ខ្មែរប៉ុស្ដិ៍ Close

ការផ្លាស់ប្តូរធំជាងការរំពឹងទុកកំពុងលេចរូបរាងឡើង ខណៈពេលដែលលោក ស៊ី ជីនពីង នឹងផ្លាស់ប្តូរថ្នាក់ដឹកនាំកំពូលរបស់ចិននៅក្នុងសមាជបក្សកុម្មុយនីស្តលើកទី ២០

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 103
ការផ្លាស់ប្តូរធំជាងការរំពឹងទុកកំពុងលេចរូបរាងឡើង ខណៈពេលដែលលោក ស៊ី ជីនពីង នឹងផ្លាស់ប្តូរថ្នាក់ដឹកនាំកំពូលរបស់ចិននៅក្នុងសមាជបក្សកុម្មុយនីស្តលើកទី ២០ ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង ពេលអញ្ជើញមក​ដល់​វេទិការបើ​បើក​សមាជ​បក្ស​កុម្មុយនីស្តចិន​លើក​ទី​២០ នៅ​វិមាន​ប្រជាជន​ក្នុង​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃអាទិត្យ។ រូបថត៖ AFP

លោកប្រធានាធិបតី ស៊ី ជីនពីង កំពុងពង្រឹងការគ្រប់គ្រងអំណាចយ៉ាងពេញដៃ តាមរយៈការរុះរើថ្នាក់ដឹកនាំចំនួន ២ លើកនៅក្នុងរយៈពេល ១ ទសវត្សរ៍ចុងក្រោយ ហើយការផ្លាស់ប្តូរធំជាងការរំពឹងទុក អាចនឹងកើតមាននៅពេលដែលលោកកំពុងត្រៀមរៀបចំក្រុមគាំទ្រថ្មីសម្រាប់អាណត្តិទី៣ របស់លោក ដែលជារឿងដែលមិនធ្លាប់មានទេពីមុនមក។

សារព័ត៌មាន South China Morning Post បានឱ្យដឹងថា «តំណែងកំពូលៗចំនួន ៤ នៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយអាចត្រូវបានផ្លាស់ប្តូរ ហើយមនុស្សជិតពាក់កណ្តាលនៃគណៈកម្មាធិការកណ្តាល នឹងត្រូវបានជំនួសដោយមុខមាត់ថ្មី»។ លទ្ធផលនឹងត្រូវប្រកាសជាសាធារណៈនៅឯសមាជបក្សកុម្មុយនីស្តលើកទី ២០។

នៅថ្ងៃទី ២២ ខែតុលា គណបក្សនឹងបង្កើតគណៈកម្មាធិការមជ្ឈឹមបក្សថ្មីមួយដើម្បីដឹកនាំសមាជិកបក្សចំនួន ៩៧ លាននាក់ ហើយនៅថ្ងៃបន្ទាប់ គណៈកម្មាធិការមជ្ឈឹមបក្សនឹងបើកសម័យប្រជុំពេញអង្គលើកដំបូងរបស់ខ្លួន ដើម្បីអនុម័តលើសមាសភាពនៅក្នុងការិយាល័យនយោបាយ ដែលមានសមាជិកចំនួន ២៥ រូប បូករួមនឹងសមាជិក ៧ រូបទៀតដែលមកពីគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ ដែលជាស្ថាប័នធ្វើការសម្រេចចិត្តកម្រិតខ្ពស់បំផុតរបស់ប្រទេស។

សូមអាន ទិសដៅតែមួយគត់សម្រាប់របបដឹកនាំផ្តាច់ការរបស់លោក ស៊ី ជីនពីង

នៅក្នុងនយោបាយចិន ការសម្រេចចិត្តសំខាន់ៗតែងតែត្រូវបានធ្វើឡើងដោយបិទទ្វារ នៅមុនកិច្ចប្រជុំផ្លូវការចាប់ផ្តើម។ ដូចការរំពឹងទុក លោក ស៊ី ជីនពីង ច្បាស់ជានឹងទទួលបានការអនុម័តឱ្យកាន់តំណែងជាប្រធានគណបក្សសម្រាប់អាណត្តិទី៣ ដែលនេះគឺជារឿងដែលមិនធ្លាប់មានពីមុនមកនោះទេ។ លោក ស៊ី ជីនពីង នឹងឆ្លៀតឱកាសនាំយកមុខមាត់ថ្មីៗមកកាន់តំណែងកំពូលៗ ដោយក្នុងនោះសមាជិក ៤ រូបក្នុងចំណោមសមាជិកទាំង ៧ រូបនៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ ដែលមានលោក ស៊ី ជីនពីង ជាប្រធានអាចនឹងត្រូវបានដាក់ឱ្យចូលនិវត្តន៍។

ប្រធានរដ្ធសភាប្រជាជន (NPC) លោក Li Zhanshu ដែលមានអាយុ ៧២ ឆ្នាំ និងឧបនាយករដ្ឋមន្ត្រី Han Zheng ដែលមានអាយុ ៦៨ ឆ្នាំ អាចនឹងត្រូវចាកចេញពីមុខតំណែង បន្ទាប់ពីបានឈានចូលដល់អាយុចូលនិវត្តន៍ក្រៅផ្លូវការ (៦៨ ឆ្នាំ)។ នាយករដ្ឋមន្ត្រី Li Keqiang ដែលមានអាយុ ៦៧ ឆ្នាំ (តិចជាងអាយុចូលនិវត្តន៍ ១ ឆ្នាំ) អាចត្រូវចុះចេញពីតំណែងជានាយករដ្ឋមន្ត្រី ដោយសារការកំណត់អាណត្តិរបស់រដ្ឋធម្មនុញ្ញត្រឹមចំនួន ២ អាណត្តិ។

តាមទ្រឹស្ដី លោក Li ដែលស្ថិតនៅចំណាត់ថ្នាក់លេខ២ នៅក្នុងរចនាសម្ព័ន្ធគណបក្ស នៅតែអាចបន្តនៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ និងអាចបន្តកាន់តំណែងផ្សេងៗទៀតបាន ដូចជាប្រធានរដ្ធសភា NPC ជាដើម។ ប៉ុន្តែប្រភពមួយចំនួនបានលើកឡើងថា «លោកនាយករដ្ឋមន្ត្រីអាចនឹងសម្រេចចិត្តចូលនិវត្តន៍ទាំងស្រុង»។

ប្រធានសន្និសីទប្រឹក្សានយោបាយប្រជាជនចិន លោក Wang Yang (កណ្តាល) មាន​អាយុ​ដូចគ្នា​នឹង​នាយករដ្ឋមន្ត្រី Li Keqiang។ រូបថត៖ Reuters

លោក Wang Yang ដែលបច្ចុប្បន្នគឺជាប្រធានសន្និសីទប្រឹក្សានយោបាយប្រជាជនចិន និងលោក Wang Huning ដែលជាមនុស្សដែលមានឥទ្ធិពលផ្នែកមនោគមវិជ្ជាមានអាយុដូចគ្នានឹងលោក Li Keqiang ដែរ។ លោក Zhao Leji ដែលជាប្រធានស្ថាប័នប្រឆាំងអំពើពុករលួយដ៏មានឥទ្ធិពល មានអាយុក្មេងជាងគេបំផុត (៦៥ ឆ្នាំ)។

នៅពេលការផ្លាស់ប្តូរមួយចំនួនត្រូវបានដាក់ចេញ ការកំណត់អាយុនឹងលែងក្លាយជាលក្ខខណ្ឌរឹតត្បិតនៅក្រោមការដឹកនាំរបស់លោក ស៊ី ជីនពីង ទៀតហើយ។ ផ្ទុយទៅវិញ បេក្ខជននីមួយៗនឹងត្រូវបានវាយតម្លៃ ដោយយោងទៅតាមម៉ាទ្រីសនៃកត្តាផ្សេងៗ ដែលរួមមានប្រវត្តិការងារ និងសមត្ថភាព។ ទោះជាយ៉ាងណាក៏ដោយ អាយុអាចនៅតែត្រូវបានគេលើកយកមកពិចារណានៅក្នុងកម្រិតជាក់លាក់ណាមួយដដែល។

ប្រសិនបើលោក Wang Yang ដើរតាមលោក Li Keqiang ក្នុងការសម្រេចចិត្តចូលនិវត្តន៍ទាំងស្រុង នោះវាអាចនាំមកនូវការប្រកួតប្រជែងសម្រាប់តំណែងជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសចិន។ លោក Wang ត្រូវបានអ្នកសង្កេតការណ៍នៅបរទេសចាត់ទុកជាអ្នកជំនួសលោក Li ដ៏សក្តិសមបំផុតជាមួយនឹងបទពិសោធន៍រដ្ឋបាលដ៏សម្បូរបែប បូករួមនឹងសាវតារការងារដ៏ល្អ។

នាយករដ្ឋមន្រ្តីថ្មីតែងត្រូវបានបង្ហាញឱ្យដឹងជាផ្លូវការនៅក្នុងសម័យប្រជុំសភាប្រចាំឆ្នាំនៅខែមីនាខាងមុខ ក៏ប៉ុន្តែការចាត់លេខរៀងថ្មីនៅក្នុងរចនាសម្ព័ន្ធគណបក្សដែលនឹងត្រូវប្រកាសនៅថ្ងៃអាទិត្យ អាចនឹងផ្តល់ជាតម្រុយដ៏ច្បាស់លាស់បំផុត។ តាមទម្លាប់ តំណែងនាយករដ្ឋមន្ត្រីត្រូវបានបម្រុងទុកសម្រាប់មនុស្សដែលស្ថិតនៅលេខរៀងទី២ ឬទី៣ នៅក្នុងរចនាសម្ព័ន្ធគណបក្ស។

នាយករដ្ឋមន្ត្រីដែលទទួលបន្ទុកផ្នែកសេដ្ឋកិច្ចនិងការអភិវឌ្ឍសង្គមរបស់ចិន ជាធម្មតាត្រូវមានបទពិសោធន៍ផ្នែករដ្ឋបាលនៅក្នុងខេត្តធំៗចំនួន២ និងត្រូវមានកំណត់ត្រាដ៏រឹងមាំពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ច។ នៅក្រោមការដឹកនាំរបស់លោក ស៊ី ជីនពីង ទំនាក់ទំនងដ៏ល្អរវាងបេក្ខជនជាមួយប្រធានាធិបតីក៏ជាកត្តាដ៏សំខាន់ផងដែរ។

ការរុះរើធំជាងការរំពឹងទុកនេះ អាចបង្កើតឱ្យមានអាសនៈដ៏ល្អចំនួន ៤ នៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ។ លោក Ding Xuexiang ដែលជាជំនួយការនយោបាយដ៏គួរឱ្យទុកចិត្តរបស់លោក ស៊ី ជីនពីង គឺជាបេក្ខជននាំមុខគេក្នុងការទទួលបានអាសនៈ ១ ក្នុងចំណោមអាសនៈទាំង ៤។ លេខាបក្សក្រុងសៀងហៃ លោក Li Qiang ក៏ស្ថិតក្នុងការប្រកួតប្រជែងដណ្តើមអាសនៈនេះដែរ។

លោក Ding Xuexiang (ទីពីររាប់ពីខាងស្តាំ) គឺជាអ្នកនាំមុខគេក្នុងការទទួលបានអាសនៈនៅគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ។ រូបថត៖ Reuters

លេខាបក្សខេត្ត Guangdong លោក Li Xi គឺជាគូប្រជែងដ៏ខ្លាំងម្នាក់ទៀត បូករួមនឹងលេខាបក្សខេត្ត Chongqing លោក Chen Miner ដែលជាមនុស្សសំណព្វរបស់ប្រធានាធិបតី។ ឧបនាយករដ្ឋមន្ត្រី Hu Chunhua អាចនឹងមិនទទួលបានការដំឡើងតំណែងនោះទេ ហើយប្រធានបក្សក្រុង Tianjin លោក Li Hongzhong និងប្រធានបក្សក្រុងប៉េកាំង Cai Qi ក៏ទំនងជាមិនទទួលបានការដំឡើងតំណែងដូចគ្នាដែរ៕

South China Morning Post

អត្ថបទទាក់ទង