ខ្មែរប៉ុស្ដិ៍ Close

អាស៊ានត្រូវត្រៀមខ្លួននៅពេលនេះដើម្បីការងារនៅថ្ងៃអនាគត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 48
អាស៊ានត្រូវត្រៀមខ្លួននៅពេលនេះដើម្បីការងារនៅថ្ងៃអនាគត អាស៊ានត្រូវត្រៀមខ្លួននៅពេលនេះដើម្បីការងារនៅថ្ងៃអនាគត

និន្នាការជាសកលនៅក្នុងទម្រង់នៃវឌ្ឍនភាពបច្ចេកវិទ្យា និងការផ្លាស់ប្តូរប្រជាសាស្រ្ត ក៏ដូចជាព្រឹត្តិការណ៍ដែលមិនអាចទាយទុកជាមុនបាន ដូចជាជំងឺរាតត្បាតកូវីដ-១៩ បានជះឥទ្ធិពលដោយចៀសមិនរួចទៅលើជំនាញដែលមនុស្សត្រូវការសម្រាប់បម្រើការងារប្រចាំថ្ងៃរបស់ពួកគេ ទាំងនៅពេលបច្ចុប្បន្ន និងនាពេលអនាគត។

ជាមួយនឹងការផ្លាស់ប្តូរនេះទាំងនេះ ចំណេះដឹងនិងជំនាញឌីជីថលបានក្លាយទៅជាគុណសម្បត្តិដែលនិយោជកជាច្រើនបានទាមទារឱ្យបុគ្គលិករបស់ពួកគេមាន។ អក្ខរកម្មឌីជីថល ដែលសំដៅទៅលើសមត្ថភាពរបស់មនុស្សក្នុងការប្រើប្រាស់វេទិកាឌីជីថលប្រកបដោយទំនុកចិត្ត និងស្វ័យភាពដើម្បីរៀនសូត្រ, ធ្វើទំនាក់ទំនងសង្គម និងចូលរួមក្នុងការបង្កើតមាតិកាឌីជីថល បានក្លាយទៅជារបស់ដែលមិនអាចខ្វះបាននៅក្នុងកន្លែងធ្វើការសម័យទំនើប។

យោងតាមការ ស្រាវជ្រាវរបស់អង្គការ UNICEF យុវជនភាគច្រើនរបស់អាស៊ានមានកម្រិតនៃចំណេះដឹងផ្នែកឌីជីថលមធ្យម ប៉ុន្តែវាក៏មានភាពខុសគ្នាគួរឱ្យកត់សម្គាល់មួយចំនួនរវាងប្រទេសនីមួយៗផងដែរ។ យោងតាមលទ្ធផលស្ទង់មតិឆ្នាំ ២០២១ របស់អង្គការ UNICEF រហូតមកដល់ពេលនេះ កម្រិតអក្ខរកម្មឌីជីថលខ្ពស់បំផុតត្រូវបានរកឃើញនៅក្នុងប្រទេសសិង្ហបុរី ដោយ ៦២% នៃយុវជននៅក្នុងប្រទេសនេះយល់ឃើញថា កម្រិតអក្ខរកម្មឌីជីថលរបស់ពួកគេ គឺមានភាពល្អខ្លាំង បើធៀបនឹងប្រទេសឡាវដែលមានត្រឹមតែ ២៣% និងមីយ៉ាន់ម៉ាដែលមានត្រឹមតែ ២០% ។

យោងតាមការសិក្សាកាលពីឆ្នាំ ២០១៨ របស់ក្រុមហ៊ុនទំនាក់ទំនងឌីជីថល Cisco ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ក្រោមប្រធានបទស្តីពីបច្ចេកវិទ្យានិងអនាគតនៃការងារនៅក្នុងបណ្តាប្រទេសអាស៊ាន ការងារចំនួន ៦,៦ លានកន្លែងនឹងត្រូវលុបបំបាត់នៅក្នុងឆ្នាំ ២០២៨ នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំៗទាំង៦ របស់អាស៊ានដែលរួមមាន ហ្វីលីពីន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ថៃ និងវៀតណាម។ ការវិភាគរបស់ Cisco បានបង្ហាញបន្ថែមទៀតថា ៤១% នៃបុគ្គលិកទាំងនោះខ្វះជំនាញសំខាន់ៗដែលរួមមានទាំងជំនាញឌីជីថលដែលការងារនៅពេលអនាគតត្រូវការ។ ដើម្បីធានាថា ជំនាញរបស់ពួកគេអាចឆ្លើយតបទៅនឹងការបង្កើតការងារថ្មីៗនៅពេលខាងមុខ ពួកគេត្រូវតែបង្កើនជំនាញបន្ថែម។

ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ី ដែលមានលក្ខណៈរួមបញ្ចូលសម្រាប់កម្លាំងពលកម្មនៅទូទាំងតំបន់អាស៊ានរដ្ឋាភិបាលនិងផ្នែកឯកជនត្រូវតែចាត់វិធានការដើម្បីកែសម្រួលជំនាញឡើងវិញនិងបង្កើនជំនាញបន្ថែម។

សម្រាប់និយោជក ការផ្តល់ការបណ្តុះបណ្តាលដើម្បីបង្កើនជំនាញដល់និយោជិតរបស់ពួកគេពិតជាអាចមានសក្តានុពលក្នុងការផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្បាស់ដល់ក្រុមហ៊ុនរបស់ពួកគេទាក់ទង នឹងការអនុវត្តនិងផលិតភាព។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលជាកង្វល់ចម្បងដែលទាមទារឱ្យមានការពិនិត្យផងដែរនោះ គឺតើក្រុមហ៊ុនទាំងនោះអាចមានបុគ្គលិកដែលមានសមត្ថភាពអាចទទួលបានការបណ្តុះបណ្តាលគ្រប់គ្រាន់ដើម្បីអាចចាប់ផ្តើមធ្វើរឿងនេះបានដែរឬទេ។

សមត្ថភាពដើម្បីទទួលបានការបណ្តុះបណ្តាល – Trainability សំដៅទៅលើសមត្ថភាពរបស់និយោជិតក្នុងការរៀនសូត្រ, បង្កើតភាពស្ទាត់ជំនាញ និងអាចចាប់យកជំនាញថ្មីនោះមកអនុវត្តបានដែលក្នុងករណីនេះ គេចង់សំដៅទៅលើចំណេះដឹងផ្នែកឌីជីថល។ ដូចអ្វីដែលលោក Christian Viegelahn សេដ្ឋវិទូការងារនៅអង្គភាពវិភាគសេដ្ឋកិច្ចនិងសង្គមក្នុងតំបន់នៃអង្គការពលកម្មអន្តរជាតិ បានលើកឡើងអញ្ចឹងថា «អក្ខរកម្ម និងជំនាញជាមូលដ្ឋានដែលពួកគេត្រូវយល់ដឹង គឺសំដៅទៅលើចំណេះដឹងដែលនិយោជកបានស្នើសុំឱ្យប្រព័ន្ធអប់រំសាធារណៈ ឬរដ្ឋាភិបាលផ្តល់ឱ្យ ខណៈដែលពួកគេនឹងរីករាយក្នុងការទូទាត់ ក៏ដូចជាការផ្តល់នូវជំនាញជាក់លាក់ដែលក្រុមហ៊ុនត្រូវការ រហូតដល់បុគ្គលិកទាំងនោះអាចស្រូបយកនូវជំនាញដែលត្រូវការចាំបាច់ទាំងនោះបាន»។

ដោយផ្អែកលើសន្និសិទអាស៊ាន-យូនីសេហ្វកាលពីឆ្នាំ ២០១៨ ស្តីអំពីជំនាញនៅសតវត្សទី ២១ ក្រុមហ៊ុនកាន់តែច្រើនបានចាប់អារម្មណ៍ក្នុងការជួលបុគ្គលិកដែលមានសមត្ថភាពអាចទទួលបានការបណ្តុះបណ្តាលចំណេះដឹងឱ្យឈានទៅដល់កម្រិតចាំបាច់។ វាកំពុងក្លាយជាបញ្ហាកាន់តែតានតឹងនៅក្នុងយុគសម័យនៃវិបត្តិក្នុងការអប់រំថ្នាក់ឧត្តមសិក្សា ដែលសញ្ញាបត្រនិងគុណវុឌ្ឍិចាប់ផ្តើមលែងសូវមានសារៈសំខាន់ រួមជាមួយនឹងការកើនឡើងនៃការរៀនសូត្រដោយខ្លួនឯង។

ជាផ្នែកមួយនៃសន្និសីទដដែលនេះ លោក Amrit Charoenphan នាយកប្រតិបត្តិនៃក្រុមហ៊ុន HUBBA និង Techsauce បានចង្អុលបង្ហាញថា ការងារចំនួន ១,៨ លានកន្លែងនៅក្នុងតំបន់អាស៊ាននឹងត្រូវបានបាត់បង់ដោយសារបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នៅពេលខាងមុខ ហើយក៏នឹងមានការងារចំនួន ២,,៣ លានកន្លែងទៀតនឹងត្រូវបានគេបង្កើតឡើង។ ចំណុចនេះមានន័យថា បុគ្គលិកនៅពេលខាងមុខនឹងត្រូវការជំនាញទាំងពីរ ដើម្បីអាចធានាបាននូវការងារ និងអាចធ្វើការជាមួយ AI ហើយបុគ្គលិកទាំងនោះត្រូវតែអាចមានសមត្ថភាពក្នុងការទទួលបានការបណ្តុះបណ្តាលដើម្បីអាចត្រៀមខ្លួនចំពោះការផ្លាស់ប្តូរយ៉ាងឆាប់រហ័សទាំងនេះបាន។

ហ្វីលីពីនត្រូវបានទទួលស្គាល់ថា មានកម្លាំងពលកម្មដែលមានការលើកទឹកចិត្តខ្ពស់ និងអាចទទួលការបណ្តុះបណ្តាលបានច្រើន បើប្រៀបធៀបទៅនឹងប្រទេសផ្សេងទៀតនៅក្នុងតំបន់ ដូចជា ឥណ្ឌូនេស៊ី ថៃ និងវៀតណាម។ ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. បាននិយាយកាលពីចុងសប្តាហ៍មុនថា «ក្រៅពីមានវ័យក្មេង កម្លាំងពលកម្មហ្វីលីពីនត្រូវបានសម្គាល់ដោយសមត្ថភាពដែលអាចទទួលការបណ្តុះបណ្តាលបានខ្ពស់ ទាំងនៅក្នុងជំនាញភាសាអង់គ្លេស ជំនាញបច្ចេកវិទ្យា ប្រសិទ្ធភាពនៃការចំណាយ ការសម្របជាមួយនឹងវប្បធម៌ និងកម្រិតដ៏ទាបនៃការលាឈប់ពីការងារ»។

យោងតាមការស្រាវជ្រាវរបស់ស្ថាប័ន HKTDC ដែលជាប្រភពដ៏សំខាន់នៃព័ត៌មានសេដ្ឋកិច្ចនិងពាណិជ្ជកម្ម កម្រិតអប់រំនៃកម្លាំងពលកម្មរបស់ប្រទេសហ្វីលីពីន ដែលបានទទួលការអប់រំកម្រិតឧត្តមសិក្សា មានរហូត ដល់ ២១% គឺពិតជាខ្ពស់ជាងតួលេខរបស់បណ្តាប្រទេសជាសមាជិកអាស៊ាននានា ដែលរួមមានទាំងសិង្ហបុរីផងដែរ ដែលមានត្រឹមតែ ១៦% ប៉ុណ្ណោះ។ បុគ្គលិកជនជាតិហ្វីលីពីន ភាគច្រើនស្ទាត់ជំនាញភាសាអង់គ្លេសដែលធ្វើឱ្យពួកគេកាន់តែងាយស្រួលក្នុងការទទួលបានការបណ្តុះបណ្តាលពីសំណាក់និយោជកអន្តរជាតិ។

ក្រៅពីនេះ ហ្វីលីពីនក៏មានបុគ្គលិកនិងវិស្វករផ្នែកព័ត៌មានវិទ្យា និងអ្នកគ្រប់គ្រងដែលសុទ្ធតែមានសមត្ថភាពខ្ពស់ៗផងដែរ។ នៅក្នុងប្រទេសហ្វីលីពីន ការគ្រប់គ្រងពាណិជ្ជកម្ម, ការអប់រំនិងការបណ្តុះបណ្តាលគ្រូបង្រៀន, បច្ចេកវិទ្យាព័ត៌មាន វិស្វកម្ម និងបច្ចេកវិទ្យានិងវេជ្ជសាស្ត្រ គឺជាមុខវិជ្ជាល្បីជាងគេទាំង ៥ នៅក្នុងថ្នាក់ឧត្តមសិក្សា ដែលក្នុងនោះមាននិស្សិតប្រមាណ ៧៧% បានជ្រើសរើសយកជំនាញខាងលើនេះដើម្បីសិក្សា។

ផ្ទុយទៅវិញ នៅក្នុងប្រទេសកម្ពុជា ដោយសារកង្វះជំនាញ ក្រុមហ៊ុននឹងរកបុគ្គលិកដែលមានជំនាញមិនគ្រប់គ្រាន់ ដោយរំពឹងថាពួកគេអាចនឹងទទួលបានការបណ្តុះបណ្តាលបន្ថែម។ ទោះជាយ៉ាងណាក៏ដោយ បុគ្គលិកខ្លះប្រហែលជាមិនមានលក្ខណៈសម្បត្តិសមស្រប ឬបទពិសោធន៍អប់រំគ្រប់គ្រាន់ដើម្បីស្រូបយកជំនាញថ្មីៗទាំងនោះទេ។

ដោយសារភាពមិនស៊ីសង្វាក់គ្នាទាំងនេះ បុគ្គលិកទាំងនោះអាចនឹងលាឈប់ពីធ្វើការឬផ្លាស់ប្តូរការងារ។ ប៉ុន្តែប្រសិនបើភាពមិនស៊ីសង្វាក់គ្នានៅតែបន្ត ហើយបុគ្គលិកទាំងនោះនៅតែបន្តខ្វះជំនាញ ដែលត្រូវការសម្រាប់ការអភិវឌ្ឍអាជីពរបស់ពួកគេ ហើយពួកគេនឹងត្រូវបន្តជាប់នៅក្នុងវដ្តនៃការលាឈប់ និងការចាប់ផ្តើមការងារថ្មី។ គំរូនេះនឹងធ្វើឱ្យអត្រានៃការលាឈប់ពីការងារកើនឡើងខ្ពស់ និងមិនដោះស្រាយបញ្ហាទាក់ទង នឹងការមិនមានបទពិសោធន៍សម្រាប់មុខតំណែងបាននោះឡើយ។

ការគាំទ្ររបស់រដ្ឋាភិបាលក្នុងការបង្កើនសមត្ថភាពកម្លាំងពលកម្មនៅក្នុងប្រទេសអាស៊ានមួយចំនួននៅមិនទាន់គ្រប់គ្រាន់នៅឡើយនោះទេ។ រដ្ឋាភិបាលក្នុងតំបន់ចាំបាច់ត្រូវតែដោះស្រាយបញ្ហានេះជាមុនសិនដើម្បីឱ្យប្រាកដថា កម្លាំងការងាររបស់ពួកគេមិនត្រឹមតែមានចំណេះដឹងថ្មីៗច្រើន នៅក្នុងបរិយាកាសដែលកំពុងតែផ្លាស់ប្តូរជានិច្ចនេះទេ ប៉ុន្តែកម្លាំងការងារទាំងនោះថែមទាំងជាមនុស្សដែលអាចទទួលការបណ្តុះបណ្តាលបានមានភាពរហ័សរហួន ហើយអាចសម្របខ្លួនទៅតាមការផ្លាស់ប្តូរនៅពេលខាងមុខផងដែរ។

រដ្ឋាភិបាលទូទាំងតំបន់អាស៊ានកំពុងព្យាយាមដាក់ចេញនូវគំនិតផ្តួចផ្តើមជាច្រើនដើម្បីធ្វើឱ្យកម្លាំងពលកម្មរបស់ពួកគេកាន់តែអាចធ្វើការប្រកួតប្រជែងបាននៅក្នុងសេដ្ឋកិច្ចឌីជីថល។ ប្រទេសដូចជាសិង្ហបុរីនិងម៉ាឡេស៊ីកំពុងតែមានដំណើរការយ៉ាងល្អ ហើយរដ្ឋាភិបាលរបស់ពួកគេក៏បានដាក់ចេញនូវគំនិតផ្តួចផ្តើមដើម្បីបង្កើនជំនាញសម្រាប់ប្រជាជនរបស់ពួកគេរួចទៅហើយ។

នៅប្រទេសម៉ាឡេស៊ី រដ្ឋាភិបាលបាននិងកំពុងអនុវត្តកម្មវិធីផ្សេងៗជាច្រើន ដើម្បីជួយលើកកម្ពស់ប្រជាជនរបស់ខ្លួន បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩។ កម្មវិធីមួយក្នុងចំណោមកម្មវិធីទាំងនោះគឺ MyDigitalWorkforce Work in Tech ( MYWiT ) ដែលជាគំនិតផ្តួចផ្តើមដើម្បីបណ្តុះបណ្តាលជំនាញឌីជីថលនៅតាមក្រុមហ៊ុននានា។

លើសពីការផ្តល់ជូនការបណ្តុះបណ្តាលដល់និយោជិត គំនិតផ្តួចផ្តើមនេះមានគោលបំណងជួយដល់ភាគីទាំងពីរ នៅក្នុងប្រព័ន្ធអេកូនៃកម្លាំងការងារ តាមរយៈការផ្តល់នូវការលើកទឹកចិត្តដល់ក្រុមហ៊ុននានាក្នុងការជួលអ្នកដែលមានទេពកោសល្យឌីជីថល។ គំនិតផ្តួចផ្តើម MyWiT មានគោលបំណងជម្រុញឱ្យជនជាតិម៉ាឡេស៊ីចំនួន ៦ ០០០ នាក់ អាចទទួលបានការងារនៅក្នុងត្រីមាសទី ៣ នៃឆ្នាំ ២០២២។

ឧទាហរណ៍ដ៏គួរឱ្យចាប់អារម្មណ៍មួយទៀតនោះ គឺនៅក្នុងប្រទេសសិង្ហបុរីដែលរដ្ឋាភិបាលកំពុងបង្កើនជំនាញកម្លាំងការងាររបស់ខ្លួនតាមរយៈសិក្ខាសាលា ដែលរៀបចំដោយរដ្ឋាភិបាលដោយឥតគិតថ្លៃដែលកម្មវិធីនេះត្រូវបានគេស្គាល់ថាជា គំនិតផ្តួចផ្តើម SkillsFuture Singapore (SSG) ដែលត្រូវបានដាក់ចេញនៅក្នុងឆ្នាំ ២០១៥។ កម្មវិធីនេះបានផ្តល់ឱ្យអ្នកចូលរួមនូវវគ្គសិក្សាច្រើនជាង ៤០០ ដែលមានកម្មវិធីចំនួន ១០ សម្រាប់ទាំងបុគ្គលិក និងសហគ្រាស។

កម្មវិធីមួយចំនួននៅក្នុងគំនិតផ្តួចផ្តើមខាងលើដែលរួមមានទាំងការណែនាំអំពីការវិភាគទិន្នន័យ, ពាណិជ្ជកម្មឌីជីថល, បច្ចេកវិទ្យាព័ត៌មាន និងសេវាកម្មអតិថិជន ត្រូវបានគេរាយការណ៍ថា ទទួលបានការចុះឈ្មោះច្រើនជាងគេ។ នៅឆ្នាំ ២០២១ ប្រជាជនសិង្ហបុរីប្រហែល ៦៦០ ០០០ នាក់បានទទួលអត្ថប្រយោជន៍ពីគំនិតផ្តួចផ្តើម SSG ដែលមានចំនួនលើសពីឆ្នាំ ២០១៩ ចំនួន ៤០ ០០០ នាក់។ ចំនួនសហគ្រាសដែលទទួលបានអត្ថប្រយោជន៍នៅតែរក្សាចំនួនថេរដដែលគឺ ២៤ ០០០ សហគ្រាស។

ជាការពិតណាស់មិនមែនរដ្ឋាភិបាលជាសមាជិកអាស៊ានទាំងអស់សុទ្ធតែមានថវិកាដើម្បីដំណើរការកម្មវិធីបង្កើនជំនាញដោយឥតគិតថ្លៃដូចអ្វីដែលសិង្ហបុរីបានធ្វើប្រកបដោយនិរន្តរភាពនោះទេ។ ដូច្នេះហើយ រដ្ឋាភិបាលអាស៊ាន ជាពិសេសប្រទេសដែលកំពុងតែមានភាពយឺតយ៉ាវផ្នែកអក្ខរកម្មឌីជីថលគួរតែពិចារណាចាប់ផ្តើមដាក់ចេញនូវកម្មវិធីឧបត្ថម្ភធនលើជំនាញឌីជីថលដល់កម្លាំងពលកម្មរបស់ខ្លួន។

ជាឧទាហរណ៍ កម្មវិធីទាំងនេះអាចត្រូវបានផ្តល់មូលនិធិមួយផ្នែកដោយរដ្ឋាភិបាល និងអាចអនុញ្ញាតឱ្យបុគ្គល ឬបុគ្គលិកសាជីវកម្មដែលមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការចុះឈ្មោះចូលរួមក្នុងការបណ្តុះបណ្តាលជំនាញឌីជីថលដែលត្រូវបានផ្តល់ដោយភាគីទី ៣។ មូលនិធិឧបត្ថម្ភធន ដោយរដ្ឋាភិបាលអាចជួយឱ្យអ្នកដែលគ្មានមធ្យោបាយហិរញ្ញវត្ថុអាចចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាលដែលចំណុចនេះគឺជាបញ្ហាប្រឈមមួយក្នុងចំណោមបញ្ហាប្រឈមកំពូលទាំង ៣ ដែលយុវជននៅតំបន់អាស៊ីអាគ្នេយ៍តែងតែលើកឡើង។

នៅក្នុងករណីប្រទេសកម្ពុជា គំនិតផ្តួចផ្តើមនៃកម្មវិធីឧបត្ថម្ភធនដោយរដ្ឋាភិបាលពិតជានឹងដើរស្របគ្នាជាមួយនឹងការបង្កើតមជ្ឈមណ្ឌលផលិតឌីជីថលកម្ពុជា-ជប៉ុន (CJDM)»។ ការធ្វើបែបនេះនឹងអាចជួយអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាសម្រាប់វិស័យឌីជីថលដើម្បីបំពេញតាមតម្រូវការកម្លាំងពលកម្មនៅពេលអនាគតតាមរយៈការផ្តល់នូវការបណ្តុះបណ្តាលវិជ្ជាជីវៈដែលមានគុណភាពខ្ពស់សម្រាប់ឧស្សាហកម្ម ៤,០។

ចំណែកឯនៅក្នុងប្រទេសថៃ ដើម្បីអាចជួយឱ្យប្រជាជនខ្លួនទទួលបានការងារកាន់តែប្រសើរ និងស្វែងយល់បន្ថែមអំពីបច្ចេកវិទ្យា ក្រុមប្រឹក្សាឌីជីថល ដែលជាអង្គការដែលកំពុងធ្វើការជាមួយរដ្ឋាភិបាល និងវិស័យឯកជន បានចាប់ផ្តើមបើកវគ្គសិក្សាចំណេះដឹងស្តីពីការការពារទិន្នន័យផ្ទាល់ខ្លួនតាមអ៊ីនធឺណិត។ វគ្គសិក្សាតាមអ៊ិនធឺណេតមានតម្លៃថោកជាងវិធីសាស្ត្រ បណ្តុះបណ្តាលផ្សេងទៀត ហើយថែមទាំងអាចប្រើប្រាស់ពេលវេលាតិចជាងមុន ដែលនេះគឺជាដំណោះស្រាយចំពោះបញ្ហាប្រឈមកំពូលមួយផ្សេងទៀតដែលត្រូវបានលើកឡើងដោយយុវជនក្នុងតំបន់គឺ «ការខ្វះខាត ពេលវេលា»។

នៅពេលអនាគត កម្លាំងពលកម្មប្រាកដជាត្រូវតម្រូវឱ្យមានចំណេះដឹងផ្នែកឌីជីថលបន្ថែមទៀត។ ជាលទ្ធផល រដ្ឋជាសមាជិកអាស៊ានត្រូវតែផ្តល់អាទិភាពដល់ការវិនិយោគឆ្លាតវៃនៅក្នុងផ្នែកនេះ។

ដើម្បីអាចឱ្យតំបន់នេះបន្តស្ថិតនៅក្នុងការប្រកួតប្រជែងទាំងនៅពេលនេះ និងទៅថ្ងៃអនាគត រដ្ឋជាសមាជិកត្រូវតែធានាឱ្យបានថា ពួកគេកំពុងផលិតកម្លាំងពលកម្មដែលមិនត្រឹមតែទទួលបានការបណ្តុះបណ្តាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបន្តទទួលការបណ្តុះបណ្តាលដោយគ្មានដែនកំណត់ផងដែរ៕

The Diplomat

អត្ថបទទាក់ទង