ខ្មែរប៉ុស្ដិ៍ Close

    សមាហរណកម្មសេដ្ឋកិច្ចអាស៊ាននៅក្រោមតំណែងជាប្រធានរបស់កម្ពុជា

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 1831
    សមាហរណកម្មសេដ្ឋកិច្ចអាស៊ាននៅក្រោមតំណែងជាប្រធានរបស់កម្ពុជាសមាហរណកម្មសេដ្ឋកិច្ចអាស៊ាននៅក្រោមតំណែងជាប្រធានរបស់កម្ពុជា

    ធាតុផ្សំនៃសេដ្ឋកិច្ចនៅក្រោមតំណែងជាប្រធានអាស៊ានរបស់កម្ពុជា នៅឆ្នាំ ២០២២ មិនសូវទទួលបានការចាប់អារម្មណ៍នោះទេ នៅចំពេលកំពុងកើតមានភាពតានតឹងរវាងអាមេរិកនិងចិន និងវិបត្តិនៅអ៊ុយក្រែន ក៏ដូចជានៅមីយ៉ាន់ម៉ា។ ប៉ុន្តែការលើកតម្កើងវិបុលភាព, ការពង្រឹងសមាហរណកម្មសេដ្ឋកិច្ច និងការពង្រួញគម្លាតអភិវឌ្ឍរបស់តំបន់ នៅតែជាគោលដៅគន្លឹះរបស់អាស៊ាន។

    វាគឺជារឿងសំខាន់ដែលថា «អាស៊ានត្រូវដើរឱ្យស្របតាមគោលដៅនេះ ជាពិសេសនៅពេលចំណុចអាទិភាពរបស់កម្ពុជាត្រូវបានបង្កើតឡើង ដោយផ្អែកលើគំនិតផ្តួចផ្តើមមុនៗរបស់អាស៊ានក្នុងគោលបំណងនាំមកនូវសមិទ្ធផលសំខាន់ៗ ដើម្បីពង្រឹងសហគមន៍សេដ្ឋកិច្ចអាស៊ាន»។ បណ្តារដ្ឋជាសមាជិកអាស៊ានបានបង្ហាញនូវលទ្ធផលដ៏ល្អពាក់ព័ន្ធនឹងការងើបឡើងវិញនៃសេដ្ឋកិច្ចនៅក្រោយវិបត្តិកូវីដ-១៩។

    យោងតាមទិន្នន័យរបស់អាស៊ាន «GDP ជារួមរបស់ខ្លួននៅឆ្នាំ ២០២១ បានកើនឡើងលើសកម្រិតនៅមុនពេលកើតមានការរាតត្បាតនៃវីរុស ដោយបានឈានដល់ចំនួន ៣,៣ ទ្រីលានដុល្លារ ខណៈដែលនៅឆ្នាំ ២០២២ គេបានព្យាករថា ចំនួននេះនឹងបន្តកើនឡើងចំនួន ៥%»។ ការព្យាករនេះត្រូវបានបន្ទរដោយចក្ខុវិស័យរបស់ធនាគារអភិវឌ្ឍអាស៊ី (ADB) និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។

    អាស៊ាននៅឆ្នាំ ២០២២ បានបន្តបង្ហាញថា «ការងើបឡើងវិញត្រូវតែមានលក្ខណៈផ្តោតលើពលរដ្ឋ (People-centred) និងមានលក្ខណៈធន់នឹងអាកាសធាតុ (Climate-resilient)»។ បណ្តារដ្ឋជាសមាជិកបាន សម្រេចពន្យាសុពលភាពនៃអនុស្សរណៈយោគយល់គ្នាស្តីពីការអនុវត្តវិធានការមិនមែនពន្ធគយលើមុខទំនិញសំខាន់ៗរហូតដល់ខែវិច្ឆិកាឆ្នាំ ២០២៤។

    ឯកសារនេះ ដែលត្រូវបានអនុម័តនៅឆ្នាំ ២០២០ បានផ្តល់ការធានាដល់លំហូរដោយគ្មានការរាំងស្ទះនូវផលិតផលកសិកម្មនិងស្បៀងអាហារ ក៏ដូចជាមុខទំនិញដែលពាក់ព័ន្ធនឹងការផលិត និងការចែកចាយវ៉ាក់សាំង, ឱសថ និងការផ្គត់ផ្គង់បរិក្ខាពេទ្យ។ បច្ចុប្បន្ន អាស៊ានមានមុខទំនិញជាប់ពន្ធចំនួន ៣៥១ មុខ។

    ជាមួយនឹងចំណែកច្រើនគួរសមនៃវិស័យទេសចរណ៍នៅក្នុងសេដ្ឋកិច្ច អាស៊ានបានអនុម័តឯកសារជាច្រើនក្នុងគោលដៅជួយសម្រួលដល់ការទទួលស្គាល់គ្នាទៅវិញទៅមកនៃអ្នកមានវិជ្ជាជីវៈផ្នែកឧស្សាហកម្ម និងការអភិវឌ្ឍនៃវិស័យទេសចរណ៍ប្រកបដោយចីរភាព។

    នៅឆ្នាំ ២០២១ ពាណិជ្ជកម្មលើមុខទំនិញរបស់អាស៊ានបានឈានដល់ចំនួន ៣,៣៤ ទ្រីលានដុល្លារ ដោយបានកើនឡើងពីចំនួន ២,៦៧ ទ្រីលានដុល្លារនៅឆ្នាំ ២០២០ ហើយលំហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេសទៅក្នុងអាស៊ានក៏បានហក់ឡើងដល់ចំនួន ១៧៤,១ ពាន់លានដុល្លារផងដែរ ពីចំនួន ១២២,៤ ពាន់លានដុល្លារនៅឆ្នាំ ២០២០។

    ប៉ុន្តែដើម្បីបន្តរក្សាសារៈសំខាន់នៅចំពេលកើតមានការរំខាននៅក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់, ការប្រែប្រួលផ្នែកបច្ចេកវិទ្យា និងបញ្ហាប្រឈមជាសកលទាក់ទងនឹងអាកាសធាតុ អាស៊ានចាំបាច់ត្រូវតែធ្វើទំនើបកម្មផែនការនៃគោលនយោបាយរបស់ខ្លួន។ នៅខែមីនា ការចរចាបានចាប់ផ្តើមក្នុងគោលបំណងលើកកម្ពស់កិច្ចព្រមព្រៀងពាណិជ្ជកម្មលើមុខទំនិញរបស់អាស៊ាន។

    ដោយសារតែសេរីភាវូបនីយកម្មពាណិជ្ជកម្មគឺជាសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់បំផុតរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន (ការយកពន្ធគយលើមុខទំនិញចំនួន ៩៨,៦% ត្រូវបានលុបចោល) ការបន្តកិច្ចខិតខំប្រឹងប្រែងនៅក្នុងផ្នែកនេះគឺពិតជាមានភាពចាំបាច់ណាស់។ កិច្ចព្រមព្រៀងនេះក៏គ្រោងនឹងដាក់បញ្ចូលផងដែរនូវ «ខ» ចែងស្តីពីការធ្វើពាណិជ្ជកម្មដោយមិនប្រើក្រដាស, សេដ្ឋកិច្ចឌីជីថលនិងសេដ្ឋកិច្ចវិលជុំ (Circular Economy) និងការអភិវឌ្ឍប្រកបដោយចីរភាព។

    បន្ថែមពីលើនេះ អាស៊ានលើកកម្ពស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាដៃគូសន្ទនារបស់ខ្លួន។ លទ្ធផលវិជ្ជមានមួយគឺ «ការសម្រេចបាននូវការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់» ដែលនឹងនាំមកនូវការពង្រឹងតម្លាភាព, ការកាត់បន្ថយការចំណាយ និងពេលវេលាក្នុងការធ្វើពាណិជ្ជកម្ម ខណៈដែលវាមានរួមបញ្ចូលទាំងបច្ចេកវិទ្យាឌីជីថលនិងសេវាអប់រំ និងការសម្រួលលំហូរមុខទំនិញសំខាន់ៗ នៅក្នុងអំឡុងពេលកើតមានវិបត្តិ។

    ជំពូកថ្មីៗដែលរួមមានការជំរុញការចូលរួមឱ្យបានកាន់តែច្រើនពីសំណាក់សហគ្រាសមីក្រូ, ខ្នាតតូចនិងខ្នាតមធ្យមនៅក្នុងសកម្មភាពសេដ្ឋកិច្ច ក៏ដូចជាការអភិវឌ្ឍផង ក៏ត្រូវបានបន្ថែមទៅក្នុងកិច្ចព្រមព្រៀងសេរីផងដែរ។ សមិទ្ធផលមួយទៀតគឺ «ការដាក់ឱ្យដំណើរការនូវការចរចាដើម្បីលើកកម្ពស់តំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចាស់ជាងគេមួយរបស់អាស៊ានជាមួយដៃគូសន្ទនារបស់ខ្លួន»។

    វាគួរតែត្រូវបានកែប្រែឱ្យមានលក្ខណៈផ្តោតលើអនាគត តាមរយៈការរួមបញ្ចូលនូវសេដ្ឋកិច្ចឌីជីថល និងបៃតង, ការតភ្ជាប់នៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់, ការប្រកួតប្រជែង, ការការពារអ្នកប្រើប្រាស់ និងការគាំទ្រដល់សហគ្រាសមីក្រូ, ខ្នាតតូចនិងមធ្យម។ ផ្អែកលើទំហំពាណិជ្ជកម្មនិងការវិនិយោគរវាងចិន និងអាស៊ាន (ការធ្វើពាណិជ្ជកម្មជាមួយចិនមានចំនួន ២០% នៃការធ្វើពាណិជ្ជកម្មសរុបរបស់អាស៊ាន) លទ្ធផលដែលទទួលបានអាចនឹងមានសារៈសំខាន់សម្រាប់ភាគីទាំង២។

    ក្តីសង្ឃឹមធំៗនៅក្នុងតំបន់សម្រាប់ការងើបឡើងវិញនៅក្រោយការរាតត្បាតនៃវីរុស និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន បានផ្ញើលើកិច្ចព្រមព្រៀង RCEP ដែលបានចូលជាធរមាននៅថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២២។ ដូចដែលបានពិភាក្សានៅក្នុងអំឡុងជំនួបកំពូល «បញ្ហាគន្លឹះគឺការលើកទឹកចិត្តធុរកិច្ចទាំងឡាយឱ្យទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀង RCEP ក៏ដូចជាការធានាប្រសិទ្ធភាពនៃការធ្វើពាណិជ្ជកម្មនៅក្នុង ចំណោមសមាជិកអាស៊ាន»។

    ការតភ្ជាប់ត្រូវបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ថ្នាក់ដឹកនាំស្តីពីរបៀបវារៈតភ្ជាប់តំបន់នៅក្រោយឆ្នាំ ២០២៥ ដែលមានគោលបំណងលើកកម្ពស់ការផ្លាស់ប្តូររវាងពលរដ្ឋនិងពលរដ្ឋ, ការធ្វើនាវានុវត្ត និងការធ្វើបរិវត្តកម្មឧស្សាហកម្ម, សហគ្រាសមីក្រូ, ខ្នាតតូចនិងខ្នាតមធ្យម និងសហគ្រិនភាពស្រី្ត។

    ដោយសារការប្រែប្រួលទិដ្ឋភាពសេដ្ឋកិច្ចនិងនយោបាយ អ្នកជំនាញបានរំពឹងថា «ចក្ខុវិស័យអាស៊ានស្តីពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (ASEAN Outlook on the Indo-Pacific) អាចនឹងមានការវិវឌ្ឍបន្ថែមទៀត ជាពិសេសពាក់ព័ន្ធនឹងតួនាទីរបស់ដៃគូខាងក្រៅរបស់អាស៊ាន»។ ឯកសារនេះត្រូវបានគេចាត់ទុកជា «ចេតនារបស់អាស៊ានក្នុងការស្នើឡើងនូវផែនការថ្មីមួយពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់»។

    បណ្តាដៃគូខាងក្រៅត្រូវបានលើកទឹកចិត្តឱ្យពន្លឿនការអនុវត្តចក្ខុវិស័យរបស់អាស៊ានស្តីពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក តាមរយៈការស្នើឡើងនូវគម្រោងជាក់លាក់ ឬការអនុវត្តគំនិតផ្តួចផ្តើមដែលមានស្រាប់នៅក្រោមឆត្ររបស់ចក្ខុវិស័យនេះ ដូចអ្វីដែលជប៉ុននិងអូស្ត្រាលីបានធ្វើ។ គេនៅបន្តរង់ចាំមើលថា «តើអភិក្រមបែបនេះនឹងគាំទ្រមជ្ឈភាពអាស៊ានដែរឬក៏អត់»។

    អនាគតរបស់អាស៊ានអាចត្រូវបានរួមរឹតទៅដោយបញ្ហា។ ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ, ការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុនៅក្នុងបណ្តាប្រទេសអភិវឌ្ឍ និងការកើនឡើងនៃតម្លៃស្បៀងអាហារ និងថាមពលបានធ្វើឱ្យធនាគារអភិវឌ្ឍអាស៊ីបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចរបស់បណ្តាប្រទេសអាស៊ីកំពុងអភិវឌ្ឍសម្រាប់ឆ្នាំ ២០២២ និងឆ្នាំ ២០២៣។

    «បើទោះបីជាប្រទេសកម្ពុជាអាចបន្តរក្សាបាននូវកំណើនសេដ្ឋកិច្ចដ៏ល្អនៅក្នុងអំឡុងពេលកាន់តំណែងជាប្រធានអាស៊ានក៏ដោយ» ក៏អាស៊ានចាំបាច់ត្រូវតែពន្លឿនកិច្ចខិតខំប្រឹងប្រែងរួមរបស់ខ្លួនក្នុងការបង្កើតទីផ្សារ និងមូលដ្ឋានផលិតកម្មរួមគ្នា ដើម្បីរក្សាភាពប្រកួតប្រជែងរបស់ខ្លួន និងដើម្បីទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស។ សម្រាប់រយៈពេលវែងកិច្ចខិតខំប្រឹងប្រែងទាំងនេះនឹងមានសារៈសំខាន់កាន់តែខ្លាំងសម្រាប់អាស៊ានក្នុងការរក្សាមជ្ឈភាព, ពន្លឿនកំណើន និងពង្រឹងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់៕

    East Asia Forum