ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ «ខ្មែរពិតជាសំណាងណាស់ដែលមេដឹកនាំបដិវត្តពណ៌ត្រូវបានវែកមុខទាន់ពេល»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី៤ ខែមីនា ឆ្នាំ២០២៣ ទស្សនៈ - នយោបាយ 47
លិខិតមិត្តអ្នកអាន៖ «ខ្មែរពិតជាសំណាងណាស់ដែលមេដឹកនាំបដិវត្តពណ៌ត្រូវបានវែកមុខទាន់ពេល» លិខិតមិត្តអ្នកអាន៖ «ខ្មែរពិតជាសំណាងណាស់ដែលមេដឹកនាំបដិវត្តពណ៌ត្រូវបានវែកមុខទាន់ពេល»

ការចាប់ខ្លួន កឹម សុខា កាលពីចុងឆ្នាំ ២០១៧ និងការផ្តន្ទាទោសដោយតុលាការនៅថ្ងៃទី៣ ខែមីនាឆ្នាំ២០២៣នេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់បំផុតមួយទៀតក្នុងប្រវត្តិសាស្ត្រកម្ពុជា។ សំខាន់នៅត្រង់ថា បើគ្មានការចាប់ខ្លួន កឹម សុខា កាលពីជាង ៥ឆ្នាំមុនទេ ម៉្លេះសមប្រទេសកម្ពុជានិងប្រជាពលរដ្ឋខ្មែរពិតជារអិលធ្លាក់ដោយជៀសពុំរួចក្នុងចលនាបដិវត្តន៍ពណ៌និងធ្វើឲ្យស្ថានការណ៍ប្រទេសជាតិក្រឡាប់ចាក់ដូចនៅពិភពអារ៉ាប់បាត់ទៅហើយក៏មិនដឹង។ គំរោងការរៀបចំចលនាបដិវត្តន៍ពណ៌របស់ កឹម សុខា ពិតជាមិនធម្មតាឡើយ។ ប្រសិនបើគេអង្គុយស្តាប់ឡើងវិញនូវសម្តីរបស់ កឹម សុខា ដែលនិយាយពីផែនការបដិវត្តន៍ពណ៌នេះវាពិតជារឿងដ៏គួរឲ្យព្រឺក្បាលណាស់សម្រាប់ពលរដ្ឋខ្មែរដែលធ្លាប់បានហែលឆ្លងឆ្អឹងភ្នំ ស្ទឹងឈាម និងសមុទ្រទឹកភ្នែកដ៏សែនឈឺចាប់ខ្លោចផ្សារបំផុតក្នុងរបបវាលពិឃាដចន្លោះពីថ្ងៃ ១៧ មេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី ៦មករា ឆ្នាំ ១៩៧៩។

តាមរយៈសម្តីរបស់កឹម សុខា ក្នុងខ្សែអាត់វីដេអូ គេអាចយល់បានថា ពិរុទ្ធជនរូបនេះពិតជាចំណាយពេលវេលាយូរណាស់ក្នុងការសិក្សា រៀនសូត្រពីវិធីសាស្ត្រធ្វើបដិវត្តន៍ពណ៌ដើម្បីផ្តួលរំលំរាជដ្ឋាភិបាលស្របច្បាប់នៅកម្ពុជាដែលបង្រៀនដោយសាស្ត្រាចារ្យជំនាញរបរទេស។ មេរៀនដែលគ្រូបរទេសបង្រៀនដល់ កឹម សុខា ពិតជាមានលក្ខណៈស៊ីជម្រៅនិងល្អិតល្អន់ខ្លាំងណាស់ពាក់ព័ន្ធនឹងមធ្យោបាយផ្តួលរំលំរាជរដ្ឋាភិបាលដោយប្រើយុទ្ធសាស្ត្រ«គាស់ពីក្រោមឡើងលើ»។ ដើម្បីសម្រេចគោលដៅនេះ កឹម សុខា បានចំណាយពេលច្រើនឆ្នាំណាស់ដើម្បីរៀបចំជើងព្រួលដោយចាប់ផ្តើមសកម្មភាពពីដំបូងក្រោមស្លាក«មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា»។

មានមូលហេតុសំខាន់ពីរដែល កឹម សុខា ត្រូវផ្តើមសកម្មភាពចលនាបដិវត្តន៍ពណ៌ដោយជ្រកក្រោមស្លាកអង្គការសិទ្ធិមនុស្ស៖ មូលហេតុទី១ គឺដោយសារតែអង្គការសង្គមស៊ីវិលអាចទទួលលុយពីបរទេសបានសម្រាប់ធ្វើសកម្មភាព មូលហេតុទី២៖ តាមរយៈលុយដែលផ្តល់ដោយចៅហ្វាយបរទេស កឹម សុខា មានឱកាសធ្វើការជាមួយប្រជាពលរដ្ឋគ្រប់ទិសទីដើម្បីបញ្ចុះបញ្ចូលមនោគមន៍វិជ្ជាឲ្យពួកគេឈឺចាប់ជាមួយរាជរដ្ឋាភិបាលហើយងាកមកជឿលើចលនាបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលដោយប្រើអំណាចប្រជាជន( people Power) នៅពេលណាដែលពួកគេត្រូវការ។

លោក កឹម សុខា បានប្រើពេលអស់ ៥ឆ្នាំ (ពីឆ្នាំ ២០០២ រហូតដល់ឆ្នាំ ២០០៧) ដើម្បីធ្វើសកម្មភាពក្រោមពាក្យស្លោក«បើគ្មានការប្រថុយប្រថាន ក៏គ្មានការផ្លាស់ប្តូរដែរ»។ នេះគឺជាពាក្យគន្លឹះមុតស្រួចដែល កឹម សុខា បានយកមកធ្វើជាត្រីវិស័យក្នុងការធ្វើសកម្មភាពដើម្បីបំពាក់បំប៉នមនោគមន៍វិជ្ជាឲ្យប្រជាពលរដ្ឋមានសេចក្តីក្លាហានក្នុងការក្រោកឈរប្រឆាំងរាជរដ្ឋាភិបាល។ ដើម្បីសម្រេចគោលដៅនេះ កឹម សុខា បាននិយាយវាយប្រហារ មួលបង្កាច់រាជរដ្ឋាភិបាលតាមគ្រប់រូបភាពក្នុងគោលបំណងបញ្ឆេះកំហឹងប្រជាពលរដ្ឋឲ្យស្អប់ខ្ពើមរាជរដ្ឋាភិបាល និងញុះញង់ឲ្យប្រជាពលរដ្ឋហ៊ានប្រថុយជីវិតដើម្បីចូលរួមចលនាបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាល។ គេនៅចាំបានថា កាលណោះ លោក កឹម សុខា សកម្មណាស់ដោយចុះធ្វើសកម្មភាពគ្រប់ទិសទីទាំងព្រឹក ទាំងល្ងាច។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺទាំងពាក្យស្លាក ទាំងយុទ្ធសាស្ត្រ និងសកម្មភាព សុទ្ធសឹងតែរៀបចំដោយ«គ្រូបរទេស»ទាំងអស់។ កឹម សុខា ប្រើតែកម្លាំងនិងវោហាសាសន៍ប៉ុណ្ណោះ ក្រៅពីនោះគឺចៅហ្វាយនាយបរទេសទេដែលជាអ្នកគូសផ្លូវឲ្យដើរទាំងអស់។

ក្រោយពីបានកសាងមូលដ្ឋានថ្នាក់ក្រោមរួចរាល់ និងដោយរំពឹងថា កម្លាំងដែលខ្លួនកសាងអាចប្រើប្រាស់បានដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលតាមរយៈយុទ្ធសាស្ត្រ«គាស់ពីក្រោមឡើងលើ»តាមគំរូបដិវត្តន៍ពណ៌នៅប្រទេសយូហ្គោស្លាវី និងស៊ែបប៊ី កឹម សុខា ក៏បានលាឈប់ពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជារួចហើយទៅបង្កើតគណបក្សនយោបាយមួយឈ្មោះថា «គណបក្សសិទ្ធិមនុស្ស»កាលពីដើមឆ្នាំ ២០០៧។ ការដាក់ឈ្មោះគណបក្សឲ្យដូចជាឈ្មោះអង្គការដែលខ្លួនធ្លាប់បានបង្កើតឡើងក៏ជាយុទ្ធសាស្ត្រដែលចៅហ្វាយបរទេសរៀបចំឲ្យដែរ។ គោលបំណងធំបំផុតគឺដើម្បីឲ្យប្រជាពលរដ្ឋនឹកឃើញដល់មជ្ឈបណ្ឌលសិទ្ធិមនុស្សកម្ពុជាដែល កឹម សុខា ធ្លាប់គ្រប់គ្រងពោលគឺ គណបក្សសិទ្ធិមនុស្សនិងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាគឺតែមួយ។ ការហក់ចូលក្នុងឆាកនយោបាយក៏ព្រោះតែ ចៅហ្វាយបរទេសរបស់កឹម សុខា យល់ឃើញថា កូនអុករបស់ខ្លួន អាចធ្វើសកម្មភាពបានទូលំទូលាយ និងខ្លាំងក្លាជាងក្នុងអង្គការក្រៅរដ្ឋាភិបាល។

សកម្មភាពរបស់ កឹម សុខា ក្នុងគណបក្សសិទ្ធិមនុស្សក៏មិនខុសពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែរ គឺការដុតបញ្ឆេះកំហឹងប្រជាពលរដ្ឋឲ្យស្អប់រាជរដ្ឋាភិបាល។ ប៉ុន្តែ ទីបំផុត គណបក្សសិទ្ធិមនុស្សបានធ្វើឲ្យ កឹម សុខា និងចៅហ្វាយបរទេសខកចិត្តដោយសារតែគណបក្សនេះទទួលបានតែ ៣ កៅអីប៉ុណ្ណោះ ក្នុងសភា។ ដោយមើលឃើញថា គ្មានកម្លាំងគ្រប់គ្រាន់ ចៅហ្វាយនាយបរទេសក៏ចាប់បង្ខំ កឹម សុខា និង ជនក្បត់ជាតិ សម រង្ស៊ី ឲ្យរំលាយចូលគ្នាបង្កើតគណបក្សសង្គ្រោះជាតិយ៉ាងតក់ក្រហល់កាលពីថ្ងៃទី១៧ កក្កដា ឆ្នាំ ២០១២។ ក្រោយចាញ់ឆ្នោតឆ្នាំ ២០១៣ គណបក្សនេះបានសាកល្បងអនុវត្តចលនាបដិវត្តន៍ពណ៌តាមរយៈការអំពាវនាវឲ្យអ្នកគាំទ្ររបស់ខ្លួនចូលរួមធ្វើបាតុកម្មទ្រង់ទ្រាយធំ និងកុបកម្មហិង្សាយ៉ាងអណាធិបតេយ្យដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលដោយនិយាយថា នេះជាទឹកផ្តាច់ព្រ័ត្រហើយ។

គេនៅចងចាំបានថា ក្រុមបាតុករដឹកនាំដោយអតីតបក្សប្រឆាំងដែលត្រូវបានរំលាយដោយតុលាការកំពូលហើយនោះមានភាពសាហាវខ្លាំងណាស់ពោលគឺពួកគេបានវាយកម្ទេច ដុតបំផ្លាញទ្រព្យសម្បត្តិឯកជន និងសាធារណៈជាច្រើន បង្កភាពអនាធិបតេយ្យពេញទីក្រុងភ្នំពេញ និងបានបង្ករបួសស្នាមដល់សមត្ថកិច្ចជាច្រើន។ ប៉ុន្តែ ជាសំណាងល្អ រាជរដ្ឋាភិបាលបានទប់ស្កាត់ទាន់ពេលវេលា តាមរយៈការចាប់ខ្លួនមេខ្លោងចលនាបដិវត្តពណ៌ឈ្មោះ កឹម សុខា ហើយតុលាការកំពូលក៏បានសម្រេចរំលាយចោលគណបក្សដែលជាសំបុកចលនាបដិវត្តន៍ពណ៌នេះចោល។

វាពិតជាភ័ព្វសំណាងណាស់សម្រាប់កម្ពុជាក៏ដូចជាសម្រាប់ពលរដ្ឋខ្មែរទាំងអស់ដែលអាជ្ញាធររាជរដ្ឋាភិបាលមានភាពឈ្លាសវៃទប់ស្កាត់ទាន់ពេលវេលាចំពោះចលនាផ្តួលរំលំដ៏ធំនេះ។ បើមិនដូច្នោះទេ ប្រទេសកម្ពុជាមិនដឹងរអិលធ្លាក់ក្នុងសោកនាដកម្មដល់កម្រិតណានោះឡើយ។ យើងអាចបិទភ្នែកស្រមៃមើលថា ប្រសិនបើប្រទេសកម្ពុជាធ្លាក់ក្នុងសភាពវឹកវរ អនាធិបតេយ្យក្រោមស្នាដៃចលនាបដិវត្តន៍ពណ៌ ហើយកូវីដ-១៩ បានវាយលុកចូលមកទៀតនោះ តើពលរដ្ឋខ្មែរជួបសោកនាដកម្មធំប៉ុណ្ណា? កូវីដ-១៩ ប្រហែលជាសម្លាប់ពលរដ្ឋខ្មែរមិនខុសពីរបប ប៉ុល ពត ឡើយ ចំណែកសេដ្ឋកិច្ចជាតិក៏ដួលរលំដែរ។

ក្នុងន័យនេះ ប្រជាពលរដ្ឋខ្មែរពិតជាអបអរសាទរយ៉ាងខ្លាំងចំពោះការចាប់ខ្លួននិងការផ្តន្ទាទោស កឹម សុខា ដែលជាមេខ្លោងដឹកនាំចលនាបដិវត្តន៍ពណ៌នៅកម្ពុជា។ ភ័ព្វសំណាងបែបនេះប្រហែលមិនអាចកើតមានទេប្រសិនបើគ្មានរាជរដ្ឋាភិបាលមួយដ៏ឆ្លាតវៃនិងរឹងមាំក្នុងការធានាសន្តិភាព សន្តិសុខជាតិ និងស្ថិរភាពសង្គម ដូចជារាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមានលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ នេះជាហេតុផលដែលប្រជាពលរដ្ឋខ្មែរស្ថិតនៅជាមួយរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាជារៀងរហូតនិងតទៅអនាគត៕

ដោយ៖ សាស្ត្រាចារ្យសកលវិទ្យាល័យកំពង់ចាម

អត្ថបទទាក់ទង