ខ្មែរប៉ុស្ដិ៍ Close

មីស៊ីលទប់ទល់នឹងការវាយប្រហាររបស់ប្រទេសជប៉ុន និងបញ្ហានុយក្លេអ៊ែរនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 61
មីស៊ីលទប់ទល់នឹងការវាយប្រហាររបស់ប្រទេសជប៉ុន និងបញ្ហានុយក្លេអ៊ែរនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មីស៊ីលទប់ទល់នឹងការវាយប្រហាររបស់ប្រទេសជប៉ុន និងបញ្ហានុយក្លេអ៊ែរនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

ការប្រកួតប្រជែងកាំជ្រួចនៅក្នុងតំបន់អាស៊ីឦសាន កំពុងតែបង្កើនល្បឿនទៅមុខ ខណៈស្ថានការណ៍សន្តិសុខនៅក្នុងតំបន់កាន់តែមានសភាពអាក្រក់ទៅៗ។ ការសាកល្បងកាំជ្រួចផ្លោងរបស់កូរ៉េខាងជើងជាបន្តបន្ទាប់ ដែលការសាកល្បងចុងក្រោយបំផុតកាលពីខែតុលា បានធ្វើឱ្យប្រទេសជប៉ុនត្រូវប្រកាសជូនដំណឹងអំពីការជម្លៀសប្រជាជនខ្លួននៅក្នុងតំបន់ភាគឦសាននៃប្រទេសនោះ កំពុងតែបង្កគ្រោះថ្នាក់កាន់តែខ្លាំងឡើងៗចំពោះសន្តិសុខរបស់ប្រទេសជប៉ុន។

ការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែនបានបង្កឱ្យមានភាពតានតឹងរវាងទីក្រុងម៉ូស្គូ និងទីក្រុងតូក្យូ និងបានធ្វើឱ្យបរិយាកាសសន្តិសុខរបស់ជប៉ុន ដែលកំពុងតែមិនល្អរួចស្រាប់ទៅហើយនោះ កាន់តែមានសភាពអាក្រក់បន្ថែមទៀត។

ដូច្នេះទីក្រុងតូក្យូកំពុងតែផ្លាស់ប្តូរនូវការជជែកដេញដោលអំពីមីស៊ីល ការពាររបស់ពួកគេឆ្ពោះទៅរកការបង្កើនសមត្ថភាពទប់ទល់នឹងការវាយប្រហារ។ សំណើថវិកាសម្រាប់ឆ្នាំ ២០២២ របស់ក្រសួងការពារជាតិជប៉ុនបានអំពាវនាវឱ្យមាន «ការផលិតកាំជ្រួចប្រតិបត្តិការនៅលើដីដ៏អស្ចារ្យ ដើម្បីវាយប្រហារនាវា និងកាំជ្រួចផ្លោងល្បឿនលឿនថ្មីដែលមានសមត្ថភាពអាចបាញ់ដល់គោលដៅនៅលើដី» ខណៈជប៉ុនក៏កំពុងពិចារណាលើការដាក់ពង្រាយមីស៊ីលល្បឿនលឿនជាងសំឡេងនៅក្នុងឆ្នាំ ២០៣០ ផងដែរ។

ការដាក់ពង្រាយសមត្ថភាពប្រឆាំងការវាយប្រហារបែបនេះនៅក្នុងសម្ព័ន្ធភាពយោធាអាមេរិក-ជប៉ុន បានបង្កឱ្យមានផលប៉ះពាល់ដល់តំបន់អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ ដោយសារតែការចង់ដាក់ពង្រាយកាំជ្រួចកម្រិតមធ្យមនៅក្នុងតំបន់របស់ទីក្រុងវ៉ាស៊ីនតោន និងផែនការរបស់ជប៉ុនក្នុងការដាក់ពង្រាយកាំជ្រួចមិនមែននុយក្លេអ៊ែរនៅលើនាវាកងទ័ពជើងទឹករបស់ខ្លួន។

កាលពីឆ្នាំ ២០១៩ សហរដ្ឋអាមេរិកបានដកខ្លួនចេញពីសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម (INF) ដើម្បីជាការបើកផ្លូវសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការទប់ទល់នឹងបញ្ហាប្រឈមមីស៊ីល ពីសំណាក់សត្រូវរបស់ខ្លួន ជាពិសេសគឺប្រទេសចិន។ សន្ធិសញ្ញា INF ត្រូវបានចុះហត្ថលេខារវាងសហរដ្ឋអាមេរិកនិងសហភាពសូវៀត នៅក្នុងឆ្នាំ ១៩៨៧ ក្នុងគោលបំណងហាមឃាត់ការអភិវឌ្ឍ និងការដាក់ពង្រាយមីស៊ីលផ្លោងរយៈចម្ងាយមធ្យមដែលមានមូលដ្ឋាននៅលើដី និងដែលអាចបាញ់បានចំងាយចន្លោះពី ៥០០ ទៅ ៥ ៥០០ គ.ម។

ដោយគ្មានការចងកាតព្វកិច្ចនៅក្នុងសន្ធិសញ្ញា INF ទីក្រុងប៉េកាំងមានសេរីភាពក្នុងការដាក់ពង្រាយមីស៊ីលផ្លោងរយៈចម្ងាយមធ្យមកាន់តែច្រើនឡើង ដែលសុទ្ធតែអាចមានសមត្ថភាពបាញ់ដល់មូលដ្ឋានទ័ពរបស់អាមេរិក និងសម្ព័ន្ធមិត្តនៅក្នុងតំបន់អាស៊ីបូព៌ាបាន។ ក្បួនព្យុហយាត្រាយោធាប្រចាំឆ្នាំរបស់ប្រទេសចិន បានបង្ហាញនូវយានជំនិះ DF-17 ដែលមានល្បឿនលឿនជាងសំឡេង ហើយអ្វីដែលជាហេតុផលនៅពីក្រោយការបង្ហាញនេះ គឺដើម្បីធ្វើឱ្យសម្ព័ន្ធមិត្តអាមេរិកមានការសង្ស័យអំពីភាពជឿជាក់ចំពោះសមត្ថភាពកងទ័ពជើងទឹករបស់អាមេរិកនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

ប្រទេសចិនក៏មានកំណត់ត្រានៃការបាញ់សាកល្បងកាំជ្រួចរយៈចម្ងាយខ្លីនិងមធ្យមទៅលើកោះតៃវ៉ាន់ក្នុងឆ្នាំ ១៩៩៦ និងនៅពេលថ្មីៗនេះ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់ទីក្រុងតៃប៉ិផងដែរ។ សមយុទ្ធយោធារបស់ចិននៅជុំវិញកោះតៃវ៉ាន់កាលពីខែសីហា ក៏មានការបាញ់សាកល្បងមីស៊ីលផ្លោងចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន នៅសមុទ្រចិនខាង កើតជាលើកដំបូងទៀតផង។

ដោយសារប្រទេសចិនបានពង្រឹងយ៉ាងខ្លាំងនូវសមត្ថភាពទប់ទល់នឹងការលុកលុយក្នុងតំបន់គ្រប់គ្រង (A2AD) ដែលមានអាវុធប្រឆាំងនាវានៅលើដី និងកាំជ្រួចផ្លោង គឺជាធាតុផ្សំដ៏សំខាន់នោះ ទីក្រុងវ៉ាស៊ីនតោនបាននិងកំពុងស្វែងរកមធ្យោបាយដើម្បីកែលម្អដំណើរការរបស់នាវាលើផ្ទៃទឹករបស់ខ្លួននៅក្នុងដែនទឹកថ្នាក់តំបន់។

ក្រោយរួចផុតពីសន្ធិសញ្ញា INF សហរដ្ឋអាមេរិកអាចនឹងធ្វើការដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យម ដែលមានមូលដ្ឋាននៅលើដី និងដែលភាគច្រើនអាចនឹងមានបំពាក់ដោយក្បាលនុយក្លេអ៊ែរ ឬក្បាលគ្រាប់ធម្មតាបន្ថែមទៀត។ មនុស្សមួយចំនួនតូចនៅអាមេរិក និងទីក្រុងតូក្យូ ថែមទាំងបានលើកឡើងអំពីលទ្ធភាពនៃការដាក់ពង្រាយមីស៊ីលរបស់អាមេរិកនៅលើទឹកដីជប៉ុនថែមទៀតផង។

មុនឆ្នាំ ២០២០ ការជជែកដេញដោលពាក់ព័ន្ធនឹងមីស៊ីលការពាររបស់ប្រទេសជប៉ុន បានធ្វើឱ្យមានការកាត់បន្ថយសមត្ថភាពក្នុងការទប់ទល់នឹងការវាយប្រហារទុកជាមុន។ នៅក្នុងឆ្នាំ ២០២០ រដ្ឋាភិបាលជប៉ុនថែមទាំងបានលុបចោលការទិញប្រព័ន្ធ Aegis Ashore ដែលមានមូលដ្ឋាននៅលើដី ហើយអាចបាញ់ស្ទាក់ចាប់មីស៊ីលផ្លោងបានទៀតផង។

ទោះបីជាយ៉ាងណាក៏ដោយ ការសាកល្បងកាំជ្រួចម្តងហើយម្តងទៀតរបស់កូរ៉េខាងជើងបានធ្វើឱ្យភាពសន្តិភាពនិយមដ៏ខ្លាំងរបស់ប្រទេសជប៉ុនត្រូវបានកាត់បន្ថយបន្តិចម្តងៗ ហើយភាពសន្តិភាពនិយមនេះហើយដែលបានរារាំងប្រទេសនេះពីការទិញអាវុធវាយលុក។

កិច្ចពិភាក្សាស្តីអំពីមីស៊ីលការពារនៅក្នុងប្រទេសជប៉ុននៅពេលនេះ បានឈានដល់ការបង្កើនសមត្ថភាពប្រឆាំងនឹងការវាយប្រហាររបស់ពួកគេ ដោយក្នុងនោះពួកគេមានជម្រើសច្រើនដែលរួមមានទាំងការអភិវឌ្ឍមីស៊ីលថ្មីដែលមានមូលដ្ឋានលើសមុទ្រ, មីស៊ីលបាញ់តាមអាកាសនិងដីគោក ដែលមានចម្ងាយលើសពី ១ ០០០ គ.ម។

សកម្មភាពរបស់ប្រទេសជប៉ុនក្នុងការឆ្ពោះទៅរកសមត្ថភាពក្នុងការវាយប្រហារ បានផ្តល់នូវសារៈសំខាន់ៗចំនួន ៣ យ៉ាង។

ទី១៖ វាគឺជាការបំពេញបន្ថែមដែលមានភាពស្រដៀងគ្នាទៅនឹងការបំពេញបន្ថែមរបស់សហរដ្ឋអាមេរិក ដែលភាគច្រើនតែងតែពឹងផ្អែកទៅលើនាវា។ ការរក្សាតុល្យភាពប្រឆាំងនឹងការគំរាមកំហែងពីសំណាក់មីស៊ីលរបស់ប្រទេសចិន បានក្លាយជាការជួយរំលែកបន្ទុកគ្នារវាងប្រទេសជាសម្ព័ន្ធមិត្តទាំងពីរ។

ទី២៖ ការបន្ថែមសមត្ថភាពរបស់ប្រទេសជប៉ុនបែបនេះនឹងក្លាយជាការជម្រុញដែនកំណត់នៃការការពារ និងធ្វើឱ្យគេចោទជាសំណួរអំពីការបាញ់ទម្លាក់មីស៊ីលរយៈចម្ងាយមធ្យមនៅជាប់ព្រំដែនកោះ Guam និងមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយដែលស្ថិតជាប់ព្រំដែនអាមេរិកនិងកោះហាវ៉ៃ។ រដ្ឋាភិបាលជប៉ុនក៏បានពង្រីករដ្ឋធម្មនុញ្ញស្តីពីការការពារផងដែរ តាមរយៈការអនុម័តច្បាប់សម្រាប់សន្តិភាពនិងសន្តិសុខរបស់ប្រទេសជប៉ុន នៅក្នុងឆ្នាំ ២០១៥។ ទោះបីជាយ៉ាងណាក៏ដោយ សភារបស់ជប៉ុនបានឈប់ផ្តល់ភ្លើងខៀវចំពោះសេណារីយ៉ូទី២។

ទី៣៖ កាំជ្រួចមីស៊ីលរយៈចម្ងាយមធ្យមរបស់ជប៉ុននឹងកាត់បន្ថយនូវភាពចាំបាច់របស់សហរដ្ឋអាមេរិកក្នុងការដាក់ពង្រាយកាំជ្រួចកម្រិតមធ្យមរបស់ខ្លួននៅក្នុងតំបន់អាស៊ីបូព៌ា។ គោលការណ៍មិនមាននុយក្លេអ៊ែរទាំង ៣ របស់ជប៉ុន បានហាមឃាត់ការផលិត ការដាក់ពង្រាយ និងការពង្រាយអាវុធពីសំណាក់ប្រទេសដទៃនៅលើទឹកដីជប៉ុន។

ភាពផ្ទុយគ្នាដ៏ខ្លាំងនៅក្នុងគោលការណ៍របស់ជប៉ុន និងគោលនយោបាយរបស់សហរដ្ឋអាមេរិកក្នុងការមិនបង្ហាញអំពីទីតាំងនៃអាវុធនុយក្លេអ៊ែររបស់ខ្លួននៅបរទេស ត្រូវបានសម្របសម្រួលឡើងវិញដោយកំណត់ត្រានៃការពិភាក្សាដ៏ល្បីល្បាញកាលពីឆ្នាំ ១៩៦០ រវាងប្រទេសទាំងពីរ។ ចំណុចខាងលើបានអនុញ្ញាតឱ្យមានការដាក់អាវុធនុយក្លេអ៊ែររបស់អាមេរិកនៅលើទឹកដីរបស់ជប៉ុនដោយគ្មានការពិគ្រោះយោបល់ជាមុន។

សហរដ្ឋអាមេរិកអាចបង្កើតបច្ចេកវិទ្យាមីស៊ីលរយៈចម្ងាយមធ្យមថ្មី ហើយដាក់ពង្រាយវានៅលើនាវាកងទ័ពជើងទឹក និងយន្តហោះទម្លាក់គ្រាប់បែក ហើយករណីមានគ្រាអាសន្ន ពួកគេអាចធ្វើប្រតិបត្តិការចេញពីមូលដ្ឋាននៅប្រទេសជប៉ុនបាន។ ទោះបីជាយ៉ាងណាក៏ដោយ ការដកខ្លួនចេញពីសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរក្រោយសង្គ្រាមត្រជាក់ ដែលបានរារាំងមិនឱ្យកប៉ាល់លើទឹករបស់អាមេរិកបំពាក់នូវអាវុធនុយក្លេអ៊ែរនឹងបង្កើនឱ្យមានភាពចម្រូងចម្រាសជុំវិញការរៀបចំផែនការទ្វេភាគី និងធ្វើឱ្យប្រទេសចិនមានប្រតិកម្មកាន់តែខ្លាំង។

រដ្ឋមួយចំនួននៅអាស៊ីអាគ្នេយ៍នឹងត្រូវប្រឈមមុខនឹងបញ្ហាស្រដៀងគ្នានេះ ខណៈដែលពួកគេព្យាយាមធ្វើឱ្យមានតុល្យភាពចំពោះជំហរឈ្លានពានកាន់តែខ្លាំងឡើងរបស់ប្រទេសចិន ដោយការជួយផ្គត់ផ្គង់ដល់វត្តមានរបស់កប៉ាល់កងទ័ពជើងទឹកអាមេរិកនៅក្នុងតំបន់ តាមរយៈការធ្វើទស្សនកិច្ចជាប្រចាំ។

គ្មានប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ណាមួយមានឆន្ទៈក្នុងការធ្វើជាម្ចាស់ផ្ទះនៃកងកម្លាំងកាំជ្រួចរបស់អាមេរិកដែលមានមូលដ្ឋានលើដីនោះទេ ដោយសារតែភាពរសើបខាងផ្នែកនយោបាយក្នុងស្រុក និងការភ័យខ្លាចចំពោះការសងសឹករបស់ប្រទេសចិន។ ហើយវាក៏ជាការរំលោភលើសន្ធិសញ្ញាតំបន់គ្មានអាវុធនុយក្លេអ៊ែរនៅតំបន់អាស៊ីអាគ្នេយ៍ (SEANWFZ) ដែលបានហាមឃាត់នូវការដាក់អាវុធនុយក្លេអ៊ែរចូលទៅក្នុងប្រទេសសមាជិកអាស៊ាន និងនៅក្នុងតំបន់ដែនសមុទ្ររបស់ពួកគេផងដែរ។

សូមអាន ការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរថ្មី អាចនឹងកើតមានយ៉ាងពិតប្រាកដ

ដោយមើលឃើញពីចំណុចរសើបទាំងអស់នេះ ជាពិសេសគឺភាពមិនច្បាស់លាស់ទាក់ទងនឹងវត្តមានអាវុធនុយក្លេអ៊ែររបស់អាមេរិកនៅលើនាវារបស់ពួកគេ ការទិញយកសមត្ថភាពនៃគ្រាប់មីស៊ីលមិនមែននុយក្លេអ៊ែររបស់ប្រទេសជប៉ុននឹងផ្តល់ជាផ្លូវកណ្តាល ដែលអនុញ្ញាតឱ្យតំបន់នេះចៀសផុតពីបញ្ហា «នុយក្លេអ៊ែរ»។ សម្រាប់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ការធ្វើបែបនេះគឺស្មើនឹងការចំណេញរឿង ២ នៅក្នុងពេលតែ ១ គឺការរក្សាបាននូវជំហរមិនឱ្យមាននុយក្លេអ៊ែរនៅក្នុងតំបន់ ហើយក៏បានរក្សានូវជម្រើសក្នុងការនាំយកសមត្ថភាពរបស់សម្ព័ន្ធមិត្តអាមេរិក-ជប៉ុនដើម្បីប្រឈមមុខនឹងហេតុការណ៍ជាយថាហេតុណាមួយនៅពេលខាងមុខ។

ការបង្កើនសមត្ថភាពរបស់ជប៉ុននឹងក្លាយជាការពង្រឹងនូវការត្រៀមលក្ខណៈរបស់អាមេរិកនិងសម្ព័ន្ធមិត្ត ដើម្បីទប់ទល់នឹងគ្រាប់មីស៊ីលពីសំណាក់ប្រទេសចិននិងកូរ៉េខាងជើង ហើយក៏ជាការរារាំងចំពោះការដាក់ពង្រាយមីស៊ីលរបស់អាមេរិកពេញលក្ខណៈនៅក្នុងតំបន់នេះផងដែរ។

ប្រទេសចិនអាចនឹងប្រើប្រាស់ល្បិចយុទ្ធសាស្រ្តចាស់របស់ខ្លួនក្នុងការលើកយករឿងរ៉ាវអំពីរបបយោធានិយមពីអតីតកាលរបស់ជប៉ុនដើម្បីមកបំភ័យប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប៉ុន្តែនៅក្នុងតំបន់ដែលមានភាពប្រែប្រួលកាន់តែខ្លាំងឡើងនេះ ខណៈដែលរឿងរ៉ាវនៃសម័យកាលមហាអំណាចក្នុងសម័យក្រោយសង្គ្រាមត្រជាក់ត្រូវបាន «បញ្ចប់» ជប៉ុនមិនអាចក្លាយជាតួអង្គការពារសន្តិសុខដែលគួរឱ្យជឿទុកចិត្តបានឡើយ បើពួកគេគ្មានសមត្ថភាពក្នុងការការពារនិងទប់ស្កាត់បានគ្រប់គ្រាន់ទេនោះ៕

Fulcrum