ខ្មែរប៉ុស្ដិ៍ Close

បទអត្ថាធិប្បាយ៖ មហាសន្និបាតនៃសភាចិនទាំងពីរ គឺជាផែនទីបង្ហាញផ្លូវប្រចាំឆ្នាំសម្រាប់ការអភិវឌ្ឍប្រទេសចិន ដែលបានទាក់ទាញក្រសែចក្ខុរបស់ពិភពលោក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៩ ខែមីនា ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 30
បទអត្ថាធិប្បាយ៖ មហាសន្និបាតនៃសភាចិនទាំងពីរ គឺជាផែនទីបង្ហាញផ្លូវប្រចាំឆ្នាំសម្រាប់ការអភិវឌ្ឍប្រទេសចិន ដែលបានទាក់ទាញក្រសែចក្ខុរបស់ពិភពលោក បទអត្ថាធិប្បាយ៖ មហាសន្និបាតនៃសភាចិនទាំងពីរ គឺជាផែនទីបង្ហាញផ្លូវប្រចាំឆ្នាំសម្រាប់ការអភិវឌ្ឍប្រទេសចិន ដែលបានទាក់ទាញក្រសែចក្ខុរបស់ពិភពលោក

នៅដើមខែមីនា ជារៀងរាល់ឆ្នាំ គឺជាពេលដែលប្រជាជនទូទាំងប្រទេសចិន មានក្ដីសង្ឃឹមយ៉ាងខ្លាំង ដោយសារជាកំឡុងពេលដែលសភាទាំងពីររបស់ប្រទេសចិនប្រារព្ធធ្វើមហាសន្និបាតរបស់ខ្លួន ដើម្បីដាក់ចេញផែនទីបង្ហាញផ្លូវថ្មីសម្រាប់អភិវឌ្ឍប្រទេសជាតិ ឬក៏អនុម័តច្បាប់ថ្មី ឬធ្វើវិសោធនកម្មច្បាប់ ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាជនទូទាំងប្រទេស និងមានអំណោយផលដល់ពិភពលោក ដែលនេះក៏ជាចំណុចទាក់ទាញពីក្រសែចក្ខុរបស់ពិភពលោកផងដែរ។

មុននឹងស្វែងយល់ពីមហាសន្និបាតនៃសភាទាំងពីររបស់ប្រទេសចិន យើងមកស្វែងយល់សិនថា តើសភាទាំងពីរនេះមានតួនាទីអ្វី? ហេតុអ្វីបានជាការបើកធ្វើមហាសន្និបាតប្រចាំឆ្នាំ ញ៉ាំងឱ្យប្រជាជនទូទាំងប្រទេស សឹងតែសហគមន៍អន្តរជាតិផង មានការយកចិត្តទុកដាក់ដល់ម្លឹង?

ទី១៖ គឺសភាតំណាងប្រជាជនទូទាំងប្រទេសចិន (NPC) ដែលជាអង្គការសិទ្ធិអំណាចកំពូលរបស់ប្រទេសចិន ស្ថិតក្រោមការដឹកនាំនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន។ NPC និងគណៈកម្មាធិការអចិន្ត្រៃយ៍របស់ខ្លួន ជាអ្នកអនុវត្តសិទ្ធិនីតិប្បញ្ញត្តិជាតិ។ NPC បង្កើតឡើងដោយមានសមាសភាពជាតំណាងប្រជាជនមកពីខេត្ត ភូមិភាគស្វយ័ត ក្រុងក្រោមឱវាទមជ្ឈិម តំបន់រដ្ឋបាលពិសេស និងកងទ័ព។ ក្នុងនោះ ត្រូវមានសមាជិកជាជនជាតិភាគតិចផងដែរ។ NPC មានអាណត្តិកាល៥ឆ្នាំ

ទី២៖ គឺសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន (CPPCC) ជាស្ថាប័នចូលរួមប្រឹក្សាយោបល់អំពីគោលនយោបាយ និងច្បាប់ប្រទេសជាតិដែលបង្កើតឡើងដោយមានសមាសភាពជាតំណាងសមាជិកមកពីបក្សកុម្មុយនិស្តចិន បក្សប្រជាធិតេយ្យនានា ឥស្សរជនក្រៅបក្ស សមាគមប្រជាជន ជនជាតិភាគតិចនានានិងគ្រប់មជ្ឈដ្ឋានក្នុងសង្គម ក៏ដូចជាតំណាងជនរួមជាតិ នៃតំបន់រដ្ឋបាលពិសេសហុងកុង តំបន់រដ្ឋបាលពិសេសម៉ាកាវ ជនរួមជាតិតៃវ៉ាន់ ជនរួមជាតិជាអាណិកជនចិនដែលវិលត្រឡប់ចូលប្រទេសចិនវិញ ព្រមទាំងឥស្សរជនដែលទទួលបានការអញ្ជើញជាពិសេស។ ៥ ឆ្នាំ CPPCC ប្តូរអាណត្តិម្តង

ឥឡូវយើងងាកមកមើលពីតួនាទីនៃសភាទាំងពីរនេះម្តង។

NPCមានសិទ្ធិសំខាន់ៗដូចជា៖

ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ត្រួតមើលការអនុវត្តរដ្ឋធម្មនុញ្ញ អនុម័តច្បាប់ផ្សេងៗ និងជ្រើសតាំងប្រធានរដ្ឋ អនុប្រធានរដ្ឋ។ល។ ចំណែកឯ CPPCC មានតួនាទីប្រឹក្សានយោបាយ សង្កេតមើលការអនុវត្តនយោបាយជាតិក្នុងលក្ខណៈប្រជាធិបតេយ្យ ចូលរួមធ្វើនយោបាយ និងពិភាក្សារឿងនយោបាយ ។

អ្វីដែលពិសេសក្នុងអំឡុងពេលបើកមហាសន្និបាត នៃសភាទាំងពីរជារៀងរាល់ឆ្នាំនោះ គឺការថ្លែងរបាយការណ៍ការងាររដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី ដែលនឹងធ្វើការបូកសរុបការងារប្រចាំឆ្នាំចាស់ និងលើកទិសដៅការងារសម្រាប់ឆ្នាំថ្មី ។ របាយការណ៍នេះត្រូវបានប្រជាជនចិនហៅថាជា «ចង្កូតនៃនាវាចិន» ដែលនឹងដឹកនាំប្រជាជនឆ្លងកាត់ព្យុះភ្លៀង ក្នុងឆ្នាំថ្មី និងពេលអនាគត ដើម្បីឆ្ពោះទៅរកត្រើយនៃភាពបវររុងរឿង។

ដោយឡែក នៅក្នុងរបាយការណ៍ការងាររដ្ឋាភិបាលចិនឆ្នាំនេះ មានការខុសប្លែកពីកាលពី ៤ឆ្នាំកន្លងទៅ ដោយសារតែឆ្នាំនេះក៏ជាការចាប់ផ្តើមអនុវត្តនូវ ផែនការអភិវឌ្ឍ៥ឆ្នាំទី១៤ របស់ប្រទេសចិន។ អាស្រ័យហេតុនេះ លោក លី ខឺជាំង នាយករដ្ឋមន្ត្រីចិន មិនត្រឹមតែបានដាក់ចេញទិសដៅការងារសម្រាប់ឆ្នាំ២០២១ ប៉ុណ្ណោះទេ ប៉ុន្តែក៏បានលើកពីផែនការមេ សម្រាប់ការអភិវឌ្ឍក្នុងរយៈពេល៥ឆ្នាំខាងមុខផងដែរ។ ចំណុចនេះហើយ ជាការយកចិត្តទុកដាក់ខ្លាំងរបស់ ប្រជាពលរដ្ឋចិនគ្រប់មជ្ឈដ្ឋាន និងពីសហគមន៍អន្តរជាតិ។

ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា ការដាក់ចេញទិសដៅការងាររបស់រដ្ឋាភិបាលមួយ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងការអភិវឌ្ឍនៃប្រទេសជាតិ និងជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសនោះ។

ជានិច្ចកាល ប្រទេសចិនតែងតែលើកឡើងពីការតម្កល់ទុកឧត្តមប្រយោជន៍របស់ប្រជាជនជាធំ ធ្វើនយោបាយដើម្បីបម្រើប្រយោជន៍ជាតិនិងប្រជាជន។ ហេតុនេះ មហាសន្និបាតទាំងពីរបានពិនិត្យពិភាក្សាលើរបាយការណ៍ការងាររដ្ឋាភិបាល ដោយសមាជិក CPPCC ជាអ្នកលើកជាមតិយោបល់ ឯតំណាងនៃ NPC បានធ្វើការពិភាក្សានិងអនុម័ត។

ចំពោះផែនការមេសម្រាប់៥ឆ្នាំខាងមុខ របាយការណ៍ការងាររដ្ឋាភិបាលចិនបានលើកឡើងថា៖

  • សេដ្ឋកិច្ចដំណើរការក្នុងរង្វង់សមរម្យ
  • អត្រាធ្វើនគរូបនីយកម្មត្រូវលើកកម្ពស់ឱ្យដល់ ៦៥%
  • អាយុកាលរំពឹងទុកជាមធ្យមរបស់ប្រជាជនកើនឡើង ១ឆ្នាំ
  • អត្រាបាត់បង់ការងារនៅទីក្រុងនិងជនបទរក្សាក្នុងចន្លោះ ៥.៥%
  • មនុស្សវ័យចំណាស់ចំនួន ៩៥% នឹងទទួលបានការធានារ៉ាប់រងចិញ្ចឹមជីវិតក្នុងវ័យជរា

ឥឡូវយើងងាកមកមើលពីទិសដៅគន្លឹះ ដែលបានលើកឡើងក្នុងរបាយការណ៍ការងាររដ្ឋាភិបាលចិនក្នុងឆ្នាំនេះ ដែលមានជាអាទិ៍៖

  • កំណើនផលិតផលក្នុងស្រុកសរុបលើសពី ៦%
  • បន្ថែមឱកាសការងារសម្រាប់ពលរដ្ឋនៅទីក្រុងនិងជនបទលើសពី ១១លាននាក់
  • កំណើនថ្លៃប្រាស់ប្រើរបស់ប្រជាជនក្នុងរង្វង់ ៣% (អតិផរណា)
  • កាត់បន្ថយការប្រើប្រាស់ថាមពលក្នុងមួយឯកតានៃ GDP ចំនួន ៣%
  • បរិមាណផលិតស្បៀង រក្សាក្នុងទំហំ ០.៦៥ទ្រីលានគីឡូក្រាម

ចំណែកការងារគន្លឹះវិញ បូករួមទាំងការកាត់បន្ថយឱនភាពហិរញ្ញវត្ថុ កាត់បន្ថយពន្ធដារ បញ្ចុះថ្លៃប្រើប្រាស់អ៊ីនធើណេតរបស់សហគ្រាសធុនតូចនិងមធ្យម ពង្រឹងនិងពង្រីកការច្នៃប្រឌិតថ្មីលើវិស័យគន្លឹះ ផ្សារភ្ជាប់ការងារអភិវឌ្ឍន៍ជនបទជាមួយសមិទ្ធផលនៃការលុបបំបាត់ភាពក្រីក្រ ជំរុញសមភាពនៃការអប់រំ ដោះស្រាយបញ្ហាស្នាក់នៅរបស់ប្រជាជន ពង្រឹងការធានារ៉ាប់រងសុខាភិបាល ជំរុញការបើកទូលាយចំពោះបរទេសក្នុងកម្រិតខ្ពស់ និងធ្វើឱ្យមានសុក្រឹតភាពនូវរបបនិងយន្តការពាក់ព័ន្ធតំបន់ហុងកុង ម៉ាកាវ និងតៃវ៉ាន់ ។ល។

«ត្រូវឱ្យប្រជាពលរដ្ឋគ្រប់រូបគ្មានក្តីកង្វល់ពីរឿងហូបចុក គ្មានក្តីកង្វល់ពីរឿងស្លៀកពាក់» នេះជាទិសដៅការងារដែលលោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានលើកឡើងសម្រាប់ដោះស្រាយបញ្ហាជនក្រីក្រ។

ជាក់ស្តែង យើងឃើញថាវិធីសាស្ត្រគន្លឹះមួយ សម្រាប់ដោះស្រាយបញ្ហាក្រីក្រ និងបញ្ហាហូបចុករបស់ប្រជាជន គឺការផ្តល់ឱកាសការងារសម្រាប់ជនក្រីក្រ និងនិស្សិតទើបបញ្ចប់ការសិក្សា ដើម្បីឱ្យគ្រួសារនីមួយៗមានចំណូលពីកម្លាំងពលកម្មយ៉ាងហោចណាស់បានម្នាក់ ដូចពាក្យថា «បើក្នុងគ្រួសារមួយមានបង្គោលហើយវានឹងមិនបាក់រលំទេ»

ក្នុងន័យខាងលើ ប្រទេសចិនបានរិះរកគ្រប់វិធីដើម្បីបង្កើនឱកាសការងារជារៀងរាល់ឆ្នាំ ក៏ដូចជាលើកទឹកចិត្តឱ្យនិស្សិតទើបបញ្ចប់ការសិក្សា បង្កើតមុខរបរដោយខ្លួនឯង ក្រោមគោលនយោបាយអនុគ្រោះជាច្រើន ធ្វើយ៉ាងណាឱ្យអត្រាបាត់បង់ការងារធ្លាក់ដល់កម្រិតអប្បបរមា។

ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា ប្រទេសចិនជាប្រទេសមានសេដ្ឋកិច្ចធំទី២លើពិភពលោក ដូច្នេះការអភិវឌ្ឍរបស់ប្រទេសចិន មិនត្រឹមតែពាក់ព័ន្ធនឹងប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែក៏មានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយប្រទេសនានាលើពិភពលោកផងដែរ ជាពិសេសក្នុងបរិបទជំងឺកូវីដ-១៩នេះ ប្រទេសចិនដែលមានសេដ្ឋកិច្ចសំខាន់ និងមានកំណើនវិជ្ជមានមុនគេបង្អស់ តើនឹងរួមចំណែកអ្វីទៀត សម្រាប់ការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ?

អាស្រ័យហេតុនេះ ទិសដៅការងារប្រចាំឆ្នាំរបស់ប្រទេសចិន ក៏ត្រូវបានកត់សម្គាល់ខ្លាំងពីសំណាក់សហគមន៍អន្តរជាតិផងដែរ។

ថ្នាក់ដឹកនាំចិនបានប្រកាសជាច្រើនលើកច្រើនសាថា ប្រទេសចិនប្រកាន់ខ្ជាប់គោលនយោបាយបើកទូលាយចំពោះបរទេស ដោយមិនបិទទ្វារជារៀងរហូត ពិសេសគឺប្រកាន់ខ្ជាប់ការគាំពារពហុភាគីនិយម។ ដូចអ្វីដែលបានស្តែងក្នុងរបាយការណ៍នេះ ប្រទេសចិននឹងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ជាមួយបណ្តាប្រទេសនានាដោយឈរលើគោលការណ៍សមភាព និងគោរពគ្នាទៅវិញទៅមក ក៏ដូចជាតាមទម្រង់សហប្រតិបត្តិការផ្សេងៗ ដូចជាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគីជាដើម។

ជាការពិតណាស់ យើងគ្រប់គ្នាតែងរំពឹងជាប់ជានិច្ចថា បណ្តាប្រទេសនានា នឹងមានកិច្ចសហប្រតិបត្តិការ ប្រកបដោយមេត្រីភាពច្រើនឡើងៗ ឯការខ្វែងគំនិតគ្នានិងជម្លោះតិចទៅៗ ដើម្បីរួមគ្នាកសាងពិភពលោកមួយ ដែលប្រកបដោយវិបុលភាពរួម បវររុងរឿងនិងមានសុខសន្តិភាពយូរអង្វែង៕

(អត្ថបទដោយ៖ បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន តាំង ស៊ីឡេង) Fresh News

អត្ថបទទាក់ទង