ខ្មែរប៉ុស្ដិ៍ Close

តើលោក Li Shangfu ដែលជារដ្ឋមន្ត្រីការពារជាតិបន្ទាប់របស់ចិន គឺជានរណា?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 75
តើលោក Li Shangfu ដែលជារដ្ឋមន្ត្រីការពារជាតិបន្ទាប់របស់ចិន គឺជានរណា? នេះជារូបដែលថតកាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៧។ លោក Li Shangfu (កណ្ដាល) ដែលជាប្រធាននាយកដ្ឋានអភិវឌ្ឍន៍បរិក្ខារនៃគណៈកម្មាធិការយោធាមជ្ឈិមរបស់ចិន ចូលរួមពិធីបើកមហាសន្និបាតបក្សលើកទី ១៩ របស់ចិន នៅមហាសាលប្រជាជនក្នុងទីក្រុងប៉េកាំង។

ឧត្តមសេនីយ៍ Li Shangfu ដែលមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយសហគ្រាសអវកាសយោធារបស់ចិន ត្រូវបានគេរំពឹងទុកថា នឹងក្លាយជារដ្ឋមន្ត្រីការពារជាតិបន្ទាប់របស់ចិន។ តើអ្វីខ្លះដែលយើងបានដឹងអំពីរូបលោក?

ជាផ្នែកមួយនៃការរុះរើថ្នាក់ដឹកនាំដែលបានចាប់ផ្តើមជាមួយសមាជបក្សលើកទី ២០ កាលពីខែតុលា ឆ្នាំ ២០២២ តួនាទីថ្នាក់រដ្ឋមន្ត្រីរបស់ចិនក៏នឹងត្រូវផ្លាស់ប្តូរមុខមាត់ថ្មីផងដែរ។

ឧត្តមសេនីយ៍ Li Shangfu ត្រូវបានគេរំពឹងទុកថានឹងត្រូវបានជ្រើសរើសជារដ្ឋមន្ត្រីការពារជាតិបន្ទាប់របស់ចិន នៅពេលដែលបញ្ជីឈ្មោះគណៈរដ្ឋមន្ត្រីថ្មីនឹងត្រូវប្រកាសជាផ្លូវការនៅសប្តាហ៍ក្រោយ។ តើប្រការនេះនឹងប្រាប់យើងអ្វីខ្លះអំពីទិសដៅយោធារបស់ចិន?

របាយការណ៍ស្តីអំពីយោធាចិនឆ្នាំ ២០២២ របស់ក្រសួងការពារជាតិអាមេរិកបានពណ៌នាលោក Li Shangfu ជាឧត្តមសេនីយ៍ម្នាក់ដែលនឹងផ្តល់នូវ «ជំនាញបច្ចេកទេសលើការធ្វើទំនើបកម្មយោធា និងអវកាស» ដល់គណៈកម្មការយោធាមជ្ឈិមបក្ស (CMC) ដែលមានសមាជិកចំនួន ៧ នាក់ដែលទើបត្រូវបានជ្រើសរើសថ្មី និងដែលជាអ្នកធ្វើការសម្រេចចិត្តកម្រិតខ្ពស់បំផុតផ្នែកយោធា។

ការជ្រើសរើសសមាជិក CMC តែងតែជាសកម្មភាពដែលទាមទារឱ្យមានការរក្សាតុល្យភាពឱ្យបានម៉ត់ចត់ (ដោយផ្អែកលើវ័យ, ការបម្រើជាតិ និងបទពិសោធន៍ការងារ ព្រមទាំងកត្តាផ្សេងៗជាច្រើនទៀត) ហើយក្រុមមេដឹកនាំយោធាជាន់ខ្ពស់នេះត្រូវបានរៀបចំឡើងដើម្បីផ្តល់ការគាំទ្រដល់អាណត្តិទី៣ របស់លោក Xi។

ជាក់ស្តែង ជំនាញផ្នែកវិស្វកម្មអវកាសរបស់លោក Li គឺជាគុណសម្បត្តិដែលអាចឱ្យលោកយកឈ្នះលើសមាជិកជាន់ខ្ពស់នៃកងទ័ពរំដោះប្រជាជនចិន (PLA) ផ្សេងទៀត ដូចជាឧត្តមនាវីឯក Miao Hua និងឧត្តមសេនីយ៍ Zhang Shengmin ដែលអ្នកទាំងពីរបានរះឡើងតាមរយៈប្រព័ន្ធការងារនយោបាយផ្នែកយោធា។

ការរះឡើងរបស់លោក Li បានឆ្លុះបញ្ចាំងពីការអភិវឌ្ឍដែលមិនធ្លាប់មានពីមុនមកនៃសហគ្រាសអវកាសរបស់ចិន ចាប់តាំងពី លោក Xi Jinping បានឡើងកាន់អំណាចក្នុងឆ្នាំ ២០១២ មក។ វាក៏ជាសញ្ញាប្រាប់ទៅកាន់ពិភពលោកដែរថា «នៅពេលភាពតានតឹងនៅក្នុងការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យារវាងចិន-អាមេរិកកើនឡើងកាន់តែខ្លាំង ចិននឹងបន្តផ្តល់អាទិភាពដល់លំហអាកាសនៅក្នុងរបៀបវារៈទំនើបកម្មផ្នែកការពារជាតិរបស់ខ្លួនទាំងនៅក្នុងអំឡុងអាណត្តិទី៣ របស់លោក Xi និងនៅអាណត្តិបន្តបន្ទាប់ទៀត»។

លើសពីនេះ លោក Li គឺជាមេបញ្ជាការរងដំបូងគេ និងជាប្រធានផ្នែកបុគ្គលិកនៃកងកម្លាំងគាំទ្រយុទ្ធសាស្ត្ររបស់កងទ័ពចិន PLA (PLASSF) ដែលជាស្ថាប័ននវានុវត្តមួយដែលត្រូវបានបង្កើតឡើងកាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៥ នៅពេលដែលកំណែទម្រង់យោធារបស់លោក Xi បានចាប់ផ្តើមដើម្បីជួយសម្រួលដល់ការកែសម្រួលរចនាសម្ព័ន្ធដែលកងទ័ព PLA ត្រូវការ ដើម្បីក្លាយជាកងកម្លាំងប្រយុទ្ធដ៏ទំនើប។ លោក Li ទំនង​ជា​បាន​ដើរ​តួយ៉ាង​សំខាន់​ក្នុង​ការ​រៀបចំ​ឡើងវិញ​នូវ​ដំណើរការ និង​ស្តង់ដារ​នៃ​ការ​ស្រាវជ្រាវ​ ការអភិវឌ្ឍ និងលទ្ធកម្ម នៅក្នុងវិស័យអវកាស និង​កាំជ្រួច​មីស៊ីល​របស់​ចិន (RD&A)។

ឧត្តមសេនីយ Li Shangfu គឺជាកម្មាភិបាលដ៏ល្អម្នាក់ដែលប្រកបទៅដោយគុណសម្បត្ដិដែលគណបក្ស CCP ចង់បាន ពោលគឺលោកមានទាំងភាពក្រហមឆ្អិនឆ្អៅ និងមានទាំងវិជ្ជាជីវៈ។ សម្រាប់ផ្នត់គំនិតរបស់កងទ័ព PLA នេះមានន័យថា «មន្ត្រីត្រូវតែបង្ហាញពីភក្តីភាពមិនងាករេ ចំពោះបុព្វហេតុរបស់លទ្ធិកុម្មុយនីស្ត ទន្ទឹមនឹងការពង្រឹងជំនាញបច្ចេកទេស»។

នៅក្នុងយុគសម័យរបស់លោក Xi Jinping កងទ័ព PLA បានជំរុញការផ្សព្វផ្សាយយុទ្ធនាការថ្មីៗ ដូចជាការអនុវត្តតាមទិសដៅ «អ្នកជំនាញ ២ នាក់» របស់លោក Xi ដើម្បីពង្រឹងស្តង់ដារនេះ។ កងទ័ព PLA បានបន្តជំរុញឱ្យមន្ត្រីនយោបាយរបស់ខ្លួនពង្រឹងជំនាញយោធា និងបច្ចេកទេស ដើម្បីជួយដល់ការសម្របខ្លួនឱ្យបានកាន់តែប្រសើរឡើងទៅនឹងបរិស្ថានប្រយុទ្ធបែបទំនើប។ ដូចនេះ លោក Li ពិតជាមានភាពសក្ដិសមខ្លាំងណាស់។

ទី១៖ «លោក Li មានឈាមពណ៌ក្រហមឆ្អិនឆ្អៅ (Red Blood) ហើយប្រព័ន្ធផ្សព្វផ្សាយចិនក៏មានការចាប់អារម្មណ៍ផងដែរ ក្នុងការបង្ហាញអំពីជីវប្រវត្តិក្រុមគ្រួសាររបស់លោក»។ កើត​ក្នុង​ឆ្នាំ ១៩៥៨ លោក Li គឺជា​កូន​ប្រុស​របស់​មេ​បញ្ជាការ​កង​កម្លាំង​ផ្លូវ​ដែក​ជាន់ខ្ពស់នៃកងទ័ព PLA គឺលោក Li Shaozhu (១៩១១-១៩៩៥)។ លោក Li Shaozhu បានចូលរួមជាមួយកងទ័ពក្រហមនៅក្នុងឆ្នាំ ១៩៣២ និងបានរួចជីវិតពីព្រឹត្តិការណ៍ «មហាដំណើរ Long March» ហើយក្រោយមក លោកក៏បានចូលរួមប្រយុទ្ធនៅក្នុងសង្គ្រាមកូរ៉េ។

ការបំផុសគំនិតរបស់ប្រព័ន្ធផ្សព្វផ្សាយចិនអំពីទំនាក់ទំនងរបស់គ្រួសារលោក Li Shangfu អាចជាសញ្ញាដែលបង្ហាញអំពីសារៈសំខាន់នៃ «ឈាមពណ៌ក្រហមឆ្អិនឆ្អៅ» របស់លោក Li ដែលជាកត្តាមួយដ៏សំខាន់ក្នុងការរះឡើងរបស់លោក។ លោក Xi Jinping ខ្លួនឯង ក៏ជាកូនរបស់ព្រឹទ្ធាចារ្យម្នាក់នៅក្នុងគណបក្ស CCP ផងដែរ គឺលោក Xi Zhongxun ។ លើសពីនេះ មិនខុសគ្នាពីលោក Xi ទេ គឺលោក Li បានធំធាត់ឡើងនៅក្នុងបដិវត្តន៍វប្បធម៌ដ៏ច្របូកច្របល់ (១៩៦៦-១៩៧៦)។

ទី២៖ «ជំនាញខាងវិស្វកម្មលំហអាកាសរបស់លោក Li គឺជាការផ្តោតអារម្មណ៍មួយទៀតជុំវិញភាពជាបុគ្គលសាធារណៈរបស់លោក»។ លោក Li ត្រូវបានគេដាក់ឈ្មោះថាជា «អ្នកជំនាញយ៉ាងពិតប្រាកដ»។ ប្រព័ន្ធផ្សព្វផ្សាយចិនបានបង្ហាញថា «លោក Li បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យជាតិបច្ចេកវិទ្យាការពារជាតិ (NUDT) របស់កងទ័ព PLA ក្នុងឆ្នាំ ១៩៨២»។

ប្រការនេះបានបង្ហាញថា «លោកគឺស្ថិតក្នុងចំណោមយុវជនចិនដំបូងគេ ដែលត្រូវបានអនុញ្ញាតឱ្យប្រឡងចូលមហាវិទ្យាល័យ និងដែលបានទទួលការអប់រំផ្លូវការពីមហាវិទ្យាល័យ បន្ទាប់ពីប្រទេសចិន បានបើកដំណើរការឡើងវិញនូវប្រព័ន្ធអប់រំកម្រិតឧត្តមសិក្សានៅចុងបញ្ចប់នៃបដិវត្តន៍វប្បធម៌ក្នុងឆ្នាំ ១៩៧៨»។

លោក Li ត្រូវបានគេរាយការណ៍ថាបានទទួលសញ្ញាបត្រពីមហាវិទ្យាល័យស្វ័យប្រវត្តិកម្មនៃសាកលវិទ្យាល័យ Chongqing ដែលជាសាកលវិទ្យាល័យស៊ីវិលដ៏ល្បីល្បាញផ្នែកវិស្វកម្ម។ វាគឺជាគុណសម្បត្តិដ៏កម្រមួយផ្សេងទៀតនៅក្នុងចំណោមមេដឹកនាំជាន់ខ្ពស់នៃកងទ័ព PLA នៅក្នុងជំនាន់របស់លោក។

ចំណុចចុងក្រោយគឺ «លោក Li មានលក្ខណៈខុសប្លែកពីគេនៅត្រង់ថា លោកមានបទពិសោធន៍ទាំងផ្នែកប្រតិបត្តិការអវកាស និងទាំងផ្នែកលទ្ធកម្ម»។ លោកបានបម្រើការអស់រយៈពេលជិត ៣១ ឆ្នាំនៅមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Xichang របស់កងទ័ព PLA ចាប់ពីឆ្នាំ ១៩៨២-២០១៣ និងបានបម្រើការជាមេបញ្ជាការនៅទីនោះចាប់ពីឆ្នាំ ២០០៣-២០១៣។

លោក Li បានចូលរួមដោយផ្ទាល់នៅក្នុងការបាញ់សាកល្បងកាំជ្រួចប្រឆាំងផ្កាយរណបលើកដំបូងប្រកបដោយជោគជ័យនៅក្នុងឆ្នាំ ២០០៧ និងបានធ្វើជាអធិបតីក្នុងការបាញ់បង្ហោះដោយជោគជ័យនូវយានស៊ើបការណ៍ទៅកាន់ឋានព្រះចន្ទ្រជាលើកដំបូងរបស់ចិននៅក្នុងឆ្នាំដដែលនោះ។

ចាប់តាំងពីឆ្នាំ ២០១៤ មក លោក Li បាននាំយកជំនាញប្រតិបត្តិការរបស់លោកទៅកាន់សហគ្រាស RD&A របស់កងទ័ព PLA ដោយក្នុងនោះ ដំបូងឡើយលោកបានកាន់តំណែងជានាយករងនៅអតីតអគ្គនាយកដ្ឋានសព្វាវុធ ហើយបន្ទាប់មកលោកបានបម្រើការជាមេបញ្ជាការរង និងជាប្រធានផ្នែកបុគ្គលិកនៃស្ថាប័ន PLASSF (២០១៥-២០១៧) មុនពេលចូលកាន់តំណែងជាអគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍឧបករណ៍ (Equipment Development Department – EDD) នៃគណៈកម្មការយោធាមជ្ឈឹមក្នុងឆ្នាំ ២០១៧។

រហូតមកដល់ថ្ងៃនេះ ឈ្មោះរបស់លោក Li នៅតែមាននៅក្នុងបញ្ជីបុគ្គលជាក់លាក់ (List of Specified Persons-LSP) របស់ក្រសួងការបរទេសអាមេរិក ដែលមានជាប់ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មពីសំណាក់រដ្ឋបាល Trump លើអគ្គនាយកដ្ឋាន EDD ពីបទបញ្ជាទិញសម្ភារៈយោធាពីរុស្ស៊ី។ លោក Li ទំនងជានឹងត្រូវបានដកចេញពីបញ្ជី LSP នេះ នៅពេលដែលរូបលោកក្លាយជារដ្ឋមន្ត្រីការពារជាតិរបស់ចិន។

ប្រសិនបើលោក Li Shangfu នឹងស្បថចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិបន្ទាប់របស់ចិននៅក្នុងសម័យប្រជុំដំបូង នៃសភាប្រជាជនជាតិលើកទី ១៤ (ដែលគ្រោងនឹងធ្វើនៅថ្ងៃទី ៥ ខែមីនាឆ្នាំ ២០២៣) មែន នោះលោកនឹងត្រូវទៅជំនួសឧត្តមសេនីយ៍ Wei Fenghe ដែលជាអ្នកជំនាញផ្នែកកាំជ្រួចមីស៊ីល ហើយលោកនឹងក្លាយជាមុខមាត់ថ្មីនៃការទូតយោធាអន្តរជាតិរបស់ចិន។ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀត នោះគឺ «តួនាទីទទួលខុសត្រូវនៅក្នុងការិយាធិបតេយ្យរបស់រដ្ឋាភិបាលចិន ក្នុងការរៀបចំរបៀបវារៈនៃការធ្វើទំនើបកម្មវិស័យការពារជាតិរបស់ចិននៅក្នុងពេលប៉ុន្មានឆ្នាំខាងមុខនេះ»។

មេដឹកនាំយោធា ឬស៊ីវិលនៅផ្ទៃក្នុងប្រព័ន្ធដឹកនាំរបស់ចិន បានបន្តដំណើរការដោយអនុលោមទៅតាមបទដ្ឋាននៃការិយាធិបតេយ្យដែលមានពីមុនមក។ ដូច្នេះជំនាញផ្នែកអវកាសរបស់លោក Li នឹងផ្តល់ឱ្យលោកនូវអានុភាពក្នុងការដោះស្រាយបញ្ហារចនាសម្ព័ន្ធដឹកនាំដ៏ស្មុគស្មាញនៅក្នុងជួរគណបក្ស និងនៅក្នុងជួររដ្ឋាភិបាល។

ក្នុង​នាម​ជា​រដ្ឋ​មន្ត្រី​ការពារ​ជាតិ លោក Li នឹង​ក្លាយ​ជា​សមាជិក​ពេញសិទ្ធិរបស់​ក្រុម​ប្រឹក្សា​រដ្ឋដែល​ជាមុខ​តំណែង​ដែល លោក Wei កំពុងកាន់ក្នុងពេល​បច្ចុប្បន្ន។ ក្រុមប្រឹក្សារដ្ឋ បើយោងទៅតាមរដ្ឋធម្មនុញ្ញរបស់ចិន គឺជា «រដ្ឋាភិបាលរបស់ប្រជាជនកណ្តាល» និងជា «ស្ថាប័នប្រតិបត្តិកំពូលនៃអំណាចរដ្ឋនិងការគ្រប់គ្រងរដ្ឋ»។

ផ្អែកតាមទស្សនៈនៃដំណើរការការិយាធិបតេយ្យ លោក Li នឹងតំណាងឱ្យផលប្រយោជន៍របស់យោធាចំពោះការគ្រប់គ្រងកិច្ចការក្នុងស្រុករបស់ចិន។ និយាយម្យ៉ាងទៀត លោកនឹងត្រូវប្រកួតប្រជែងជាមួយនឹងរដ្ឋមន្ត្រីផ្សេងទៀត ដែលតំណាងឱ្យផលប្រយោជន៍ការិយាធិបតេយ្យខុសៗគ្នា ដូចជាកិច្ចការសេដ្ឋកិច្ច, ពាណិជ្ជកម្ម ឬការទូត ដើម្បីធានាថា «យោធានឹងបន្តទទួលបានអាទិភាពក្នុងការបែងចែកធនធាន» ដែលនឹងក្លាយជារឿងកាន់តែមានសារៈសំខាន់ ខណៈពេលដែលសេដ្ឋកិច្ច​​ចិន​កំពុងប្រឈមមុខ​នឹង​បញ្ហាដ៏តានតឹង។

បទពិសោធន៍ជា «អ្នកជំនាញផ្នែកអវកាស» របស់លោក Li បានផ្តល់ឱ្យលោកនូវឥទ្ធិពលក្នុងការលើកកម្ពស់របៀបវារៈទំនើបកម្មបច្ចេកវិទ្យារបស់យោធា។ បទពិសោធន៍ជាអ្នកដឹកនាំផ្នែកយោធាដ៏ទូលំទូលាយរបស់លោក Li នៅស្ថាប័ន RD&A ក៏បានបង្ហាញឱ្យឃើញផងដែរថា «ការសម្របសម្រួលរវាងយោធានិងអង្គភាពស៊ីវិល អាចនឹងមានលក្ខណៈកាន់តែល្អប្រសើរជាងមុន»។

ការរះឡើងរបស់លោក Li ក៏អាចជួយពង្រឹងវិស័យលំហអាកាសនៅក្នុងយុគសម័យរបស់លោក Xi Jinping ផងដែរ។ អ្នកបច្ចេកវិទ្យានៅក្នុងវប្បធម៌នយោបាយរបស់ចិន ជាទូទៅត្រូវបានចាត់ទុកថាជា «អ្នកអនុវត្តជាក់ស្តែង» ដែលមានសមត្ថភាពជាងអ្នកជំនាញផ្នែកមនោគមវិជ្ជារបស់គណបក្ស។ មនុស្សដែលមានជំនាញដូចលោក Li ដែលនឹងក្លាយជាមុខមាត់ថ្មីនៅក្នុងតំណែងសាធារណៈនៃកងទ័ព PLA នឹងជួយលើកកម្ពស់មុខមាត់របស់យោធានៅក្នុងក្រសែភ្នែករបស់សាធារណជនចិន។

ខុសគ្នាពីយោធាអាមេរិកដែលតែងទទួលបានឋានៈសង្គមដ៏ខ្ពង់ខ្ពស់ កងទ័ព PLA នៅតែបន្តជួបប្រទះនឹងបញ្ហានៅក្នុងការកំណត់អត្តសញ្ញាណរបស់ខ្លួននៅក្នុងសង្គមចិនសម័យទំនើប បើទោះបីជាមានការដាក់ចេញនូវវិធានការជាច្រើនដោយគណបក្ស CCP នៅក្នុងពេលប៉ុន្មានឆ្នាំថ្មីៗចុងក្រោយនេះក៏ដោយ។ អំពើពុករលួយដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងជួរកងទ័ព PLA បានធ្វើឱ្យខូចដល់មុខមាត់របស់កងទ័ព PLA ជាមួយនឹងរឿងអាស្រូវមួយចំនួន ដូចជាការធ្លាក់ចេញពីអំណាចរបស់ឧត្តមសេនីយ Rao Kaixun ដែលជាសមាជិកដ៏សំខាន់នៃក្រុមមេដឹកនាំដំបូងគេរបស់ស្ថាប័ន PLASSF ក្នុងឆ្នាំ ២០១៧។

ការតែងតាំងលោកឧត្តមសេនីយ៍ Li Shangfu បានបង្ហាញអំពីភាពស៊ីសង្វាក់គ្នានៅក្នុងភាពជាអ្នកដឹកនាំជាន់ខ្ពស់នៅក្នុងជួរកងទ័ព PLA ជាជាងការផ្លាស់ប្តូរ។ ដូចលោក Wei Fenghe ដែលបានរះឡើងនៅក្នុងជួរកងទ័ព PLA ក្រោមការកាន់តំណែងរបស់លោក Xi ដែរ លោក Li នឹងកាន់តំណែងជាអ្នកចាត់ចែងកម្មវិធីធ្វើទំនើបកម្មវិស័យការពារជាតិរបស់ចិនដែលបានបន្តទទួលការគាំទ្រពីសំណាក់មេដឹកនាំចិនជាច្រើន រាប់ចាប់ពីជំនាន់លោក Jiang Zemin រហូតដល់លោក Xi Jinping។

ជាងនេះទៅទៀត ក្នុងនាមជាទីប្រឹក្សារដ្ឋដែលមានឋានៈខ្ពស់បំផុត និងជាសមាជិកគណៈកម្មការយោធាមជ្ឈឹម CMC លោក Li នឹងទទួលបានសិទ្ធិក្នុងការប្រាស្រ័យទាក់ទងការងារដោយផ្ទាល់ជាមួយលោក Xi ហើយក៏អាចនឹងក្លាយជាទីប្រឹក្សាយោធាដ៏សំខាន់របស់លោកទៀតផង។ ទំនាក់ទំនងរបស់លោក Li ជាមួយស្ថាប័នប្រតិបត្តិការអវកាសយោធា PLASSF ក៏ដូចជាសហគមន៍ការពារជាតិ RD&A បានធ្វើឱ្យលោកយល់ដឹងយ៉ាងច្បាស់អំពីបច្ចេកវិទ្យាយោធាទំនើបបំផុតដែលកងទ័ព PLA កំពុងមានក្នុងពេលបច្ចុប្បន្ន។

លោកនឹងក្លាយជាគ្រាប់ពេជ្រមួយគ្រាប់សម្រាប់កងទ័ព PLA នៅក្នុងកិច្ចខិតខំប្រឹងប្រែងពន្លឿនការផ្ទេរបច្ចេកវិទ្យា ដើម្បីឱ្យអ្នកចម្បាំងចិនអាចបង្កើតឱ្យមានការភ្ញាក់ផ្អើលផ្នែកបច្ចេកវិទ្យាដល់សត្រូវរបស់ខ្លួន។ ការតែងតាំងលោក Li គឺជាការបង្ហាញអំពីបំណងប្រាថ្នារបស់កងទ័ព PLA ក្នុងការប្រែក្លាយខ្លួនឱ្យទៅជាកម្លាំងប្រយុទ្ធដ៏ទំនើបដើម្បីអាចតាមឱ្យទាន់ការ ប្រកួតប្រជែងជាយុទ្ធសាស្ត្ររយៈពេលវែងជាមួយសត្រូវកម្រិតខ្ពស់៕

The Diplomat

អត្ថបទទាក់ទង