ខ្មែរប៉ុស្ដិ៍ Close

អបអរសាទរពលរដ្ឋ ៦១គ្រួសារ ក្នុងខេត្តបាត់ដំបង ទទួលបានកម្មសិទ្ធិដីធ្លី និងសំណង់លំនៅឋាន ក្រោមគម្រោងសុវត្ថិភាពដីធ្លី និងសុវត្ថិភាពលំនៅឋាន

ដោយ៖ សាន់ វីតា ​​ | ថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានទូទៅ 51
អបអរសាទរពលរដ្ឋ ៦១គ្រួសារ ក្នុងខេត្តបាត់ដំបង ទទួលបានកម្មសិទ្ធិដីធ្លី និងសំណង់លំនៅឋាន ក្រោមគម្រោងសុវត្ថិភាពដីធ្លី និងសុវត្ថិភាពលំនៅឋាន អបអរសាទរពលរដ្ឋ ៦១គ្រួសារ ក្នុងខេត្តបាត់ដំបង ទទួលបានកម្មសិទ្ធិដីធ្លី និងសំណង់លំនៅឋាន ក្រោមគម្រោងសុវត្ថិភាពដីធ្លី និងសុវត្ថិភាពលំនៅឋាន

គម្រោងដី៦១ឡូតិ៍ មានទីតាំងស្ថិតនៅភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ដែលមានរដ្ឋបាលខេត្តជាម្ចាស់គម្រោង និងអង្គការលំនៅឋានមនុស្សជាតិកម្ពុជា ជាដៃគូសហការគាំទ្រផ្នែកបច្ចេកទេស ព្រមទាំងផ្នែកហិរញ្ញវត្ថុ សម្រាប់រយៈពេល២ឆ្នាំ គិតពីខែមករា ឆ្នាំ២០២១ រហូតដល់ខែធ្នូ ២០២២ សម្រាប់ចូលរួមជួយសាងសង់លំនៅឋានជូនក្រុមគ្រួសារគោលដៅ ត្រូវបានប្រគល់បង្កាន់ដៃ និងកិច្ចសន្យាទទួលដីលំនៅឋានជូនប្រជាពលរដ្ឋជាផ្លូវការហើយ។

លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញប្រគល់បង្កាន់ដៃ និងកិច្ចសន្យាទទួលដីលំនៅឋានជូនប្រជាពលរដ្ឋអ្នកទទួលផលចំនួន៦១គ្រួសារ នៃគម្រោងសុវត្ថិភាពដីធ្លី និងសុវត្ថិភាពលំនៅឋាន (គម្រោងដី៦១ឡូតិ៍) និងក៏មានការចូលរួមពី លោកស្រី ប៊ីណាដេត បូឡូ ឌូធី (Bernadette Bolo-Duthy) នាយិកាប្រចាំប្រទេស អង្គការ លំនៅឋានមនុស្សជាតិអន្តរជាតិកម្ពុជា និងម្ចាស់ជំនួយព្រមទាំងក្រុមការងារ នៅសាលប្រជុំអគារE សាលាខេត្តបាត់ដំបង ។

លោក សុខ លូ បានសម្ដែងនូវសេចក្តីរីករាយ និងអបអរសាទរដល់បងប្អូន ប្រជាពលរដ្ឋទាំង៦១គ្រួសារ ដែលទទួលបាន ដីឡូតិ៍លំនៅឋាន និងដីឡូត៍មានសាងសង់លំនៅឋាន នៃគម្រោង ដី៦១ឡូតិ៍នេះ និងបានទៅតាំងទីលំនៅ នៅទីតាំងថ្មីបានរួចរាល់១០០%។ សម្រាប់គ្រួសារដែលទទួលបានដី និង ផ្ទះចំនួន៤២គ្រួសារ និងគ្រួសារទទួលបានដីមានចំនួន៥គ្រួសារបានសាងសង់លំនៅឋានរួចហើយក្នុងចំណោម ១៩គ្រួសារ តាមការរៀបចំរបស់រដ្ឋបាលខេត្ត ហើយក៏បានទទួលនូវបង្កាន់ដៃ និងកិច្ចសន្យាទទួលដីលំនៅឋាន រួចហើយនៅពេលនេះ ដើម្បីរក្សាទុកជាភស្តុតាងបញ្ជាក់អំពីសិទ្ធិស្របច្បាប់របស់បងប្អូន ។

លោកអភិបាលខេត្ត បានកោតសរសើរ ក៏ដូចជាថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានចូលរួមសហការជាមួយរដ្ឋបាលខេត្ត ដោយមិនមានបញ្ហាអ្វីកើតឡើងនោះឡើយ ហើយការដោះស្រាយនេះគឺដើម្បីប្រជាពលរដ្ឋទាំងអស់ ដែលបានទទួលបាននូវលំនៅឋានស្របច្បាប់ ដីស្របច្បាប់ ។
លោកអភិបាលខេត្ត បានថ្លែងអំណរគុណ ចំពោះអង្គការលំនៅឋានមនុស្សជាតិអន្តរជាតិ កម្ពុជា និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានសហការ និងចូលរួមក្នុងដំណើការ “គម្រោង សុវត្ថិភាពដីធ្លី និងលំនៅឋាន ដ៏មានសារៈសំខាន់នេះឡើង។

ជាមួយនេះផងដែរ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រោយ ពីបានរៀបចំដីលំនៅឋានជូនដល់អ្នកទទួលផលចំនួន៦១គ្រួសាររួចមក នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការ កាត់បន្ថយការតាំងទីលំនៅមិនរៀបរយ ដើម្បីឈានដល់ការលុបបំបាត់បញ្ហាសំណង់បណ្តោះអាសន្នក្នុងក្រុង របស់យើង បន្តិចម្តងៗ។ លោកអភិបាលខេត្ត ក៏បានស្នើសុំអាជ្ញាធរពាក់ព័ន្ធទាំងអស់ សូមធ្វើការទប់ស្កាត់ជាដាច់ខាត មិនឱ្យសំណង់អាណាធិបតេយ្យកើតឡើងថ្មី នៅតាមទីតាំងនានា ដែលជាដីកម្មសិទ្ធិរបស់រដ្ឋមានដូចជា ដីចំណី ស្ទឹង ប្រឡាយ វត្តអារាម ផ្លូវសាធារណៈ ។ល។

 

 

អត្ថបទទាក់ទង