ខ្មែរប៉ុស្ដិ៍ Close

កិច្ចព្រមព្រៀងពាណិជ្ជកម្ម ASEAN-EU នៅតែជាសុបិន្តដ៏វែងឆ្ងាយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 1777
កិច្ចព្រមព្រៀងពាណិជ្ជកម្ម ASEAN-EU នៅតែជាសុបិន្តដ៏វែងឆ្ងាយកិច្ចព្រមព្រៀងពាណិជ្ជកម្ម ASEAN-EU នៅតែជាសុបិន្តដ៏វែងឆ្ងាយ

ការជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី Free Trade Agreement (FTA) រវាងអាស៊ាន និងសហភាពអឺរ៉ុបបានក្លាយជារបៀបវារៈនៅក្នុង «កិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រ» នៅពេលថ្មីៗនេះរបស់ពួកគេនៅទីក្រុងប្រ៊ុចសែល។

ដូចអ្វីដែលអ្នកការទូតឥណ្ឌាជើងចាស់លោក Gurjit Singh បានកត់សម្គាល់ដោយភាពសុទិដ្ឋិនិយមអញ្ចឹងថា ការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបមកលើកម្ពុជា និងមីយ៉ាន់ម៉ា ជុំវិញការរំលោភសិទ្ធិមនុស្ស គឺជាការធានាបានថាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីនៅតែជាអាទិភាព ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប-អាស៊ាន នៅតែជាក្តីសុបិន្ត។

លោកបានលើកឡើងកាលពីពេលថ្មីៗនេះថា «មួយផ្នែក អាស៊ានពិតជាមានក្តីសប្បាយរីករាយនៅពេលដែលក្រុមប្រទេសធំៗដូចជា EU ងាកមកចាប់អារម្មណ៍ចំពោះខ្លួន ក្នុងពេលដែលការរួបរួម និងមជ្ឈភាពរបស់អាស៊ានកំពុងត្រូវបានគេចោទជាសំណួរ»។

ប្រធានអាស៊ានដែលជិតផុតអាណត្តិ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានបំណងចង់ពន្លឿនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្លុកពាណិជ្ជកម្មទាំង២ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយលោកក៏បានលើក ឡើងថា «យើងមិនគួរទុកឱ្យបញ្ហានយោបាយរារាំងដល់ការធ្វើពាណិជ្ជកម្មសេរីនោះទេ»។

វាគឺជាចំណុចវិជ្ជមានមួយក្រោយអាស៊ានបានជួបប្រទះនូវឆ្នាំដ៏លំបាក ដោយសារតែការខ្វែងគំនិតគ្នាក្នុងចំណោមប្រទេសទាំង ១០ ដើម្បីបង្កើតការឯកភាពគ្នាជុំវិញការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន ការឆ្លើយតបទៅនឹងសង្គ្រាមស៊ីវិលនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងការដោះស្រាយជាមួយនឹងការទាមទារដែនសមុទ្រ និងទឹកដីរបស់ចិននៅទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

លោក ហ៊ុន សែន ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់ទីក្រុងប៉េកាំងនៅក្នុងតំបន់អាស៊ានបាននិយាយយ៉ាងច្បាស់ថា ឥទ្ធិពលដ៏ខ្លាំងរបស់ប្រទេសចិនគឺពិតជាអស្ចារ្យ។ នៅរយៈពេល ៥ ថ្ងៃបន្ទាប់ពីកិច្ចប្រជុំកំពូល លោកបានកោតសរសើរយ៉ាងខ្លាំងចំពោះការគាំទ្រឥតឈប់ឈររបស់ប្រទេសចិនក្នុងការរក្សាមជ្ឈភាព និងឯកភាពរបស់អាស៊ាន។

ដោយបានកត់សម្គាល់ថា ប្រទេសចិនគឺជាមហាអំណាចសេដ្ឋកិច្ចធំទី២ របស់ពិភពលោក លោក ហ៊ុន សែន បានលើកឡើងថា «កិត្យានុភាពរបស់អាស៊ានលើគ្រប់វិស័យនៅលើឆាកសកលលោក គឺមិនអាចកាត់ផ្តាច់ពីការចូលរួមរបស់ដៃគូសន្ទនាអាស៊ាន ជាពិសេសគឺសាធារណៈរដ្ឋប្រជាមានិតចិននោះទេ»។

ប្រទេសកម្ពុជាមិនមែនជាសមាជិកតែមួយគត់ដែលនាំយកចំណុចពិសេសខាងនយោបាយមកដាក់នៅលើតុចរចានោះទេ។ ឥណ្ឌូណេស៊ីដែលនឹងឡើងកាន់តំណែងជាប្រធានអាស៊ានវិលជុំឆ្នាំ ២០២៣ ក៏ហាក់ដូចជាមិនទាន់អាចធ្វើឱ្យគេពេញចិត្តនៅឡើយដែរ។

ជំហររបស់ឥណ្ឌូណេស៊ីអំពើបញ្ហាភេរវកម្មមិនអាចត្រូវបានស្រោចស្រង់នោះឡើយ តាមរយៈការដោះលែងអ្នកបំផ្ទុះគ្រាប់បែកនៅកោះបាលី គឺលោក Umar Patek មុនកាលកំណត់ និងការប្រកាសនៅមុនពេលរៀបចំកិច្ចប្រជុំកំពូលអំពីការបន្តហាមឃាត់ការរួមភេទមុនអាពាហ៍ពិពាហ៍ ដែលនេះសុទ្ធតែជារឿងដែលមនុស្សម្នាក់ៗនឹងស្រមៃឃើញនៅពេលដែលគេនិយាយអំពីការធ្វើពាណិជ្ជកម្មសេរីនៅក្នុងពិភពទំនើប។

វាគឺជាការនិយាយបំផ្លើសចំពោះក្រុមជ្រុលនិយមឥស្លាម ខណៈដែលប្រធានាធិបតី Joko Widodo ចាប់ផ្តើមរៀបចំសម្រាប់ការបោះឆ្នោតនៅឆ្នាំ ២០២៤ និងបានផ្តល់សារៈសំខាន់នៃ FTA របស់សហភាពអឺរ៉ុប-អាស៊ាន ចំពោះឧស្សាហកម្មមួយចំនួនដូចជាទេសចរណ៍ដែលការសម្រេចចិត្តបែបនេះគ្រាន់តែជាការបញ្ជាក់អំពីការគិតរវាងប្លុកជួញដូរទាំង២។

វិស័យទេសចរណ៍គឺជាឧស្សាហកម្មមួយដែលបណ្តាប្រទេសនៅអាស៊ានប្រាថ្នាចង់ផ្សព្វផ្សាយ ហើយត្រូវបានគេមើលឃើញថាជាសេវាកម្មមួយដែលអាចកាត់បន្ថយវិបត្តិហិរញ្ញវត្ថុដែលអាជីវកម្មធំកំពុងប្រឈមមុខនៅពេលបច្ចុប្បន្ន ប្រសិនបើចំនួនអ្នកធ្វើដំណើរអាចកើនឡើងដល់កម្រិតមុនពេលមានវិបត្តិជំងឺរាតត្បាត។

ប៉ុន្តែប្រទេសនៅក្នុងអាស៊ានជា ច្រើនបានទទួលរងនូវការយល់ឃើញមិនល្អពីសំណាក់បរទេស ដោយសារការបង្រ្កាបទៅលើអ្នកប្រឆាំង, អ្នកប្រឆាំងផ្នែកនយោបាយ, អ្នកសារព័ត៌មាន និងសហជីពជាច្រើនពីសំណាក់ប្រទេសដែលប្រកាន់យករបបផ្តាច់ការមួយចំនួននៅក្នុងអាស៊ាន។ មានប្រទេសតិចណាស់ដែលបានចំណាយពេលវេលាទៅលើគោលគំនិត នៃការរៀបចំការបែងចែកអំណាចពិតប្រាកដនោះ។

នៅក្នុងពិភពលោកក្រោយជំងឺរាតត្បាត និងមុនពេលចូលទៅក្នុងប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ អ្នកទេសចរត្រូវដឹងអំពីហានិភ័យនិងគិតឱ្យបានច្រើនដង មុននឹងសម្រេចចិត្តគាំទ្រដល់របបណាមួយ ជាមួយនឹងប្រាក់ដែលពួកគេខិតខំរកបានយ៉ាងលំបាក ។

វាគឺជាផ្នត់គំនិតមួយដែលប្រធានគណៈកម្មការសហភាពអឺរ៉ុបលោកស្រី Ursula von der Leyen បាននឹកឃើញនៅពេលដែលលោកស្រីបានផ្តល់ជំនួយដល់អាស៊ាននៅពេលដែលអឺរ៉ុបធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល EU-ASEAN ជាលើកដំបូងនៅទីក្រុងប្រ៊ុចសែល ដើម្បីប្រារព្ធភាពជាដៃគូរយៈពេល ៤៥ ឆ្នាំ។ លោកស្រីបានកត់សម្គាល់ថា EU បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង FTA ជាមួយវៀតណាម និងសិង្ហបុរីរួចហើយ និងបាននិយាយទៀតថា «វាពិតជាគួរឱ្យចាប់អារម្មណ៍! យើងចង់ធ្វើពាណិជ្ជកម្មកាន់តែច្រើនជាមួយគ្នាទៅវិញទៅមក។ យើងជាដៃគូពាណិជ្ជកម្មធំទី៣ របស់គ្នាទៅវិញទៅមក»។

លោកស្រីបានបន្ថែមទៀតថា «ដូច្នេះសហភាពអឺរ៉ុបចង់បង្កើតកិច្ចព្រមព្រៀងបែបនេះ បន្ថែមទៀតជាមួយប្រទេសជាសមាជិករបស់អាស៊ាន។ ហើយគោលដៅចុងក្រោយរបស់យើងគឺការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពីតំបន់មួយទៅតំបន់មួយទៀត»។ បើនិយាយក្នុងន័យផ្សេងវិញគឺថានៅមិនអាចបង្កើតកិច្ចព្រមព្រៀងបានទេនៅពេលនេះ៕

The Diplomat

អត្ថបទទាក់ទង