ខ្មែរប៉ុស្ដិ៍ Close

មេរៀនចំនួន ១០ ស្តីពីការដើរថយក្រោយនៃប្រវត្តិសាស្ត្រ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 55
មេរៀនចំនួន ១០ ស្តីពីការដើរថយក្រោយនៃប្រវត្តិសាស្ត្រ មេរៀនចំនួន ១០ ស្តីពីការដើរថយក្រោយនៃប្រវត្តិសាស្ត្រ

ឆ្នាំ ២០២២ គឺជាឆ្នាំនៃការកើតមានការរាតត្បាតនៃវីរុសដែលនៅតែបន្តអូសបន្លាយ, ការប្រែប្រួលអាកាសធាតុកាន់តែខ្លាំងក្លា, អត្រាអតិផរណាកាន់តែខ្ពស់, កំណើនសេដ្ឋកិច្ចកាន់តែធ្លាក់ចុះ បូករួមនឹងការផ្ទុះសង្គ្រាមដ៏មហន្តរាយនៅទ្វីបអឺរ៉ុប ក៏ដូចជាក្តីកង្វល់ដែលថា «ជម្លោះដ៏ហិង្សាអាចផ្ទុះឡើងឆាប់ៗនៅទ្វីបអាស៊ី»។ បញ្ហាទាំងអស់នេះបានផ្តល់នូវមេរៀនដែលយើងមិនបានអើពើ និងដែលអាចបង្កគ្រោះធំដល់អាយុជីវិតរបស់យើង។

ទី១៖ «សង្គ្រាមរវាងប្រទេសនិងប្រទេសដែលត្រូវបានយល់ឃើញដោយអ្នកសិក្សាស្រាវជ្រាវមួយចំនួនថាជារឿងគ្មានប្រយោជន៍ អាចកើតមានឡើងនៅគ្រប់ពេលវេលាទាំងអស់»។ អ្វីដែលយើងបានឃើញកំពុងកើតមាននៅអឺរ៉ុបនោះគឺ «សង្គ្រាមបែបចក្រព័ទ្ធហួសសម័យ ដែលប្រធានាធិបតីរុស្ស៊ី Vladimir Putin កំពុងចង់ព្យាយាមលុបបំបាត់ប្រទេសអ៊ុយក្រែនក្នុងនាមជាប្រទេសឯករាជ្យនិងអធិបតេយ្យ»។

គោលដៅរបស់លោកគឺ «ការធានាថា ប្រទេសប្រជាធិបតេយ្យដែលផ្តោតលើទីផ្សារ និងដែលចង់បង្កើតឱ្យមានទំនាក់ទំនងជិតស្និទ្ធជាមួយលោកខាងលិចនឹងមិនអាចលូតលាស់បានទេនៅជាប់ព្រំដែនរបសរុស្ស៊ី»។ ជាជាងការសម្រេចបាននូវជ័យជំនះយ៉ាងងាយស្រួលនិងយ៉ាងឆាប់រហ័សដូចការរំពឹងទុក លោក Putin បានរកឃើញថា «កងទ័ពផ្ទាល់របស់លោកមិនមានកម្លាំងខ្លាំងដូចការគិតរបស់លោកនោះទេ ហើយគូប្រជែងរបស់លោកក៏មានការប្តេជ្ញាចិត្តខ្លាំងជាងរូបលោក និងជាងអ្វីដែលមនុស្សជាច្រើននៅលោកខាងលិចបានរំពឹងទុកផងដែរ»។ នៅរយៈពេល ១០ ខែក្រោយមក សង្គ្រាមបានបន្តទៅមុខដោយរកទីបញ្ចប់មិនឃើញ។

ទី២៖ «គំនិតដែលថា ការពឹងផ្អែកលើគ្នាទៅវិញទៅមកផ្នែកសេដ្ឋកិច្ចនឹងបង្កើតជារនាំងទប់មិនឱ្យមានសង្គ្រាម ដោយសារតែគ្មានភាគីណាមួយនឹងចង់បង្កផលប៉ះពាល់ដល់ទំនាក់ទំនងវិនិយោគនិងពាណិជ្ជកម្ម គឺលែងអាចយកជាការបានទៀតហើយ»។ ការគិតគូរផ្នែកនយោបាយគឺជាចំណុចអាទិភាព។ ជាក់ស្តែង ការពឹងផ្អែកខ្លាំងរបស់សហភាពអឺរ៉ុបទៅលើការផ្គត់ផ្គង់ថាមពលរបស់រុស្ស៊ីអាចជាការរួមចំណែកដ៏ធំដល់ការ សម្រេចចិត្តរបស់លោក Putin ក្នុងការឈ្លានពាន ដោយក្នុងនោះលោកអាចនឹងសន្និដ្ឋានថា «អឺរ៉ុបនឹងមិនងើបប្រឆាំងនឹងរូបលោកនោះឡើយ»។

ទី៣៖ «សមាហរណកម្មដែលបានផ្តល់សន្ទុះដល់គោលនយោបាយរបស់លោកខាងលិចអស់រយៈពេលជាច្រើនទសវត្សរ៍ ក៏បានបរាជ័យផងដែរ»។ យុទ្ធសាស្ត្រនេះបានផ្អែកលើជំនឿដែលថា «ទំនាក់ទំនងសេដ្ឋកិច្ចគួបផ្សំនឹងការផ្លាស់ប្តូរវប្បធម៌, ការសិក្សាស្រាវជ្រាវ និងកិច្ចការផ្សេងៗទៀតនឹងជួយជំរុញការវិវឌ្ឍផ្នែកនយោបាយដែលអាចនាំមកនូវការលេចឡើងនូវប្រទេសចិនមួយដែលកាន់តែបើកចំហ, ដែលកាន់តែផ្តោតលើទីផ្សារ និងដែលកាន់តែមានភាពកណ្តាលនិយម នៅក្នុងគោលនយោបាយការបរទេសរបស់ខ្លួន»។

ប៉ុន្តែរឿងទាំងអស់នេះមិនបានកើតឡើងនោះទេ ហើយរឿងដែលច្បាស់នោះគឺ «ប្រព័ន្ធនយោបាយរបស់ចិនមានលក្ខណៈកាន់តែសង្កត់សង្កិន, សេដ្ឋកិច្ចកាន់តែផ្តោតលើរដ្ឋ ហើយគោលនយោបាយការបរទេសក៏កាន់តែមានលក្ខណៈឈ្លានពានឡើងៗ»។

ទី៤៖ «ទណ្ឌកម្មសេដ្ឋកិច្ចដែលជាឧបករណ៍ដែលលោកខាងលិចនិងបណ្តាប្រទេសជាដៃគូតែងប្រើដើម្បីឆ្លើយតបទៅនឹងការរំលោភសិទ្ធិមនុស្សរបស់រដ្ឋាភិបាលមួយ ឬទៅនឹងសកម្មភាពឈ្លានពាននៅបរទេស មិនអាចនាំមកនូវការផ្លាស់ប្តូរអាកប្បកិរិយាប្រកបដោយអត្ថន័យនោះទេ»។ សូម្បីតែសកម្មភាពឈ្លានពានដ៏ឃោរឃៅរបស់រុស្ស៊ីនៅអ៊ុយក្រែន ក៏មិនអាចបញ្ចុះបញ្ចូលរដ្ឋាភិបាលភាគច្រើននៅក្នុងពិភពលោកឱ្យផ្តាច់ទំនាក់ទំនងការទូត ឬសេដ្ឋកិច្ចពីរុស្ស៊ីនោះដែរ។ បើទោះបីជាទណ្ឌកម្មរបស់លោកខាងលិចអាចកាត់បន្ថយកម្លាំងសេដ្ឋកិច្ចរបស់រុស្ស៊ីក៏ដោយ ក៏វាមិនអាចបញ្ចុះបញ្ចូលលោក Putin ឱ្យផ្លាស់ប្តូរគោលនយោបាយរបស់លោកឡើយ។

ទី៥៖ «ឃ្លាៈ សហគមន៍អន្តរជាតិគួរតែបោះចោលទៅ» ពីព្រោះវាគ្មានសហគមន៍អន្តរជាតិអ្វីនោះទេ។ អំណាចវេតូរបស់រុស្ស៊ីនៅឯក្រុមប្រឹក្សាសន្តិសុខបានធ្វើឱ្យអង្គការសហប្រជាជាតិគ្មានអំណាច ខណៈដែលជំនួបរវាងមេដឹកនាំពិភពលោកនៅពេលថ្មីៗនេះនៅអេហ្ស៊ីប ដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ បានទទួលបរាជ័យទាំងស្រុង។

លើសពីនេះ ការឆ្លើយតបជាសកលទៅនឹងវីរុសកូវីដ-១៩ មានកម្រិតតិចតួចណាស់ ហើយវាស្ទើរតែគ្មានការត្រៀមខ្លួនទាល់តែសោះចំពោះវីរុសថ្មីៗនៅក្នុងពេលអនាគត។ គោលនយោបាយពហុភាគីនៅតែមានភាពចាំបាច់ ក៏ប៉ុន្តែប្រសិទ្ធភាពរបស់វានឹងត្រូវពឹងផ្អែកលើការបង្កើនការប្តេជ្ញាចិត្តកាន់តែតូចចង្អៀតនៅក្នុងចំណោមរដ្ឋាភិបាលដែលមានចិត្តគំនិតដូចគ្នា។

ទី៦៖ «លទ្ធិប្រជាធិបតេយ្យកំពុងជួបប្រទះនឹងបញ្ហាប្រឈម ក៏ប៉ុន្តែបញ្ហាដែលលទ្ធិផ្តាច់ការកំពុងប្រឈមមុខគឺមានទំហំកាន់តែធំធេង»។ មនោគមវិជ្ជានិងការរស់រានរបស់របបដឹកនាំតែងតែជាកត្តាជំរុញការសម្រេចចិត្តនៅក្នុងប្រព័ន្ធបែបនេះ ហើយមេដឹកនាំផ្តាច់ការជារឿយៗតែងប្រឆាំងនឹងការបោះបង់ចោលនូវគោលនយោបាយដែលបរាជ័យ ឬមិនយល់ព្រមសារភាពទទួលកំហុសដើម្បីជៀសវាងពីការបង្ហាញឱ្យឃើញនូវភាពខ្សោយ និងដើម្បីជៀសវាងការអំពាវនាវពីសាធារណជនឱ្យមានការផ្លាស់ប្តូរ។ របបបែបនេះត្រូវតែឆាប់ដឹងខ្លួន និងទទួលស្គាល់នូវហានិភ័យនៃការអាចកើតមានបាតុកម្មទ្រង់ទ្រាយធំ ដូចជានៅរុស្ស៊ី ឬអ្វីដែលបានកើតមាននៅចិន និងអ៊ីរ៉ង់កាលពីពេលថ្មីៗនេះ។

ទី៧៖ «សក្តានុពលដែលប្រព័ន្ធអ៊ីនធឺណិតអាចផ្តល់សិទ្ធិអំណាចដល់រូបវន្តបុគ្គលក្នុងការប្រឆាំងនឹងរដ្ឋាភិបាលគឺមានទំហំធំធេងខ្លាំងណាស់នៅក្នុងរបបប្រជាធិបតេយ្យ ជាជាងនៅក្នុងប្រព័ន្ធដែលបិទជិត»។ របបផ្តាច់ការដូចជារបបនៅចិន, រុស្ស៊ី និងកូរ៉េខាងជើង អាចបិទខ្ទប់សង្គមរបស់ពួកគេ, អាចបង្កើនការឃ្លាំមើល, អាចរឹតត្បិតលើមាតិការ ឬក៏អាចធ្វើរឿងទាំងពីរនេះក្នុងពេលតែមួយ។ ទន្ទឹមគ្នានេះដែរ បណ្តាញផ្សព្វផ្សាយសង្គមនៅក្នុងរបបប្រជាធិបតេយ្យគឺងាយរងទៅនឹងការផ្សព្វផ្សាយនូវការភូតកុហក និងព័ត៌មានមិនពិតណាស់ ដែលជាហេតុអាចបង្កើនការបែកបាក់នៅក្នុងសង្គម និងអាចធ្វើឱ្យការដឹកនាំជួបប្រទះនឹងការលំបាកកាន់តែខ្លាំង។

ទី៨៖ «វានៅតែមានលោកខាងលិច (ដែលផ្អែកលើគុណតម្លៃរួមជាជាងលើភូមិសាស្ត្រ) ហើយសម្ព័ន្ធភាពនៅតែជាឧបករណ៍ដ៏សំខាន់ក្នុងការលើកកម្ពស់សណ្តាប់ធ្នាប់»។ សហរដ្ឋអាមេរិក និងបណ្តាដៃគូរបស់ខ្លួននៅក្នុងអង្គការ NATO បានឆ្លើយតបយ៉ាងមានប្រសិទ្ធភាពទៅនឹងសកម្មភាពឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។

សហរដ្ឋអាមេរិកក៏បានពង្រឹងទំនាក់ទំនងកាន់តែរឹងមាំផងដែរនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដើម្បីដោះស្រាយការគំរាមកំហែងកាន់តែរីកធំដែលបង្កឡើងដោយប្រទេសចិន ជាពិសេសតាមរយៈសម្ព័ន្ធភាពសន្តិសុខ Quad, AUKUS និងការបង្កើនកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយជប៉ុន និងកូរ៉េខាងត្បូង។

ទី៩៖ «ភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិកនៅតែមានភាពចាំបាច់»។ សហរដ្ឋអាមេរិកមិនអាចដើរតួនាទីជាឯកតោភាគីនៅក្នុងពិភពលោកបានទេ ប្រសិនបើខ្លួនចង់រក្សាឥទ្ធិពល ក៏ប៉ុន្តែពិភពលោកនឹងមិនអាចរួបរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខ និងបញ្ហាប្រឈមផ្សេងៗទៀតបាននោះទេ ប្រសិនបើសហរដ្ឋអាមេរិកអសកម្ម ឬស្ថិតនៅខាងក្រៅឆាក។ ឆន្ទៈរបស់អាមេរិកក្នុងការដឹកនាំនៅជួរមុខ ជាជាងនៅជួរក្រោយនៅតែមានភាពចាំបាច់។

ចំណុចចុងក្រោយ «យើងត្រូវតែប្រកាន់ជំហរអព្យាក្រឹត្យពាក់ព័ន្ធនឹងអ្វីដែលយើងដឹង»។ អ្វីដែលយើងបានរៀនសូត្រនោះគឺ «ប្រវត្តិសាស្ត្រមិនត្រឹមតែបានវិលត្រឡប់មកវិញប៉ុណ្ណោះទេ ប៉ុន្តែវាក៏នៅតែអាចធ្វើឱ្យយើងមានការភ្ញាក់ផ្អើល បើទោះបីជាក្រោមរូបភាពល្អ ឬអាក្រក់ក៏ដោយ»៕

Project Syndicate