ខ្មែរប៉ុស្ដិ៍ Close

ការកើនឡើងកាន់តែលឿននៃអតិផរណានៅអាស៊ីអាគ្នេយ៍បានជំរុញឱ្យមានការផ្ដោតលើទស្សនវិស័យ នៃការដំឡើងអត្រាការប្រាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 65
ការកើនឡើងកាន់តែលឿននៃអតិផរណានៅអាស៊ីអាគ្នេយ៍បានជំរុញឱ្យមានការផ្ដោតលើទស្សនវិស័យ នៃការដំឡើងអត្រាការប្រាក់ រូបភាព Bloomberg

អតិផរណាដែលកំពុងតែកើនឡើងខ្លាំងនៅអាស៊ីអាគ្នេយ៍ បានជំរុញឱ្យមានការរំពឹងទុកថា ការឡើងថ្លៃជាគំហុកនូវតម្លៃម្ហូបអាហារ ថាមពល និងសេវាកម្ម អាចនឹងបង្ខំឱ្យធនាគារកណ្តាលនៅក្នុងតំបន់ដំឡើងអត្រាការប្រាក់លឿនជាងការរំពឹងទុក។

សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ (Consumer Price Index – CPI) របស់សិង្ហបុរីបានកើន ឡើងចំនួន ៤,៣% គិតត្រឹមខែកុម្ភៈឆ្នាំនេះ ដែលជាល្បឿនមួយលឿនបំផុតក្នុងរយៈពេល ៩ឆ្នាំចុងក្រោយនេះ ដោយសារការកើនឡើងនៃថ្លៃដឹកជញ្ជូនក្នុងវិស័យឯកជន។ ក្នុងនោះការឡើងថ្លៃអគ្គិសនី និងឧស្ម័នចំនួន ១៦,៧% ក៏បានរួមចំណែកក្នុងការឡើងថ្លៃទំនិញនេះផងដែរ។

ខណៈពេលដែលតម្លៃថាមពលនិងអាហារនឹងបន្តកើនឡើងតទៅទៀត អ្នកបង្កើតគោលនយោបាយរូបិយវត្ថុក្នុងតំបន់កំពុងប្រឈមមុខនឹងការរំពឹងទុកពីការកើនឡើងនូវអតិផរណាកាន់តែលឿន ជាពិសេសនៅពេលដែលប្រាក់ឈ្នួលចាប់ផ្តើមកើនឡើងកាន់តែខ្ពស់។

ធុរកិច្ចនិងអតិថិជនជាច្រើន បាននិងកំពុងមានអារម្មណ៍ភ័យព្រួយរួចស្រេចទៅហើយ។ ជាក់ស្ដែង ហាងនំប៉័ងមួយកន្លែងនៅក្នុងប្រទេសសិង្ហបុរីបានដំឡើងថ្លៃនំរបស់ខ្លួនពី ១០% ទៅ ១៧% បន្ទាប់ពីថ្ងៃបុណ្យចូលឆ្នាំចិនកាលពីខែកុម្ភៈ។ បុគ្គលិកម្នាក់របស់ហាងនំនេះបាននិយាយថា «គ្រឿងផ្សំ និងវត្ថុធាតុដើមផ្សេងៗទៀតកាន់តែឡើងថ្លៃ ដូច្នេះហើយយើងពុំមានជម្រើសអ្វីផ្សេងក្រៅតែពីដំឡើងថ្លៃដូចគ្នានោះទេ»។

នៅក្នុងខែនេះ ក្រុមហ៊ុនប្រតិបត្តិករតាក់ស៊ី ComfortDelGro បានដំឡើងថ្លៃដឹកជញ្ជូនអប្បបរមារបស់ខ្លួនជាលើកដំបូងក្នុងរយៈពេលប្រហែលមួយទសវត្សរ៍ ដោយសារតែការកើនឡើងនូវថ្លៃប្រេងឥន្ធនៈជាង ៥%។

សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់របស់ប្រទេសថៃបានកើនឡើងចំនួន ៥,២៨% គិតត្រឹមខែកុម្ភៈឆ្នាំនេះ ដែលជាអត្រាអតិផរណាខ្ពស់បំផុតក្នុងរយៈពេល ១៣ឆ្នាំ និងដែលជាការកើនឡើងយ៉ាងលឿនពីអត្រា ៣,២៣%
កាលពីខែមករា។ ការឡើងថ្លៃខ្ពស់នៃ ត្រី សាច់ និងម្ហូបអាហារផ្សេងៗទៀតបានបង្កនូវផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ប្រជាជនថៃ។

ពលរដ្ឋម្នាក់នៅទីក្រុងបាងកកបាននិយាយថា «យើងបានជួបការលំបាករួចទៅហើយ ដោយសារតែកូវីដ-១៩។ ដូច្នេះការឡើងថ្លៃទំនិញបន្ថែមទៀត គឺពិតជាធ្វើឱ្យយើងលំបាកកាន់តែខ្លាំង។ ដើម្បីសល់លុយកាក់ខ្លះ យើងត្រូវចេញទៅរកប្រាក់នៅខាងក្រៅ និងត្រូវបន្ថយរបបអាហារ ដោយត្រូវបែងចែករបបអាហារសម្រាប់មនុស្សម្នាក់ជា ២ ចំណែក»។

នៅ​ប្រទេស​ឥណ្ឌូណេស៊ី អតិផរណា​បាន​ឡើង​ដល់​កម្រិត​ខ្ពស់បំផុតកាលពី​ខែ​មករា ដែលជាអត្រាមិនធ្លាប់មានក្នុង​រយៈ​ពេល​ ២០ ខែ​ចុងក្រោយនេះ។

សូម្បីតែនៅពេលគ្មានការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលធ្វើឲ្យទីផ្សារទំនិញរបស់ពិភពលោកមានការរង្គោះរង្គើក្ដី ក៏តំបន់អាស៊ីអាគ្នេយ៍បានរងនូវសម្ពាធរួចទៅហើយ។

លោក Steve Soh ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនលក់ដុំខាងផ្គត់ផ្គង់សត្វចិញ្ចឹម នៅប្រទេសម៉ាឡេស៊ី បាននិយាយថា ការបិទខ្ទប់ទីប្រជុំជន និងការបិទកំពង់ផែដោយសារកូវីដ-១៩ បាននាំឱ្យមាន «ការកកស្ទះទំនិញ, ការពន្យារ ពេលយូរ និងថ្លៃដឹកជញ្ជូនកើនខ្ពស់»។ លោកបានបន្តថា តម្លៃដឹកជញ្ជូនសត្វចិញ្ចឹមតាមទូកុងតឺន័រពីប្រទេសចិនបានកើនឡើង ៦,៥ ដង ហើយថ្មីៗនេះក្រុមហ៊ុនរបស់លោកបានដំឡើងតម្លៃលក់ដុំប្រហែល ២០% ។

គេរំពឹងថា ការឡើងថ្លៃបន្ថែមទៀតនូវតម្លៃប្រេងឆៅ, ឧស្ម័នធម្មជាតិ, គ្រាប់ធញ្ញជាតិ លោហៈមិនមែនដែក (អាលុយមីញ៉ូម, នីគែល, ទង់ដែង, សំណ,…) និងទំនិញផ្សេងៗទៀត នឹងរួមចំណែកដល់ កំណើនអតិផរណានៅក្នុងតំបន់អាស៊ីអាគ្នេយ៍នៅក្នុងខែមីនានេះ និងនៅខែក្រោយៗទៀត។

នៅ​អាស៊ី​អាគ្នេយ៍ តម្លៃ​ទំនិញ​ប្រើប្រាស់​មិន​ឡើង​លឿន​ដូច​​នៅ​សហរដ្ឋ​អាមេរិក ដែល​អតិផរណា​បានឡើង​ដល់ ៧,៩% កាលពី​ខែ​កុម្ភៈនោះទេ។ ប៉ុន្តែ​អត្រាអតិផរណានៅអាស៊ីអាគ្នេយ៍ នឹងកើនទៅដល់កម្រិតប្រហាក់ប្រហែលគ្នានេះ ក្នុងពេលដ៏ឆាប់ខាងមុខ។

រដ្ឋាភិបាលសិង្ហបុរីរំពឹងថា ទីផ្សារការងារដ៏តឹងតែងនឹងជំរុញឱ្យមានការដំឡើងប្រាក់ឈ្នួល និងតម្លៃសេវាកម្ម ដែលជាការដាក់បន្ទុកបន្ថែមទៀតទៅលើសម្ពាធនៃអតិផរណា។ ជាការឆ្លើយតបទៅនឹងការឡើងថ្លៃទំនិញ និងសេវាកម្ម គេរំពឹងថា អាជ្ញាធររូបិយវត្ថុសិង្ហបុរីនឹងរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់ខ្លួនបន្ថែមទៀតនៅខែមេសាខាងមុខ។

ធនាគារកណ្តាលសិង្ហបុរីបានរឹតបន្តឹងគោលនយោបាយរបស់ខ្លួនរួចមកហើយ កាលពីខែតុលានិងមករា ដែលបានធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេក្នុងចំណោមបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ដែលបានចាត់វិធានការនេះ។

គេមិនរំពឹងទេថា ធនាគារកណ្តាលម៉ាឡេស៊ីនិងឥណ្ឌូណេស៊ីនឹងអនុវត្តតាមធនាគារកណ្ដាលរបស់សិង្ហបុរីឱ្យបានមុនដំណាច់ឆ្នាំ ២០២០ នេះ ប៉ុន្តែបច្ចុប្បន្ននេះ គេរំពឹងថា: ធនាគារ កណ្ដាលទាំងនេះនឹងពន្លឿនការចាត់វិធានការរបស់ពួកគេ ដោយអាស្រ័យលើការឡើងថ្លៃទំនិញយ៉ាងឆាប់រហ័ស និងថា តើប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន គេនឹងដំឡើងអត្រាការប្រាក់របស់ពួកគេបានលឿនប៉ុណ្ណា៕ Nikkei Asia

អត្ថបទទាក់ទង