ខ្មែរប៉ុស្ដិ៍ Close

តើការទូតអ្នកចម្បាំងចចករបស់ចិនកំពុងធ្លាក់ចុះខ្សោយមែនទេ? វាអាចធ្លាក់ចុះនៅក្នុងពាក្យសម្ដី ក៏ប៉ុន្តែមិនមែននៅក្នុងសកម្មភាពនោះទេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៨ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 43
តើការទូតអ្នកចម្បាំងចចករបស់ចិនកំពុងធ្លាក់ចុះខ្សោយមែនទេ? វាអាចធ្លាក់ចុះនៅក្នុងពាក្យសម្ដី ក៏ប៉ុន្តែមិនមែននៅក្នុងសកម្មភាពនោះទេ តើការទូតអ្នកចម្បាំងចចករបស់ចិនកំពុងធ្លាក់ចុះខ្សោយមែនទេ? វាអាចធ្លាក់ចុះនៅក្នុងពាក្យសម្ដី ក៏ប៉ុន្តែមិនមែននៅក្នុងសកម្មភាពនោះទេ

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកចម្បាំងចចកបានក្លាយជាឃ្លាដ៏គួរឱ្យកត់សម្គាល់ ដែលត្រូវបានប្រើដើម្បីពិពណ៌នាអំពីវិធីសាស្ត្រការទូតរបស់ចិនដែលមាន លក្ខណៈឈ្លានពាន និងវាយប្រហារកាន់តែខ្លាំងឡើង។ ដោយត្រូវបានគេយកឈ្មោះតាមខ្សែភាពយន្ដបាញ់ប្រហារបែបជាតិនិយមចិន វិធីសាស្រ្តនេះបានបង្កឱ្យមានភាពច្របូកច្របល់ទាំងនៅក្នុងមជ្ឈដ្ឋាននយោបាយ និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ។

កាលពីជាងមួយឆ្នាំមុន នៅចំពេលដែលទំនាក់ទំនងមានលក្ខណៈកាន់តែយ៉ាប់យ៉ឺនជាមួយលោកខាងលិច អ្នកសង្កេតការណ៍បានចាប់ផ្តើមកត់សម្គាល់នូវការផ្លាស់ប្តូរវិធីសាស្រ្តរបស់ប្រទេសចិន ជាពិសេសនៅក្នុងកម្រិតវោហាសាស្ត្រ បន្ទាប់ពីប្រធានាធិបតី Xi Jinping បានជំរុញឱ្យមន្ត្រីចិន «រៀបរាប់រឿងរ៉ាវរបស់ប្រទេសចិនឱ្យបានល្អ និងបង្កើតរូបភាពដ៏គួរឱ្យស្រឡាញ់ឱ្យបានច្រើនអំពីប្រទេសចិនទៅកាន់ពិភពលោក»។

នៅប៉ុន្មានសប្តាហ៍មុននេះ រដ្ឋមន្ត្រីការបរទេសថ្មីរបស់ចិន លោក Qin Gang បានសម្តែងនូវការកោតសរសើរចំពោះប្រជាជនអាមេរិក និងបានប្តេជ្ញាជំរុញទំនាក់ទំនងទ្វេភាគី។ ការផ្លាស់ប្តូរវោហាសាស្ត្រទាំងនេះក៏ត្រូវបានគេមើលឃើញនៅក្នុងការឆ្លើយតបរបស់ប្រទេសចិនចំពោះសង្រ្គាមនៅអ៊ុយក្រែនផងដែរ។

ប្រទេសចិនធ្លាប់បានរិះគន់សហរដ្ឋអាមេរិកនិងអង្គការ NATO ថាបានបង្កឱ្យមានភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន ក៏ប៉ុន្តែសេចក្តីថ្លែងការណ៍ផ្លូវការនៅពេលថ្មីៗនេះបានសង្កត់ធ្ងន់លើវិធីសាស្ត្រក្នុងន័យស្ថាបនា ដើម្បីកាត់បន្ថយជម្លោះ តាមរយៈការសន្ទនាដោយសន្តិវិធី ដោយមិនសំដៅលើភាគីណាមួយឡើយ។

កាលពីដើមឆ្នាំនេះ លោក Qin បានសង្កត់ធ្ងន់ថា «ទំនាក់ទំនងរវាងចិននិងរុស្ស៊ីគឺផ្អែកលើការមិនចងសម្ព័ន្ធភាព និងការមិនកំណត់គោលដៅលើភាគីទី៣» ហើយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន «The Post» ឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហភាពអឺរ៉ុប លោក Fu Cong ថែមទាំងបាននិយាយថា «ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការនិយាយថា ខ្លួនមានភាពជាដៃគូគ្មានដែនកំណត់ជាមួយសហភាពអឺរ៉ុប» ដោយបានមើលស្រាលលើភាពជាដៃគូគ្មានដែនកំណត់រវាងទីក្រុងប៉េកាំងជាមួយទីក្រុងម៉ូស្គូ។

ការផ្លាស់ប្តូរចេញពីវោហាសាស្ត្របែបវាយប្រហារអាចមានទាក់ទងនឹងបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចនៅក្នុងស្រុក ដែលរួមមានការធ្លាក់ចុះនៃតម្រូវការ, ភាពជាប់គាំងនៅក្នុងការផ្គត់ផ្គង់ និងការរំពឹងទុកក្នុងស្រុកដ៏អាប់អួរ។ ការទូតអ្នកចម្បាំងចចករបស់ចិនបានបង្កឱ្យមានការកើនឡើងនៃមតិមិនអំណោយផលចំពោះប្រទេសចិន។ ទន្ទឹមនឹងនេះដែរ ការដាក់ទណ្ឌកម្មរបស់អាមេរិកលើវិស័យឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់បានបង្កបញ្ហាប្រឈមយ៉ាងខ្លាំងដល់គោលដៅរបស់ប្រទេសចិនក្នុងការក្លាយជាប្រទេសដែលមានសមត្ថភាពផ្នែកបច្ចេកវិទ្យាគ្រប់គ្រាន់។

ការពិចារណាជាក់ស្តែងអាចជួយជំរុញឱ្យប្រទេសចិនខិតខំពង្រឹងទំនាក់ទំនងអន្តរជាតិឱ្យបានកាន់តែប្រសើរ បើទោះបីជាមានភាពខុសគ្នាផ្នែកភូមិសាស្ត្រនយោបាយ និងមនោគមវិជ្ជាជាមួយប្រទេសមួយចំនួនក៏ដោយ។ ជាឧទាហរណ៍ : នៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់នៅពេលថ្មីៗនេះជាមួយហ្វីលីពីននិងវៀតណាម ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចត្រូវបានចាត់ទុកជាប្រធានបទដ៏លេចធ្លោបំផុតបើទោះបីជាកំពុងមានការប្រកួតប្រជែងនៅក្នុងសមុទ្រចិនខាងត្បូងក៏ដោយ។

កិច្ចខិតខំប្រឹងប្រែងទាំងនេះដែលមានគោលបំណងបង្កើតរូបភាពអន្តរជាតិវិជ្ជមាន និងរក្សាស្ថិរភាពនៃទំនាក់ទំនងទ្វេភាគី អាចជួយកាត់បន្ថយនូវវោហាសាស្ត្រវាយប្រហារជ្រុលហួសហេតុពេករបស់ចិន។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងប៉េកាំងត្រូវបានគេរំពឹងថានឹងនៅតែបន្តសកម្មភាពឈ្លានពានរបស់ខ្លួន ជាពិសេសជុំវិញបញ្ហាដែលជាផលប្រយោជន៍ស្នូល។

កាលពីចុងខែវិច្ឆិកាឆ្នាំមុន កងកម្លាំងឆ្មាំសមុទ្រចិនត្រូវបានគេរាយការណ៍ថាបានរឹបអូសដោយបង្ខំនូវបំណែកគ្រាប់រ៉ុក្កែតចិន ដែលកងទ័ពជើងទឹកហ្វីលីពីនបានអូសទៅកាន់កោះមួយនៅក្នុងសមុទ្រចិនខាងត្បូង។ ការពន្យល់របស់ចិនដែលថា «បំណែកនោះត្រូវបានប្រគល់មកវិញ បន្ទាប់ពីការពិគ្រោះយោបល់ដោយសន្តិវិធី» មានលក្ខណៈខុសពីអ្វីដែលហ្វីលីពីនបានលើកឡើង។

កាលពីខែធ្នូ ប្រទេសហ្វីលីពីនបានសម្តែងនូវការព្រួយបារម្ភចំពោះរបាយការណ៍របស់ចិនដែលបានបន្តធ្វើសកម្មភាពសាងសង់កោះសិប្បនិម្មិតថ្មីៗ នៅជុំវិញប្រជុំកោះ Spratly បើទោះបីជាប្រទេសចិនបានច្រានចោលនូវរបាយការណ៍នេះ ដោយបានលើកឡើងវាថាជា «រឿងមិនពិតទាំងស្រុង» ក៏ដោយ។

គ្មានសញ្ញាណាមួយដែលបានបង្ហាញថា «ទីក្រុងប៉េកាំងបានដកថយពីខ្សែបន្ទាត់ ៩ ចំណុចរបស់ខ្លួននោះទេ» ដែលជាប្រភពនៃជម្លោះដែលបានកើតឡើងដដែលៗ ជាពិសេសពាក់ព័ន្ធនឹងធនធានជលផល និងថាមពលរវាងប្រទេសចិន និងបណ្តារដ្ឋផ្សេងៗទៀតដែលជាភាគីជម្លោះ។

គេនៅរង់ចាំមើលថា «តើការឈ្លានពានរបស់ចិននៅសមុទ្រចិនខាងត្បូងនឹងប្រែប្រួលទៅជាយ៉ាងណា»។ ពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់ ប្រទេសចិនបានចាប់ផ្តើមសមយុទ្ធយោធាទ្រង់ទ្រាយធំនៅជុំវិញកោះនេះ និងបានដាក់ទណ្ឌកម្មផ្សេងៗលើកោះតៃវ៉ាន់ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi កាលពីខែសីហាឆ្នាំមុន។

ចាប់តាំងពីពេលនោះមក ប្រទេសចិនបានបង្កើនការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់។ នៅចុងខែធ្នូ ប្រទេសចិនបានធ្វើសមយុទ្ធយោធាដ៏ធំមួយទៀតនៅជិតកោះតៃវ៉ាន់ ដោយក្នុងនោះយន្តហោះចម្បាំងចំនួន ៤៧ គ្រឿង ត្រូវបានគេរាយការណ៍ថាបានលុកលុយចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់ បន្ទាប់ពីប្រធានាធិបតីអាមេរិក Joe Biden បានចុះហត្ថលេខាលើច្បាប់ការពារជាតិ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខរវាងអាមេរិកនិងតៃវ៉ាន់។

ប្រទេសចិនបានថ្កោលទោសទង្វើរបស់អាមេរិកនិងតៃវ៉ាន់ និងបានចាត់ទុកវាជា «ការកើនឡើងនៃការឃុបឃិតគ្នា និងការបង្កហេតុ»។ សមយុទ្ធចុងក្រោយបំផុតរបស់ចិននៅឆ្នាំនេះមានការចូលរួមពីសំណាក់យន្តហោះចម្បាំងចំនួន ២៣ គ្រឿងដែលបានឆ្លងកាត់ព្រំដែនរបស់ច្រកសមុទ្រតៃវ៉ាន់។

នៅពេលថ្មីៗនេះ នៅពេលដែលប្រទេសចិនបានបើកព្រំដែនរបស់ខ្លួនឡើងវិញ បន្ទាប់ពីការលុបចោលនូវគោលនយោបាយ «Zero Covid» ប្រទេសមួយចំនួនបានបង្កើនការរឹតបន្តឹងលើអ្នកដំណើរចិន និងបានលើកឡើងអំពីកង្វះខាតព័ត៌មានពីខាងភាគីចិនជុំវិញការប្រែប្រួលនៃស្ថានភាពវីរុសកូវីដ-១៩ នៅក្នុងប្រទេស និងការព្រួយបារម្ភអំពីរលកថ្មីៗនៃការឆ្លងដែលបង្កឡើងដោយអ្នកដំណើរមកពីប្រទេសចិន។

ផ្អែកលើបញ្ហានេះ អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានចាត់ទុកវិធានការរឹតបន្តឹងនេះជា «រឿងដែលអាចយល់បាន»។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងប៉េកាំងបានចាត់ទុកវិធានការបែបនេះជា «ការរើសអើង» និងបានគំរាមចាត់វិធានការសងសឹក។

ប្រទេសចិនបានផ្អាកការចេញទិដ្ឋាការសម្រាប់ពលរដ្ឋកូរ៉េខាងត្បូង និងជប៉ុន។ ក្រសួងការបរទេសជប៉ុនបាននិយាយថា «វិធានការនេះគឺជារឿងដ៏ខុសឆ្គង» ហើយអ្នកវិភាគបានរំពឹងថា «ប្រទេសចិននឹងចាត់វិធានការស្រដៀងគ្នានេះប្រឆាំងនឹងប្រទេសដទៃទៀត»។

ការតែងតាំងលោក Qin Gang ជារដ្ឋមន្ត្រីការបរទេសចិន និងការផ្ទេរអ្នកចម្បាំងចចកដ៏លេចធ្លោ Zhao Lijian ដែលជាអ្នកនាំពាក្យក្រសួងការបរទេសទៅកាន់តួនាទីដែលមិនសូវលេចធ្លោរ នៅក្នុងនាយកដ្ឋានកិច្ចការព្រំដែននិងមហាសមុទ្រអាចជាសញ្ញាមួយនៃការផ្លាស់ប្តូរនៅក្នុងគោលនយោបាយការបរទេសរបស់ប្រទេសចិន។

បើទោះបីជាកាលពីពេលថ្មីៗនេះ លោក Qin បានប្រកាន់ជំហរកណ្តាលក៏ដោយ ក៏ប៉ុន្តែលោកធ្លាប់បានសរសេរលិខិតមួយទៅកាន់សមាជិកព្រឹទ្ធសភាអាមេរិកម្នាក់ដោយបានហៅលោកថាជា «មនុស្សក្រអឺតក្រទម និងគួរឱ្យស្អប់ខ្ពើម»។ ការផ្លាស់ប្តូរតំណែងរបស់លោក Zhao អាចត្រូវបានធ្វើឡើងក្នុងគោលបំណងដកការចាប់អារម្មណ៍ជាបណ្តោះអាសន្ន។

ប៉ុន្តែក្នុងនាមជាអនុប្រធាននាយកដ្ឋាន លោកនៅតែមានឥទ្ធិពលលើបញ្ហាចម្រូងចម្រាសមួយចំនួន ដែលបានបន្តបង្កផលប៉ះពាល់ដល់ទំនាក់ទំនងរបស់ចិនជាមួយបរទេស។ ជារួម បើទោះបីជាចិនបានកាត់បន្ថយវោហាសាស្ត្ររបស់ខ្លួនក៏ដោយ ក៏វាមិនទំនងទេដែលថា «ប្រទេសចិននឹងកាត់បន្ថយជំហរឈ្លានពានរបស់ខ្លួន ជាពិសេសការទាមទារដែលចិន យល់ថាជារឿងស្របច្បាប់»។

រឿងនេះនឹងកាន់តែច្បាស់លាស់ ជាពិសេសពាក់ព័ន្ធនឹងបញ្ហាប្រឈមសំខាន់ៗ ដូចជាបញ្ហាកោះតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង។ ប្រសិនបើគ្មានវោហាសាស្ត្របែបវាយប្រហារទេ តើវិធីសាស្ត្រនេះចំពោះគោលនយោបាយការបរទេសចិននៅតែអាចត្រូវបានគេចាត់ទុកជា «ការទូតអ្នកចម្បាំងចចក» ដែរឬទេ? នៅទីបំផុតវានឹងអាស្រ័យលើរបៀបដែលមនុស្សម្នាក់ៗកំណត់ឃ្លានេះ៕

South China Morning Post

អត្ថបទទាក់ទង