ខ្មែរប៉ុស្ដិ៍ Close

ក្រុមហ៊ុននាំចូលរបស់អាមេរិកដឹកជញ្ជូនកាន់តែច្រើនទៅកាន់កំពង់ផែឆ្នេរសមុទ្រភាគខាងកើតរបស់អាមេរិក ជាជាងទៅកាន់ឆ្នេរសមុទ្រភាគខាងលិច នៅចំពេលមានការផ្លាស់ប្តូរខ្សែច្រវ៉ាក់ផ្គត់ផ្គង់ពិភពលោក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 157
ក្រុមហ៊ុននាំចូលរបស់អាមេរិកដឹកជញ្ជូនកាន់តែច្រើនទៅកាន់កំពង់ផែឆ្នេរសមុទ្រភាគខាងកើតរបស់អាមេរិក ជាជាងទៅកាន់ឆ្នេរសមុទ្រភាគខាងលិច នៅចំពេលមានការផ្លាស់ប្តូរខ្សែច្រវ៉ាក់ផ្គត់ផ្គង់ពិភពលោក ក្រុមហ៊ុននាំចូលរបស់អាមេរិកដឹកជញ្ជូនកាន់តែច្រើនទៅកាន់កំពង់ផែឆ្នេរសមុទ្រភាគខាងកើតរបស់អាមេរិក ជាជាងទៅកាន់ឆ្នេរសមុទ្រភាគខាងលិច នៅចំពេលមានការផ្លាស់ប្តូរខ្សែច្រវ៉ាក់ផ្គត់ផ្គង់ពិភពលោក

នៅខែតុលា ឆ្នាំ ២០២១ ប្រធានាធិបតី Joe Biden បានប្រកាសថា «បណ្តាកំពង់ផែនៅកាលីហ្វ័រញ៉ានៃទីក្រុង Los Angeles (LA) និងទីក្រុងឡុងប៊ិចត្រូវបានប្ដូរមកទទួលនាវាដឹកទំនិញ ២៤/៧ ដើម្បីដោះស្រាយការកកស្ទះដែលបានកើតមានអស់រយៈពេលជាច្រើនខែ»។ ការរាំងស្ទះនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ដែលបណ្តាលមកពីវីរុសរាតត្បាត គួបផ្សំនឹងកំណើនដ៏ខ្ពស់នៃតម្រូវការអ្នកប្រើប្រាស់ បានបង្កើតឱ្យមានការស្ទះចរាចរណ៍នៅលើផ្លូវសមុទ្រដែលមាន ៥ គន្លង។

នៅដើមឆ្នាំ ២០២២ នាវាចំនួន ១០៩ គ្រឿងត្រូវបានជាប់គាំងនៅឯកំពង់ផែ LA។ ប៉ុន្តែនៅមួយឆ្នាំក្រោយមក កំពង់ផែ LA និងឡុងប៊ិច ដែលធ្លាប់មានភាពអ៊ូអរជាប្រចាំ បានជួបប្រទះនឹងការរំខានជាច្រើនដែលជាហេតុធ្វើឱ្យចំនួនកុងតឺន័រមានការធ្លាក់ចុះយ៉ាងខ្លាំង។

កាលពីខែសីហាឆ្នាំមុន កំពង់ផែ LA បានបាត់បង់តំណែងដែលខ្លួនបានកាន់កាប់អស់រយៈពេល ២២ ឆ្នាំ ក្នុងនាមជាកំពង់ផែដ៏មមាញឹកបំផុតនៅក្នុងសហរដ្ឋអាមេរិក និងត្រូវបានដណ្ដើមដោយគូប្រជែងនៅឯឆ្នេរសមុទ្រភាគខាងកើត ដែលជាកំពង់ផែរួមរវាងទីក្រុងញូវយ៉ក និងរដ្ឋ New Jersey ។ ការផ្លាស់ប្ដូរដ៏ធំនេះបានធ្វើឱ្យខែសីហាក្លាយជាខែដែលមមាញឹកបំផុតនៅទីក្រុងញូវយ៉ក និង New Jersey បើគិតចាប់តាំងពីឆ្នាំ ១៩៥៦ មក ដោយក្នុងនោះកំពង់ផែនេះបានផ្លាស់ប្តូរទូកុងតឺន័ររហូតដល់ចំនួន ៨៤៣ ១៩១ ទូ។

កំពង់ផែ LA បានទទួលការផ្លាស់ប្តូរទំនិញតិចជាងមុន ៧% នៅក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២២។ ការថយចុះនៃសកម្មភាពនៅរដ្ឋកាលីហ្វ័រញ៉ាបានធ្វើឱ្យមានការកើនឡើងនៅឯទីក្រុងញូវយ៉ក និងរដ្ឋ New Jersey ដែលកំពង់ផែរបស់ពួកគេបានវ៉ាដាច់ដៃគូប្រជែងរបស់ខ្លួននិងបានឈរនៅចំណាត់ថ្នាក់ជាកំពង់ផែមមាញឹកបំផុតសម្រាប់រយៈពេល ៤ ខែជាប់ៗគ្នា ដោយគិតចាប់ពីខែសីហាដល់ខែវិច្ឆិកា។

ដងស្ទូចទូកុងតឺន័រនៅកំពង់ផែមួយក្នុងរដ្ឋ New Jersey ដែលគេអាចមើលឃើញនៅពីក្រោយរូបសំណាកសេរីភាពក្នុងកំពង់ផែញូវយ៉ក។ រូបថត៖ AP

អ្នកជំនាញបាននិយាយថា «វាមានកត្តាជាច្រើនដែលបានរួមចំណែកដល់ការផ្លាស់ប្តូរនេះ»។ បន្ទាប់ពីបានរៀនសូត្រពីការរាំងស្ទះនៅក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅក្នុងអំឡុងពេលកើតមានវីរុសកូវីដ-១៩ បណ្ដាអាជីវកម្មនានាបានបន្តព្យាយាមធ្វើពិពិធកម្មខ្សែច្រវ៉ាក់ផ្គត់ផ្គង់របស់ពួកគេ ដើម្បីកាត់បន្ថយការពឹងផ្អែកទៅលើ «ប្រទេសតែមួយ និងកំពង់ផែតែមួយ»។

លោក Philip Sanfield ដែលជាអ្នកនាំពាក្យរបស់កំពង់ផែ LA បាន និយាយថា «ម្ចាស់ទំនិញកំពុងស្វែងរកជម្រើសខ្សែច្រវ៉ាក់ផ្គត់ផ្គង់ជំនួស។ ពួកគេមិនចង់ពឹងផ្អែកតែទៅលើកំពង់ផែតែមួយនោះទេ»។ លោក Sanfield បានលើកឡើងអំពី «បញ្ហាកម្លាំងពលកម្ម» ថាជាហេតុផលនៅពីក្រោយការជំរុញឆ្ពោះទៅទិសខាងកើត។ កម្មករកំពង់ផែនៅ LA បានធ្វើការដោយគ្មានកិច្ចសន្យាចាប់តាំងពីខែកក្កដាមក។

លោកបានបន្ថែមថា «ការចរចាដំឡើងប្រាក់ឈ្នួលដែលបានបន្តអូសបន្លាយ បានបង្កឱ្យមានការភ័យខ្លាចពីការធ្វើកូដកម្ម ឬការបិទទ្វារដែលជាហេតុបង្ខំឱ្យអ្នកដឹកជញ្ជូនងាកឆ្ពោះទៅទិសខាងកើត និងទៅកាន់ឈូងសមុទ្រវិញតាមរយៈព្រែកជីកប៉ាណាម៉ា។ ការវិវឌ្ឍនេះបានកើតឡើងស្របពេលជាមួយ នឹងការធ្លាក់ចុះនៃការនាំចូលរបស់ចិនមកកាន់អាមេរិក»។

បណ្តាប្រទេសអាស៊ីផ្សេងទៀតបាននិងកំពុងបញ្ជូនទំនិញកាន់តែច្រើនមកកាន់សហរដ្ឋអាមេរិក បើធៀបនឹងប្រទេសចិន នៅពេលដែលភាពមិនប្រាកដប្រជាទាក់ទងនឹងវីរុសកូវីដ-១៩ បានបង្កផលប៉ះពាល់ដល់ការផលិតរបស់ចិន និងនៅពេលដែលសហរដ្ឋអាមេរិកបានបង្កើនកិច្ចខិតខំប្រឹងប្រែងធ្វើពិពិធកម្មខ្សែច្រវ៉ាក់ផ្គត់ផ្គង់របស់ខ្លួនចេញឆ្ងាយពីមហាយក្សអាស៊ីមួយនេះ។

ទិន្នន័យគយរបស់ប្រទេសចិនបានបង្ហាញថា «ការនាំចេញទៅកាន់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ២៥% នៅក្នុងខែវិច្ឆិកា បើធៀបនឹងឆ្នាំមុន ខណៈដែលចំនួននៃការនាំចេញពីប្រទេសចិនដោយផ្ទាល់ទៅកាន់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ២១% នៅចន្លោះខែសីហា ដល់ខែវិច្ឆិកា»។ ផ្ទុយទៅវិញ ការនាំចេញពីបណ្តាប្រទេសអាស៊ានបានកើនឡើង ២៣% នៅខែកញ្ញា និង ២២% នៅក្នុងខែតុលា (យោងតាមមជ្ឈមណ្ឌលដែនសមុទ្រជប៉ុន-Japan Maritime Centre)។

លោក Takuma Matsuda ដែលជាអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលដែនសមុទ្រជប៉ុន និងជាសាស្ត្រាចារ្យនៅមហាវិទ្យាល័យពាណិជ្ជកម្មនៃសកលវិទ្យាល័យ Takushoku នៃទីក្រុងតូក្យូបាននិយាយថា «ខណៈពេលដែលការនាំចេញទូកុងតឺន័ររបស់ប្រទេសចិនបានធ្លាក់ចុះ ៤,៧% រាប់ចាប់ពីខែមករា ដល់ខែវិច្ឆិកា ការនាំចេញរបស់វៀតណាម និងឥណ្ឌាបានកើនឡើង ១៣,៣% និង ១៤,៩% រៀងគ្នា»។

ការធ្លាក់ចុះបានបង្កការរំខានដល់បណ្ដាកំពង់ផែឆ្នេរសមុទ្រភាគខាងលិចរបស់អាមេរិកដែលធ្លាប់ទទួលបានការនាំចូលភាគច្រើនដោយផ្ទាល់ពីប្រទេសចិន។ យោងតាមទិន្នន័យដែលចេញផ្សាយដោយក្រុមហ៊ុន Descartes «នៅក្នុងខែតុលា កំពង់ផែ LA និងឡុងប៊ិចបានជួបប្រទះនូវការធ្លាក់ចុះនៃការនាំចូលពីប្រទេសចិនចំនួន ៤៨% និង ៣១,៦% រៀងគ្នា»។

ទិន្នន័យផ្សេងទៀតបានបង្ហាញថា «ការផ្លាស់ប្តូរនេះមិនមែនបណ្តាលមកពីបញ្ហាកម្លាំងពលកម្មតែមួយមុខនោះទេ»។ យោងតាមក្រុមហ៊ុន FreightWaves SONAR «ការនាំចេញរបស់ប្រទេសចិនទៅកាន់សហរដ្ឋអាមេរិកនៅ ចន្លោះឆ្នាំ ២០១៦-២០១៨ មានចំនួនជាមធ្យម ៣៦% នៃបរិមាណទំនិញនាំចូលទៅកាន់សហរដ្ឋអាមេរិក ខណៈដែលបណ្ដាប្រទេសផ្សេងទៀតនៅអាស៊ីមានចំណែក ២៥%»។

ប៉ុន្តែនៅក្នុងឆ្នាំ ២០១៩ ចំណែកនៃការនាំចេញប្រចាំខែជាមធ្យមរបស់ប្រទេសចិនបានធ្លាក់ចុះមកនៅត្រឹម ៣១% ហើយចំណែកនៃនាំចេញរបស់ប្រទេសអាស៊ីផ្សេងទៀតបានកើនឡើងដល់ ២៩%។ នៅចន្លោះឆ្នាំ ២០២០-២០២១ ភាគីនាំចេញទាំងពីរ មានចំណែក ៣០% ដូចគ្នា ហើយនៅក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២១ ចំណែកនៃការនាំចេញរបស់ប្រទេសចិនមានចំនួន ៣០% ខណៈដែលចំណែកនៃការនាំចេញរបស់បណ្ដាប្រទេសអាស៊ីផ្សេងទៀតបានកើនដល់ ៣២%។

ទិន្នន័យពីការិយាល័យតំណាងពាណិជ្ជកម្មរបស់អាមេរិកបានបង្ហាញថា «ទំនិញដែលនាំចូលពីប្រទេសជាសមាជិកអាស៊ានបានកើនឡើង ១១៥% នៅក្នុងឆ្នាំ ២០២០ បើធៀបនឹងទសវត្សរ៍មុន»។ លោកស្រី Bethann Rooney ដែលជាប្រធាននាយកដ្ឋានកំពង់ផែនៃអាជ្ញាធរកំពង់ផែញូវយ៉ក និងរដ្ឋ New Jersey បាននិយាយថា «កំពង់ផែរបស់លោកស្រីបាននិងកំពុងទទួលការនាំចូលបន្ថែមពីប្រទេសឥណ្ឌា, បង់ក្លាដែស, វៀតណាម និងឥណ្ឌូណេស៊ី»។

ប្រទេសជាច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូងនឹងបញ្ជូនទំនិញរបស់ពួកគេបន្ថែមទៀតទៅកាន់ឆ្នេរសមុទ្រភាគខាងកើតសហរដ្ឋអាមេរិក តាមរយៈព្រែកជីកស៊ុយអេដែលនៅតែជាជម្រើសថោកជាង បើទោះបីជាថ្មីៗនេះ ថ្លៃដឹកទំនិញឆ្លងកាត់បានឡើងថ្លៃ ១៥% ក៏ដោយ។ លោកស្រី Rooney បាននិយាយថា «ទីតាំងកំពង់ផែញូវយ៉ក និង New Jersey អាចទទួលបានទំនិញយ៉ាងងាយស្រួលពីតំបន់អាស៊ីតាមរយៈព្រែកជីកប៉ាណាម៉ា និងស៊ុយអេ រួមជាមួយនឹងការដឹកជញ្ជូនពីអឺរ៉ុបនិងអាហ្វ្រិក»។

ដោយលើកឡើងពីការខាតបង់នៅឆ្នេរសមុទ្រភាគខាងលិចដែលបណ្ដាលមកពីស្ថានភាពវីរុសកូវីដ-១៩ នៅក្នុងប្រទេសចិន លោកស្រី Rooney បាននិយាយថា «កំពង់ផែ LA បានរងគ្រោះដោយសារតែការពឹងផ្អែកយ៉ាងខ្លាំងទៅលើតំបន់តែមួយនៃពិភពលោក។ បើអ្នកក្រឡេកមើលទៅប៉ុន្មានខែចុងក្រោយនេះ ផលិតកម្មនៅក្នុងប្រទេសចិនត្រូវបានកាត់បន្ថយ ហើយរោងចក្រជាច្រើននៅទូទាំងប្រទេសចិនត្រូវបានបិទទ្វារ ឬដំណើរការតែពាក់កណ្ដាលនៃសមត្ថភាពផលិតប៉ុណ្ណោះ។ ឥឡូវនេះពិធីបុណ្យចូលឆ្នាំចិនក៏បានមកដល់ទៀត»។

កប៉ាល់ដឹកទូកុងតឺន័របង្ហាញខ្លួននៅឯកំពង់ផែ Los Angeles ក្នុងរដ្ឋកាលីហ្វ័រញ៉ាក្នុងខែវិច្ឆិកាឆ្នាំ 2021។ រូបថត៖ Reuters

ទោះជាយ៉ាងណាក៏ដោយ លោក Sanfield ដែលមកពីកំពង់ផែ LA បានសង្កត់ធ្ងន់ថា «ប្រទេសចិននៅតែជាមហាអំណាចផ្នែកផលិតកម្ម ហើយនឹងនៅតែបន្តស្ថិតក្នុងតួនាទីនេះ បើទោះបីជាបណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនកំពុងប្រដេញតាមពីក្រោយចិនក៏ដោយ។

លោក Nikhil Vyas ដែលមកពីមជ្ឈមណ្ឌល USC Marshall សម្រាប់ការគ្រប់គ្រងខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកលដែលមានមូលដ្ឋាននៅទីក្រុង Los Angeles បាននិយាយថា «នេះគឺជាអ្វីដែលយើងហៅថាយុទ្ធសាស្ត្រចិន+១, ចិន++ និងចិន+++ (China-plus-one, China-plus-plus, China-plus-plus-plus strategies)។ គេនឹងត្រូវចំណាយពេលចន្លោះពី ១៨ ទៅ ២៤ ខែដើម្បីអាចមើលឃើញពីផលប៉ះពាល់ចំពោះបរិមាណទូកុងតឺន័រ»។

លោក Vyas បានបន្តថា «ការបង្វែរទិសដៅនិងការធ្វើពិពិធកម្មអាចនឹងបង្កើនការចំណាយ ក៏ប៉ុន្តែអ្នកប្រើប្រាស់នឹងមិនថាអ្វីនោះទេចំពោះការឡើងថ្លៃទំនិញបន្តិចបន្តួច ដើម្បីផ្តល់ការគាំទ្រដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ដែលធន់ និងលឿនរហ័សជាងមុន»។

ប៉ុន្តែតម្លៃឧស្ម័ននិងឥន្ធនៈថោកជាងមុន ក៏អាចជួយរក្សាតម្លៃដឹកជញ្ជូនឱ្យនៅទាបផងដែរ ដែលអាចផ្ដល់ប្រយោជន៍ច្រើនដល់រដ្ឋបាលរបស់លោក Biden ដែលកំពុងព្យាយាមបន្ធូរបន្ថយសម្ពាធអតិផរណា និងដែលកំពុងមានការភ័យខ្លាចអំពីវិបត្តិសេដ្ឋកិច្ច។ ទន្ទឹមនឹងនេះដែរ ការស្ទង់មតិនៅពេលថ្មីៗនេះបានបង្ហាញថា «អ្នកប្រើប្រាស់ជនជាតិអាមេរិកបានចាប់ផ្តើមយកចិត្តទុកដាក់លើប្រទេសដែលជាអ្នកផលិតទំនិញ និងថាតើម៉ាកយីហោទាំងនោះបានគោរពគុណតម្លៃស្នូលរបស់ពួកគេដែរឬទេ តួយ៉ាងដូចជាទាក់ទងនឹងបរិស្ថាននិងសិទ្ធិមនុស្ស»។

ការស្ទង់មតិកាលពីខែមេសា ឆ្នាំ ២០២២ ដោយក្រុមហ៊ុន Harris Poll ដែលជាក្រុមហ៊ុនស្រាវជ្រាវទីផ្សារ បានបង្ហាញថា «៨២% នៃអ្នកទិញទំនិញជាជនជាតិអាមេរិក ចង់ឱ្យក្រុមហ៊ុនម៉ាកយីហោរគោរពគុណតម្លៃរបស់ពួកគេ ហើយពួកគេនឹងមិនទិញទំនិញនោះទេ ប្រសិនបើគុណតម្លៃរបស់ម៉ាកយីហោរនោះមិនស៊ីគ្នានឹងគុណតម្លៃរបស់ពួកគេ»។ ប្រហែល ៣៨% នៃអ្នកប្រើប្រាស់ជនជាតិអាមេរិក ជារឿយៗតែងតែឆែកមើលព័ត៌មានអំពីប្រទេសដែលជាអ្នកផលិតសម្លៀកបំពាក់ មុននឹងពួកគេសម្រេចចិត្តទិញ (នេះបើយោងតាមកម្មវិធី Lifestyle Monitor សម្រាប់ឆ្នាំ ២០២០-២០២១)។

លោក Vyas យល់ថា «វាពិតជាពិបាកណាស់ក្នុងការប៉ាន់ប្រមាណអំពីវិសាលភាពនៃការផ្តាច់ទំនាក់ទំនងនៅពេលអនាគត។ រោងចក្រប្រមាណពី ២០% ទៅ ៣០% អាចនឹងផ្លាស់ទីចេញពីប្រទេសចិន នៅទសវត្សរ៍ក្រោយ ហើយប្រាកដណាស់នៅពេលដែលអ្នកចាកចេញពីប្រទេសចិនទៅកាន់ប្រទេសផ្សេងទៀត ទីក្រុងញូវយ៉ក/New Jersey នឹងក្លាយជាជម្រើសដែលកាន់តែទាក់ទាញ»។

ទោះជាយ៉ាងណាក៏ដោយ ដោយសារតែតម្រូវការរបស់អ្នកប្រើប្រាស់នៅមានកម្រិតទាប ហើយទំនិញនៅតែមានកម្រិតច្រើនលើសលុប បរិមាណកុងតឺន័រសរុបត្រូវបានគេរំពឹងថានឹងធ្លាក់ចុះចំនួន ៨,៤% នៅក្នុងខែមករា និង ១៩,១% នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៣ បើធៀបនឹងឆ្នាំមុន (យោងតាមសហព័ន្ធលក់រាយជាតិ-National Retail Federation)។

លោក Adam Compain ដែលមកពីក្រុមហ៊ុន Project44 បានព្យាករថា «ដូចអ្វីដែលយើងបានដឹងស្រាប់! កិច្ចខិតខំប្រឹងប្រែងក្នុងការផ្តាច់ទំនាក់ទំនងពីប្រទេសចិននឹងនាំមកនូវការផ្លាស់ប្តូរនៅក្នុងវិស័យដឹកជញ្ជូននៅទូទាំងពិភពលោក។ ប្រសិនបើប្រទេសកំពុងអភិវឌ្ឍផ្សេងទៀតអាចបំពេញតម្រូវការប្រើប្រាស់របស់ពិភពលោក ដូចអ្វីដែលប្រទេសចិនធ្លាប់បានធ្វើអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយនោះ កំពង់ផែតូចៗជាច្រើននៅក្នុងបណ្ដាប្រទេសតូចៗក៏អាចនឹងទទួលបានការកើនឡើងនៃបរិមាណទូរកុងតឺន័រផងដែរ»។

លោក Compain បានបន្ថែមថា «ប៉ុន្តែដោយសារតែកំពង់ផែនៅតាមបណ្ដាប្រទេសអភិវឌ្ឍតិចតួចជាច្រើននៅមិនទាន់មានសមត្ថភាពទទួលនាវាដឹកទំនិញទំនើបៗនៅពេលបច្ចុប្បន្ននេះបាន វានឹងតម្រូវឱ្យមានការកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងកម្រិតដ៏ធំមហិមា»៕

South China Morning Post