ខ្មែរប៉ុស្ដិ៍ Close

ភាពលំបាកលំបិននៃសេដ្ឋកិច្ចអាមេរិក នឹងកើតមាននៅឆ្នាំ ២០២៣

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 60
ភាពលំបាកលំបិននៃសេដ្ឋកិច្ចអាមេរិក នឹងកើតមាននៅឆ្នាំ ២០២៣ ភាពលំបាកលំបិននៃសេដ្ឋកិច្ចអាមេរិក នឹងកើតមាននៅឆ្នាំ ២០២៣

នៅខែធ្នូ ឆ្នាំ ២០២១ ប្រជាជនអាមេរិកភាគច្រើនបានទន្ទឹងរង់ចាំការមកដល់នៃឆ្នាំ ២០២២ ដែលអាចនាំមកនូវភាពស្ងប់ស្ងាត់ជាងមុន និងភាពរីកចម្រើនជាងមុន។ ករណីកូវីដ-១៩ បានធ្លាក់ចុះ, ទីផ្សារភាគហ៊ុនបានកើនឡើង ហើយការងារធ្វើក៏មានច្រើនជាងមុនផងដែរ ក៏ប៉ុន្តែជាក់ស្តែងរឿងរ៉ាវមិនល្អជាច្រើនបានកើតឡើង។

ឧបទ្ទវហេតុភូមិសាស្ត្រនយោបាយគឺជារឿងដែលបានកើតមានមុនគេ។ បន្ទាប់ពីការដកទ័ពដ៏ច្របូកច្របល់របស់អាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថាននៅក្នុងខែសីហា ឆ្នាំ ២០២១ វាបានបង្ហាញថា «ការចូលរួមរបស់អាមេរិកនៅក្នុងសង្គ្រាមបរទេសអាចនឹងឈានចូលដល់ទីបញ្ចប់ហើយ»។ ប៉ុន្តែនៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានបើកការឈ្លានពាននៅអ៊ុយក្រែន ហើយការប្រយុទ្ធគ្នាក៏បានប្រែក្លាយទៅជាសង្គ្រាមដោយប្រើកូនអុក (Proxy War) រវាងអង្គការ NATO និងរុស្ស៊ី។

ប្រធានាធិបតីអាមេរិក Joe Biden បានប្រញាប់ប្រញាល់ចេញមកប្រកាសថា «ទាហានអាមេរិកនឹងមិនចូលរួមជាមួយទាហានអ៊ុយក្រែននោះទេ» ក៏ប៉ុន្តែស្របពេលជាមួយគ្នានោះដែរ លោក Biden បានប្រញាប់ប្រញាល់បញ្ជូនសម្ភារៈយោធារបស់អាមេរិកនិងទីប្រឹក្សា CIA ផងដែរទៅកាន់ប្រទេសអ៊ុយក្រែន។ នៅចុងឆ្នាំ ២០២២ អាវុធរបស់អង្គការ NATO ដែលផ្តល់ឱ្យអ៊ុយក្រែនបានជួយទប់ទល់ និង រុញច្រានកងកម្លាំងរបស់រុស្ស៊ីចេញពីទីក្រុង Kharkiv និង Kherson របស់អ៊ុយក្រែនបានដោយជោគជ័យ។

ប៉ុន្តែភាពជោគជ័យនៅក្នុងសមរភូមិតែងនាំមកជាមួយនូវវិបត្តិសេដ្ឋកិច្ចពិភពលោក ដោយសារការកើនឡើងនៃតម្លៃថាមពលនិងស្បៀងអាហារ។ មូលហេតុចម្បងបំផុតគឺ «ទណ្ឌកម្មរបស់លោកខាងលិចដែលបានដាក់ល ប្រេងរបស់រុស្ស៊ី បូករួមនឹងទណ្ឌកម្មរបស់រុស្ស៊ីដែលបានដាក់លើការនាំចេញឧស្ម័នទៅកាន់អឺរ៉ុប»។ នៅសហរដ្ឋអាមេរិក ការកើនឡើងនៃតម្លៃប្រេង និងឧស្ម័នបានបង្កើនអត្រាអតិផរណា ដែលត្រូវបានជំរុញបន្ថែមដោយវិធានការពង្រីករូបិយវត្ថុនិងសារពើពន្ធ។

វិបត្តិថ្មីចំនួន២ ក៏បានលេចឡើងនៅក្នុងសង្គ្រាមត្រជាក់របស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសចិនផងដែរនៅក្នុងឆ្នាំ ២០២២ ដែល ទី១ គឺ «ការប្រយុទ្ធដើម្បីអនុភាពបច្ចេកវិទ្យា»។ សាធារណជនអាមេរិកដែលមាន ការខឹងសម្បានឹងមេដឹកនាំរបស់គណបក្សនយោបាយទាំងពីរ ក៏ដូចជានឹងសកម្មភាពដ៏គឃ្លើនរបស់ប្រធានាធិបតីចិន Xi Jinping បានយល់ឃើញថា «ប្រទេសចិនមិនមែនគ្រាន់តែជាដៃគូប្រកួតប្រជែងនោះទេ ប៉ុន្តែក៍ជាសត្រូវដែលបានបង្កការបំផ្លាញដល់ការងាររបស់អាមេរិក និងបានរុញច្រានកងកម្លាំងយោធាអាមេរិកចេញពីតំបន់អាស៊ី»។

ការឆ្លើយតបរបស់សភានិងរបស់រដ្ឋបាល Biden គឺ «ការធានាថា សហរដ្ឋអាមេរិកនៅតែអាចរក្សាបាននូវអនុភាពលើគ្រប់ទម្រង់ទាំងអស់នៃបច្ចេកវិទ្យាទំនើបៗ»។ មួយផ្នែកនៃច្បាប់ «CHIPS and Sciences Act» បានផ្តល់ទឹកប្រាក់ចំនួន ៧៦ ពាន់លានដុល្លារដល់ឧស្សាហកម្មឧបករណ៍អេឡិចត្រូនិក និង ១៧០ ពាន់លានដុល្លារដល់បច្ចេកវិទ្យាទំនើបៗ រាប់ចាប់ពីបញ្ញាសិប្បនិម្មិត, ប្រព័ន្ធកុំព្យូទ័រសំខាន់ៗ រហូតដល់សម្ភារៈអេឡិចត្រូនិកផ្សេងៗទៀត។

ក្រសួងពាណិជ្ជកម្មអាមេរិកក៏បានដាក់ចេញនូវវិធានការរឹតត្បិតមួយចំនួនផងដែរ លើការនាំចេញបច្ចេកវិទ្យារបស់អាមេរិកទៅកាន់ប្រទេសចិន និងទៅលើការទិញក្រុមហ៊ុនបច្ចេកវិទ្យាដោយប្រទេសចិន។ បើទោះបីជាមានបរិយាកាសអំណោយផលនៅក្នុងជំនួបរវាងប្រធានាធិបតី Xi និង Biden នៅឯកិច្ចប្រជុំកំពូលថ្នាក់មេដឹកនាំ G20 នៅកោះបាលីកាលពីខែវិច្ឆិកាក៏ដោយ ក៏សញ្ញាជាច្រើននៅតែបានបង្ហាញឱ្យឃើញអំពីការ
ផ្តាច់ទំនាក់ទំនងបច្ចេកវិទ្យាកាន់តែខ្លាំងនៅក្នុងឆ្នាំ ២០២៣។

នៅក្នុងអំឡុងឆ្នាំ ២០២១ ធនាគារកណ្តាលអាមេរិកបានពង្រីកតារាងតុល្យការរបស់ខ្លួន (និងការផ្គត់ផ្គង់ប្រាក់) ដោយក្នុងនោះ វាបានកើនឡើងពី ៤ ទ្រីលានដុល្លារនៅក្នុងខែធ្នូ ឆ្នាំ ២០១៩ ដល់ជិត ៩ ទ្រីលានដុល្លារអាមេរិកនៅក្នុងខែធ្នូ ឆ្នាំ ២០២១។ ចំនួននេះត្រូវបានជំរុញដោយវិធានការសារពើពន្ធដែលបានបញ្ចេញទឹកប្រាក់ជាង ២ ទ្រីលានដុល្លារនៅចុងឆ្នាំ ២០២០ និងដើមឆ្នាំ ២០២១។

គោលនយោបាយទាំង នេះបាននាំមកនូវផលប៉ះពាល់អវិជ្ជមាននៅដើមឆ្នាំនេះ ដោយក្នុងនោះអតិផរណាបានកើនឡើងដល់ជិត ៨%។ ធនាគារកណ្តាលសហព័ន្ធបានចាប់ផ្តើមយុទ្ធនាការរឹតបន្តឹងរូបិយវត្ថុដ៏ខ្លាំងក្លាដែលបានបង្កើនអត្រាការប្រាក់គោលនយោបាយពីជិត ០ នៅក្នុងខែមករា ដល់កម្រិតគោលដៅចន្លោះ ៤,២៥% ទៅ ៤,៥% នៅក្នុងខែធ្នូ។ ស្ថានភាពនេះបានធ្វើឱ្យទីផ្សារភាគហ៊ុនដំណើរការ និងបានបញ្ចប់ការកើនឡើងនៃតម្លៃផ្ទះ។

ប៉ុន្តែវាមិនបានកាត់បន្ថយអត្រាអតិផរណានោះទេ នេះបើយោងទៅលើការវាស់វែងដោយសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ ឬសន្ទស្សន៍ចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីធនាគារកណ្តាល និងសេតវិមានបានផ្ញើក្តីសង្ឃឹមរបស់ពួកគេលើ «ការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅក្នុងកម្រិតមួយដែលអាចទទួលយកបាន» (Soft Landing) ដែលសំដៅលើអត្រាអតិផរណា ២% ដោយគ្មានវិបត្តិសេដ្ឋកិច្ច បូករួមនឹងភាពអត់ការងារធ្វើតិចតួច។

ប៉ុន្តែនៅចុងឆ្នាំ ២០២២ អ្នកសេដ្ឋកិច្ចភាគច្រើនបានព្យាករថា «អតិផរណានឹងបន្តកើនលើស ២%, វិបត្តិសេដ្ឋកិច្ចនឹងចាប់ផ្តើមនៅឆ្នាំ ២០២៣ ហើយភាពអត់ការងារធ្វើនឹងកើនលើស ៥%»។ លទ្ធផលបោះឆ្នោតពាក់កណ្តាលអាណត្តិកន្លងមក បូករួមនឹងការព្រួយបារម្ភអំពីបញ្ហាអតិផរណាបានធ្វើឱ្យអ្នកវិភាគរំពឹងថា «គណបក្សសាធារណរដ្ឋនឹងអាចដណ្តើមបានអាសនៈសភាខ្លះ ហើយទំនងជាអាចឈានទៅគ្រប់គ្រងព្រឹទ្ធសភានៅក្នុងខែវិច្ឆិកា»។

សូមអាន ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាមេរិកមិនត្រឹមតែបង្កផលប៉ះពាល់ដល់អាមេរិកប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងបញ្ជូនសារទៅកាន់តំបន់អាស៊ី និងពិភពលោកទាំងមូលផងដែរ

ជាអកុសល បើទោះបីជាលោក Trump មិនបានឈរឈ្មោះនៅក្នុងការបោះឆ្នោតក៏ដោយ ក៏លោកបានបន្តលើកស្ទួយបេក្ខភាពគណបក្សសាធារណរដ្ឋដែលមិនសូវមានប្រជាប្រិយភាព រួមជាមួយនឹងការកែប្រែរបស់តុលាការកំពូលអាមេរិកចំពោះ Roe v. Wade ដែលជាសេចក្តីសម្រេចរបស់តុលាការ ដែលធានាសិទ្ធិរបស់បុគ្គលក្នុងការរំលូតកូនដោយផ្អែកលើរដ្ឋធម្មនុញ្ញ។ បញ្ហានេះបានធ្វើឱ្យគណបក្សសាធារណរដ្ឋមានឱកាសតិចតួចក្នុងការអាចទទួលបានជ័យជម្នះនៅក្នុងសភា ខណៈពេលដែលគណបក្សប្រជាធិបតេយ្យនៅតែអាចរក្សាបាននូវការគ្រប់គ្រងនៅព្រឹទ្ធសភា។

សហរដ្ឋអាមេរិកបានពន្លឿនការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ សមិទ្ធិផលនីតិប្បញ្ញត្តិដែលត្រូវបានចុះហត្ថលេខាដោយលោក Biden គឺការអនុម័តច្បាប់កាត់បន្ថយអតិផរណា (IRA) ដែលមានទំហំទឹកប្រាក់ ៤០០ ពាន់លានដុល្លាអាមេរិក។ ភាគច្រើននៃច្បាប់ IRA បានផ្តោតលើថាមពលបៃតងដែលបានផ្តល់ប្រាក់ច្រើនជាង ៣០០ ពាន់លានដុល្លារ សម្រាប់ការពង្រឹងគុណភាពខ្យល់, ពន្លឺព្រះអាទិត្យ និងការបង្កើតជម្រើសផ្សេងៗទៀតជំនួសឱ្យឥន្ធនៈហ្វូស៊ីល។

នៅពេលដែលត្រូវបានដាក់ឱ្យអនុវត្តគម្រោងបៃតងនេះនឹងបន្តកាត់បន្ថយការបំភាយកាបូនរបស់អាមេរិក។ បើទោះបីជាច្បាប់ IRA មានលក្ខណៈមហិច្ឆតាបន្តិចក៏ដោយ ក៏វានឹងមិនអាចកាត់បន្ថយការបំភាយឧស្ម័ន
កាបូនិចជាសកលបាននោះទេ។ ពិភពលោកមានកិច្ចការជាច្រើនដែលត្រូវធ្វើបន្ថែមពីលើការសម្រេចឱ្យបាននូវគោលដៅនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលបានកំណត់ការកើនឡើងនៃសីតុណ្ហភាពសកលជាមធ្យមត្រឹម ១,៥ អង្សាសេ។

នៅឯកិច្ចប្រជុំ COP27 នៅទីក្រុង Sharm el-Sheikh កាលពីខែវិច្ឆិកា ឆ្នាំ ២០២២ សហរដ្ឋអាមេរិកបានយល់ព្រមបង់ប្រាក់លើ «ការបាត់បង់និងការខូចខាត» ដែលមិនអាចកំណត់បានដល់ប្រទេសក្រីក្រ ដែលបានរងនូវផលប៉ះពាល់ដោយសារគ្រោះមហន្តរាយអាកាសធាតុ។ នៅពេលដែលពេលវេលាឈានកាន់តែជិតដល់ឆ្នាំ ២០២៣ បញ្ហាប្រឈមស្តីពីការប្រែប្រួលអាកាសធាតុ នឹងមានសភាពកាន់តែធ្ងន់ធ្ងរ ដែលមិនធ្លាប់មានពីមុនមកចំពោះសហរដ្ឋអាមេរិក, ប្រទេសចិន និងមនុស្សគ្រប់រូប៕

East Asia Form

អត្ថបទទាក់ទង