ខ្មែរប៉ុស្ដិ៍ Close

តើសហភាពអឺរ៉ុប នឹងចាញ់​ក្នុងការ​ប្រយុទ្ធ​ដើម្បី​សិទ្ធិ​មនុស្ស​នៅ​តំបន់អាស៊ី​ឬ?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 124
តើសហភាពអឺរ៉ុប នឹងចាញ់​ក្នុងការ​ប្រយុទ្ធ​ដើម្បី​សិទ្ធិ​មនុស្ស​នៅ​តំបន់អាស៊ី​ឬ? តើសហភាពអឺរ៉ុប នឹងចាញ់​ក្នុងការ​ប្រយុទ្ធ​ដើម្បី​សិទ្ធិ​មនុស្ស​នៅ​តំបន់អាស៊ី​ឬ?

ទីក្រុងព្រុចសែលកំពុងស្វះស្វែងរកការកសាងឥទ្ធិពលនៅអាស៊ីអាគ្នេយ៍។ ប៉ុន្តែ​ទម្លាប់​របស់​សហភាព​អឺរ៉ុប​ក្នុង​ការ​រិះគន់​រដ្ឋាភិបាលនៅក្នុងតំបន់នេះជុំវិញ​បញ្ហាសិទ្ធិ​មនុស្ស គឺមិនទទួលបានការឆ្លើយតបជាវិជ្ជមាននោះទេ។

លោក Josep Borrell អ្នកការទូតកំពូលរបស់សហភាពអឺរ៉ុប បាននិយាយថា សហភាពអឺរ៉ុបមានគោលបំណងធ្វើឱ្យមានភាព «សកម្មជាងមុន, ប្រកបដោយនវានុវត្តន៍ និងមានភាពច្នៃប្រឌិតជាងមុន នៅពេលនិយាយអំពីបញ្ហាសិទ្ធិមនុស្ស» នៅក្នុងឆ្នាំ ២០២៣។ ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគនានាព្រមានថា សហភាពអឺរ៉ុបទំនងជានឹងជួបការលំបាកក្នុងការអនុវត្តរបៀបវារៈនេះនៅអាស៊ីអាគ្នេយ៍ដែលជាតំបន់មួយមានសារៈសំខាន់ខាងភូមិសាស្ត្រនយោបាយសម្រាប់ទីក្រុងព្រុចសែល ហើយនៅ​ឆ្នាំ​នេះ​តំបន់នេះនឹងមាន​ភាព​តានតឹង​ខ្លាំង។

ការបោះឆ្នោតជាតិនៅកម្ពុជានិងនៅក្នុងប្រទេសថៃក្នុងរដូវក្តៅខាងមុខ នឹងមានភាពតានតឹងខ្លាំង ហើយទំនងជានឹងត្រូវញាំញីទៅដោយភាពមិនប្រក្រតី។ ទីក្រុងព្រុចសែលបានដាក់ទណ្ឌកម្មមួយចំនួនមកលើប្រទេសកម្ពុជារួចហើយ ជុំវិញការថយចុះនៃលទ្ធិប្រជាធិបតេយ្យក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

របបយោធាមីយ៉ាន់ម៉ាដែលបានប្លន់អំណាចពីរដ្ឋាភិបាលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យកាលពីជិត ២ ឆ្នាំមុន ក៏គ្រោងនឹងរៀបចំការបោះឆ្នោតនៅឆ្នាំនេះផងដែរ បើទោះបីជាខ្លួនគ្រប់គ្រងលើទឹកដីតែមួយចំណែករបស់ប្រទេសក៏ដោយ។

នៅក្នុងប្រទេសវៀតណាមដែលគ្រប់គ្រងដោយរបបកុម្មុយនីស្ត និងដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ EU នៅក្នុងតំបន់ អំណាចដ៏ធំក្នុងពេលបច្ចុប្បន្ននេះកំពុងស្ថិតនៅក្នុងកណ្ដាប់ដៃនៃក្រសួងសន្តិសុខសាធារណៈដែលពោរពេញទៅដោយការគៀបសង្កត់ បន្ទាប់ពីមានការ «លាលែងពីតំណែង» ពីសំណាក់ប្រធានាធិបតីដែលនិយមលោកខាងលិច Nguyen Xuan Phuc កាលពីដើមខែនេះ។

សូមអាន តើយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយរបស់វៀតណាម នឹងបង្កផលប៉ះពាល់ដល់គោលនយោបាយការបរទេសរបស់ខ្លួនដែរឬទេ នៅចំពេលកើតមានការប្រកួតប្រជែងរវាងអាមេរិកនិងចិន?

ទីម័រខាងកើតគឺជាប្រទេសអាស៊ីអាគ្នេយ៍តែមួយគត់ដែលជាប់ចំណាត់ថ្នាក់ជាប្រទេស «មានសេរីភាព» នៅលើសន្ទស្សន៍សេរីភាពក្នុងពិភពលោកនាពេលចុងក្រោយបង្អស់របស់អង្គការ Freedom House។ ប៉ុន្តែ​ប្រទេសដែលជាដី​ពាក់កណ្តាល​កោះ​មួយនេះមាន​ទំនាក់ទំនង​តិចតួចប៉ុណ្ណោះ​ជាមួយ​សហភាព​អឺរ៉ុប​។

ផ្ទុយទៅវិញ ប្រទេសឡាវ វៀតណាម កម្ពុជា ថៃ មីយ៉ាន់ម៉ា សិង្ហបុរី និងម៉ាឡេស៊ី សុទ្ធតែស្ថិតក្នុងចំណោមប្រទេសបាតតារាងទាំង ៥០ ក្នុងចំណោមប្រទេសចំនួន ១៩៤ ដែលបានស្ទង់មតិ។

សហភាពអឺរ៉ុបមានយន្តការគ្រប់គ្រាន់ដែលខ្លួនត្រូវការក្នុងការដើរតួជាអ្នកតស៊ូមតិដ៏មានប្រសិទ្ធភាពជុំវិញបញ្ហាសិទ្ធិមនុស្សនៅអាស៊ីអាគ្នេយ៍ «ប៉ុន្តែអឺរ៉ុបចាំបាច់ត្រូវតែចាត់វិធានការឱ្យបានខ្លាំងជាងនេះបន្ថែម ទៀត» នេះបើតាម លោក Phil Robertson នាយករងនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ប្រចាំតំបន់អាស៊ី។ លោក Robertson បាននិយាយថា «ជាញឹកញាប់បញ្ហាសិទ្ធិមនុស្សតែងតែត្រូវបានគេកប់ចោលនៅពីក្រោមភាពប្រញាប់ប្រញាល់ក្នុងការស្ដារឡើងវិញ និងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មនៅក្នុងពិភពលោកក្រោយជំងឺរាតត្បាត»។

ជាការពិតណាស់ ទីក្រុងព្រុចសែលមានច្បាប់ទណ្ឌកម្មផ្នែកសិទ្ធិមនុស្សជាសកលរបស់ខ្លួន ដែលជាច្បាប់ស្រដៀងគ្នានឹងច្បាប់ Magnitsky ដែរ ដែលអនុញ្ញាតឱ្យអឺរ៉ុបអាចដាក់ទណ្ឌកម្មលើមន្ត្រីនានានៅបរទេសបាន។

បច្ចុប្បន្ននេះ សហភាពអឺរ៉ុបបានបង្កើតកិច្ចសន្ទនាមួយស្តីពីសិទ្ធិមនុស្សជាមួយរដ្ឋាភិបាលភាគច្រើននៅក្នុងតំបន់ និងបានចុះកិច្ចព្រមព្រៀងភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការជាមួយប្រទេសមួយចំនួនរួចហើយ ដោយក្នុងនោះតំណាងរបស់ប្រទេសម៉ាឡេស៊ីនិងថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំងនោះកាលពីខែមុននៅទីក្រុងព្រុចសែល។

សហភាពអឺរ៉ុបក៏ជាវិនិយោគិនដ៏សំខាន់ និងជាដៃគូពាណិជ្ជកម្មកំពូលទាំង៣ នៃរដ្ឋភាគច្រើននៅក្នុងតំបន់។ សំខាន់ជាងនេះទៅទៀត សហភាពអឺរ៉ុបគឺជាអ្នកនាំចូលទំនិញដ៏ធំបំផុតមួយពីអាស៊ីអាគ្នេយ៍ ដែលមានន័យថាអឺរ៉ុបអាចប្រើប្រាស់ការគំរាមកំហែងខាងទណ្ឌកម្មពាណិជ្ជកម្មដើម្បីដាក់សម្ពាធទៅលើរដ្ឋាភិបាលក្នុងតំបន់ជុំវិញបញ្ហាសិទ្ធិមនុស្សបាន។

ទោះជាយ៉ាងណាក៏ដោយ បញ្ហានៅត្រង់ថា តាមរយៈការជំរុញរបៀបវារៈសិទ្ធិមនុស្សដែលមានភាព «សកម្មជាងមុន ប្រកបដោយនវានុវត្តន៍ និងមានភាពច្នៃប្រឌិតជាងមុន» សហភាពអឺរ៉ុបអាចប្រឈមមុខនឹងការធ្វើ ឱ្យរដ្ឋាភិបាលទាំងនោះមានការខកចិត្តនៅពេលខ្លួនត្រូវការបង្កើតទំនាក់ទំនងដែលមានសុខភាពល្អជាមួយពួកគេ។

ទីក្រុងព្រុចសែលមើលឃើញថា អាស៊ីអាគ្នេយ៍គឺជាតំបន់ដ៏សំខាន់មួយក្នុងការកសាងឥទ្ធិពល ខណៈពេលដែលខ្លួនកំពុងព្យាយាមដណ្តើមទីតាំងឈរជើងនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ជាទីដែលការប្រកួតប្រជែងរវាងអាមេរិកនិងចិនកំពុងជំរុញឱ្យប្រទេសជាច្រើននាំគ្នាពង្រឹងទំនាក់ទំនងជាមួយ «មហាអំណាចកណ្តាល» ដូចជាសហភាពអឺរ៉ុបនេះ។ ប៉ុន្តែ​ទំនាក់ទំនង​ពាណិជ្ជកម្ម​គឺជា​កាំបិត​មុខ​២ ​នៅពេលដែលសហភាព​អឺរ៉ុប​ស្វែងរក​ការ​ពង្រឹង​សេដ្ឋកិច្ច​របស់​ខ្លួន​ ទន្ទឹមនឹងការធ្លាក់​ចុះនៃ​សេដ្ឋកិច្ច​ពិភពលោក។

បច្ចុប្បន្ននេះ កតិកាសញ្ញាពាណិជ្ជកម្មសេរីជាច្រើនត្រូវបានចុះហត្ថលេខាជាមួយប្រទេសវៀតណាម និងសិង្ហបុរី បើទោះបីជាថ្មីៗនេះ សហភាពអឺរ៉ុបបានពិភាក្សាឡើងវិញជាមួយប្រទេសថៃ ម៉ាឡេស៊ី និងហ្វីលីពីន ក៏ដោយ។ គេក៏សង្ឃឹមផងដែរថា កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌូនេស៊ីដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេក្នុងតំបន់ នឹងត្រូវធ្វើឡើងនៅចុងឆ្នាំ ២០២៤។

លោកស្រី Shada Islam អ្នកវិភាគឯករាជ្យ និងជាអ្នកអត្ថាធិប្បាយដែលមានមូលដ្ឋាននៅទីក្រុងព្រុចសែល បាននិយាយថា «ខ្ញុំមិនរំពឹងទេថា សហភាពអឺរ៉ុបនឹងប្រកាន់ជំហរតឹងរ៉ឹងជាងមុនក្នុងការបរិហារផ្នែកសិទ្ធិមនុស្ស ដោយសារតែប្លុកនេះត្រូវការចែចូវបណ្ដាប្រជាជាតិនៅអាស៊ីអាគ្នេយ៍»។

ខណៈពេលដែលមនុស្សជាច្រើននៅអាស៊ីអាគ្នេយ៍យល់ឃើញវិជ្ជមានចំពោះសហភាពអឺរ៉ុប ដោយសារតែប្លុកនេះផ្ដោតសំខាន់ទៅលើបញ្ហាសិទ្ធិមនុស្ស អ្នកខ្លះទៀតមិនឱ្យតម្លៃនោះទេ ដោយសារពួកគេយល់ថា សហភាពអឺរ៉ុបលូកដៃចូលក្នុងនយោបាយក្នុងស្រុករបស់ពួកគេ។

ជាងនេះទៅទៀត សហភាពអឺរ៉ុបហាក់ដូចជាកំពុងសើរើឡើងវិញនូវវោហាសាស្ត្ររបស់ខ្លួនជុំវិញបញ្ហាសិទ្ធិមនុស្ស។ ដោយសរសេរនៅលើប្លក់ផ្ទាល់ខ្លួនរបស់លោកកាលពីថ្ងៃទី ៧ ខែមករា រដ្ឋមន្ត្រីការបរទេសអឺរ៉ុបលោក Borrell បានកត់សម្គាល់ថា មាន «ការពិភាក្សាគ្នាយ៉ាងតឹងតែងលើបញ្ហាដែលថា តើសិទ្ធិមនុស្សមានលក្ខណៈជាសកល ឬមួយទាក់ទងនឹងបញ្ហាវប្បធម៌»។

ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងព្រុចសែលកាលពីខែមុន សម្រាប់កិច្ចប្រជុំកំពូលសហភាពអឺរ៉ុប-អាស៊ាន ប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo បាននិយាយថា«ប្រសិនបើយើងចង់កសាងភាពជាដៃគូល្អមួយ … មិនគួរមាននរណាម្នាក់មកកំណត់និងសន្មត់ថា ស្តង់ដាររបស់ពួកគេល្អប្រសើរជាងអ្នកដទៃទៀតទេ» ។

សហភាពអឺរ៉ុបក៏​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​អំពី​ទង្វើពុតត្បុតផងដែរ។ «ខណៈពេលដែលប្លុកនេះបានដាស់តឿនកម្ពុជាជុំវិញបញ្ហាអំពើពុករលួយ មានការរង្គោះរង្គើយ៉ាងខ្លាំងនៅក្នុងសភាអឺរ៉ុបកាលពីប៉ុន្មានខែថ្មីៗនេះ តាមរយៈការចោទប្រកាន់ថា មានមន្ត្រីរបស់ប្លុកនេះមួយចំនួនបានទទួលសំណូកពីប្រទេសកាតា»។

លោក Borrell បាន​ទទួល​ស្គាល់​ក្នុង​សុន្ទរកថារបស់លោក​កាលពី​ខែ​មុន​ នៅមុន​កិច្ច​ប្រជុំ​កំពូល សហភាព​អឺរ៉ុប-​អាស៊ាន​ថាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ «គឺជា​អ្វី​ដែល​ត្រូវ​តែធ្វើ​ឱ្យបាន​នៅអឺរ៉ុបខ្លួនឯង»។

លោកស្រី Islam បាននិយាយថា «ដូចអ្វីដែលលោក Borrell បានទទួលស្គាល់ហើយថា សហភាពអឺរ៉ុបត្រូវបានប្រទេសដទៃកាន់តែច្រើនឡើងៗអំពាវនាវឱ្យបំពេញចន្លោះប្រហោងខាងការគោរពសិទ្ធិមនុស្សពីសំណាក់រដ្ឋាភិបាលរបស់ខ្លួន និងចំពោះអភិក្រមដែលខ្លួនបានជ្រើសរើស»។

កាលពីដើមខែនេះ អង្គការឃ្លាំមើលសិទិ្ធមនុស្សបានព្រមានថា «អង្គការសង្គមស៊ីវិល រួមទាំងក្រុមការពារសិទ្ធិមនុស្សកំពុងស្ថិតនៅក្រោមការគំរាមកំហែងកាន់តែខ្លាំងឡើងនៅក្នុងទ្វីបអឺរ៉ុប» រួមទាំងនៅក្នុងប្រទេសប្រជាធិបតេយ្យជឿនលឿនមួយចំនួន ដូចជាប្រទេសបារាំង ក្រិក និងអ៊ីតាលី ជាដើម នេះបើតាមលោក Benjamin Ward ដែលជានាយករងរបស់អង្គការមួយនេះប្រចាំនៅទ្វីបអឺរ៉ុបនិងអាស៊ីកណ្តាល។

លោកស្រី Shada Islam គិត​ថា​ គេអាចធ្វើឱ្យប្រសើរឡើងនូវរបៀបវារៈ​សិទ្ធិ​មនុស្ស​របស់​សហភាព​អឺរ៉ុបបាន ប៉ុន្តែ​តាមរយៈការ​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ។ លោកស្រី​បាន​និយាយ​ថា វា​មាន​ន័យ​ថា «​គឺជាការប្រកាន់យកនូវគោលនយោបាយដែលប្រើវោហាសាស្ត្រតិចជាងមុន និងប្រើសកម្មភាពការទូតច្រើនជាងមុន តាមរយៈការកាត់បន្ថយការប្រើប្រាស់ NGO​»។

ដែលវាមានន័យថា «គឺជាការចាត់វិធានការជាក់ស្ដែងជាងមុន ដូចជាការផ្ដល់ជំនួយនៅពីក្រោយឆាកដើម្បីជួយដល់អ្នកតស៊ូមតិខាងផ្នែកសិទ្ធិមនុស្សដែលកំពុងរងហានិភ័យ, ការបណ្តុះបណ្តាលផ្នែកសិទ្ធិមនុស្សឱ្យបានកាន់តែច្រើនដល់មន្រ្តីប៉ូលីស និងមន្ត្រីយុត្តិធម៌ និងការសង្កត់ធ្ងន់បន្ថែមទៀតទៅលើការការពារសិទ្ធិស្ត្រី និងជនជាតិភាគតិច»។

និយាយបែបផ្សេង របៀបវារៈសិទ្ធិមនុស្សដែលមានភាព «សកម្មជាងមុន, ប្រកប ដោយនវានុវត្តន៍ និងមានភាពច្នៃប្រឌិតជាងមុន» របស់លោក Borrell អាចមានន័យថា ជាប្រភេទនៃកិច្ចការដែលមិនទំនងជានឹងត្រូវបានចុះផ្សាយលើទំព័រសារព័ត៌មាននោះទេ៕

David Hutt/DW

អត្ថបទទាក់ទង