចផ្លាស់ប្តូរទំនាក់ទំនងរវាងអាមេរិកនិងចិន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍បាន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 123
អាស៊ានអាចផ្លាស់ប្តូរទំនាក់ទំនងរវាងអាមេរិកនិងចិន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍បាន អាស៊ានអាចផ្លាស់ប្តូរទំនាក់ទំនងរវាងអាមេរិកនិងចិន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍បាន

សម័យកាលក្រោយសង្គ្រាមត្រជាក់សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកបានជួបប្រទះនូវទំនាក់ទំនងដ៏ទន់ភ្លន់រវាងមហាអំណាច បូករួមនឹងភាពរឹងមាំនៃកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ។ ស្ថានភាពនេះបានកើតមានអស់រយៈពេលជាង ២ ទសវត្សរ៍។ ក៏ប៉ុន្តែចាប់តាំងពីពេលនោះមកការផ្លាស់ប្តូរអំណាចសំខាន់ៗ បាននាំមកនូវការវិលត្រឡប់មកវិញនៃការប្រកួតប្រជែងរវាងមហាអំណាច, ការកើនឡើងនៃរចនាសម្ព័ន្ធសន្តិសុខ និងការរៀបចំថ្មីៗដែលជាហេតុបង្កឱ្យមានភាពមិនច្បាស់លាស់ជាច្រើន។

នៅក្នុងអំឡុងសង្គ្រាមត្រជាក់ផែនការសន្តិសុខថ្នាក់តំបន់ដ៏លេចធ្លោជាងគេនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលមិនមែនកុម្មុយនិស្ត (Non-communist Asia Pacific) គឺជាប្រព័ន្ធសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកដែលរួមមានសម្ព័ន្ធភាពយោធាទ្វេភាគីជាមួយប្រទេសជប៉ុន និងជាមួយបណ្តាប្រទេសមួយចំនួនទៀត។

ទាំងនេះគឺជាយន្តការសន្តិសុខ ដែលត្រូវបានបង្កើតឡើងដើម្បីរារាំងការឈ្លានពានពីសំណាក់យោធារបស់មហាអំណាចកុម្មុយនិស្ត។ សម្ព័ន្ធភាពបែបនេះគឺមានការចូលរួមពីបណ្តាប្រទេសដែលមានគំនិតចិត្តដូចគ្នា និងដែលមានក្តី្កព្រួយបារម្ភផ្នែកសន្តិសុខដូចគ្នា។

បន្ទាប់ពីសង្គ្រាមត្រជាក់បានបញ្ចប់ ផែនការពហុភាគីដែលផ្តោតលើអាស៊ានបានលេចឡើងជាមួយនឹងការបង្កើតវេទិកាថ្នាក់តំបន់អាស៊ានក្នុងឆ្នាំ ១៩៩៤ ហើយក្រោយមក គឺកិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ានបូក។ ទាំងនេះគឺជាយន្តការសន្តិសុខទន់ដែលមានភាពចាំបាច់សម្រាប់ការផ្លាស់ប្តូរទស្សនៈ បណ្តាញ និងការកសាងទំនុកចិត្ត។

យន្តការទាំងនេះមានការចូលរួមពីសំណាក់តួអង្គសំខាន់ៗ ទាំងអស់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក មិនថាមានចិត្តដូចគ្នា ឬខុសគ្នា, មិនថាបណ្តាប្រទេសជាមិត្ត ឬជាគូប្រកួតប្រជែង។ ផែនការដែលដឹកនាំដោយអាស៊ាន ជាទូទៅតែងតែមានលក្ខណៈបរិយាប័ន្ន។

បើទោះបីជាមានការលេចឡើងនូវយន្តការដែលដឹកនាំដោយអាស៊ានទាំងនេះក៏ដោយ ក៏បណ្តាប្រទេសអាស៊ី-ប៉ាស៊ីហ្វិកជាច្រើននៅតែចាត់ទុកប្រព័ន្ធសម្ព័ន្ធភាពរបស់សហរដ្ឋអាមេរិកជា «មូលដ្ឋានគ្រឹះនៃសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់» ហើយផែនការនានារបស់អាស៊ានគឺគ្រាន់តែជាការបំពេញបន្ថែមតែប៉ុណ្ណោះ។

សហរដ្ឋអាមេរិកក៏ដូចប្រទេសមហាអំណាចដទៃទៀតដែរ តែងតែស្វែងរកផលប្រយោជន៍ជាតិ និងគោលដៅយុទ្ធសាស្ត្រសំខាន់ៗ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងពីយន្តការដែលផ្អែកលើអាស៊ាន។ ទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរជាច្រើនបានកើតឡើងជាបន្តបន្ទាប់។

ការកើនឡើងដ៏អស្ចារ្យនៃអំណាចសេដ្ឋកិច្ចនិងយោធារបស់ចិន បានធ្វើឱ្យសហរដ្ឋអាមេរិកសន្និដ្ឋានថា «ប្រសិនបើគ្មានជំនួយបន្ថែមពីបណ្តាសម្ព័ន្ធមិត្ត និងប្រទេសជាដៃគូទេ ប្រព័ន្ធសម្ព័ន្ធភាពទ្វេភាគីរបស់ខ្លួនគឺមិនគ្រប់គ្រាន់ក្នុងការរក្សាតុល្យភាពជាមួយប្រទេសចិនបាននោះឡើយ»។

ខណៈពេលដែលសហរដ្ឋអាមេរិកបានបង្កើនការចំណាយលើវិស័យការពារជាតិក្នុងចំនួនច្រើនជាងប្រទេសចិន កងកម្លាំងយោធារបស់អាមេរិកបានស្ថិតនៅរាយប៉ាយពាសពេញពិភពលោក ខណៈពេលដែលប្រទេសចិនបាននិងកំពុងទទួលអត្ថប្រយោជន៍ផ្នែកភូមិសាស្ត្រពីតំបន់ប៉ាស៊ីហ្វិកខាងលិច។

ហេតុដូច្នេះហើយ កិច្ចសន្ទនាសន្តិសុខខ្នាតតូចក៏បានលេចជារូបរាងឡើង ដូចជាក្រុម Quad ដែលរួមមានសមាជិកចំនួន ៣ ប្រទេសដែលមកពីប្រព័ន្ធសម្ព័ន្ធភាព របស់សហរដ្ឋអាមេរិក ដែលរួមមានអូស្ត្រាលី ជប៉ុន និងសហរដ្ឋអាមេរិក បូករួមនឹងដៃគូមួយទៀតគឺឥណ្ឌា ក៏ដូចជាសន្ធិសញ្ញា AUKUS ដែលមានការចូលរួមពីអូស្ត្រាលី សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។ យន្តការទាំងនេះមានគោលបំណងពង្រឹងឡើងវិញនូវប្រព័ន្ធសម្ព័ន្ធភាពរបស់សហរដ្ឋអាមេរិក។

ការរិះគន់របស់អាស៊ីអាគ្នេយ៍លើក្រុម Quad និងសន្ធិសញ្ញា AUKUS ចំពោះការមិនមានលក្ខណៈបរិយាប័ន្ន និងការមិនរាប់បញ្ចូលប្រទេសចិន គឺជារឿងមិនសមហេតុផលនោះទេ ដោយសារតែក្រុម Quad និងកតិកាសញ្ញា AUKUS គឺជាយន្តការដែលត្រូវបានបង្កើតឡើងដើម្បីរក្សាតុល្យភាពអំណាច ហើយវានឹងមិនអាចរួមបញ្ចូលនូវប្រទេស ដែលពួកគេកំពុងទប់ទល់ប្រឆាំងនោះទេ។

អាស៊ានអាចនឹងត្រូវរងនូវការមិនអើពើ ដោយសារផែនការសន្តិសុខខ្នាតតូចថ្មីៗទាំងនេះ ក៏ប៉ុន្តែរឿងដែលសំខាន់ជាងនេះគឺការមិនបង្កការអាក់អន់ចិត្តដល់ប្រទេសចិនដែលឥឡូវនេះបានក្លាយជាតួអង្គសេដ្ឋកិច្ច និងយោធាដ៏មានឥទ្ធិពល។

បន្ថែមពីលើនេះ មនុស្សមួយចំនួនបានចាត់ទុកផែនការរបស់អាស៊ានជាការបន្ថែមដ៏សំខាន់ចំពោះផែនការរក្សាតុល្យភាពអំណាច និងជាដំណោះស្រាយសម្រាប់បញ្ហាសន្តិសុខនៅក្នុងតំបន់។ ការយល់ឃើញបែបនេះបានជួយកាត់បន្ថយភាពតានតឹងរវាងមហាអំណាចសំខាន់ៗនៅក្នុងរយៈពេលជាង ២ ទសវត្សរ៍កន្លងមកនេះបន្ទាប់ពី សង្គ្រាមត្រជាក់បានបញ្ចប់។

ជាអកុសល ពន្លឺដ៏ត្រចះត្រចង់នៃកិច្ចសហប្រតិបត្តិការសន្ដិសុខកំពុងធ្លាក់ចុះថមថយ ខណៈពេលដែលស្រមោលនៃការមិនទុកចិត្តគ្នា, ការប្រកួតប្រជែងសព្វាវុធ និងការធ្វើសមយុទ្ធយោធាបាន និងកំពុងកើនឡើង។

សហរដ្ឋអាមេរិកនិងចិនមានទស្សនៈយុទ្ធសាស្ត្រមិនស៊ីសង្វាក់គ្នា ដោយភាគីម្ខាងមានការភ័យខ្លាចពីការអាចត្រូវបានបណ្តេញចេញពីតំបន់អាស៊ីបូព៌ា ខណៈដែលភាគីម្ខាងទៀតមានការភ័យខ្លាចចំពោះការអាចរងនូវការឡោមព័ទ្ធ និងភាពឯកោ។ អារម្មណ៍បែបនេះបានធ្វើឱ្យការប្រកួតប្រជែងមានភាពកាន់តែតានតឹង និងបានជំរុញឱ្យមានការបង្កើតយន្តការសន្តិសុខថ្មីៗបន្ថែមទៀត។

កិច្ចព្រមព្រៀងសហប្រតិបត្តិការ «គ្មានដែនកំណត់» ដែលត្រូវបានប្រកាសដោយចិននិងរុស្ស៊ីកាលពីដើមខែកុម្ភៈ បានបង្ហាញអំពីកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធក្នុងគោលបំណងប្រឆាំងនឹងផែនការមួយចំនួនដែលដឹកនាំដោយសហរដ្ឋអាមេរិក។

បន្ថែមពីលើនេះ ការឈ្លានពានរបស់រុស្ស៊ីចូលអ៊ុយក្រែន បានជួយពង្រឹងអង្គការ NATO ខណៈដែលហ្វាំងឡង់ និងស៊ុយអែតបានបោះបង់ចោលនូវអព្យាក្រឹតភាពរបស់ពួកគេ និងបានស្វះស្វែងចូលជាសមាជិករបស់អង្គការនេះ។ ដើម្បីកាត់បន្ថយគម្លាតសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅក្នុងការប្រកួតប្រជែងជាមួយប្រទេសចិន សហរដ្ឋអាមេរិកបាន ដាក់ចេញនូវក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក។

កិច្ចប្រជុំកំពូលចុងក្រោយបង្អស់របស់ក្រុម Quad នៅទីក្រុងតូក្យូ ក៏បានប្រកាសផងដែរអំពីការដាក់ឱ្យដំណើរការភាពជាដៃគូឥណ្ឌូ-ប៉ាស៊ីហ្វិកសម្រាប់ការយល់ដឹងអំពីដែនសមុទ្រ (Indo-Pacific Partnership for Maritime Domain Awarenes) ដែលមានគោលបំណងតាមដានការនេសាទដោយខុសច្បាប់នៅក្នុងតំបន់។ គំនិតផ្តួចផ្តើមទាំង២ មានជាប់ពាក់ព័ន្ធនឹងភូមិសាស្ត្រនយោបាយរបស់ចិន។

បំណែកផ្សេងៗនៃល្បែងភូមិសាស្ត្រនយោបាយ បាននិងកំពុងលេចឡើងកាន់តែច្បាស់ ដោយក្នុងនោះរួមមានសម្ព័ន្ធភាពរបស់សហរដ្ឋអាមេរិក ដូចជាក្រុម Quad, AUKUS, ការបំពាក់អាវុធជាថ្មីរបស់ជប៉ុន, ការចូលរួមផ្នែកសន្តិសុខរបស់ឥណ្ឌា អង់គ្លេស និងអឺរ៉ុបនៅ ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងទំនាក់ទំនងដែលកំពុងកើនឡើងរវាងប្រទេសជប៉ុន អូស្ត្រាលី នូវែលសេឡង់ និងកូរ៉េខាងត្បូងជាមួយអង្គការ NATO។

មនុស្សមួយចំនួនបានលើកឡើងនូវសំណួរថា «តើនៅក្នុងពេលឆាប់ខាងមុខនេះ បណ្តាប្រទេសទាំងនេះអាចនឹងរួមគ្នាបង្កើតឱ្យមានកិច្ចព្រមព្រៀងសន្តិសុខកាន់តែទូលំទូលាយដែរឬទេ»។ ចិនបាននិងកំពុងឆ្លើយតប តាមរយៈការដាក់ចេញនូវវិធានការផ្ទាល់ខ្លួន ដោយក្នុងនោះរួមមានសំណើសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងសន្តិសុខ ពហុភាគីជាមួយប្រជុំកោះប៉ាស៊ីហ្វិកដែលជំរុញដោយរដ្ឋមន្ត្រីការបរទេសចិន Wang Yi នៅក្នុងទីក្រុង Suva ប្រទេសហ្វីជីកាលពីខែឧសភា។

វានឹងមិនមែនជាលើកចុងក្រោយទេ ដែលយើងនឹងបានលឺនិងឃើញអំពីកិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុងការពង្រឹងជំហររបស់ខ្លួននៅប្រជុំកោះប៉ាស៊ីហ្វិក ដោយសារតែទីតាំងយុទ្ធសាស្ត្រដ៏សំខាន់ដែលស្ថិតនៅ ចន្លោះដីគោករបស់សហរដ្ឋអាមេរិក (និងកោះហាវ៉ៃ) និងខ្សែការពារជួរមុខរបស់សហរដ្ឋអាមេរិកនៅលើប្រជុំកោះទី១ នៅផ្នែកខាងលិចនៃតំបន់ប៉ាស៊ីហ្វិកខាងលិច។

នៅចំពេលកើតមានការវិវឌ្ឍបែបនេះ និងនៅពេលដែលអាស៊ាននៅតែជាធាតុដែលមិនអាចខ្វះបានសម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់អាស៊ីអាគ្នេយ៍ សមត្ថភាពរបស់អាស៊ានក្នុងការផ្លាស់ប្តូរទំនាក់ទំនងរវាងមហាអំណាចនៅក្នុងតំបន់អាចនឹងត្រូវជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន។

គុណសម្បត្តិមួយរបស់តំបន់នេះគឺ «ទីតាំងយុទ្ធសាស្ត្រនៅលើផ្លូវសមុទ្រដ៏សំខាន់ បូករួមនឹងសក្តានុពលផ្នែកសេដ្ឋកិច្ចដ៏អស្ចារ្យ» ដែលជាអ្វីដែលមហាអំណាចចង់បាន។ ប៉ុន្តែអានុភាពដ៏មានសក្ដានុពលទាំងនេះអាចសម្រេចបានលុះត្រាតែមានការរួបរួមគ្នាជាធ្លុងមួយ។

ទន្ទឹមនឹងការទប់ទល់នឹងការផ្លាស់ប្តូរជាច្រើន អាស៊ាន និងបណ្តារដ្ឋជាសមាជិកត្រូវតែបង្កើនការយកចិត្តទុកដាក់លើសារៈសំខាន់នៃការរក្សាតុល្យភាពឥទ្ធិពលនិងអំណាចរវាងមហាអំណាចក្នុងតំបន់ដើម្បីអាចធានា បាននូវឯករាជ្យភាពរបស់ពួកគេ៕ Channel News Asia

អត្ថបទទាក់ទង