ខ្មែរប៉ុស្ដិ៍ Close

ពាណិជ្ជកម្មចិន : ផែនការ ១៨ ចំណុច ដើម្បីជំរុញពាណិជ្ជកម្មដែលផ្តោតលើអាស៊ាន បូករួមនឹងការតាំងពិព័រណ៍ ខណៈយុទ្ធនាការអូសទាញនៅតែបន្ត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 153
ពាណិជ្ជកម្មចិន : ផែនការ ១៨ ចំណុច ដើម្បីជំរុញពាណិជ្ជកម្មដែលផ្តោតលើអាស៊ាន បូករួមនឹងការតាំងពិព័រណ៍ ខណៈយុទ្ធនាការអូសទាញនៅតែបន្ត ក្រុមប្រឹក្សារដ្ឋចិនបាននិយាយនៅក្នុងឯកសារមួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារថា វានឹងជួយសម្រួលដល់អ្នកនាំចេញដើម្បីចូលរួមក្នុងការតាំងពិពណ៌នៅក្រៅប្រទេសបន្ថែមទៀត ដើម្បីបង្កើតទំនាក់ទំនងឡើងវិញជាមួយអ្នកទិញ និងដើម្បីទាក់ទាញការបញ្ជាទិញ។ រូបថត៖ Xinhua

ចិនកំពុងប្រកួតប្រជែងនឹងពេលវេលាដើម្បីកសាងទំនុកចិត្ត និងទំនាក់ទំនងឡើងវិញជាមួយអ្នកទិញនៅក្រៅប្រទេស បន្ទាប់ពីវិធានការជាច្រើនត្រូវបានប្រកាសក្នុងគោលបំណងជំរុញការធ្វើពាណិជ្ជកម្ម បូករួមទាំងការបង្កើនការចូលរួមនៅក្នុងការតាំងពិព័រណ៍នៅក្រៅប្រទេស និងការស្វាគមន៍អ្នកជំនួញបរទេសឱ្យវិលត្រឡប់មកប្រទេសចិនវិញ។

ក្រុមប្រឹក្សារដ្ឋបានលើកឡើងនៅក្នុងឯកសារមួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារថា «វានឹងជួយសម្រួលដល់ក្រុមហ៊ុននាំចេញក្នុងការចូលរួមក្នុងការតាំងពិព័រណ៍នៅក្រៅប្រទេស ដើម្បីបង្កើតទំនាក់ទំនងឡើងវិញជាមួយអ្នកទិញ និងដើម្បីស្តារការបញ្ជាទិញឡើងវិញ»។ ឯកសារ ១៨ ចំណុចក៏បានលើកឡើងផងដែរថា «ចិននឹងបន្តការហោះហើរជាអន្តរជាតិឡើងវិញ ស្របពេលដែលមានការសម្រួលវិធានការធ្វើតេស្តរកវីរុសកូវីដ-១៩ សម្រាប់អ្នកធ្វើដំណើរចូល»។

គណៈរដ្ឋមន្ត្រីរបស់ចិនបានឱ្យដឹងថា «យើងនឹងពង្រឹងប្រសិទ្ធភាពនៃការដំណើរការបណ្ណធុរកិច្ច (Apec Business Travel Card), បង្កើនការលើកកម្ពស់បណ្តាញស្នើរសុំទិដ្ឋាការ និងប្រសិទ្ធភាពដំណើរការសម្រាប់អ្នកធុរកិច្ចបរទេស» នេះបើយោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការ Xinhua របស់ចិនដែលមានន័យសំដៅទៅលើបណ្ណកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (Apec) ដែលត្រូវបានចេញឱ្យអ្នកធ្វើដំណើរក្នុងន័យអាជីវកម្ម និងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មួយចំនួន។

ចិនក៏កំពុងព្យាយាមពន្លឿនការផ្លាស់ទីចេញទៅក្រៅប្រទេសសម្រាប់វិស័យឧស្សាហកម្មពាណិជ្ជកម្មរបស់ខ្លួនផងដែរ ខណៈគោលនយោបាយ Zero-Covid ដ៏អូសបន្លាយបានបង្កឱ្យមានភាពយឺតយ៉ាវនៃការបញ្ជាទិញ និងការបាត់បង់អតិថិជននៅចំពេលដែលអាមេរិកកំពុងខិតខំដកប្រទេសចិនចេញពីខ្សែច្រវ៉ាក់ផ្គត់ផ្គង់ឧស្សាហកម្ម។

ឯកសារនេះក៏បានចង្អុលបង្ហាញផងដែរអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញវិស័យរថយន្តនិងពាណិជ្ជកម្មអេឡិចត្រូនិក បូករួមទាំងការលើកទឹកចិត្តដល់កិច្ចព្រមព្រៀងដោយផ្ទាល់រវាងក្រុមហ៊ុនរថយន្តនិងក្រុមហ៊ុនដឹកជញ្ជូន ក៏ដូចជាការលើកទឹកចិត្តដល់វេទិកាពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងកាត់ព្រំដែនដើម្បីជំរុញពាណិជ្ជកម្មបរទេស។

ក្រុមប្រឹក្សារដ្ឋបាននិយាយថា «ប្រទេសចិននឹងធ្វើការឆ្លើយតបយ៉ាងសមស្របចំពោះវិធានការរឹតបន្តឹងផ្នែកពាណិជ្ជកម្មក្រៅប្រទេសដែលមិនសមហេតុផល ដើម្បីផ្តល់ភាពធូរស្រាលដល់ឧស្សាហកម្មសំខាន់ៗដែលបានរងផលប៉ះពាល់ដោយជម្លោះពាណិជ្ជកម្មដែលដឹកនាំដោយអាមេរិក ទន្ទឹមនឹងការជំរុញឱ្យរដ្ឋាភិបាលក្នុងតំបន់បង្កើនសមត្ថភាពរបស់ពួកគេសម្រាប់ការព្រមានទុកជាមុន និងការវាយតម្លៃអំពីហានិភ័យនៃជម្លោះពាណិជ្ជកម្ម»។

ជាមួយនឹងការផ្ញើក្តីសង្ឃឹមរបស់ខ្លួនលើខេត្តពាណិជ្ជកម្មបរទេសសំខាន់ៗចិនក៏បានកំណត់ទស្សនៈរបស់ខ្លួនលើអាស៊ានផងដែរ ដែលបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ចិននៅក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ។ អាជ្ញាធរមូលដ្ឋាននឹងត្រូវបានលើកទឹកចិត្តឱ្យពង្រីកវិសាលភាពរបស់ពួកគេជាសកល តាមរយៈការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មឱ្យបានកាន់តែស៊ីជម្រៅនិងការអភិវឌ្ឍជំនាញនៅក្នុងឧស្សាហកម្មសំខាន់ៗជាមួយសមាជិកទាំង ១៥ នៃកិច្ចព្រមព្រៀង RCEP ដែលរួមមានទាំងសមាជិកអាស៊ានទាំង ១០ ក៏ដូចជាចិន, អូស្ត្រាលី, ជប៉ុន, នូវែលសេឡង់ និងកូរ៉េខាងត្បូង។

ឯកសារបានបន្ថែមថា «យើងនឹងណែនាំសហគ្រាសឱ្យស្វែងយល់ឱ្យបានកាន់តែស៊ីជម្រៅអំពីទីផ្សាររបស់បណ្តាប្រទេសកំពុងអភិវឌ្ឍ និងទីផ្សារក្នុងតំបន់ ដូចជា RCEP ជាដើម»។ នៅក្នុងខែមីនា ការនាំចេញរបស់ចិនបានកើនលើសការរំពឹងទុកយ៉ាងខ្លាំង ដោយបានកើនឡើង ១៤,៨% បើធៀបនឹងឆ្នាំមុន ដោយបានបិទបញ្ចប់ការធ្លាក់ចុះរយៈពេល ៥ ខែជាប់ៗគ្នា។

ការនាំចេញទៅកាន់អាស៊ានបានកើនឡើង ៣៥,៤៣% ពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងខែមីនា ខណៈដែលការដឹកជញ្ចូន ផលិតផលយានយន្ត ដែលមានចំណែក ៥% នៃការនាំចេញសរុបរបស់ចិន បានកើនឡើង ៥៩% កាលពីខែមុន។ ការដឹកជញ្ជូនរបស់ចិនទៅកាន់អាមេរិកមានភាពប្រសើរឡើង ក៏ប៉ុន្តែនៅតែមានភាពទន់ខ្សោយនៅក្នុងខែមីនា ដោយបានធ្លាក់ចុះ ៧,៦៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជាការធ្លាក់ចុះចំនួន ៨ ខែជាប់ៗគ្នា។

ទោះជាយ៉ាងណាក៏ដោយ ការនាំចេញទៅកាន់សហភាពអឺរ៉ុប បានកើនឡើង ៣,៣៨% ពីមួយឆ្នាំទៅមួយឆ្នាំ ដោយបានវិលត្រឡប់ទៅរកកំណើនជាលើកដំបូង បើគិតចាប់តាំងពីខែកញ្ញា។ ប៉ុន្តែការនាំចេញសុទ្ធបានទាញទម្លាក់កំណើន GDP ជាតិចំនួន ០,១% នៅក្នុងត្រីមាសទី1 បើធៀប នឹងការកើនឡើង ១,០៦% នៅក្នុងត្រីមាសទី១ នៃឆ្នាំ ២០២២។

លោក Larry Hu ដែលជាប្រធានសេដ្ឋវិទូចិននៅ Macquarie Capital បាននិយាយថា «ការនាំចេញដ៏រឹងមាំនៅក្នុងខែមីនាត្រូវបានជំរុញជាចម្បង ដោយការកកស្ទះនៃការបញ្ជាទិញនៅក្នុងអំឡុងពេលកើតមានវិបត្តិកូវីដ-១៩ និងនៅថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មី»។ លោក Hu បានបន្ថែមថា «ក្រុមហ៊ុននាំចេញមានបំណងចង់លុបបំបាត់ការកកស្ទះនៃទំនិញរបស់ពួកគេដែលជាហេតុជំរុញការកើនឡើងនៃទំហំពាណិជ្ជកម្ម ក៏ប៉ុន្តែជាក់ស្តែងការនាំចេញរបស់ចិននៅតែបន្តស្ថិតនៅក្នុងនិន្នាការធ្លាក់ចុះ»។

លោក Hu បានបន្តថា «យើងអាចរំពឹងទុកអំពីការធ្លាក់ចុះនៃការនាំចេញចំនួន ៥% នៅឆ្នាំនេះ បើធៀបនឹងការកើនឡើង ៧% ក្នុងឆ្នាំ ២០២២។ ការធ្លាក់ចុះនៃការធ្វើពាណិជ្ជកម្មជាអន្តរជាតិនឹងក្លាយជានិន្នាការសកល ដែលមិនអាចចៀសរួច បើទោះបីជាចិនបានដាក់ចេញនូវគោលនយោបាយដើម្បីទាក់ទាញអាជីវកម្មបរទេសក៏ដោយ»។ ក្នុងនាមជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួមរបស់ខ្លួន ចិនក៏បានបន្តខិតខំទាក់ទាញអ្នកវិនិយោគបរទេសផងដែរ ទន្ទឹមនឹងការព្យាយាមបង្កើតបរិយាកាសធុរកិច្ចដែលមានលក្ខណៈកាន់តែអំណោយផល។

ក្រុមប្រឹក្សាចិនសម្រាប់ការលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិបាននិយាយកាលពីថ្ងៃ ពុធថា «ក្នុងចំណោមក្រុមហ៊ុន ៥៥០ ដែលត្រូវបានសម្ភាសន៍ ៩២,៤% នៃពួកគេបាននិយាយថា: ទីតាំងរបស់ចិននៅក្នុងការសម្រេចចិត្តវិនិយោគជាសកលរបស់ពួកគេមិនបានធ្លាក់ចុះនោះទេ»។ ក្រុមប្រឹក្សាដែលមានលក្ខណៈពាក់កណ្តាលផ្លូវការនេះ នឹងរៀបចំសន្និសីទពាណិជ្ជកម្មនិងវិនិយោគពិភពលោកនៅទីក្រុងប៉េកាំងនៅក្នុងខែឧសភាខាងមុខនេះ៕

South China Morning Post

អត្ថបទទាក់ទង