តើពិភពលោកនឹងមានអ្វីកើតឡើងនៅក្នុងឆ្នាំ ២០២៣?
កីឡាករ Baseball អាមេរិកម្នាក់ គឺលោក Lawrence “Yogi” Berra ត្រូវបានគេដកស្រង់សម្តីយ៉ាងទូលំទូលាយថា «វាពិបាកណាស់ក្នុងការធ្វើការទស្សន៍ទាយ ជាពិសេសគឺការទស្សន៍ទាយអំពីអនាគត»។ ចំណុចនេះអាចនឹងត្រឹមត្រូវ ក៏ប៉ុន្តែខាងក្រោមនេះគឺជាការទស្សន៍ទាយចំនួន ១០ ចំណុច អំពីស្ថានភាពនៃពិភពលោកនៅក្នុងឆ្នាំ ២០២៣ នេះ។
ទី១ «សង្រ្គាមនៅអ៊ុយក្រែនដែលជាបញ្ហាដ៏លេចធ្លោបំផុតមួយនៅក្នុងឆ្នាំ ២០២២ នឹងបន្តអូសបន្លាយ បើទោះជាវានឹងមិនសូវក្ដៅគគុកដូចមុនក៏ដោយ»។
ទាំងរុស្ស៊ីនិងអ៊ុយក្រែននឹងមិនអាចទទួលបានជ័យជម្នះទាំងស្រុងទេ ប្រសិនបើគេកំណត់និយមន័យនៃជ័យជម្នះថាជា «ការទន្ទ្រានយកទឹកដីរបស់ភាគីម្ខាងទៀត និងការកំណត់លក្ខខណ្ឌនៃកិច្ចព្រមព្រៀងទឹកដី និងនយោបាយនៅក្រោយសង្គ្រាម»។
អ្នកការទូតក៏នឹងមិនអាចទទួលបានជ័យជម្នះដែរ ប្រសិនបើជ័យជម្នះត្រូវបានកំណត់ថាជា «ការសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងមួយ ដែលរដ្ឋាភិបាលទាំងពីរ នឹងមានឆន្ទៈក្នុងការចុះហត្ថលេខា និងគោរពតាម»។ សន្តិភាពទាមទារឱ្យអ្នកដឹកនាំមានឆន្ទៈ និងមានការស្រុះស្រួលគ្នា ក៏ប៉ុន្តែវាគឺជាធាតុ ២ ដែលគេពុំឃើញមាននោះទេ នៅក្នុងចំណោមអ្នកដឹកនាំនៃប្រទេសទាំងសងខាង។
ទី២ «ខណៈពេលដែលអ្នកបង្កើតគោលនយោបាយជាច្រើនកំពុងផ្តោតលើសក្ដានុពលនៃការកើតមានសង្រ្គាមនៅកោះតៃវ៉ាន់ វាអាចនឹងមិនកើតមាននោះទេក្នុងឆ្នាំ ២០២៣ នេះ»។
មេដឹកនាំចិន លោក Xi Jinping កំពុងមមាញឹកខ្លាំងជាមួយនឹងការកើនឡើងនៃករណីឆ្លងវីរុសកូវីដ-១៩ ដែលលើសពីអ្វីដែលប្រព័ន្ធថែទាំសុខភាពចិនអាចទ្រាំទ្របាន ដែលជាហេតុបង្កឱ្យមានការសង្ស័យលើសមត្ថភាពរបស់គណបក្សកុម្មុយនីស្តដែលកំពុងកាន់អំណាច បូករួមនឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចជាបន្តបន្ទាប់។
ប្រទេសចិនមិនបានបោះបង់ចោលគោលដៅរបស់ខ្លួនក្នុងការដណ្តើមកាន់កាប់កោះតៃវ៉ាន់ដោយប្រើកម្លាំងនោះឡើយ ក្នុងករណីចាំបាច់។ ប៉ុន្តែបើទោះបីជាប្រទេសចិនអាចនឹងបន្តបង្កើនសម្ពាធលើកោះតៃវ៉ាន់ក៏ ដោយ ក៏ចិនទំនងជានឹងផ្អាកសកម្មភាពឈ្លានពានរបស់ខ្លួនយ៉ាងហោចណាស់ក៏ ២-៣ ឆ្នាំដែរ។
ទី៣ «រឿងដ៏សំខាន់មួយទៀតនៅក្នុងឆ្នាំនេះគឺជាការលេចត្រដែតឡើងរបស់ជប៉ុន ក្នុងនាមជាតួអង្គភូមិសាស្ត្រនយោបាយដ៏សំខាន់មួយ»។
កំណើនសេដ្ឋកិច្ចរបស់មហាយក្សសេដ្ឋកិច្ចលំដាប់ធំទី៣ របស់ពិភពលោកមួយនេះ ត្រូវបានកែសម្រួលឱ្យឡើងដល់ ១,៥% ហើយការចំណាយលើវិស័យការពារជាតិរបស់ជប៉ុននៅក្នុងពេលបច្ចុប្បន្ននេះ ត្រូវបានបង្កើនទ្វេដង ពោលគឺបានឈានដល់ចំនួន ២% នៃ GDP។ ជប៉ុនដែលមានវិស័យយោធាប្រកបដោយសមត្ថភាពបំផុតមួយនៅក្នុងតំបន់ ក៏នឹងចូលរួមកាន់តែជិតស្និទ្ធជាងមុនផងដែរជាមួយសហរដ្ឋអាមេរិក ដើម្បីរារាំង ឬក្នុងករណីចាំបាច់ នឹងការពារប្រឆាំងនឹងការឈ្លានពានរបស់ចិននៅកោះតៃវ៉ាន់។
ទី៤ «កូរ៉េខាងជើងច្បាស់ជានឹងធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរលើកទី៧ របស់ខ្លួន បន្ថែមពីលើការសាកល្បងមីស៊ីលជាញឹកញាប់»។
ទាំងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងមិនអាចទប់ស្កាត់សកម្មភាពបែបនេះបានទេ ខណៈដែលប្រទេសចិនដែលជាប្រទេសតែមួយគត់ដែលអាចទប់ស្កាត់សកម្មភាពនេះបាន នឹងមិនប្រើប្រាស់ឥទ្ធិពលដ៏ខ្លាំក្លារបស់ខ្លួនដើម្បីធ្វើឱ្យប្រទេសជិតខាងមួយនេះចុះខ្សោយនោះទេ ពីព្រោះវាអាចបង្កឱ្យមានអស្ថិរភាព។
ទី៥ «ទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិកដែលនៅពេលនេះមានភាពរឹងមាំជាងមុន ដោយសារតែឆន្ទៈរួមគ្នាក្នុងការក្រោកឈរឡើងប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ី និងដើម្បីជួយអ៊ុយក្រែន នឹងរងនូវការធ្លាក់ចុះកាន់តែខ្លាំងដោយសារការមិនសប្បាយចិត្តរបស់អឺរ៉ុបជាមួយនឹងគោលនយោបាយគាំពារនិយមផ្នែកសេដ្ឋកិច្ចរបស់អាមេរិក បូករួមនឹងការមិនសប្បាយចិត្តរបស់អាមេរិកជុំវិញការបន្តពឹងផ្អែកផ្នែកសេដ្ឋកិច្ចរបស់អឺរ៉ុប ទៅលើប្រទេសចិន»។
ទី៦ «សេដ្ឋកិច្ចពិភពលោកទំនងជានឹងរីកលូតលាស់យឺតជាងអ្វីដែលអ្នកសង្កេតការណ៍ភាគច្រើនបានព្យាករនៅពេលបច្ចុប្បន្ន»។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថា «កំណើនសេដ្ឋកិច្ចសកលនឹងស្ថិតក្នុងរង្វង់ ២,៧%»។ ក៏ប៉ុន្តែការពិត វាអាចនឹងមានកម្រិតទាបជាងនេះ ដោយសារតែឥទ្ធិពលដែលកើតចេញពីការគ្រប់គ្រងមិនបានត្រឹមត្រូវរបស់ប្រទេសចិនលើការរាតត្បាតនៃវីរុសកូវីដ-១៩ បូករួមនឹងការដែលធនាគារកណ្តាលសហរដ្ឋអាមេរិកបានបន្តដំឡើងអត្រាការប្រាក់ ដើម្បីទាញទម្លាក់អត្រាអតិផរណា។ អស្ថិរភាពនយោបាយនៅក្នុងផ្នែកខ្លះនៃទ្វីបអាហ្រ្វិក និងអាមេរិកឡាទីន, វិបត្តិអាកាសធាតុដែលកាន់តែធ្ងន់ធ្ងរ និងការរំខាននៅក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ក៏អាចជាមូលហេតុដែលធ្វើឱ្យសេដ្ឋកិច្ចពិភពលោកមានដំណើរការយឺតយ៉ាវផងដែរ។
ទី៧ «សន្និសីទប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP28) ដែលគ្រោងនឹងធ្វើនៅទីក្រុងឌូបៃ នឹងបន្តនាំមកនូវលទ្ធផលដ៏គួរឱ្យខកចិត្ត»។
ផលប៉ះពាល់ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ អាចនឹងបន្តវិវឌ្ឍទៅកាន់តែអាក្រក់ទៅៗលឿនជាងការព្យាករទៅទៀត។
ទី៨ «ទំនាក់ទំនងរវាងអ៊ីស្រាអែល-ប៉ាឡេស្ទីននឹងកាន់តែមានលក្ខណៈហិង្សាខ្លាំងជាងមុន ហើយវាមិនមានសញ្ញាណាមួយដែលបង្ហាញថា វិធីសាស្ត្រការទូតនឹងអាចនាំមកនូវលក្ខខណ្ឌដែលរដ្ឋទាំង ២ អាចទទួលយកបាននោះទេ»។
ទី៩ «ឥណ្ឌានឹងបន្តធ្វើឱ្យអ្នកដែលរំពឹងទុកខ្ពស់ចំពោះខ្លួន មានការខកចិត្ត»។
ឥណ្ឌានឹងបន្តទិញសព្វាវុធនិងប្រេងពីរុស្ស៊ី ហើយនឹងបន្តប្រកាន់ខ្ជាប់នូវជំហរមិនចូលបក្សសម្ព័ន្ធ បើទោះបីជាខ្លួនកំពុងស្វែងរកជំនួយកាន់តែច្រើនពីលោកខាងលិច ដើម្បីប្រឆាំងនឹងប្រទេសចិនក៏ដោយ។ រីឯនៅក្នុងស្រុកវិញ ឥណ្ឌាអាចនឹងបន្តក្លាយទៅជារបបដែលគ្មានសេរីភាព និងមានសាសនាកាន់តែច្រើន។
ទី១០ «បញ្ហាអ៊ីរ៉ង់អាចនឹងក្លាយជាបញ្ហាដ៏លេចធ្លោនៅឆ្នាំ ២០២៣»។
ការតវ៉ាប្រឆាំងនឹងរបបដឹកនាំនឹងទទួលបានការគាំទ្រកាន់តែខ្លាំង ដោយសារការធ្លាក់ចុះកាន់តែអាក្រក់នៃសេដ្ឋកិច្ច និងការបែកបាក់ផ្ទៃក្នុងនៅក្នុងជួរថ្នាក់ដឹកនាំអឺរ៉ង់ ជុំវិញបញ្ហាថា «តើរបបនេះត្រូវសម្របសម្រួលជាមួយក្រុមបាតុករ ឬត្រូវចាប់ខ្លួន និងសម្លាប់ពួកគេចោល»។ កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ នឹងមិនត្រូវបានដាក់ឱ្យដំណើការឡើងវិញនោះទេ ដោយសារតែអ៊ីរ៉ង់បានផ្ដល់ជំនួយយោធាដល់រុស្ស៊ី ហើយសហរដ្ឋអាមេរិកក៏មិនចង់ផ្ដល់ដង្ហើមសេដ្ឋកិច្ចដល់របបមួយដែលស្រឡាញ់សង្គ្រាមនោះដែរ។
មេដឹកនាំអ៊ីរ៉ង់អាចបន្តជំរុញកម្មវិធីអាវុធនុយក្លេអ៊ែររបស់ពួកគេជាមួយនឹងក្តីសង្ឃឹមថា «ខ្លួននឹងអាចសម្រេចបាននូវជោគជ័យ ឬអាចចាប់ផ្តើមការវាយប្រហារទៅលើអ៊ីស្រាអែល»។ លទ្ធភាពមួយទៀតគឺថា «ការរួបរួមគ្នារបស់កងកម្លាំងសន្តិសុខ នឹងបើកផ្លូវដល់ការកើតមានសង្គ្រាមស៊ីវិល»។ ជាលើកដំបូងចាប់តាំងពីការដួលរលំនៃរបបស្ដេច Shah ក្នុងឆ្នាំ ១៩៧៩ អនាគតនៃសាធារណរដ្ឋអ៊ីស្លាមមួយនេះ នឹងធ្លាក់ទៅក្នុងភាពស្រពិចស្រពិលយ៉ាងធ្ងន់ធ្ងរ។
ទាំងអស់នេះបានបង្ហាញថា «វាអាចនឹងមិនមានភាពរីករាយនៅក្នុងឆ្នាំថ្មីទេ ក៏ប៉ុន្តែវាច្បាស់ជានឹងនាំមកនូវរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើន»៕
Project Syndicate