លទ្ធផលនៃកិច្ចប្រជុំ RBC រវាងបញ្ជាការដ្ឋានយោធភូមិភាគទី៤កម្ពុជា និងបញ្ជាការដ្ឋានកងទ័ពភូមិភាគទី២ថៃ បានឯកភាពគ្នាលើចំណុចសំខាន់ៗចំនួន១១
លទ្ធផលនៃកិច្ចប្រជុំ RBC រវាងបញ្ជាការដ្ឋានយោធភូមិភាគទី៤កម្ពុជា និងបញ្ជាការដ្ឋានកងទ័ពភូមិភាគទី២ថៃ បានឯកភាពគ្នាលើចំណុចសំខាន់ៗចំនួន១១
កិច្ចប្រជុំ RBC រវាងបញ្ជាការដ្ឋានយោធភូមិភាគទី៤កម្ពុជា ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង និងបញ្ជាការដ្ឋានកងទ័ពភូមិភាគទី២ថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ នៅខេត្តស៊ីសាកេត ព្រះរាជាណាចក្រថៃ បានបញ្ចប់ដោយជោគជ័យ ដោយបានឯកភាពគ្នាឈានដល់ការចេញសេចក្តីប្រកាសរួម១១ចំណុច។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរួមនោះដែរ បានឱ្យដឹងថាភាគីទាំងពីរបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តសេចក្តីសម្រេចនៃ កិច្ចប្រជុំពិសេស នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ និងឯកភាពគ្នាក្នុងការរក្សាទំនាក់ទំនងជាប្រចាំរវាងបណ្តាយោធភូមិភាគ និងតំបន់យោធាព្រមទាំងបណ្តាអង្គភាពនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរនិងខិតខំដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចគ្នា។ ភាគីទាំងពីរក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងបន្ថែមទៀតនៅគ្រប់កម្រិតដើម្បីកសាងជំនឿទុកចិត្តនិងលើកកម្ពស់ភាពជាអ្នកជិតខាងល្អ។
លើសពីនេះ ភាគីទាំងពីរកម្ពុជា-ថៃ ក៏បានប្តេជ្ញាចិត្តផងដែរក្នុងការជៀសវាងការចែកចាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយដើម្បីកាត់បន្ថយភាពតានតឹងកាត់បន្ថយសាធារណមតិអវិជ្ជមាននិងព្យាយាមបង្កើតនូវវិធានការជាក់ស្តែងសំដៅលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនាដោយសន្តិវិធី និងបានឯកភាពគ្នាមិនពង្រីកវិសាលភាពនិងទំហំនៃវិវាទរួមបញ្ចូលទាំងសកម្មភាពបង្កហេតុរបស់ទាហាន ឬប្រជាជន ដែលអាចនាំឱ្យមានភាពតានតឹង ដូចជាសម្ដីអុជអាល និងសកម្មភាពរបស់ទាហានដែលទន្ទ្រានចូលទីតាំងរបស់ភាគីម្ខាងទៀតនៅក្រោយពេលដែលបទឈប់បាញ់ចូលជាធរមាននៅម៉ោង២៤:០០នាទី (ម៉ោងក្នុងស្រុក) ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរួមនោះដែរ បានសង្កត់ធ្ងន់ថា រាល់ការធ្វើសកម្មភាពដើម្បីធានាសុវត្ថិភាព រួមបញ្ចូលទាំងការល្បាត និងការសាងសង់ឬការពង្រីកហេដ្ឋារចនាសម្ព័ន្ធឬលេណដ្ឋានដែលមានលក្ខណៈការពារខ្លួនសុទ្ធសាធ និងស្ថិតនៅតែខាងខ្លួនឯងប៉ុណ្ណោះ ភាគីនីមួយៗអាចអនុវត្តទៅបានដោយអនុលោមពេញលេញតាមលក្ខខណ្ឌនៃបទឈប់បាញ់ដែលបានឯកភាពគ្នាដោយភាគីទាំងពីរ នៅក្នុងកិច្ចប្រជុំពិសេសកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាចាយ៉ានិងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ វិធានការនេះមានគោលបំណងលើកកម្ពស់បរិយាកាសនៃជំនឿទុកចិត្តទៅវិញទៅមកនិងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។
ភាគីទាំងពីរបញ្ជាក់សាជាថ្មីអំពីសារៈសំខាន់នៃការឆ្លើយតបប្រកបដោយប្រសិទ្ធភាពនិងឆាប់រហ័សចំពោះការតវ៉ាទៅលើជម្លោះណាមួយដែលកើតមានឡើងតាមព្រំដែនហើយបានយល់ព្រមបញ្ជូនបញ្ហាផ្សេងៗដែលមិនអាចដោះស្រាយបាននៅកម្រិតគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ(RBC)ទៅកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ(GBC) ឬយន្តការសមស្របផ្សេងទៀតតាមការព្រមព្រៀងរបស់ភាគីទាំងពីរ៕



