ខ្មែរប៉ុស្ដិ៍ Close

លិខិតពលរដ្ឋ៖ ប្រជាជនកម្ពុជាកំពុងរស់ក្នុងសេចក្តីសុខ ក្រោមការដឹកនាំរបស់ស្ថាបនិកសន្តិភាពតេជោសែន

ដោយ៖ សាន់ វីតា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣ ទស្សនៈ - នយោបាយ 106
លិខិតពលរដ្ឋ៖  ប្រជាជនកម្ពុជាកំពុងរស់ក្នុងសេចក្តីសុខ ក្រោមការដឹកនាំរបស់ស្ថាបនិកសន្តិភាពតេជោសែន លិខិតពលរដ្ឋ៖ ប្រជាជនកម្ពុជាកំពុងរស់ក្នុងសេចក្តីសុខ ក្រោមការដឹកនាំរបស់ស្ថាបនិកសន្តិភាពតេជោសែន

សភាពការអន្តរជាតិ និងតំបន់ នៅក្នុងរយៈពេលចុងក្រោយនេះ បានបន្តវិវត្តតានតឹង ស្មុគស្មាញ មិនប្រាកដប្រជា និងពិបាកប៉ាន់ស្មាន ដោយសារតែការផ្លាស់ប្តូរតុល្យភាពកម្លាំង ការប្រកួតប្រជែងកាន់តែស្រួចស្រាលឡើងនៃប្រទេសមហាអំណាចក្នុងការពង្រឹងឥទ្ធិពលភូមិសាស្ត្រនយោបាយ។ ចំណែករាជរដ្ឋាភិបាល​កម្ពុជាវិញ គឺនៅតែបន្តថែរក្សាការពារបានយ៉ាងរឹងមាំនូវសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។ ដំណើរការសង្គម សេដ្ឋកិច្ចកាន់តែមានភាពល្អប្រសើរជាលំដាប់ ជាមួយគ្នានេះ ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ជាមួយបណ្តាប្រទេសជាមិត្ត កាន់តែត្រូវបានលើកស្ទួយបន្ថែមទៀត។ ជាក់ស្តែងនៅពាក់កណ្តាល ខែកុម្ភៈ ឆ្នាំ២០២៣នេះ កម្ពុជាបានទទួលបដិសណ្ឋាកិច្ចវត្តមានរបស់ លោក ហ្រ្វាំងវ៉ាល់ធ័រ ឆ្តែនមៃយ័រ ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកបំពេញទស្សនកិច្ចជាផ្លូវការ​នៅព្រះរាជាណាចក្រកម្ពុជា។ នេះជាដំណើរទស្សនកិច្ចជាលើកទី១របស់ប្រធានាធិបតីអាល្លឺម៉ង់នៅកម្ពុជា និងជាការបើកទំព័រមាសក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើររវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង។ ក្នុងឱកាសនៃដំណើរទស្សនកិច្ចនោះ លោក ឆ្តែនមៃយ័រ ក៏បានសម្តែងការគោរពចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន ​សែន ដែលបានដឹកនាំប្រទេសកម្ពុជាពីបាតដៃទទេ រហូតឈានដល់ការអភិវឌ្ឍដូចប្ចុប្បន្ន ការលើកស្ទួយកិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ និងការទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ឈានដល់ការបើកប្រទេសឡើងវិញលើគ្រប់វិស័យ។

ជាមួយគ្នានេះ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣នេះដែរ លោកនាយករដ្ឋមន្ត្រី បានបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ដោយបានជួបពីភាក្សាការងារ​ជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតី លោក លី ខឺឈាង នាយករដ្ឋមន្ត្រី និងលោក លី ជានស៊ូ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន។ លទ្ធផលនៃដំណើរទស្សនៈកិច្ចនេះ ភាគីទាំងពីរកម្ពុជា-ចិន បានឯកភាពបន្តអភិវឌ្ឍក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលផ្តោតសំខាន់ទៅលើនយោបាយ សមត្ថភាពផលិតកម្ម កសិកម្ម ថាមពល និងសន្តិសុខ។ ភាគីចិនបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះកម្ពុជា ក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ស្របតាម​​លក្ខខណ្ឌជាតិរបស់ខ្លួន ដោយខិតខំប្រឹងប្រែងក្នុងការការពារអធិបតេយ្យ និងឯករាជ្យជាតិរបស់ខ្លួន។ ក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការអន្តរជាតិនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅខែកុម្ភៈ ឆ្នាំ២០២៣​នេះ ក៏បានពង្រឹងទំនាក់ទំនងជាមិត្តដ៏ល្អជាមួយប្រទេសជិតខាងកម្ពុជាផងដែរ ដោយលោកបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជំនួបថ្នាក់ដឹកនាំកំពូលនៃប្រទេសកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ។ កិច្ចសហប្រតិបត្តិការជាមិត្តជាមួយប្រទេសជិតខាង​ ត្រូវបានថ្នាក់ដឹកនាំកម្ពុជាចាត់ទុកជាកិច្ចការដ៏មានសារៈសំខាន់ ដើម្បីបង្កើនថែមទៀតនូវទំនាក់ទំនង​នៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំ​ ស្ថិរភាព យូរអង្វែង រវាងប្រទេសជាតិ និងប្រជាជននៃប្រទេសដែលមានព្រំប្រទប់ជាប់គ្នា ក្នុងស្មារតីជួយគ្នាទៅវិញទៅមក ក្នុងគោលដៅរួមគ្នាអភិវឌ្ឍប្រទេសជាតិដើម្បីប្រជាជនបានសុខសាន្ត។

ងាកមកមើលស្ថានភាពសេដ្ឋកិច្ចកម្ពុជាវិញ គឺបាននិងកំពុងដំណើរការល្អប្រសើរ ស្ថិតក្នុងភាពវិជ្ជមាន និងផ្តល់ក្តីសង្ឃឹមសម្រាប់ឆ្នាំ២០២៣ និងបណ្តាឆ្នាំខាងមុខ។ ជាក់ស្តែងរយៈពេល១២ខែ ឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានប្រមាណ ២.៦៩០,៥ លានដុល្លារ កើនឡើងប្រមាណ១៨,៣% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-អាស៊ាន មានទឹកប្រាក់សរុប ១៦.០៥៣លានដុល្លារ កើនជាង១,៣៥% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ ទំហំពាណិជ្ជកម្មនេះស្មើនឹង ៣០,៦២% នៃទំហំពាណិជ្ជកម្ម កម្ពុជា-អន្តរជាតិ។ កម្ពុជាប្រមូលចំណូលបានជាង ១៥លានដុល្លារ ពីធនធានរ៉ែមាស ដែលក្រុមហ៊ុនចម្រាញ់បានប្រមាណជាង ៥,៣ពាន់តោន បន្ទាប់ពីអាជីវកម្មរុករកនេះ ចាប់ផ្តើមលើកដំបូងកាលពីខែ​មិថុនា ឆ្នាំ២០២១។ ចំណែកឯទិន្នន័យចុងក្រោយគឺនៅក្នុងខែមករា ឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធអាករគ្រប់ប្រភេទ បានចំនួនជាង ៣០០លានដុល្លារ ស្មើនឹង៨,៤២%នៃផែនការច្បាប់ថវិការឆ្នាំ២០២៣ បើប្រៀបធៀបនឹងចំណូលពន្ធអាករប្រចាំខែធ្នូឆ្នាំ២០២២ កើនឡើង ១២,៣៦លានដុល្លារ ស្មើនឹង៤,២៩%។ ក្នុងខែមករា ឆ្នាំ២០២៣ ចំណូលពីប្រភេទពន្ធសំខាន់ៗ បានរក្សាកំណើនធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។

គួរបញ្ជាក់ថានៅឆ្នាំ២០២៣នេះ កម្ពុជាកំពុងត្រៀមឆ្ពោះទៅរកការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ជាមួយគ្នានេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា កាលពីថ្ងៃទី៨ ខែកម្ភៈ ឆ្នាំ២០២៣ បានផ្ញើរសារជូនជនរួមជាតិ ដោយព្រះអង្គបានអំពាវនាវឱ្យអ្នក​ដែលមានសិទ្ធិបោះឆ្នោត អញ្ជើញទៅបោះឆ្នោត ដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ដើម្បីការអភិវឌ្ឍ និងការរីកចម្រើនរុងរឿងលើគ្រប់វិស័យ។ ព្រះមហាក្សត្របានមានបន្ទូលថា ការបោះឆ្នោត​នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺជាការបោះឆ្នោតជាទូទៅជាសកល ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និងដោយសម្ងាត់ ស្របតាម​គោលការណ៍ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។

ជាការពិតណាស់ សន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា មិនគួរត្រូវបានបំផ្លាញ ដោយបដិវត្តពណ៌ឡើយ។ ដូច្នេះហើយកូនជឹងបរទេសដែលរៀបចំផែនការធ្វើបដិវត្តពណ៌នៅកម្ពុជា ត្រូវតែទទួលទោសទណ្ឌទៅតាមច្បាប់។ ចំណាត់ការផ្លូវច្បាប់ទាន់ពេលវេលាទៅលើជនជ្រុលនិយម គឺជារឿងចាំបាច់បំផុត ដែលមិនអាចបង្អែបង្អង់ឡើយ។ ជាការពិតណាស់លទ្ធិប្រជាធិបតេយ្យ និងលើកស្ទួយនីតិរដ្ឋ ត្រូវដើរទន្ទឹមគ្នា ដូច្នេះការកាត់ទោសជនដែលឃុបឃិតជាមួយបរទេស ក្បត់ជាតិ រៀបចំផែនការទុច្ចរឹតផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ គឺជាកិច្ចការដ៏សំខាន់ក្នុងគោលដៅការការពារសុខសន្តិភាព ស្ថិរភាពនយោបាយ សេចក្តីសុខ និងមុខរបររបស់​ប្រជាជនកម្ពុជាទូទៅ។ ប្រសិនណាក្រុមជ្រុលនិយម បង្កភាពអនាធិបតេយ្យ និងធ្វើបដិវត្តពណ៌ដោយជោគជ័យនោះ កម្ពុជានឹងរងគ្រោះដូចអតីតកាលជាក់ជាមិនខាន។

គេអាចក្រឡេកមើលអតីតកាលរបស់កម្ពុជាបាន គឺរដ្ឋប្រហារ លន់ នល់ ទម្លាប់សម្តេចព្រះនរោត្តមសីហនុ ក្នុងទសវត្សឆ្នាំ៧០ បានរុញច្រានកម្ពុជាឱ្យធ្លាក់ក្នុងសង្គ្រាមស៊ីវិលនិងរបបប្រល័យពូជសាសន៍ប៉ុលពត រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ ក្នុងរបបនោះប្រជាជនកម្ពុជា ជាង៣លាននាក់ បានស្លាប់បាត់បង់ជីវិត ដោយអត់ឃ្លាន ការធ្វើទារុណកម្ម និងត្រូវបានសម្លាប់យ៉ាងឃោរឃៅជាទីបំផុត។ បើសិនជាផែនការបដិវត្តន៍ពណ៌ទទួលបានជោគជ័យ គឺជីវិតប្រជាជននឹងជួបហានិភ័យខ្ពស់ ហើយកម្ពុជាអាចរអិលធ្លាក់ទៅក្នុងសង្គ្រាមគ្រប់ពេលវេលា។ ដូច្នេះហើយបានជាការចាត់វិធានការទាន់ពេលវេលា របស់ស្ថាប័នមានសមត្ថកិច្ច ទៅលើពួកជ្រុលនិយម គឺជារឿងដ៏ចាំបាច់បំផុត និងការការពារកុំឱ្យប្រទេសជាតិរបស់យើងប្រឈមនឹងគ្រោះថ្នាក់ដោយបដិវត្តន៍ពណ៌។ ពលរដ្ឋកម្ពុជាដែលធ្លាប់ហែលឆ្លងកាត់សង្រា្គមក្នុងអតីតកាល គឺពិតជាស្អប់ខ្ពើមសង្គ្រាម​ខ្លាំងណាស់ ព្រោះនៅពេលដែលសង្គ្រាមឆាបឆេះឡើយ គ្រប់យ៉ាងនឹងត្រូវរលាយហិនហោចក្នុងមួយបប្រិចភ្នែក។ ឧទាហរណ៍មានស្រាប់ គឺបដិវត្តន៍ពណ៌នៅតាមបណ្តាប្រទេសមួយចំនួន បាននិងកំពុងបំផ្លាញប្រទេសទាំងនោះ ឱ្យខ្ទេចខ្ទី គឺពិតជាពិបាកក្នុងការស្រោចស្រង់ណាស់។

ប្រជាជនកម្ពុជាពិតជារីករាយក្នុងការស់នៅក្នុងសុខសន្តិភាពដូចពេលបច្ចុប្បន្ន និងការអភិវឌ្ឍក្រោមការ​ដឹកនាំដោយត្រឹមត្រូវ ឈ្លាសវ៉ៃ និងប៉ិនប្រសព្វរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ប្រជាជនតែងតែ​ពោលពាក្យអរគុណសន្តិភាពជាប់មាត់ជានិច្ច ត្បិតថាតំលៃនៃសុខសន្តិភាពពិតជាខ្ពស់ រហូតមិនអាចកាត់ថ្លៃបាន ដែលយើងគ្រប់គ្នាមានកាតព្វកិច្ច ត្រូវតែចូលរួមថែរក្សាការពារទាំងអស់គ្នា៕

ដោយ៖ ពៅ ធីតាវណ្ណ

អត្ថបទទាក់ទង