ខ្មែរប៉ុស្ដិ៍ Close

នៅពេលដែលជម្លោះវិវឌ្ឍទៅកាន់តែអាក្រក់ របបយោធាមីយ៉ាន់ម៉ាបានបំពាក់អាវុធដល់ប្រជាជន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 153
នៅពេលដែលជម្លោះវិវឌ្ឍទៅកាន់តែអាក្រក់ របបយោធាមីយ៉ាន់ម៉ាបានបំពាក់អាវុធដល់ប្រជាជន នៅពេលដែលជម្លោះវិវឌ្ឍទៅកាន់តែអាក្រក់ របបយោធាមីយ៉ាន់ម៉ាបានបំពាក់អាវុធដល់ប្រជាជន

កាលពីថ្ងៃទី ៣១ ខែមករា ក្រសួងកិច្ចការផ្ទៃក្នុងរបស់រដ្ឋបាលយោធាមីយ៉ាន់ម៉ាបានអនុម័តឯកសារបទប្បញ្ញត្តិចំនួន ១៥ ទំព័រ ដើម្បីអនុញ្ញាតឱ្យពលរដ្ឋមីយ៉ាន់ម៉ាអាចមានសិទ្ធិកាន់កាប់អាវុធបាន ខណៈពេលដែលសង្រ្គាមស៊ីវិលកំពុងរីករាលដាលកាន់តែខ្លាំងក្រោយរយៈពេល ២ ឆ្នាំនៃការគ្រប់គ្រងរបស់របបយោធា។

ដំបូងឡើយ ប្រព័ន្ធផ្សព្វផ្សាយនិងអ្នកសង្កេតការណ៍នយោបាយមិនទាន់មានភាពប្រាកដប្រជាចំពោះព័ត៌មាននេះទេ ដោយសារតែវាមិនត្រូវបានគេផ្សព្វផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយរបបនេះ និងគ្រាន់តែត្រូវបានបង្ហោះនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមដែលគាំទ្ររបបយោធានៅតាមបណ្តាញ Facebook និង Telegram ប៉ុណ្ណោះ។

ក្រោយមក រឿងរ៉ាវទាំងនេះត្រូវបានបញ្ជាក់ដោយអ្នកនាំពាក្យរបស់របបយោធា លោក Zaw Min Tun ដោយក្នុងនោះលោកបានបញ្ជាក់ថា «រដ្ឋាភិបាលយោធាទទួលបានការស្នើសុំពីសំណាក់ប្រជាជនដែលមានបំណងចង់ការពារខ្លួនរបស់ពួកគេ» ក្រោយមានករណីនៃការធ្វើឃាតលើមន្ត្រីនៃរបបយោធាពីសំណាក់កងកម្លាំងការពារប្រជាជន (PDF) ដែលជាកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលបង្រួបបង្រួមជាតិ (NUG)។

របាយការណ៍មិនទាន់ច្បាស់ការពីសំណាក់ក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខរបស់របបយោធាបានឱ្យដឹងថា «កងកម្លាំង PDF ដែលទទួលបានការគាំទ្រទាំងដោយផ្ទាល់ និងដោយប្រយោលពីសំណាក់អង្គការប្រដាប់អាវុធជនជាតិភាគតិចមួយចំនួន គឺជាអ្នកទទួលខុសត្រូវចំពោះករណីបំផ្ទុះគ្រាប់បែកចំនួន ៨ ៥២៧ ករណី ដែលបានកើតឡើងនៅចន្លោះថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១ ដល់ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៣»។

ក្នុងអំឡុងពេលនោះ របាយការណ៍ដដែលបានអះអាងថា «កងកម្លាំងPDF បានសម្លាប់ជនស៊ីវិលចំនួន ៥ ៤៤៣ នាក់ ជាមួយនឹងអ្នករបួសចំនួន ៤ ៥៧៧ នាក់។ បញ្ហាសិទ្ធិស្តីពីការកាន់កាប់អាវុធត្រូវបានលើកឡើងជាញឹកញាប់ដោយប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្ររបបយោធានៅក្នុងសន្និសីទសារព័ត៌មានដែលត្រូវបានរៀបចំឡើងដោយរបបនេះកាលពីឆ្នាំមុន ក្រោមហេតុផលនៃការកើនឡើងនៃការវាយប្រហារពីសំណាក់អង្គភាពទ័ពព្រៃនៅតាមទីក្រុង។

ដោយសារតែអវត្ដមានរបស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ សន្និសីទសារព័ត៌មានទាំងនេះ ជាទូទៅមានការចូលរួមតែពីសំណាក់បុគ្គលដែលគាំទ្ររបបយោធាប៉ុណ្ណោះ ហើយសំណួរមួយចំនួនរបស់អ្នកសារព័ត៌មានក៏ត្រូវបានគេរៀបចំទុកជាមុនផងដែរ។ ក្នុងន័យនេះ របបយោធាទំនងជាមានផែនការបំពាក់អាវុធដល់មនុស្សដែលគាំទ្ររបបយោធារួចស្រេចទៅហើយ ក៏ប៉ុន្តែពួកគេគ្រាន់តែនៅចង់រង់ចាំមើលថា «តើសហគមន៍អន្តរជាតិនឹងមានប្រតិកម្មយ៉ាងដូចម្តេច»។

របបយោធាបានបំពាក់អាវុធដល់អង្គការជាច្រើនរួចមកហើយដើម្បីផ្តល់ជំនួយដល់យោធា និងដើម្បីអនុវត្តការងារកខ្វក់មួយចំនួន ដូចជាការធ្វើឃាតអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យជាដើម។ ឧទាហរណ៍ដ៏គួរឲ្យកត់សម្គាល់បំផុតគឺ «ក្រុម Pyusawhti និង Thway Thout ដែលសមាជិកភាគច្រើននៃក្រុមនេះ គឺជាអ្នកជាតិនិយមពុទ្ធសាសនារ៉ាឌីកាល់ និងសមាជិកនៃគណបក្សដែលជាកូនជឹងរបស់របបយោធាគឺ «គណបក្សសហភាពសាមគ្គី និងអភិវឌ្ឍ (USDP)»។

មនុស្សដែលរត់ចោលជួរចេញពីរបបយោធាបានអះអាងថា «ការបង្កើតក្រុមជីវពលស៊ីវិល គឺជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីបង្ហាញថាវាមានប្រជាពលរដ្ឋមួយចំនួនដែលគាំទ្រសកម្មភាពរបស់របបយោធា»។ ជាការពិតក្នុងន័យនេះ យោធាកំពុងប្រើប្រាស់យុទ្ធសាស្ត្រចាស់មួយដែលកាលពីឆ្នាំ ១៩៥៦ ឈ្មោះ «Pyusawhti» បានលេចឡើងជាលើកដំបូង ក្នុងនាមជាផែនការការពារភូមិរបស់រដ្ឋាភិបាល U Nu ដែលត្រូវបានរៀបចំឡើងដើម្បីជួយដល់ក្រុមយោធាទប់ទល់នឹងការបះបោរ។

ក្រុម Thway Thout ដែលត្រូវបានបកប្រែថា «សមមិត្តឈាម» ឬ «ក្រុមផឹកឈាម» ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់នៅខែ មេសា ឆ្នាំ ២០២២ ដើម្បីជួយដល់ការប្រយុទ្ធរបស់របបយោធាប្រឆាំងនឹងក្រុមអ្នកតស៊ូនៅក្នុងតំបន់រាំងស្ងួតភាគកណ្តាលរបស់ប្រទេសមីយ៉ាន់ម៉ា ជាពិសេសគឺតំបន់ Sagaing និង Magway។ ការបង្កើតកងជីវពលប្រដាប់អាវុធមិនបានជួយឱ្យយោធាទទួលបានជ័យជំនះនៅក្នុងការប្រយុទ្ធនោះទេ។ ផ្ទុយទៅវិញ វាបានរួមចំណែកដល់ការកើតមានភាពចលាចលនៅក្នុងសង្គមកាន់តែខ្លាំង។

រដ្ឋាភិបាលស្រមោល NUG និងក្រុមតស៊ូជនជាតិភាគតិច ឥឡូវនេះបានអះអាងថា «ពួកគេបានគ្រប់គ្រងច្រើនជាង ៥០% នៃទឹកដីរបស់ប្រទេស»។ ទន្ទឹមនឹងនេះដែរ របបយោធាបានបាត់បង់ទាហានមួយចំនួនធំ ដោយសារតែការរត់ចោលជួរ ហើយបច្ចុប្បន្ននេះ សមាជិកនៃកងសន្តិសុខរបស់របបនេះប្រមាណ ១ម៉ឺននាក់ដែលរួមមានទាំងកងកម្លាំងប្រដាប់អាវុធនិងប៉ូលីស បានរត់ចោលស្រុក និងរត់ទៅចូលរួមនៅក្នុងចលនាប្រឆាំងរបស់ជនស៊ីវិល។

គោលនយោបាយថ្មីរបស់របបនេះបានបង្ហាញឱ្យឃើញថា «របបយោធាកំពុងបាត់បង់ការគ្រប់គ្រងរបស់ខ្លួន, បរាជ័យក្នុងការការពារបណ្តាញរបស់ខ្លួន និងកំពុងប្រឈមមុខនឹងការលំបាកក្នុងការជ្រើសរើសទាហានបន្ថែម»។ នៅថ្ងៃទី ២ ខែកុម្ភៈឆ្នាំនេះ របបយោធាបានដាក់ចេញនូវច្បាប់អាជ្ញាសឹកនៅក្នុងសង្កាត់ចំនួន ៣៧ បន្ថែមទៀត ដែលសកម្មភាពនេះគឺជាការឆ្លុះបញ្ចាំងអំពីការធ្លាក់ចុះនៅក្នុងការគ្រប់គ្រងប្រទេសរបស់របបយោធា។

គេរំពឹងថា «គោលនយោបាយថ្មីនេះនឹងផ្តល់អាវុធដល់បុគ្គលភាគច្រើនដែលមានទំនាក់ទំនងនឹងរបបយោធា ដើម្បីឱ្យពួកគេអាចការពារខ្លួនពីការវាយប្រហាររបស់កងកម្លាំង PDF ហើយវាក៏អាចជួយបង្កើនចំនួនកងជីវពលផងដែរ»។ គោលនយោបាយនៅពេលបច្ចុប្បន្នដែលត្រូវបានគេធ្វើកំណែទម្រង់កាលពីឆ្នាំ ១៩៧៧ និងដែលត្រូវបានអនុម័តដោយមេដឹកនាំផ្តាច់ការ Ne Win បានអនុញ្ញាតឱ្យតែប្រជាពលរដ្ឋដែលមានអាយុលើសពី ១៨ ឆ្នាំ និងដែលត្រូវបានចាត់ទុកថា «មានភាពស្មោះត្រង់ចំពោះរដ្ឋ» ប៉ុណ្ណោះ ដែលអាចមានសិទ្ធិកាន់កាប់អាវុធបាន។

គោលការណ៍ខាងលើបានអនុញ្ញាតឱ្យជនស៊ីវិលអាចកាន់កាប់អាវុធដែលចែកចេញជា ២ ប្រភេទខុសៗគ្នា។ កាំភ្លើងខ្លី ៩ មីលីម៉ែត្រ, កាំភ្លើងទំហំ ១២ មីលីម៉ែត្រ, កាំភ្លើងប្រមាញ់ និងកាំភ្លើងខ្យល់ អាចត្រូវបានកាន់កាប់ដោយមិនចាំបាច់សុំការអនុញ្ញាត ខណៈកាំភ្លើងដែលមានទំហំធំជាងទំហំ ៩ មីលីម៉ែត្រ, កាំភ្លើងបាញ់រះ និងកាំភ្លើងយន្ត គឺត្រូវតែសុំការអនុញ្ញាត។ ចំពោះនីតិវិធីនៃការដាក់ពាក្យ មន្ត្រីរដ្ឋាភិបាលត្រូវស្វែងរកការយល់ព្រមពីសំណាក់ក្រសួងរបស់ខ្លួន ចំណែកប្រជាពលរដ្ឋធម្មតាត្រូវទទួលការយល់ព្រមពីសំណាក់ប៉ុស្តិ៍នគរបាលមូលដ្ឋាន ឬការិយាល័យរដ្ឋបាលភូមិ/សង្កាត់។

យោងតាមសេចក្តីរាយការណ៍ព័ត៌មានក្នុងស្រុក «ភ្លាមៗបន្ទាប់ពីគោលនយោបាយនេះត្រូវបានអនុម័ត គណបក្ស USDP បានរៀបចំការបណ្តុះបណ្តាលយោធាសម្រាប់ពលរដ្ឋនៅក្នុងរដ្ឋធានី Naypyidaw ដោយក្នុងនោះពួកគេបានផ្តល់ប្រាក់ចំនួន ១០ម៉ឺនគីយ៉ាត ឬតិចជាង ៥០ ដុល្លារដើម្បីឱ្យមនុស្សចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាលនេះ»។

ក្រុមអ្នកការទូតដែលមានមូលដ្ឋាននៅទីក្រុងយ៉ាំងហ្គោន ភាគច្រើនបានរក្សាភាពស្ងប់ស្ងៀមចំពោះគោលនយោបាយថ្មីនេះ ក៏ប៉ុន្តែអ្នកជំនាញនិងបក្សប្រឆាំងបានសម្តែងការព្រួយបារម្ភថា «ប្រទេសនេះនឹងកាន់តែមានអស្ថិរភាព នៅពេលដែលអាវុធគ្មានការគ្រប់គ្រង រីករាលដាលនៅពាសពេញប្រទេស»។

លោក Ko Bo Gyi សកម្មជនសិទ្ធិមនុស្សដ៏លេចធ្លោ និងជាសហស្ថាបនិកនៃសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) បានប្រាប់សារព័ត៌មាន The Diplomat ថា «របបយោធាបានអនុម័តច្បាប់នេះមិនមែនដើម្បីការពារមនុស្សទេ តែដើម្បីបង្កើនការផ្តល់អាវុធដល់ឃាតករ។ របបយោធាគិតថា ប្រសិនបើពួកគេអាចផ្តល់អាវុធដល់អ្នកគាំទ្ររបស់ខ្លួនកាន់តែច្រើន វានឹងធ្វើឲ្យការតស៊ូប្រឆាំងកាន់តែចុះខ្សោយ»។

លោក Padoh Man Man ដែលជាអ្នកនាំពាក្យរបស់សហភាពជាតិ Karen ដែលជាក្រុមប្រដាប់អាវុធជនជាតិភាគតិច Karen ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលស្រមោល NUG បានព្រមានថា «ការអនុវត្តគោលនយោបាយនេះអាចបណ្តាលឱ្យមានការបាញ់ប្រហារ និងការសម្លាប់មនុស្សកាន់តែច្រើន»។

ការគ្រប់គ្រងដោយយោធាអស់រយៈពេល ២ ឆ្នាំបានធ្វើឱ្យជម្លោះស៊ីវិលនៅមីយ៉ាន់ម៉ាកើតមាននៅពាសពេញប្រទេស ដោយរាប់ចាប់តាំងពីទឹកដីជនជាតិភាគតិច រហូតដល់តំបន់នៃបេះដូងរបស់មីយ៉ាន់ម៉ា ហើយវaមានសញ្ញាតិចតួចណាស់ដែលថា «ភាពតានតឹងនឹងថយចុះនៅក្នុងពេលឆាប់ៗនេះ។ ប្រការនេះបាននិងកំពុងធ្វើឱ្យប្រទេសនេះដួលរលំទៅជារដ្ឋពាក់កណ្តាលបរាជ័យ ដោយក្នុងនោះរដ្ឋាភិបាលបានគ្រប់គ្រងទីក្រុងធំៗ ខណៈកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យបានបន្តពង្រីកទឹកដីរបស់ពួកគេជាបន្តបន្ទាប់។

លោក Sui Khar ដែលជាអនុប្រធានរណសិរ្សជាតិ Chin បាននិយាយថា «គោលនយោបាយថ្មីអាចផ្តល់អំណាចដល់ក្រុមឧក្រិដ្ឋជន និងក្រុមប្រដាប់អាវុធជ្រុលនិយមសាសនា និងអាចជំរុញឱ្យប្រទេសនេះឆ្ពោះទៅជារដ្ឋបរាជ័យទាំងស្រុង»។ គោលនយោបាយថ្មីនេះពិតជាបានឆ្លុះបញ្ចាំងអំពីបំណងប្រាថ្នារបស់របបនេះក្នុងការពង្រឹងការការពាររបស់ខ្លួននៅក្នុងបរិបទដែលប្រតិបត្តិការវាយលុករបស់ខ្លួនមិនទទួលបានជោគជ័យដូចការរំពឹងទុក។

ប៉ុន្តែលំហូរអាវុធដែលមិនមានការគ្រប់គ្រងនឹងបង្កើតឱ្យមានអំពើហិង្សាកាន់តែធ្ងន់ធ្ងរនៅក្នុងសង្គមមីយ៉ាន់ម៉ា។ គោលនយោបាយនេះមិនអាចជួយពង្រឹងអំណាចរបស់ក្រុមយោធានោះទេ តែវានឹងធ្វើឱ្យសង្គមកាន់តែមានភាពវឹកវរ បូករួមនឹងអស្ថិរភាពនយោបាយកាន់តែខ្លាំង។ ឥទ្ធិពលរបស់វានឹងបន្តកើតមាននៅក្នុងរយៈពេលវែងនៅក្រោយការប្រយុទ្ធគ្នាបានបញ្ចប់ទៅ៕

The Diplomat