ខ្មែរប៉ុស្ដិ៍ Close

លោក George Yeo ៖ អាស៊ាន​មិន​ចាប់​អារម្មណ៍​នឹងការរកស៊ីផ្ដាច់មុខជាមួយ​មហាអំណាច​តែមួយនោះទេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១៥ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 31
លោក George Yeo ៖ អាស៊ាន​មិន​ចាប់​អារម្មណ៍​នឹងការរកស៊ីផ្ដាច់មុខជាមួយ​មហាអំណាច​តែមួយនោះទេ លោក George Yeo ៖ អាស៊ាន​មិន​ចាប់​អារម្មណ៍​នឹងការរកស៊ីផ្ដាច់មុខជាមួយ​មហាអំណាច​តែមួយនោះទេ

អតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក George Yeo បាននិយាយកាលពីថ្ងៃអង្គារ ទី ១០ ខែមករា ថា: វាគឺជាកំហុសក្នុងការគិតថា អាស៊ានចាប់អារម្មណ៍ក្នុងការធ្វើជំនួញផ្តាច់មុខតែជាមួយមហាអំណាចណាមួយ។

ដោយគូសបញ្ជាក់អំពីរបៀបដែលការធ្វើពិពិធកម្មមានសារៈសំខាន់ចំពោះអាស៊ាន និងការរីកចម្រើនជាបន្តបន្ទាប់របស់ប្លុកនេះ លោកបាននិយាយថា «នៅពេលដែលមហាអំណាចផ្សេងទៀតចាត់ទុកវត្តមានរបស់ពួកគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ថាជាល្បែងឈ្នះ-ចាញ់ដាច់ខាត (zero-sum game) នោះគឺពួកគេកំពុងបង្កើតកំហុសដ៏ធំមួយហើយ»។

លោក​បាន​បន្ត​ថា​ «​វា​មិន​មែនមាន​ន័យ​ថា ដោយ​សារ​តែ​យើង​ល្អូកល្អឺន​ជាមួយប្រទេស​ចិន ទើបយើង​មិន​ល្អូកល្អឺនជាមួយពួកគេនោះ​ទេ។ តាម​ពិតទៅ គឺ​វា​ផ្ទុយ​ពី​នេះ។ កាលណាយើងកាន់តែជិតស្និទ្ធជាមួយប្រទេសចិន នោះយើងនឹងឃើញទំហំពាណិជ្ជកម្មរបស់យើងមានការកើនឡើង ហើយយើងនឹងកាន់តែមិនស្រួលក្នុងចិត្តនៅពេលដែលសេដ្ឋកិច្ចរបស់យើងត្រូវបានរឹតត្បិត»។ លោក​បាន​បន្ថែម​ថា ក្នុងន័យនេះ​ ប្រទេស​ក្នុង​តំបន់​នឹងកាន់តែ​ស្វាគមន៍​វត្តមានរបស់ប្រទេស​មហាអំណាច​ផ្សេង​ៗទៀត។

លោក Yeo ដែលជាបញ្ញាវន្តជើងចាស់មួយរូបនៅសាលា Lee Kuan Yew School of Public Policy បានលើកឡើងអំពីចំណុចទាំងនេះនៅក្នុងសុន្ទរកថាគន្លឹះរបស់លោក ដើម្បីបើកវេទិកាប្រចាំឆ្នាំស្ដីពីទស្សនវិស័យតំបន់ (Regional Outlook Forum)។ នៅក្នុងសុន្ទរកថានោះ លោក Yeo ក៏បានគូសបញ្ជាក់អំពីតួនាទីដែលអាស៊ានអាចដើរតួនៅក្នុងកិច្ចការពិភពលោក តាមរយៈការជួយបំបែកឧបសគ្គ និងជួយសម្រួលដល់ការពិភាក្សានានា។

លោកបានចង្អុលបង្ហាញថា ជាធម្មតាប្រព័ន្ធពហុប៉ូលតែងតែមិនមានស្ថិរភាពនោះទេ ប៉ុន្តែវាប្រកបទៅដោយថាមវន្ត ដោយសារតែកម្លាំងខ្លះខ្លាំងជាងកម្លាំងខ្លះទៀត។ ដូច្នេះហើយទើបការពិភាក្សាគ្នាតែងតែជារឿងចាំបាច់។ លោក Yeo បាននិយាយថា «មូលហេតុនេះហើយទើបអាស៊ានអាចដើរតួនាទីពិសេសបាន»។

ចំពោះកិច្ចប្រជុំកំពូល G-20 នៅកោះបាលីកាលពីខែវិច្ឆិកាថ្មីៗនេះ លោក Yeo បាន និយាយថា លោកប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo បានធ្វើកិច្ចការមួយយ៉ាងល្អក្នុងការដោះស្រាយស្ថានការណ៍ដ៏ស្មុគស្មាញ ចំពេលមានភាពតានតឹងរវាងមហាអំណាចផ្សេងៗគ្នា តួយ៉ាងដូចជាអាមេរិក និង​រុស្ស៊ីជាដើម។ លោក Yeo បាន និយាយថា នៅក្រោមអាណត្តិដឹកនាំរបស់ឥណ្ឌូណេស៊ី កិច្ចប្រជុំ G-20 ដែលប្រធានាធិបតីអាមេរិក Joe Biden និងប្រធានាធិបតីចិន Xi Jinping បានជួបគ្នាដោយផ្ទាល់ជាលើកដំបូងជាប្រវត្តិសាស្ត្រ ចាប់តាំងពីលោក Biden ចូលកាន់តំណែងមក បានផ្តល់បរិយាកាសដ៏ល្អមួយសម្រាប់មេដឹកនាំផ្សេងៗក្នុងការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក។

លោក​បាន​បន្ថែម​ថា​ «​នេះ​គឺជាឧទាហរណ៍មួយដែល​អាស៊ាន​អាច​ធ្វើ​បាន។ វាមិន​មែន​ជា​ការ​អារកាត់ថា «យើង​ជាអ្នកត្រូវ, អ្នក​ឯងជាអ្នកខុស, ពិភពលោកគឺវាអញ្ចឹង» នោះទេ។ ប៉ុន្តែវាគឺជាការបង្ហាញអំពីកាយវិការ សប្បុរសតាមរយៈការ​បង្ហាញ​នូវការ​គោរព ការ​យល់ព្រម និង​ការ​ទទួល​ស្គាល់»។ «តាមរយៈវិធីនេះ ពោលគឺតាមរយៈការផ្តល់មធ្យោបាយមួយដើម្បីផ្សារភ្ជាប់ការបែកបាក់ វាអាចធ្វើឱ្យតំបន់នេះកាន់តែមានផាសុកភាព ហើយសង្ឃឹមថា ពិភពលោកនឹងកាន់តែប្រសើរជាងមុន»។

ឆ្លើយតបទៅនឹងសំណួររបស់អ្នកចូលរួមស្ដាប់ម្នាក់ដែលបានសួរអំពីរបៀបដែលនយោបាយក្នុងស្រុកអាចបង្កផលប៉ះពាល់ដល់នយោបាយក្នុងតំបន់ លោក Yeo បានលើកឡើងអំពីស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយបាននិយាយថា: ស្ថានភាពនៅទី នោះចាំបាច់ត្រូវដោះស្រាយឱ្យបាន មុនពេលដែលវាកាន់តែអាក្រក់ជាងនេះ។

បន្ទាប់ពីរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ាកាលពីខែកុម្ភៈ ឆ្នាំ ២០២១ ដែលបានសម្លាប់មនុស្សជាង ២ ០០០ នាក់មក អាស៊ានបានដាក់ចេញនូវផែនការសន្តិភាព ៥ ចំណុចជាមួយយោធានៃប្រទេសនេះកាលពីខែមេសា ឆ្នាំ ២០២១ ដោយមានបំណងបញ្ចប់ភាពវឹកវរ។ ប៉ុន្តែគេស្ទើរតែមិនឃើញមានវឌ្ឍនភាពណាមួយនោះទេ ជុំវិញផែនការទាំងនេះ។

ពិភពលោកកាន់តែបង្កើនការយកចិត្តទុកដាក់ចំពោះអ្វីដែលរបបយោធានៅទីនោះនឹងធ្វើនាពេលបន្ទាប់ ខណៈពេលដែលការដាក់ប្រទេសក្នុងគ្រាអាសន្នរបស់ពួកគេនឹងត្រូវផុតកំណត់នៅចុងខែមករានេះ ពីព្រោះរដ្ឋធម្មនុញ្ញមីយ៉ាន់ម៉ាបានចែងថា ក្រោយពីផុតកំណត់ អាជ្ញាធរត្រូវតែកំណត់អំពីផែនការរៀបចំការបោះឆ្នោតថ្មី។ របបយោធារបស់មីយ៉ាន់ម៉ាបាននិយាយថា ខ្លួននឹងរៀបចំការបោះឆ្នោតពហុបក្សដោយសេរី និងយុត្តិធម៌ ប៉ុន្តែមតិអន្តរជាតិមួយចំនួនបាននិយាយថា ការអះអាងទាំងនេះទំនងជាការបោកប្រាស់ប៉ុណ្ណោះ។

លោក Yeo បាន និយាយថា ដើម្បីឲ្យការបោះឆ្នោតនាពេលខាងមុខទទួលបានជោគជ័យ អតីតមេដឹកនាំមីយ៉ាន់ម៉ាលោកស្រី Aung San Suu Kyi ដែលបច្ចុប្បន្នកំពុងជាប់ឃុំ ត្រូវតែជាផ្នែកមួយនៃដំណោះស្រាយនេះ។

លោក Yeo បានសង្កត់ធ្ងន់ថា អនាគតរបស់អាស៊ានក៏នឹងរងផលប៉ះពាល់ផងដែរពីអនាគតរបស់មីយ៉ាន់ម៉ា។ ដូច្នេះហើយអាស៊ានចាំបាច់ត្រូវតែចូលរួមជ្រោមជ្រែងនៅក្នុងការបោះឆ្នោតនេះ។ លោកបាននិយាយថា «បើ​អាស៊ាន​មិន​ចូល​រួម​ជ្រោមជ្រែងទេ នោះ​ការ​បោះ​ឆ្នោតនេះ​នឹង​អសារឥតការ»៕

Fulcrum

អត្ថបទទាក់ទង