ខ្មែរប៉ុស្ដិ៍ Close

ក្រុមហ៊ុនចំនួន៦០ មកពីជប៉ុន ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 28
ក្រុមហ៊ុនចំនួន៦០ មកពីជប៉ុន ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា ក្រុមហ៊ុនចំនួន៦០ មកពីជប៉ុន ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន បានរៀបចំពិធីចុះអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពី «ការបង្កើតវេទិកាសាធារណៈ-ឯកជន ស្តីពីការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុន» នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។

ពិធីចុះហត្ថលេខាស្តីពី «ការបង្កើតវេទិកាសាធារណៈឯកជន ស្តីពីការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុន»នេះ បានប្រារព្ធឡើង ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក Fumihiko YUKI អនុរដ្ឋមន្ត្រីនៃក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេសជប៉ុន។

ផ្តើមចេញពីអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនេះ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានកិច្ចសហការពីក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេសជប៉ុន នឹងរៀបចំវេទិកាសាធារណៈឯកជន ស្តីពីការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុន លើកទី១ ក្រោមវត្តមានឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា និងមានការចូលរួមពី លោក Fumihiko YUKI ។

តាមការគ្រោងទុកពិធីនេះ ក៏នឹងមានការចូលរួមពី គណៈប្រតិភូនៃក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេសជប៉ុន តំណាងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុនវិនិយោគ និងធុរជនជប៉ុនប្រមាណ៦០ ដែលកំពុងចាប់អារម្មណ៍វិនិយោគនោក្នុងប្រទេសកម្ពុជា។

វេទិកានេះ ក៏មានការចូលរួមក្រុមហ៊ុនវិនិយោគ ក្នុងវិស័យអភិវឌ្ឍអចលនទ្រព្យ សំណង់ ស្ថាបត្យកម្ម លំនៅឋាន ប្រព័ន្ធលូ ធនាគារ និងធានារ៉ាប់រង និងគណៈស្ថាបត្យករកម្ពុជា គណៈវិស្វករកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា សមាគមអ្នកសាងសង់កម្ពុជា សមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាផងដែរ៕

អត្ថបទទាក់ទង