ខ្មែរប៉ុស្ដិ៍ Close

មេបញ្ជាការកងទ័ពជើងគោករំដោះប្រជាជនចិន៖ កម្ពុជា-ចិន ជាបងប្អូនដែលមានមិត្តភាពជាដែកថែប

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 57
មេបញ្ជាការកងទ័ពជើងគោករំដោះប្រជាជនចិន៖ កម្ពុជា-ចិន ជាបងប្អូនដែលមានមិត្តភាពជាដែកថែប មេបញ្ជាការកងទ័ពជើងគោករំដោះប្រជាជនចិន៖ កម្ពុជា-ចិន ជាបងប្អូនដែលមានមិត្តភាពជាដែកថែប

តបតាមការអញ្ជើញរបស់ក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន និងដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំរវាងកងទ័ពប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ចិន គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ដឹកនាំដោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ ហាន វេហ្គូ (HAN WEIGUO) មេបញ្ជាការកងទ័ពជើងគោកនៃកងទ័ពរំដោះប្រជាជនចិន។

នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ហាន វេហ្គូ (HAN WEIGUO) បានមានប្រសាសន៍ថា លោកមានសេចក្តីសោមនស្សរីករាយដែលបានទទួលស្វាគមន៍ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូកងទ័ពជើងគោកនៅរដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន។ នាយឧត្តមសេនីយ៍ បានចាត់ទុកថា ប្រទេសកម្ពុជា និងប្រទេសចិនជាបងប្អូន ដែលមានមិត្តភាពជាដែកថែប។ មេបញ្ជាកាកងទ័ពជើងគោកនៃកងទ័ពរំដោះប្រជាជនចិន សង្ឃឹមថា ប្រទេសទាំងពីរចិន-កម្ពុជា នឹងបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំថែមទៀតក្រោមយុទ្ធសាស្រ្តចង្អុលទិសរបស់លោកប្រធានាធិបតី ស៊ី ជីនពីង និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើយ៉ាងណាដើម្បីអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមេបញ្ជាការកងទ័ពជើងគោកនៃកងទ័ពរំដោះប្រជាជនចិន ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូកងទ័ពជើងគោកកម្ពុជា។ លោកឧត្តមសេនីយ៍ឯកបានបន្តថា កិច្ចពិភាក្សានេះ គឺជាការរក្សាការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនៃកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន។

មេបញ្ជាការកងទ័ពជើងគោកកម្ពុជាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជនចិនដែលបានចូលរួមគាំទ្រយ៉ាងសកម្មនៅក្នុងដំណើរការកសាង និងអភិវឌ្ឍលើគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានស្នើសុំឲ្យភាគីចិនបន្តគាំទ្រ និងសហប្រតិបត្តិការលើគ្រប់វិស័យនៃប្រទេសទាំងពីរសំដៅធ្វើយ៉ាងណាអនុវត្តកិច្ចប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងដ៏រឹងមាំនៃប្រទេសទាំងពីរកម្ពុជា-ចិន។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការនៃគណ:ប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទនៅសាធារណរដ្ឋប្រជាមានិតចិនរយ:ពេល ៥ថ្ងៃ ចាប់ពីចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩។ នៅក្នុងដំណើរបំពេញទស្សនកិច្ច និងស្នាក់នៅក្នុងសាធារណរដ្ឋប្រជាមានិតចិននាឱកាសនោះ ភាគីកម្ពុជានឹងជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃកងទ័ពរំដោះប្រជាជនចិនរួមមានៈ សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិន លោកអនុប្រធានគណ:កម្មការយោធាមជ្ឈឹមនៃកងទ័ពរំដោះប្រជាជនចិន លោកមេបញ្ជាការកងទ័ពជើងគោកនៃកងទ័ពរំដោះប្រជាជនចិន និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនរូបទៀត៕

អត្ថបទទាក់ទង