ខ្មែរប៉ុស្ដិ៍ Close

មនុស្សជំនិតបំផុតរបស់ កឹម សុខា ទម្លាយអាថ៌កំបាំងស៊ីជម្រៅ ១២ ចំណុចដែលបង្ហាញថា «សម រង្ស៉ី និង កឹម សុខា មិនមែនជាមនុស្សតែមួយ»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 64
មនុស្សជំនិតបំផុតរបស់ កឹម សុខា ទម្លាយអាថ៌កំបាំងស៊ីជម្រៅ ១២ ចំណុចដែលបង្ហាញថា «សម រង្ស៉ី និង កឹម សុខា មិនមែនជាមនុស្សតែមួយ» មនុស្សជំនិតបំផុតរបស់ កឹម សុខា ទម្លាយអាថ៌កំបាំងស៊ីជម្រៅ ១២ ចំណុចដែលបង្ហាញថា «សម រង្ស៉ី និង កឹម សុខា មិនមែនជាមនុស្សតែមួយ»

លោក មុត ចន្ថា នាយកខុទ្ទកាល័យរបស់ លោក កឹម សុខា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ បានចេញមុខទម្លាយអាថ៌កំបាំងស៊ីជម្រៅ ចំនួន១២ចំណុចច្បាស់ៗដែលបញ្ជាក់ថា «សម រង្ស៉ី និង កឹម សុខា មិនមែនជាមនុស្សតែមួយ»។

ការបង្ហាញហេតុផលនេះបានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី បានព្យាយាមទាញលោក កឹម សុខា ឱ្យពាក់ព័ន្ធទៅនឹងផែនការខ្លួនជាបន្តបន្ទាប់ ដោយបានប្រើប្រាស់ភាសាថា «សម រង្ស៉ី និង កឹម សុខា ជាមនុស្សតែមួយ»។

លោក មុត ចន្ថា មនុស្សជំនិតបំផុតរបស់លោក កឹម សុខា បានលើកឡើងនិងទម្លាយតាមបណ្តាញសង្គម Facebook ជាមួយខ្លឹមសារយ៉ាងស៊ីជម្រៅ ទាំងស្រុងដូចខាងក្រោម៖

«យើងស្តាប់ឮជាហូរហែរហូតមកដល់ពេលនេះដែល លោក សម រង្ស៉ី មេចលនាសង្រ្គោះជាតិ បានអះអាងតែម្ខាងថា “សម រង្ស៉ី និង កឹម សុខា ជាមនុស្សតែមួយ”។ កាលបើបានស្តាប់ទៅហាក់ពិរោះ និងមានអត្ថន័យបញ្ជាក់ពីភាពស្មោះត្រង់ខ្លាំងណាស់ ប៉ុន្តែធាតុពិតផ្ទុយស្រឡះ។ តាមពិតវាគ្រាន់តែសម្ដីផ្លែល្វា ដើម្បីបញ្ឆោត និងបំភាន់មហាជនឱ្យយល់ច្រឡំ ក្នុងចេតនាកេងប្រវ័ញ្ចប្រយោជន៍ពី និងដាក់បន្ទុកលើជនរងគ្រោះ គឺលោក កឹម សុខា ទៅវិញទេ»។

បើតាម លោក មុត ចន្ថា, ហេតុផលជាក់លាក់មួយចំនួនអាចបញ្ជាក់ជាអាទិ៍ថា លោក សម រង្ស៉ី និង លោក កឹម សុខា មិនអាចក្លាយជាមនុស្សតែមួយបានមានដូចជា៖

  1. លោក សម រង្ស៉ី បានបង្កើតអ្វីដែលហៅថា «ចលនាសង្រ្គោះជាតិ» នៅឆ្នាំ២០១៨ ដែលបានផ្តាច់ខ្លួនចេញពីបុព្វហេតុរបស់គណបក្សសង្រ្គោះជាតិ ព្រោះចលនានេះជាអង្គការចាត់តាំងនយោបាយខុសច្បាប់មួយដែលត្រូវបានចាត់ទុកជាក្រុមឧទ្ទាមក្រៅច្បាប់។ ខណៈដែលអង្គការចាត់នេះមិនត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ និងអាចធ្វើការជាមួយ គាត់មិនអាចបន្តប្រើប្រាស់ឈ្មោះចលនានេះ តទៅទៀត ដើម្បីធ្វើសកម្មភាពឡើយ។ ក្នុងន័យនេះ លោក សម រង្ស៉ី បានបោះបង់ចោលលោក កឹម សុខា ទៅដឹកនាំចលនានយោបាយមួយផ្សេងទៀត។
  2. ដោយសារមូលហេតុទី១នេះ លោក សម រង្ស៉ី ក៏បានងាកមកដណ្តើមយកតួនាទីជាមេដឹកនាំនៃគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយ ដោយលើកបន្តុបខ្លួនគាត់ជា«ប្រធានស្តីទី» នៅខែធ្នូ ឆ្នាំ២០១៨ ដោយរំលោភបំពានលក្ខន្តិកៈបក្សដែលជាច្បាប់កំពូលរបស់គណបក្សសង្រ្គោះជាតិ ខណៈដែលលោក កឹម សុខា ជាប្រធានគណបក្ស កំពុងជាប់ឃុំនៅពន្ធនាគារត្រពាំងថ្លុង។ នេះជាអំពើអគុណធម៌យ៉ាងធំបំផុតចំពោះដៃគូនយោបាយ ដែលបានកើតចេញពីការរួបរួមគ្នា នៅខែកក្កដា ឆ្នាំ២០១២។
  3. លោក សម រង្ស៉ី បានប្រមាថការលះបង់របស់ លោក កឹម សុខា ដោយបានបន្ទាបបន្ថោកថា«ការជាប់គុកឥតប្រយោជន៍» ដែលទង្វើនេះបង្ហាញឱ្យឃើញថាពាក្យស្លោករបស់គាត់ៈ «សម រង្ស៉ី និង កឹម សុខា គឺជាមនុស្សតែមួយ» គឺជាអំពើកុហក និងបំភ័ន្ត ។
  4. លោក សម រង្ស៉ី បានប្រើប្រាស់តួនាទីលើកបន្តុបដោយខ្លួនឯង ប្រកាសផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដែលត្រូបានលោកស្រី រ៉ូណា ស្មីត អតីតអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ថ្លែងថ្កោលទោសនៅឯកិច្ចប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ នៃប្រទេសស្វីស ថាជាអំពើបំពានគោលការណ៍ប្រជាធិបតេយ្យ និងច្បាប់។ អំពើខុសច្បាប់ជាតិ និងច្បាប់អន្តរជាតិនេះ គឺផ្ទុយស្រឡះពីគោលជំហរនយោបាយរបស់លោក កឹម សុខា និងគោលនយោបាយរបស់គណបក្សសង្រ្គោះជាតិ ដែលត្រូវបានរំលាយ (មាត្រា៥ និងមាត្រា៨ នៃលក្ខន្តិកៈគណបក្ស)។
  5. លោក សម រង្ស៉ី បានរៀបចំផែនការមាតុភូមិនិវត្តវិលចូលស្រុក នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយបើកយុទ្ធនាការរ៉ៃអង្គៀសប្រាក់បានរហូតជាង ៣០ម៉ឺនដុល្លារអាមេរិក។ ប្រសិនជាផែនការមាតុភូមិនិវត្តរបស់គាត់គ្រោងធ្វើឡើងដោយសន្តិវិធី នោះមិនត្រូវបានគេចាត់ទុកជាអំពើផ្ទុយនឹងច្បាប់ឡើយ ហើយក៏អាចត្រូវបានគេកោតសរសើរគាត់ជាមនុស្សក្លាហានដែលហ៊ានមកតទល់តាមផ្លូវច្បាប់ និងតាមផ្លូវប្រជាធិបតេយ្យ។

    ប៉ុន្តែគាត់បានប្រកាសក្តែងៗថាគាត់ចូលមកប្រទេសកម្ពុជាវិញ ដើម្បីចាប់ខ្លួន សម្តេច ហ៊ុន សែន ដែលជាប្រមុខរាជរដ្ឋាភិបាល ដែលស្មើនឹងការផ្តួលរំលំរដ្ឋាភិបាលមួយ ដែលត្រូវបានថ្កោលទោសពីមជ្ឈដ្ឋានសមាជិកសហគមន៍អន្តរជាតិ ក្នុងនោះក៏មានប្រទេសមហាអំណាចផងដែរ ដែលប្រទេសទាំងនោះមិនអាចគាំទ្រអំពើហិង្សា និងសកម្មភាពណាដែលរំលោភបំពានច្បាប់នៃរដ្ឋអធិបតេយ្យឡើយ។ គ្រាន់តែគាត់ប្រកាសបែបនេះ មជ្ឈដ្ឋានជាតិនិងអន្តរជាតិបានយល់ច្បាស់ពីបំណងរបស់គាត់ គឺគាត់មិនមានភាពក្លាហានហ៊ានវិលចូលប្រទេសប្រទេសវិញឡើយ ទោះបីគាត់ខិតខំរៀបចំឈុតឆាកសម្តែង ដោយការអូសវាល្លីសដើរចូលព្រលានយន្តហោះនៅទីក្រុងប៉ារីស ខណៈដែលក្រុមហ៊ុនអាកាសចរណ៍បដិសេធថាមិនបានលក់សំបុត្រយន្តហោះឱ្យគាត់ «សម រង្ស៉ី» ហើយរដ្ឋាភិបាលថៃក៏បានប្រកាសស្កាត់មុនថា មិនអនុញ្ញាតឱ្យគាត់ចូលប្រទេសរបស់គេដែលជាប្រទេសគោលដៅ ដែលគាត់បានប្រកាសថានឹងដើរចូលប្រទេសកម្ពុជាជាមួយពលករចំណាកស្រុកខ្មែរ តាមច្រកព្រំដែនប៉ោយប៉ែត បើតាមការអះអាងរបស់គាត់។

    ជាលទ្ធផលបានមកពីអំពើកុហក និងបំភ័ន្តរបស់គាត់ បាននាំឱ្យសកម្មជននិងអ្នកគាំទ្រមិនបានគិតដល់ចាញ់កល្បរាប់រយនាក់ត្រូវប្រឈមមុខនឹងវិធានការច្បាប់និងតុលាការ និងមួយចំនួនត្រូវចាប់និងឃុំខ្លួន ហើយនិងរយនាក់ទៀតបានរត់គេចខ្លួនទៅក្រៅប្រទេស។ ទង្វើនេះបានប្រឆាំងនឹងគោលការណ៍រួម រវាងលោក សម រង្ស៉ី និង កឹម សុខា ជាពិសេស មាត្រា៥ និងមាត្រា៨ នៃលល្ខន្តិកៈគណបក្ស។

  6. ម្តងហើយម្តងទៀត លោក សម រង្ស៉ី បានអំពាវនាវឱ្យកងទ័ព និងកម្លាំងប្រដាប់អាវុធបែរចុងកាណុងកាំភ្លើង ដើម្បីផ្តួលរំលំរដ្ឋាភិបាល ដែលអំពើនេះត្រូវបានគេចាត់ទុកជាអំពើហិង្សារំលោភបំពានទាំងច្បាប់ជាតិនិងច្បាប់អន្តរជាតិ ជាពិសេស មាត្រា៨ កថាខណ្ឌទី៤ នៃលក្ខន្តិកៈគណបក្ស ស្តីពីគោលនយោបាយអហិង្សា។ ការអំពាវនាវនេះបានរុញច្រានឱ្យកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិឃ្លាតឆ្ងាយបន្តិចម្តងៗ ក្នុងការស្វែងរកដំណោះស្រាយស្តារលទ្ធិប្រជាធិបតេយ្យ និងបើកឱ្យមានលំហនយោបាយទូលំទូលាយឡើងវិញ ព្រោះសមាជិកសហគមន៍អន្តរមិនអាចធ្វើការជាមួយ ឬគាំទ្រអ្នកនយោបាយខ្មែរណាដែលនិយមអំពើហិង្សា (advocacy for violence) និងសកម្មភាពបំពានច្បាប់នៃរដ្ឋអធិបតេយ្យមួយបានឡើយ។
  7. លោក សម រង្ស៉ី បានធ្វើការប្រមាថមកលើអង្គព្រះមហាក្សត្រ ម្តងហើយម្តងទៀតដែលជាការរំលោភបំពានលើរដ្ឋធម្មនុញ្ញដែលចែងថាៈ «អង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ (មាត្រា៧ កថាខណ្ឌទី៣)»។ ជាលទ្ធផល លោក សម រង្ស៉ី ត្រូវបានតុលាការកាត់ទោសពីបទប្រមាថអង្គព្រះមហាក្សត្រ និងប្រឈមនឹងបណ្តឹងអាជ្ញាជាបន្តទៀត។ គាត់បានចោទអង្គព្រះមហាក្សត្រថាមិនបានធ្វើអ្វីជួយប្រជាពលរដ្ឋដែលរងទុក្ខលំបាក ប៉ុន្តែគាត់ភ្លេចគិតថាខ្លួនគាត់ជាសមាជិកមួយរូប នៃគណៈកម្មាធិការអចិន្រ្តយ៍រៀបរៀងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ដែលគាត់បានគាំទ្រឱ្យដាក់បញ្ចូលប្បញ្ញត្តិមួយទៅក្នុងរដ្ឋធម្មនុញ្ញ គឺ «ព្រះមហាក្សត្រកម្ពុជា ទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ (មាត្រា៧ កថាខណ្ឌទី១)»។ ប៉ុន្តែនៅពេលនេះបែរជាគាត់មកបន្ទោសថាព្រះមហាក្សត្រគ្មានអំណាចអ្វីទាំងអស់។ លក្ខន្តិកៈរបស់អតីតគណបក្សសង្រ្គោះជាតិកំណត់គោលនយោបាយគោរពរដ្ឋធម្មនុញ្ញនិងច្បាប់ជាធរមាន ក៏ដូចជាច្បាប់ ស្តីពីគណបក្សនយោបាយ។ ទង្វើនេះដើរផ្ទុយពីគោលជំហរនយោបាយរបស់លោក កឹម សុខា ដែលតែងតែគោរពបដិបត្តិច្បាប់យ៉ាងខ្ជាប់ខ្ជួន ទោះក្នុងស្ថានភាពណា ។
  8. លោក សម រង្ស៉ី បានប្រកាសឱ្យបង្កើតរដ្ឋាភិបាលរួបរួមជាតិ ឱ្យដូចអ្វីដែលគណបក្សសម្ព័ន្ធជាតិដើមបីប្រជាធិបតេយ្យនៅភូមាដូច្នោះដែរ ដែលត្រូវបានចាត់ទុកជាអំពើរំលោភបំពានច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់ ស្តីពីគណបក្សនយោបាយ។ លោក កឹម សុខា តាមរយៈមេធាវី បានបដិសេធមិនគាំទ្រ មិនជាប់ពាក់ព័ន្ធ មិនចូលរួម ឬមិននៅពីក្រោយការប្រកាសលោក សម រង្ស៉ី។ នេះបង្ហាញយ៉ាងច្បាស់ថាគោលជំហររបស់លោក កឹម សុខា ខុសពីលោក សម រង្ស៉ី ដែលលោក កឹម សុខា មានបំណងស្វែងរកដំណោះស្រាយរវាងខ្មែរនិងខ្មែរដោយស្របតាមច្បាប់ និងគោលការណ៍ប្រជាធិបតេយ្យ ។
  9. អ្វីដែលបង្ហាញឱ្យឃើញកាន់តែច្បាស់ពីការបែងចែកនិងការរើសអើងនោះ ចាប់តាំងតែពីលោក កឹម សុខា ត្រូវបានដោះលែងពីពន្ធនាគារត្រពាំងថ្លុង នៅខែកញ្ញា ឆ្នាំ២០១៨ ដើម្បីមកឃុំនៅក្នុងផ្ទះ និងរហូតតុលាការបានបន្ធូរបន្ថយលក្ខខណ្ឌឃុំខ្លួន នៅខែវិច្ឆិកា ឆ្នាំ២០១៩ និងរហូតមកដល់ពេលនេះ គ្មានអ្នកនយោបាយ ឬសកម្មជននៃកូតាគណបក្សសមរង្ស៉ី ណាម្នាក់ បានមកសួរសុខទុក្ខ ឬមកសម្តែងការនឹកឭក ឬសម្តែងការគួរសមចំពោះលោក កឹម សុខា នៅផ្ទះរបស់គាត់ ម្តងណាឡើយ។ ពួកគេខ្លះមិនគ្រាន់អគុណធម៌និងមិនចាត់ទុកលោក កឹម សុខា ជាមេដឹកនាំរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែពួកគេបានវាយប្រហារ និងជេរប្រមាថមកលើលោក កឹម សុខា ថែមទៀត។ បន្ទាប់ពីលោក សម រង្ស៉ី បានដណ្តើមយកតួនាទីជាប្រធានស្តីទីដោយខុសច្បាប់ នៅខែធ្នូ ឆ្នាំ២០១៨ គាត់បានបង្កើតឱ្យមានក្រុមឆ្កែញីមួយក្រុមក្នុងក្របខ័ណ្ឌចលនាស្រ្តី នៃគណបក្សសង្រ្គោះជាតិក្រៅប្រទេស ឬ CNRP-OVERSEA (CNRP-O) បើកយុទ្ធនាការជេរនិងប្រមាថមកលើលោក កឹម សុខា យ៉ាងក្លៀវក្លាបំផុត ហើយលោក សម រង្ស៉ី ថែមទាំងបានប្រគល់ប័ណ្ណសរសើរលើកទឹកចិត្តដល់ក្រុមឆ្កែញីនេះទៀងផង។ នេះជាចរិតចាប់ដៃជាន់ជើងរបស់លោក សម រង្ស៉ី មកលើលោក កឹម សុខា។
  10. លោក សម រង្ស៉ី បានឈរពីក្រោយយ៉ាងរឹងមាំចំពោះការបំបែកកម្លាំងគាំទ្រអតីតគណបក្សសង្រ្គោះជាតិនៅក្រៅប្រទេស តាមរយៈការបង្កើតឡើងនូវចលនាសង្រ្គោះជាតិដែលត្រូវបានចាត់ទុកជាចលនាឧទ្ទាមក្រៅច្បាប់, បង្កើតឡើងនូវគណបក្សសង្រ្គោះជាតិក្រៅប្រទេស ឬ CNRP-OVERSEA (CNRP-O), កែប្រែរចនាសម្ព័ន្ធនិងដកដោះដូរមនុស្សក្នុងរចនាសម្ព័ន្ធដឹកនាំនៅក្រៅប្រទេស ដូចជានៅអាមេរិក អឺរ៉ុប និងនៅកូរ៉េខាងត្បូង។ លោក សម រង្ស៉ី បានបំបែកបំបាក់ចលនាយុវជនជាពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូងជាពីរ ដោយគាត់បានគាំទ្រក្រុមថ្មីមួយទៀតដែលដឹកនាំដោយ «អាសង្ហា»។ ចាប់តាំងពីលោក សម រង្ស៉ី បានដណ្តើមយកតួនាទីជាប្រធានស្តីទីដោយខុសច្បាប់មក គាត់មិនបានធ្វើអ្វីឱ្យមានការបង្រួបបង្រួមបក្សម្តងណាឡើយ គឺមានតែបំបែក និងបំបែកឱ្យខ្ទេច តាមរយៈការដកមនុស្សរបស់គណបក្សសិទ្ធិមនុស្សចេញ ដាក់មនុស្សបក្សសមរង្ស៉ីជំនួសវិញ គឺជាយុទ្ធសាស្រ្តបំបែក ដើម្បីគ្រប់គ្រងកម្លាំងតែម្នាក់ឯង ។
  11. ភស្តុតាងថ្មីពីរថែមទៀត គឺលោក សម រង្ស៉ី បានបើកភ្លើងខៀវឱ្យគណបក្សភ្លើងទៀន អតីតគណបក្សសមរង្ស៉ី ត្រៀមធ្វើសមាជបក្ស ដើម្បីកែប្រែរចនាសម្ព័ន្ធ និងផ្លាស់ប្តូរអ្នកដឹកនាំ ខណៈដែលគណបក្សនេះគ្រាន់តែជាបក្សចាំផ្ទះ បន្ទាប់ពីរួបរួមជាមួយគណបក្សសិទ្ធិមនុស្ស នៅខែកក្កដា ឆ្នាំ២០១២។ មនុស្សជំនិតរបស់លោក សម រង្ស៉ី គឺលោក ជា គឹមលី ខ្មែរ-អាមេរិកកាំង ដែលជាប្រធានគណបក្សសង្រ្គោះជាតិ អាមេរិកខាងជើង-អាមេរិកកាំង (CNRP-A) ដើរចលនាកៀរគរកម្លាំងពី អតីតគណបក្សសង្រ្គោះជាតិឱ្យមកគាំទ្រគណបក្សភ្លើងទៀន និងខ្លួនគាត់ត្រៀមខ្លួនមកចូលរួមដឹកនាំបក្សភ្លើងទៀន។ ស្របពេលជាមួយគ្នា លោក សម រង្ស៉ី បានប្រលេងលោក អេង ឆៃអ៊ាង និងលោកស្រី មូរ សុខហួរ ឱ្យរៀបចំយុទ្ធសាស្រ្តនិងផែនការបង្កើតគណបក្សថ្មីមួយទៀត គឺ «គណបក្សបេះដូងជាតិ» នៅក្នុងប្រទេស ដើម្បីអូសទាញកម្លាំងអតីតគណបក្សសង្រ្គោះជាតិ ក្នុងទិសដៅទប់ទល់ជាមួយគណបក្សនយោបាយទើបបង្កើតថ្មី បន្ទាប់មកយករចនាសម្ព័ន្ធ និងកម្លាំងរបស់គណបក្សបេះដូងជាតិទៅបូកបញ្ចូលជាមួយគណបក្សភ្លើងទៀន សម្រាប់ត្រៀមចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតសភា ឆ្នាំ២០២៣។
  12. លោក សម រង្ស៉ី និងគូកន បានប្រមូលលុយអតីតគណបក្សសង្រ្គោះជាតិ និងលុយគម្រោងទូរទស្សន៍ព្រះអាទិត្យ លានដុល្លារ ទៅបាត់ឈឹង។ ស្របពេលជាមួយគ្នា លុយមាតុភូមិនិវត្តន៍ ៩ វិច្ឆិកា ២០១៩ ជាង $30ម៉ឺន និងលុយលក់ប័ណ្ណនាឡិកាដៃជាង $20ម៉ឺន ក៏បាត់ស្ងាត់ឈឹង។ លុយទាំងនេះអាចត្រូវបានយកទៅចែកគ្នាចាយ និងមួយចំណែកត្រូវបានគេដាក់ការសង្ស័យថាទុកត្រៀមបម្រុងផ្គត់ផ្គង់ដល់គណបក្សបេះជាតិ និងគណបក្សភ្លើងទៀន។

លោក មុត ចន្ថា បានបញ្ជាក់បន្ថែមទៀតថា សរុបមកវិញ អ្វីដែលលោក សម រង្ស៉ី បានធ្វើនិងកំពុងបន្តធ្វើ គឺផ្ទុយពីគោលការណ៍និងគោលនយោបាយរួម នៃសម្ព័ន្ធភាពនៅមុនបង្កើតគណបក្សសង្រ្គោះជាតិ និងផ្ទុយពីគោលនយោបាយរបស់គណបក្សសង្រ្គោះជាតិ។ លោក សម រង្ស៉ី និងមនុស្សជិតស្និទ្ធរបស់គាត់មិនបានផ្តល់នូវតម្លៃនៃការលះបង់និងការធ្វើពលិកម្មរបស់លោក កឹម សុខា ម្តងណាឡើយ ហើយថែមទាំងប្រមាថបន្ថែមទៀត។ សកម្មភាពបំពានច្បាប់ ទោះបីច្បាប់នោះមានចរិតបែបណាក៏នៅតែជាច្បាប់ របស់លោក សម រង្ស៉ី គឺជាការទទួលខុសត្រូវជាលក្ខណៈបុគ្គល។ មនុស្សពីរអ្នកអាចស្បថគោរពគោលការណ៍រួមតែមួយ ប៉ុន្តែបើសិនម្នាក់ណារំលោភលើគោលការណ៍រួមនោះ ម្នាក់នោះបានបែកចេញរួចទៅហើយ។

មនុស្សពីរនាក់សន្យាគ្នាគោរពច្បាប់ ប៉ុន្តែម្នាក់បានរំលោភល្មើសនឹងច្បាប់ ដូច្នេះម្នាក់ក្លាយជាទណ្ឌិត។ លើសពីនេះទៀត ស្របតាមកត្តានិងច្បាប់ធម្មជាតិ មនុស្សពីរនាក់មិនអាចរលាយចូលគ្នាក្លាយទៅជាមនុស្សតែមួយបានទេ ដូច្នេះពាក្យស្លោកនេះ គឺជាការបំភ័ន្តភ្នែក-ត្រចៀក។ ពាក្យស្លោកនេះបង្កប់ដោយចេតនាខ្មៅកខ្វក់ ដើម្បីអូសទាញនិងភ្ជាប់លោក កឹម សុខា ជាមួយអំពើខុសច្បាប់ផ្សេង ដែលលោក សម រង្ស៉ី បានប្រព្រឹត្តឡើង និងបំភ័ន្តឱ្យមានយល់ច្រឡំថាលោក កឹម សុខា គាំទ្រ ចូលរួម និងនៅពីក្រោយផែនការផ្សេងៗនិងសង្រ្គាមវោហារសាស្រ្តស្រួចស្រាល់របស់លោក សម រង្ស៉ី។ លោក កឹម សុខា បានព្យាយាមបដិសេធជាច្រើនលើកតាមរយៈមេធាវី ប៉ុន្តែទាំងលោក សម រង្ស៉ី និងលោក អេង ឆៃអ៊ាង មិនព្រមទទួលយកការបដិសេធទាំងនេះ ដោយលើកហេតុផលខ្លួនឯងថា «មិនមែនជាសំដីនិងចេតនារបស់លោក កឹម សុខា ព្រោះថាលោក កឹម សុខា កំពុងស្ថិតនៅជាចំណាប់ខ្មាំង»៕ Fresh News

អត្ថបទទាក់ទង