ខ្មែរប៉ុស្ដិ៍ Close

ឥទ្ធិពលនៃគម្រោង BRI របស់ចិនលើក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 84
ឥទ្ធិពលនៃគម្រោង BRI របស់ចិនលើក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ឥទ្ធិពលនៃគម្រោង BRI របស់ចិនលើក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ

ក្នុងនាមជារដ្ឋសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (HRC) ប្រទេសចិនមានទំនួលខុសត្រូវក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅទូទាំងពិភពលោក។ ប៉ុន្តែតាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) ទីក្រុងប៉េកាំងបានប្រើប្រាស់ការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច, ការញុះញង់, ការយាយី និងឧបាយកល ដើម្បីបំផ្លាញក្របខណ្ឌសិទ្ធិមនុស្សអន្តរជាតិ និងបានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរចំពោះប្រសិទ្ធភាពរបស់ក្រុមប្រឹក្សា HRC។

ទីក្រុងប៉េកាំងផ្តល់អាទិភាពដល់ «ការអភិវឌ្ឍដែលផ្តោតលើប្រជាជន» ខ្លាំងជាងសិទ្ធិមនុស្ស ដែលត្រូវបានទទួលស្គាល់ជាសកល។ ប៉ុន្តែការអភិវឌ្ឍបែបទំនើបនិយមខ្ពស់របស់ចិនមានជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស ដែលបានបង្កផលប៉ះពាល់ដល់ប្រជាជនដែលខ្វះខាត។ រឿងនេះបានកើតឡើងនៅក្នុងតំបន់ស្វយ័តទីបេ និងនៅក្នុងអំពើប្រល័យពូជសាសន៍ដែលកំពុងកើតឡើងក្នុងតំបន់ស្វយ័ត Xinjiang Uighur (XUAR)។

ពាក់ព័ន្ធនឹងតំបន់ XUAR ការអំពាវនាវឱ្យមានការស៊ើប អង្កេតរបស់អង្គការសហប្រជាជាតិលើការចោទប្រកាន់ស្តីពីការរំលោភសិទ្ធិមនុស្សដ៏ធំនៅក្នុងតំបន់ត្រូវបានលើកឡើងជាលើកដំបូងនៅក្នុងឆ្នាំ ២០១៨។ ប៉ុន្តែសកម្មភាពនេះត្រូវបានពន្យារពេល ដោយសារការរារាំងរបស់ទីក្រុងប៉េកាំង និងបន្ទាប់មកគឺដោយសារវីរុសកូវីដ-១៩។

ការពន្យារពេលទាំងនេះបានជំរុញឱ្យរដ្ឋចំនួន ២២ ដាក់លិខិតមួយជូនទៅកាន់ក្រុមប្រឹក្សា HRC កាលពីខែកក្កដា ឆ្នាំ ២០១៩ ដើម្បីបង្ហាញអំពីការព្រួយបារម្ភរបស់ពួកគេអំពីការរំលោភសិទ្ធិមនុស្សនៅក្នុងតំបន់ XUAR ។ ពួកគេបានជំរុញឱ្យទីក្រុងប៉េកាំងទទួលយកអ្នកត្រួតពិនិត្យ និងបានអំពាវនាវឱ្យចិនរក្សាកាតព្វកិច្ចរបស់ខ្លួនក្នុងការការពារសិទ្ធិមនុស្ស។

ជាការឆ្លើយតប ទីក្រុងប៉េកាំងបានប្រមូលផ្តុំរដ្ឋចំនួន ៣៧ ឱ្យសរសេរសំបុត្រដើម្បីការពារកំណត់ត្រារបស់ចិននៅក្នុងតំបន់ XUAR និងដើម្បីលើកសរសើរអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការប្រឆាំងនឹងអំពើភេរវកម្មរបស់ចិន។ ស្ទើរតែគ្រប់ប្រទេសហត្ថលេខីនៃសំបុត្ររបស់ទីក្រុងប៉េកាំង គឺជារដ្ឋដៃគូនៅក្នុងគម្រោង BRI បូករួមទាំងរដ្ឋផ្តាច់ការមួយចំនួន ដែលមានកំណត់ត្រាសិទ្ធិមនុស្សមិនល្អ។

នៅខែឧសភា ឆ្នាំ ២០២២ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក ស្រី Michelle Bachelet បានទទួលសិទ្ធិចូលទៅកាន់តំបន់ XUAR ក៏ប៉ុន្តែដំណើររបស់លោកស្រីត្រូវបានរឹតត្បិតយ៉ាងខ្លាំង។ ការចេញផ្សាយរបាយការណ៍ផ្លូវការត្រូវបានពន្យារពេលយ៉ាងយូរ ហើយការចោទប្រកាន់មួយចំនួនក៏បានលេចឡើងថា «ទីក្រុងប៉េកាំងបានព្យាយាមដាក់សម្ពាធលើលោកស្រីមិនឱ្យចេញផ្សាយរបាយការណ៍»។

របាយការណ៍នេះត្រូវបានចេញផ្សាយនៅថ្ងៃចុងក្រោយរបស់លោកស្រីនៅក្នុងការិយាល័យ និងបានលើកឡើងនូវការរកឃើញថា «ច្បាប់ប្រឆាំងនឹងភេរវកររបស់ប្រទេសចិនបានបណ្តាលឱ្យមានការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងអាចឈានទៅបង្កឱ្យមានឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ»។ របាយការណ៍នេះបានចងក្រងជាឯកសារអំពីការកំណត់អត្តសញ្ញាណលើជនជាតិភាគតិច, ការឃុំខ្លួនតាមអំពើចិត្ត, ការធ្វើទារុណកម្ម និងទម្រង់ផ្សេងទៀតនៃការប្រព្រឹត្តិមិនល្អ បូករួមទាំងការចាប់រំលោភ និងការរំលោភបំពានផ្លូវភេទ។

ក៏បានរាយការណ៍ផងដែរអំពីការបដិសេធសិទ្ធិបន្តពូជ ការលុបបំបាត់សិទ្ធិឯកជនភាព និងចលនាដោយសេរីរបស់ជនជាតិអ៊ុយហ្គួរ ការបាត់ខ្លួនដោយបង្ខំ និងការលុបបំបាត់សាសនាអ៊ីស្លាម និងទីកន្លែងសាសនា។ របាយការណ៍ក៏បានលើកឡើងអំពីការរំលោភសិទ្ធិមនុស្សរបស់ប្រទេសចិន ដោយក្នុងនោះរដ្ឋចិនបាន និងកំពុងគំរាមកំហែងនិងបំភិតបំភ័យសមាជិកនៃសហគមន៍ជនភៀសខ្លួន និងបានផ្តាច់ទំនាក់ទំនងពួកគេពីក្រុមគ្រួសារ។

ជាការឆ្លើយតបទៅនឹងរបាយការណ៍នេះ សម័យប្រជុំលើកទី ៥១ នៃក្រុមប្រឹក្សា HRC បានពិចារណាអំពីការស្វែងយល់អំពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងតំបន់ XUAR ។ នៅមុនពេលបោះឆ្នោតសម្រេចឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិបានអនុវត្តនយោបាយបំបែកបំបាក់នៅក្នុងចំណោមរដ្ឋជាសមាជិក និងបានចោទប្រកាន់ថា «ចលនានេះគឺជាផែនការរបស់សហរដ្ឋអាមេរិក» និងបានព្រមានរដ្ឋកំពុងអភិវឌ្ឍថា «ពួកគេអាចត្រូវបានកំណត់គោលដៅបន្ទាប់»។

ខណៈដែលការបោះឆ្នោតខិតជិតមកដល់ ចលនានេះត្រូវបានបរាជ័យ។ ទីក្រុងប៉េកាំងបានអះអាងថា «លទ្ធផលនេះគឺជាជ័យជំនះប្រឆាំងនឹងសិទ្ធិមនុស្សរបស់លោកខាងលិច ដែលត្រូវបានដាក់ឱ្យអនុវត្តនៅទូទាំងពិភពលោក»។ បញ្ហាទាំងនេះបានចោទជាសំណួរអំពីភាពសក្តិសមរបស់ប្រទេសចិនក្នុងនាមជាសមាជិកនៃក្រុមប្រឹក្សា HRC ខណៈដែលចិនបាននិងកំពុងដើរផ្ទុយពីក្របខណ្ឌសិទ្ធិមនុស្សជាសកលដែលគាំទ្រដោយ ក្រុមប្រឹក្សា HRC ។

រដ្ឋទាំង ១៩ ដែលបានបោះឆ្នោតប្រឆាំងនឹងចលនានេះសុទ្ធតែមានកិច្ចព្រមព្រៀង BRI ។ ក្នុងចំណោមរដ្ឋ ១១ ដែលបានបោះឆ្នោតអនុប្បវាទ រដ្ឋចំនួន ៨ មានកិច្ចព្រមព្រៀង BRI ជាមួយប្រទេសចិន។ ការបោះឆ្នោតនេះបានបង្កើតជាចម្ងល់អំពីវិសាលភាពនៃឥទ្ធិពលរបស់ចិននៅលើវេទិកាអន្តរជាតិ។ ដោយសារកិច្ចព្រមព្រៀង BRI មិនត្រូវបានបង្ហាញជាសាធារណៈ វាពិបាកក្នុងការកំណត់អំពីការសន្យាផ្នែកសេដ្ឋកិច្ច និងរង្វាន់ដែលអាចត្រូវបាត់បង់ ប្រសិនបើមេដឹកនាំរដ្ឋណាមួយហ៊ានធ្វើឱ្យចិនរង្កៀសចិត្តនៅក្នុងវេទិកាអន្តរជាតិ ដូចជាក្រុមប្រឹក្សា HRC ជាដើម។

ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការទូតបង្ខិតបង្ខំរបស់ទីក្រុងប៉េកាំងប្រឆាំងនឹងប្រទេសអូស្ត្រាលី អាចជាសញ្ញាមួយដែលធ្វើឱ្យបណ្តារដ្ឋដៃគូ BRI មានការប្រុងប្រយ័ត្ន បើទោះបីជាអូស្ត្រាលីមិនមែនជារដ្ឋដៃគូ BRI ក៏ដោយ។ ទីក្រុងប៉េកាំងក៏បានប្រើការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ចប្រឆាំងនឹងរដ្ឋដៃគូ BRI ផងដែរ ដូចជាប្រទេសលីទុយអានី និងកូរ៉េខាងត្បូង ដែលនេះបានបង្ហាញថា «ទីក្រុងប៉េកាំងបានត្រៀមខ្លួនរួចរាល់ក្នុងការបង្ហាញសាច់ដុំទៅកាន់ដៃគូ BRI ដើម្បីទទួលបាននូវអ្វីដែលខ្លួនចង់បាន»។

ក្នុងចំណោមរដ្ឋសមាជិកចំនួន ៤៧ នៅក្រុមប្រឹក្សា HRC មានតែរដ្ឋចំនួន ១៣ ប៉ុណ្ណោះ ដែលមិនមានកិច្ចព្រមព្រៀង BRI ជាមួយចិន។ ជាមួយនឹងកំណត់ត្រារបស់ទីក្រុងប៉េកាំងក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួន រដ្ឋដៃគូ BRI ងាយនឹងទទួលរងនូវការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ចណាស់ ហើយពួកគេក៏ប្រហែលជាមិនមានឆន្ទៈក្នុងការគាំទ្រការបោះឆ្នោតដែលមិនអំណោយផលដល់ទីក្រុងប៉េកាំង នោះដែរ។

ស្ថានភាពនៅតំបន់ XUAR បានចោទជាសំណួរអំពីភាពមិនលម្អៀងរបស់ក្រុមប្រឹក្សា HRC និងសមត្ថភាពរបស់ខ្លួនក្នុងការឆ្លើយតបទៅនឹងការព្រួយបារម្ភពាក់ព័ន្ធនឹងប្រទេសចិន។ នៅឆ្នាំ ២០១៩ សម្ព័ន្ធនៃអង្គការសិទ្ធិមនុស្សបានសរសេរទៅកាន់អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ Antonio Guterres ដើម្បីបង្ហាញអំពីការព្រួយបារម្ភនេះ។

ពួកគេបានលើកឡើងថា «ចំណូលចិត្តរបស់លោក Guterres សម្រាប់ការទូតស្ងប់ស្ងាត់នឹងអនុញ្ញាតឱ្យទីក្រុងប៉េកាំងអាចរៀបចំរឿងរ៉ាវទាំងស្រុងនៅតំបន់ XUAR»។ ដោយមើលឃើញអំពីកង្វល់ទាំងនេះ ក្រុមប្រឹក្សា HRC គួរតែដាក់ចេញនូវដំណោះស្រាយ ដើម្បីបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់រដ្ឋជាសមាជិកក្នុងការធានាឱ្យបាននូវភាពជាសកល, វត្ថុបំណង និងការមិនរើសអើងពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស»។

ជំហានដំបូងនេះគួរតែត្រូវបានអនុវត្តតាមរយៈការជំរុញកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីធ្វើកំណែទម្រង់ទ្រង់ទ្រាយធំនៅក្នុងក្រុមប្រឹក្សា HRC បូករួមទាំងស្តង់ដារសិទ្ធិក្នុងការទទួលបានសមាជិកភាព។ អ្នករំលោភសិទ្ធិមនុស្សរបស់ពិភពលោកមិនគួរមានសិទ្ធិអង្គុយនៅក្នុងក្រុមប្រឹក្សាមួយ ដែលមានគោលបំណងការពារ និងលើកកម្ពស់សិទ្ធិមនុស្សនោះទេ។

ការបង្ខិតបង្ខំ និងឥទ្ធិពលសេដ្ឋកិច្ចគួរតែត្រូវបានចាត់ទុកជាការគំរាមកំហែងចំពោះភាពមិនលម្អៀងរបស់ក្រុមប្រឹក្សា HRC ហើយជំហាននានាគួរត្រូវបានដាក់ចេញដើម្បីទប់ទល់ឥទ្ធិពលបែបនេះ និងដើម្បីស្ដារជំនឿចិត្តនៅក្នុងស្ថាប័នឡើងវិញ៕

East Asia Forum

អត្ថបទទាក់ទង