ខ្មែរប៉ុស្ដិ៍ Close

ការសាបព្រួសគ្រាប់ពូជនៃកិច្ចសហប្រតិបត្តិការស្រាវជ្រាវកសិកម្ម EU-ASEAN

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 1792
ការសាបព្រួសគ្រាប់ពូជនៃកិច្ចសហប្រតិបត្តិការស្រាវជ្រាវកសិកម្ម EU-ASEANការសាបព្រួសគ្រាប់ពូជនៃកិច្ចសហប្រតិបត្តិការស្រាវជ្រាវកសិកម្ម EU-ASEAN

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បណ្តារដ្ឋជាសមាជិកអាស៊ានបានប្រឈមមុខនឹងបញ្ហាសន្តិសុខស្បៀងអាហារ។ វិបត្តិភ្លោះនៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩ និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានបន្ទច់បង្អាក់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ស្បៀងអាហារតាមរយៈការបង្កផលប៉ះពាល់ដល់លំហូរនៃកម្មករទេសន្តរប្រវេសន៍ ដែលជាអ្នកដែលបានរក្សាវិស័យកសិកម្មឱ្យនៅដំណើរការ និងបានរាំងស្ទះដល់សមិទ្ធកម្មស្រូវសាលី និងជីកសិកម្មជាសកល។

បណ្តារដ្ឋជាសមាជិកអាស៊ានបច្ចុប្បន្នកំពុងផ្តល់អាទិភាពទៅលើការថែរក្សាខ្សែច្រវ៉ាក់ផ្គត់ផ្គង់ស្បៀងអាហារឱ្យមានប្រតិបត្តិការ និងមានលក្ខណៈបើកចំហ។ ប៉ុន្តែវាក៏មានសារៈសំខាន់ដូចគ្នាដែរក្នុងការស្វែងរកដំណោះស្រាយសម្រាប់ការគំរាមកំហែងចំពោះសន្តិសុខស្បៀងផ្សេងទៀត។

ការប្រែប្រួលអាកាសធាតុកំពុងបង្កការខូចខាតរួចទៅហើយសម្រាប់ផលិតកម្មស្បៀងអាហារ នៅពេលរលកកម្តៅនិងល្បាយទឹកភ្លៀង នៅតែបន្តការប្រែប្រួលជាប្រចាំ។ ការកើនឡើងនៃការធ្វើនគរភាវូបនីយកម្មបានបង្កឱ្យមានការធ្លាក់ចុះយ៉ាងច្រើនដល់កម្លាំងពលកម្មនៅក្នុងវិស័យកសិកម្ម នៅពេលកសិករកំពុងតែមានវ័យចំណាស់ ហើយមានប្រជាជនវ័យក្មេងតិចណាស់ ដែលចាប់អារម្មណ៍ចង់បន្តនូវកិច្ចការទាំងនេះ។

ដោយសារបញ្ហាប្រឈមទាំងនេះ ការស្រាវជ្រាវនិងអភិវឌ្ឍកសិកម្ម បានក្លាយទៅជាធាតុស្នូលនៃគោលនយោបាយសន្តិសុខស្បៀងអាហាររបស់ប្រទេសនានា។ គេចាំបាច់ត្រូវតែធ្វើការស្រាវជ្រាវដែលផ្តោតទៅលើអាកាសធាតុដើម្បីអាចបង្កើតដំណាំចម្រុះដែលមានភាពធន់ទៅនឹងអាកាសធាតុដែលកាន់តែមិនទៀងទាត់ និងបាតុភូតបរិយាកាសអាក្រក់ៗ។

ការបញ្ចូលបច្ចេកវិទ្យាទៅក្នុងវិស័យកសិកម្មក៏នឹងជួយបង្កើនផលិតភាពផងដែរ។ បច្ចេកវិទ្យាទាំងនោះត្រូវបានរាប់ចាប់តាំងពីបច្ចេកទេសដែលប្រើបច្ចេកវិទ្យាទាប ដូចជាការផ្តល់គម្របលើផ្ទៃដី និងការស្ទាក់ទឹកខ្នាតតូចៗទុក រហូតដល់នវានុវត្តន៍ទំនើបៗ ដែលរួមមានការប្រើប្រាស់ដ្រូន និងឧបករណ៍ចាប់សញ្ញា (sensors)។ ការធ្វើទំនើបកម្មវិស័យកសិកម្ម នឹងអាចជួយផ្លាស់ប្តូរការយល់ឃើញបែបអវិជ្ជមានក្នុងចំណោមប្រជាពលរដ្ឋវ័យក្មេងដែលថាឧស្សាហកម្មនេះមានលក្ខណៈ «កខ្វក់, គ្រោះថ្នាក់ និងលំបាក»។

ទោះយ៉ាងណាក៏ដោយ បណ្តារដ្ឋជាសមាជិកអាស៊ានជារួមបានជួបប្រទះនឹងឱនភាពនៃការស្រាវជ្រាវផ្នែកកសិកម្ម។ នៅឆ្នាំ ២០២០ របាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវគោលនយោបាយស្បៀងអាហារអន្តរជាតិ (International Food Policy Research Institute) បានគូសបញ្ជាក់ថា ប្រទេសជាសមាជិកអាស៊ានមិនត្រឹមតែខ្វះការវិនិយោគទៅលើការស្រាវជ្រាវ និងអភិវឌ្ឍកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែការចំណាយរបស់ពួកគេទៅលើការស្រាវជ្រាវ និងអភិវឌ្ឍកសិកម្មគិតជា % ធៀបនឹង GDP ផ្នែកកសិកម្មបានធ្លាក់ចុះយ៉ាងច្រើននៅចន្លោះឆ្នាំ ២០០០ និង ២០១៧។ វិស័យកសិកម្មភាគច្រើនក៏ត្រូវបានធ្វើដោយកសិករតូចតាច ហើយពួកគេក៏មិនអាចមានលទ្ធភាពដើម្បីធ្វើការវិនិយោគច្រើនទៅលើការស្រាវជ្រាវ និងអភិវឌ្ឍបាននោះដែរ។

សូមអាន ​តើអាស៊ានអាចទទួលបានផលប្រយោជន៍ពីការជំរុញកសិកម្មបៃតងរបស់អឺរ៉ុបដែរឬទេ?

នៅពេលបច្ចុប្បន្ន កិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវ និងអភិវឌ្ឍកសិកម្មអាស៊ានភាគច្រើនគឺមានត្រឹមតែការផ្លាស់ប្តូរចំណេះដឹងនៅក្នុងចំណោមរដ្ឋជាសមាជិកប៉ុណ្ណោះ។

អាស៊ាននៅតែបន្តបើកចំហសម្រាប់កិច្ចសហការជាមួយបណ្តាប្រទេសជាដៃគូខាងក្រៅដើម្បីបង្កើនកិច្ចសហការលើកិច្ចខិតខំប្រឹងប្រែងផ្នែកគោលនយោបាយ និងស្រាវជ្រាវរបស់បណ្តារដ្ឋជាសមាជិក។ តួយ៉ាងកិច្ចសហការរបស់អាស៊ានជាមួយប្រទេសជប៉ុននៅក្នុងផ្នែកឃ្លាំមើលសុខភាពសាធារណៈ បានក្លាយទៅជាសមិទ្ធផលដ៏ជោគជ័យមួយរួចទៅហើយ។

គំនិតផ្តួចផ្តើមស្រដៀងគ្នានេះគួរតែត្រូវបានយកមកអនុវត្តដើម្បីពង្រឹងកិច្ចសហការ និងកិច្ចខិតខំប្រឹងប្រែងលើការស្រាវជ្រាវ និងអភិវឌ្ឍកសិកម្មនៅតំបន់អាស៊ីអាគ្នេយ៍។ សហភាពអឺរ៉ុបគឺជាដៃគូជាប្រពៃណីមួយ ហើយសហភាពអឺរ៉ុបក៏មានការចាប់អារម្មណ៍ដោយផ្ទាល់ចំពោះបញ្ហាសន្តិសុខស្បៀងអាហារអាស៊ានដោយសារតែឥណ្ឌូនេស៊ី, វៀតណាម និងម៉ាឡេស៊ី គឺជាប្រភពគន្លឹះនៃការនាំចូលកសិ-ចំណីអាហារសម្រាប់សហភាពអឺរ៉ុប។

សហភាពអឺរ៉ុបក៏នឹងទទួលបាននូវផលប្រយោជន៍ពីការប្រើប្រាស់មតិយោបល់របស់កសិករតូចៗនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយពួកគេអាចរួមគ្នាដើម្បីបង្កើតជាជង្រុកចំណេះដឹងដ៏មានតម្លៃសម្រាប់ការធ្វើប្រតិបត្តិការប្រកបដោយចីរភាព។ កសិករតូចៗមានសមត្ថភាពផលិតទិន្នផលក្នុងដីមួយទីតាំងច្រើនជាងដីកសិកម្មធំៗនៅពេលដែលពួកគេអនុវត្តនូវបច្ចេកទេសកសិកម្មសមស្រប ដែលការធ្វើបែបនេះ ពិតជាអាចជួយកាត់បន្ថយភាពចាំបាច់នៃការពង្រីកដីបន្ថែមសម្រាប់ការធ្វើផលិតកម្មកសិកម្ម។

គំនិតផ្តួចផ្តើមដ៏មានសក្តានុពលមួយរបស់សហភាពអឺរ៉ុប-អាស៊ាន អាចត្រូវគេបែងចែកទៅជាសំណើរចំនួន ២។ សំណើរទី១ គឺសហភាពអឺរ៉ុបអាចផ្តល់នូវមូលនិធិ និងចែករំលែកជំនាញបច្ចេកទេសក្នុងការបង្កើតមជ្ឈមណ្ឌលអាស៊ានដើម្បីការស្រាវជ្រាវ និងអភិវឌ្ឍកសិកម្ម (ACARD)។ កម្មវត្ថុចម្បងនៃមជ្ឈមណ្ឌល ACARD នេះគឺការបណ្តុះបណ្តាលអ្នកស្រាវជ្រាវដែលមានជំនាញខាងបច្ចេកវិទ្យាកសិកម្ម និងជួយសម្រប សម្រួលដល់ការស្រាវជ្រាវ និងអភិវឌ្ឍកសិ-ចំណីអាហារនៅក្នុងតំបន់។

មជ្ឈមណ្ឌល ACARD គួរតែឈរនៅលើកិច្ចខិតខំប្រឹងប្រែងនៃការផ្លាស់ប្តូរចំណេះដឹងដែលមានស្រាប់នៅក្នុងតំបន់។ មជ្ឈមណ្ឌលនោះ អាចឃ្លាំមើលអំពីវឌ្ឍនភាពនៃស្ថាប័នពាក់ព័ន្ធក្នុងការរួមចំណែកដល់សន្តិសុខស្បៀង និងកិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវ និងអភិវឌ្ឍកសិស្បៀងអាហារ។

សកម្មភាពខាងលើនឹងរួមបញ្ចូលទាំងការធ្វើការងារជាមួយក្រុមប្រឹក្សាសន្តិសុខស្បៀងអាហារអាស៊ាន (ASEAN Food Security Reserve), ប្រព័ន្ធព័ត៌មានសន្តិសុខស្បៀងអាហារអាស៊ាន, បណ្តាស្ថាប័នសិក្សាស្រាវជ្រាវ និងស្ថាប័នស្រាវជ្រាវឯកជនផ្សេងៗទៀត។

តាមរយៈការពង្រឹងខ្លួនឱ្យក្លាយជាមជ្ឈមណ្ឌលនៃបណ្តាញស្រាវជ្រាវ និងអភិវឌ្ឍកសិ-ចំណីអាហារតំបន់ មជ្ឈមណ្ឌល ACARD នឹងត្រូវបានគេរៀបចំដើម្បីផ្តល់ការសម្របសម្រួលដល់កិច្ចសហការស្រាវជ្រាវ និងអភិវឌ្ឍអន្តរវិស័យ, ការពារមិនឱ្យមានការងារត្រួតគ្នាខ្លាំងលើការស្រាវជ្រាវនៅតាមបណ្តាស្ថាប័នផ្សេងៗ និងកំណត់បាននូវគម្លាតលើការងារស្រាវជ្រាវ។

មជ្ឈមណ្ឌលនោះក៏អាចដើរតួនាទីជាទីតាំងបណ្តុះបណ្តាលសម្រាប់អ្នកស្រាវជ្រាវអាស៊ានដែលមានជំនាញខាងបច្ចេកវិទ្យាកសិ-ចំណីអាហារផងដែរ។ អគ្គនាយកដ្ឋានធនធានចីរភាពរបស់សហភាពអឺរ៉ុបនៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវរួមរបស់ពួកគេ អមជាមួយបណ្តាស្ថាប័នស្រាវជ្រាវជំនាញៗ រួមមានជាអាទិ៍ សាកលវិទ្យាល័យ University of Hohenheim របស់អាល្លឺម៉ង់ និង Wegeningen University and Research របស់ប្រទេសហូឡង់ សុទ្ធតែអាចចូលរួមធ្វើការជាទៀងទាត់ជាមួយមជ្ឈមណ្ឌល ACARD ហើយប្រការនេះ ពិតជាអាចជួយសម្របសម្រួលដល់ការផ្លាស់ប្តូររវាងតំបន់ទាំងពីរ។

សំណើរទី២ គឺសហភាពអឺរ៉ុបអាចជួយផ្តល់នូវមូលនិធិ និងចែករំលែកចំណេះដឹងរបស់ខ្លួនក្នុងការពង្រីកបណ្តាញពាក់ព័ន្ធនឹងវិស័យកសិកម្មនៅទូទាំងអាស៊ាន។ បណ្តាញខាងលើ ដែលនឹងត្រូវយកគំរូតាមភាពជាដៃគូនវានុវត្តន៍អឺរ៉ុបដើម្បីផលិតភាពនិងចីរភាពកសិកម្ម នឹងអាចជួយសម្របសម្រួលដល់ការចាប់ដៃគ្នាធ្វើការរវាងអ្នកទទួលខុសត្រូវគន្លឹះៗនៅក្នុងឧស្សាហកម្មកសិ-ចំណីអាហារ ដែលរួមមាន៖ កសិករ, អ្នកធ្វើគោលនយោបាយ, អ្នកសិក្សាស្រាវជ្រាវ និងបណ្តាក្រុមហ៊ុនកសិកម្មឯកជន។ បណ្តាញនៃភាពធន់នឹងអាកាសធាតុរបស់អាស៊ាន (ASEAN Climate Resilience Network) ដែលបានផ្តោតទៅលើការធ្វើកសិកម្មអាកាសធាតុវៃឆ្លាត គឺជាឧទាហរណ៍ដែលមានស្រាប់។

បណ្តាញខាងលើ ក៏គួរតែផ្តោតទៅលើប្រព័ន្ធជីវៈចម្រុះនិងដី ក៏ដូចជាការគ្រប់គ្រងទឹកនិងកាកសំណល់ផងដែរ។ បណ្តាញទាំងនេះ គួរតែធ្វើការលើកតម្កើងការធ្វើនវានុវត្តកសិកម្មដែលប្រើបច្ចេកវិទ្យាទាប និងធ្វើបទបង្ហាញអំពីសមិទ្ធផលស្រាវជ្រាវរបស់ពួកគេនៅក្នុងទម្រង់ដែលកសិករខ្នាតតូចៗអាចចូលទៅស្វែងរកបាន។ បណ្តាញទាំងនេះ នឹងដើរតួជាកាតាលីករដើម្បីបង្កើនផលប្រយោជន៍ដល់កសិករតូចៗដើម្បីឱ្យពួកគេងាកមកចាប់យកបច្ចេកទេសកសិកម្មប្រកបដោយចីរភាព។

គម្លាតនៅក្នុងកិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវនិងអភិវឌ្ឍកសិកម្មរបស់អាស៊ាន គឺជាឱកាសសម្រាប់សហភាពអឺរ៉ុបក្នុងការពង្រីកកិច្ចសហប្រតិបត្តិការស្ថិតក្រោមភាពជាដៃគូយុទ្ធសាស្ត្រសហភាពអឺរ៉ុប-អាស៊ាននៅជុំវិញកំណើនសេដ្ឋកិច្ចបៃតងនិងការកសាងសមត្ថភាព។

សហភាពអឺរ៉ុបអាចរៀនសូត្រពីបទពិសោធន៍រួមរបស់កសិករតូចៗ ខណៈដែលអាស៊ានក៏នឹងស្វាគមន៍ចំពោះការគាំទ្រដើម្បីអាចជួយបង្កើនសមត្ថភាពស្រាវ ជ្រាវរបស់ខ្លួន និងពង្រឹងការអប់រំដល់កសិករ។ ទាំងសហភាពអឺរ៉ុបនិងអាស៊ាន នឹងទទួលបានសន្តិសុខស្បៀងដែលនឹងកាន់តែមានភាពធន់នៅអាស៊ាន៕

East Asia Forum

អត្ថបទទាក់ទង