ខ្មែរប៉ុស្ដិ៍ Close

ក្រុមមេដឹកនាំ G20 អនុម័តសេចក្តីថ្លែងការណ៍រួម ដែលថ្កោលទោសសង្រ្គាមនៅអ៊ុយក្រែន និងទាមទារឱ្យរុស្ស៉ីដកទ័ពចេញ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 51
ក្រុមមេដឹកនាំ G20 អនុម័តសេចក្តីថ្លែងការណ៍រួម ដែលថ្កោលទោសសង្រ្គាមនៅអ៊ុយក្រែន និងទាមទារឱ្យរុស្ស៉ីដកទ័ពចេញ ក្រុមមេដឹកនាំ G20 អនុម័តសេចក្តីថ្លែងការណ៍រួម ដែលថ្កោលទោសសង្រ្គាមនៅអ៊ុយក្រែន និងទាមទារឱ្យរុស្ស៉ីដកទ័ពចេញ

នៅថ្ងៃពុធនេះ ដែលជាថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូលរយៈពេល២ថ្ងៃ ក្រុមមេដឹកនាំនៃប្រទេស G20 បានអនុម័តលើសេចក្តីថ្លែងការណ៍រួមមួយ ដែលថ្កោលទោសក្នុងន័យធ្ងន់ៗបំផុត ចំពោះសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន ព្រមទាំងទាមទារឱ្យរុស្ស៉ីដកកងកម្លាំង ដោយឥតលក្ខខណ្ឌអ្វីទាំងអស់ ចេញពីអ៊ុយក្រែនវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។

សេចក្តីថ្លែងការណ៍រួមរបស់ G20 បានលើកឡើងដូច្នេះថា «សមាជិកភាគច្រើន ថ្កោលទៅជាខ្លាំងចំពោះសង្រ្គាមនៅអ៊ុយក្រែន»។ ពាក្យពេចន៍បែបនេះ ជាសញ្ញាបង្ហាញថា រុស្ស៉ីដែលជាសមាជិក G20 ដែរនោះ គឺទំនងជាបានជំទាស់នឹងខ្លឹមសារថ្កោលទោសធ្ងន់ៗនេះ។ ចំណែកឯចិននិងឥណ្ឌា ដែលបានបោះឆ្នោតអនុបវាទ លើសេចក្តីសម្រេចស្រដៀងគ្នាមួយ របស់អង្គការសហប្រជាជាតិ (UN) កាលពី​ខែមីនា គឺមិនច្បាស់ថា បានប្រកាន់ជំហរបែបនេះ ចំពោះសេចក្តីថ្លែងការណ៍រួមរបស់ G20 ឡើយ។

ខ្លឹមសាររបស់សេចក្តីថ្លែងការណ៍រួមខាងលើ បានបន្តទៀតថា «ការប្រើប្រាស់ ឬមួយក៏ការសម្លុតគំរាមប្រើប្រាស់អាវុធនុយក្លេអ៊ែរ គឺជាទង្វើមិនអាចទទួលយកបានដាច់ខាត។ ការប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិនិងប្រព័ន្ធពហុភាគីនិយម គឺមានសារៈសំខាន់បំផុត ដើម្បីរក្សាការពារសន្តិភាពនិងស្ថិរភាព។ ក្នុងនោះរួមមានទាំង ការការពារគោលបំណងនិងគោលារណ៍ទាំងអស់ ដែលតម្កល់ទុកនៅក្នុងធម្មនុញ្ញរបស់ UN ហើយគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ»។

គួរបញ្ជាក់ថា សមាជិក G20 រួមមានសហភាពអឺរ៉ុប (EU) និងប្រទេស១៩ទៀតដូចជា អាហ្សង់ទីន អូស្ត្រាលី ប្រេស៉ីល កាណាដា ចិន បារាំង អាល្លឺម៉ង់ ឥណ្ឌា ឥណ្ឌូណេស៉ី អ៉ីតាលី ជប៉ុន កូរ៉េខាងត្បូង ម៉ិកស៉ិក រុស្ស៉ី អារ៉ាប៊ីសាអូឌីត អាហ្វ្រិកខាងត្បូង តួកគី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក៕

Fresh News

អត្ថបទទាក់ទង