តើបច្ចេកវិទ្យារបស់ចិននឹងក្លាយជាកត្តាជំរុញការផ្លាស់ប្តូរនៅក្នុងយុគសម័យក្រោយវីរុសរាតត្បាតដែរឬទេ?
នៅពេលដែលពិភពលោកកំពុងបោះជំហានឆ្ពោះទៅរករលកថ្មីៗនៃបដិវត្តន៍បច្ចេកវិទ្យា បច្ចេកវិទ្យាឌីជីថលបានពង្រឹងតួនាទីដ៏សំខាន់របស់ខ្លួននៅក្នុងការអភិវឌ្ឍនៅពេលអនាគត។ បច្ចេកវិទ្យាដែលកំពុងរីកចម្រើន ដូចជា Blockchain, បញ្ញាសិប្បនិមិត្ត (AI) និង Internet of Things (IoT) កំពុងត្រូវបានដាក់បញ្ចូលទៅក្នុងវិស័យឧស្សាហកម្ម និងសង្គមដែលជាហេតុជំរុញនូវបរិវត្តកម្មឌីជីថល។
ដូចដែលបានប៉ាន់ប្រមាណដោយវេទិកាសេដ្ឋកិច្ចពិភពលោក «៦០% នៃ GDP របស់ពិភពលោកនឹងត្រូវបានធ្វើឌីជីថលូបនីយកម្មនៅត្រឹមឆ្នាំ ២០២២»។ ការសិក្សាដោយ «Harvard Business Review» បានរកឃើញថា «មានក្រុមហ៊ុនជិត ៧២% កំពុងវិនិយោគលើបរិវត្តកម្មឌីជីថល» ដោយបានកើនឡើងពីចំនួន ៦២% ក្នុងឆ្នាំ ២០២០។ បច្ចេកវិទ្យាឌីជីថលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយដោយសារសមត្ថភាពរបស់វា ក្នុងការជំរុញសេដ្ឋកិច្ចពិភពលោក។
នៅក្នុងប្រទេសចិន ក្រុមហ៊ុនបច្ចេកវិទ្យាបានរួមចំណែកយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ច ក៏ដូចជានៅក្នុងវឌ្ឍនភាពសង្គមនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅក្នុងអំឡុងពេលកើតមានវីរុសកូវីដ-១៩ ក្រុមហ៊ុនចិនបានប្រើប្រាស់បច្ចេកវិទ្យាដើម្បីដោះស្រាយភាពអាសន្នផ្នែកសុខភាពសាធារណៈ។
យោងតាមទិន្នន័យសង្ខេបរបស់មជ្ឈមណ្ឌលសន្តិសុខនិងបច្ចេកវិទ្យាដែលកំពុងរីកចម្រើន ដែលមានចំណងជើងថា «ការប្រើប្រាស់ប្រព័ន្ធ AI របស់ប្រទេសចិននៅក្នុងការឆ្លើយតបទៅនឹងវីរុសកូវីដ-១៩» ក្រុមហ៊ុនគ្រប់ទំហំទាំងអស់នៅក្នុងឧស្សាហកម្មដែលមានជាប់ទាក់ទងនឹង AI នៅក្នុងប្រទេសចិនបានបង្កើត និងកែប្រែប្រព័ន្ធ AI របស់ពួកគេដើម្បីបម្រើឱ្យការគ្រប់គ្រង និងបង្ការវីរុសរាតត្បាត។
នៅដំណាក់កាលដំបូងនៃការរាតត្បាតនៃវីរុស ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិករបស់ចិន «JD.com» (JD) បានដាក់ពង្រាយមនុស្សយន្តនៅទីក្រុង Wuhan ដើម្បីចែកចាយសម្ភារៈផ្គត់ផ្គង់ចាំបាច់ដល់មន្ទីរពេទ្យដែលព្យាបាលអ្នកជំងឺដែលមានផ្ទុកវីរុសកូវីដ-១៩។ សកម្មភាពនេះបានជួយកាត់បន្ថយទំនាក់ទំនងរបស់មនុស្ស និងបានជួយរក្សាដំណើរការនៅក្នុងសង្គម។
ដោយសារក្បួនដោះស្រាយ AI ដែលត្រូវបានបង្កើតឡើងដោយ «Alibaba DAMO Academy» ការវិភាគលើហ្សែន អាចរកឃើញការផ្លាស់ប្តូរទម្រង់នៃវីរុសជាមួយនឹងភាពត្រឹមត្រូវក្នុងកម្រិតមួយខ្ពស់បំផុត។ កាលពីមុនដំណើរការនេះត្រូវចំណាយពេលជាច្រើនម៉ោង ក៏ប៉ុន្តែដោយមានជំនួយពីក្បួនដោះស្រាយ AI ពេលវេលាត្រូវបានកាត់បន្ថយមកនៅត្រឹមកន្លះម៉ោង។
នៅក្នុងខែធ្នូ ឆ្នាំ ២០២២ នៅចំពេលមានការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសកូវីដ-១៩ បូករួមនឹងកង្វះថ្នាំពេទ្យ ក្រុមហ៊ុន Tencent បានចាប់ផ្តើមកម្មវិធី «COVID-19 Protection Drugs Public Welfare and Mutual Aid Platform» ដើម្បីដោះស្រាយការកើនឡើងនៃតម្រូវការសម្រាប់ថ្នាំបំបាត់ការឈឺចាប់ និងថ្នាំបញ្ចុះកម្ដៅ។ អ្នកដែលត្រូវការថ្នាំអាចបញ្ជូនព័ត៌មានរបស់ពួកគេតាមប្រព័ន្ធអ៊ីនធឺណិត ដែលជាហេតុធ្វើឱ្យធនធានអាចងាយស្រួលរកសម្រាប់អ្នកដែលកំពុងមានតម្រូវការបន្ទាន់។
នៅពេលដែលពិភពលោកឈានចូលដល់យុគសម័យក្រោយវីរុសរាតត្បាត ប្រទេសចិនក៏បានធ្វើការផ្លាស់ប្តូរគោលនយោបាយ។ នៅក្នុងអំឡុងសន្និសីទ «Central Economic Work Conference» ប្រចាំឆ្នាំដែលត្រូវបានធ្វើឡើងនៅទីក្រុងប៉េកាំងកាលពីថ្ងៃទី ១៥-១៦ ខែធ្នូ គណៈកម្មាធិការបានឯកភាពគ្នាថា «ដំណើរការសេដ្ឋកិច្ចរបស់ប្រទេសចិនត្រូវបានគេរំពឹងថានឹងមានភាពប្រសើរឡើងនៅឆ្នាំក្រោយ»។
ប្រទេសចិននឹងបន្តគាំទ្រដល់នវានុវត្តន៍នៅក្នុងផ្នែកបច្ចេកវិទ្យា, ការអភិវឌ្ឍបៃតង និងសហគ្រាសឯកជនដែលបានបង្ហាញឱ្យឃើញអំពីតួនាទីស្នូលនៃកិច្ចការទាំងនេះនៅក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ, ការរក្សាស្ថិរភាពការងារ និងការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ។ និន្នាការថ្មីៗកំពុងលេចឡើងនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន។
ទី១ «ពួកគេកំពុងធ្វើឌីជីថលូបនីយកម្មនៅក្នុងវិស័យប្រពៃណី ជាពិសេសឧស្សាហកម្មដែលពឹងផ្អែកលើកម្លាំងពលកម្មដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ»។ ខណៈពេលដែលប្រទេសចិនមានមូលដ្ឋានឧស្សាហកម្មដ៏រឹងមាំ វានៅតែជារឿងដ៏ចាំបាច់ក្នុងការអនុវត្តបច្ចេកវិទ្យាឌីជីថលនៅក្នុងវិស័យឧស្សាហកម្មប្រពៃណីជាច្រើន។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយចំនួនបានចាប់ផ្តើមពង្រឹងអំណាចរបស់ដៃគូរបស់ពួកគេនៅក្នុងវិស័យសំណង់, កសិកម្ម និងឧស្សាហកម្មគ្រឿងម៉ាស៊ីន។ ក្រុមហ៊ុន «Tencent Games និង Tencent Cloud» ដោយមានការសហការជាមួយក្រុមហ៊ុន «Baoshan Iron & Steel Co., Ltd.» បានបង្កើតរោងចក្រ «Immersive Convergence Digital Factory»។ នេះជាលើកទី១ ហើយដែលក្រុមហ៊ុន Tencent Games បានអនុវត្តបច្ចេកវិទ្យារបស់ខ្លួននៅក្នុងវិស័យដែកថែប ដោយបានជួយបង្កើនស្តង់ដារទាក់ទងនឹងការថែទាំពីចម្ងាយ, ប្រតិបត្តិការខ្សែច្រវ៉ាក់ផលិតកម្ម និងការគ្រប់គ្រងហានិភ័យផលិតកម្ម។
ក្រុមហ៊ុន «IFlytek» អាចធ្វើរោគវិនិច្ឆ័យជំងឺដែលកើតមានលើដំណាំ និងអាចទស្សន៍ទាយបរិយាកាសកសិកម្មនៃដំណាំ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាដូចជាការកំណត់ការនិយាយ (Speech Recognition), ការកំណត់រូបភាព (Image Recognition) និងការវិភាគទិន្នន័យធំ។ វាបានបង្កើតវេទិកាសម្រាប់ការធ្វើកសិកម្មឆ្លាតវៃដែលអាចអនុញ្ញាតឱ្យកសិករប្រើការដាំដុះតាមបែបឌីជីថល និងការបង្កាត់ពូជនៅក្នុងកម្រិតដ៏ល្អ។
ទី២ «ក្រុមហ៊ុនបច្ចេកវិទ្យាចិនកំពុងប្រើប្រាស់ផលិតភាពឌីជីថលដើម្បីពង្រឹងឧស្សាហកម្មនៅទូទាំងវិស័យនៃសេដ្ឋកិច្ចពិត»។ ដោយសារសេដ្ឋកិច្ចពិតនឹងក្លាយជាមូលដ្ឋានផ្តោតអារម្មណ៍របស់ប្រទេសចិន ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យានិងសេដ្ឋកិច្ចពិតនឹងក្លាយជានិន្នាការដ៏សំខាន់ដែលត្រូវតាមដានឃ្លាំមើល។
វិស័យហិរញ្ញវត្ថុបានដើរតួជាធាតុផ្សំដ៏សំខាន់មួយរួមជាមួយនឹងសេដ្ឋកិច្ចពិត។ ក្រុមហ៊ុន Huawei បានផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុដ៏រឹងមាំ, បានបង្កើតផែនការឆ្លាតវៃ និងបានផ្តល់ការគាំទ្រដល់ការច្នៃប្រឌិតនៅក្នុងការធ្វើអាជីវកម្មតាមរយៈបណ្តាញដែលគួរឱ្យទុកចិត្ត, ប្រព័ន្ធ Cloud និង Database។
ជាមួយនឹងសេវាកម្ម «Cloud Computing» អាជីវកម្មហិរញ្ញវត្ថុអាចទិញ, លក់ ឬចែកចាយកម្មវិធី Software និងធនធានឌីជីថលជាច្រើនប្រភេទនៅលើប្រព័ន្ធអ៊ីនធឺណិត។ សាជីវកម្មទិន្នន័យអន្តរជាតិ (International Data Corporation-IDC) បានចាត់ចំណាត់ថ្នាក់ក្រុមហ៊ុន «Huawei Cloud» ថាជាក្រុមហ៊ុននាំមុខទីផ្សារនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ Cloud ហិរញ្ញវត្ថុរបស់ប្រទេសចិន នៅក្នុងឆ្នាំ ២០២១។
ទន្ទឹមនឹងនោះដែរ សេវាកម្ម «Huawei Cloud Stack» បានជាប់ចំណាត់ថ្នាក់ទី១ នៅលើទីផ្សារហេដ្ឋារចនាសម្ព័ន្ធ Cloud ហិរញ្ញវត្ថុសម្រាប់រយៈពេល ៤ ឆ្នាំជាប់ៗគ្នា។ ទាំងនេះបានបង្ហាញអំពីឥទ្ធិពលដ៏សំខាន់របស់ក្រុមហ៊ុន Huawei នៅក្នុងដំណើរការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងវិស័យហិរញ្ញវត្ថុរបស់ប្រទេសចិន។
វិស័យផលិតកម្មបានដើរតួនាទីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចពិតដែលបានជួយជំរុញកំណើនសេដ្ឋកិច្ច។ «Tencent WeMake» ដែលជាថ្នាលអ៊ីនធឺណិតឧស្សាហកម្ម អាចជួយឱ្យសហគ្រាសនានាបង្កើតរោងចក្រឆ្លាតវៃដែលអាចជួយពង្រឹងសមត្ថភាពក្នុងការសម្រេចចិត្ត ក៏ដូចជាប្រសិទ្ធភាពប្រតិបត្តិការរបស់សហគ្រាសផលិត។
យោងតាមរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី៤ នៃឆ្នាំ២០២១ របស់ក្រុមហ៊ុន Tencent «ជាលើកដំបូងបំផុត ប្រាក់ចំណូលពីសេវាកម្ម Fintech និង ToB (រវាងអាជីវកម្មនិងអាជីវកម្ម) បានកើនលើសប្រាក់ចំណូលដែលទទួលបានពីហ្គេម ដោយក្នុងនោះសេវាកម្ម ToB គឺជាអ្នករួមចំណែកដ៏ធំបំផុតនៅក្នុងប្រាក់ចំណូលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ»។
ផ្នែក ToB របស់ក្រុមហ៊ុន Tencent ដែលផ្តល់អំណាចដល់សេដ្ឋកិច្ចពិត ជាមួយនឹងបច្ចេកវិទ្យាឌីជីថល បានក្លាយខ្លួនទៅជាម៉ាស៊ីនបង្កើតប្រាក់ចំណេញថ្មីមួយ។ បច្ចេកវិទ្យារបស់ចិនកំពុងដើរលើផ្លូវដ៏អស្ចារ្យមួយ ដែលអាចនឹងជះឥទ្ធិពលទាំងទៅលើប្រទេសចិន និងពិភពលោកទាំងមូល។
នៅក្នុងប្រទេសចិន ការអភិវឌ្ឍបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស និងការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងវិស័យឧស្សាហកម្មនឹងរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់ចិន ជាមួយនឹងការកើនឡើងនៃការងារ និងទ្រព្យសម្បត្តិ។ នៅទូទាំងពិភពលោក បណ្តាប្រទេសផ្សេងៗអាចនឹងសម្លឹងមើលប្រទេសចិនដើម្បីរៀនសូត្រមេរៀនស្តីពីការធ្វើបរិវត្តកម្មឌីជីថល នៅពេលដែលពួកគេកំពុងព្យាយាមអភិវឌ្ឍផលិតផល និងសេវាកម្មបច្ចេកវិទ្យាថ្មីៗ៕
The Diplomat