ក្រសួងការពារជាតិសម្តែងការសោកស្តាយចំពោះឧបទ្ទវហេតុនៃការផ្ទុះគ្រាប់មីនដែលបណ្តាលឱ្យកងទ័ពថៃរងរបួស
ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈបណ្ដាញសង្គមផ្លូវការនៅយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ បានសម្តែងការសោកស្តាយចំពោះឧបទ្ទវហេតុនៃការផ្ទុះគ្រាប់មីនដែលបណ្តាលឱ្យកងទ័ពថៃរងរបួស និងបានអះអាងសាជាថ្មីថាកម្ពុជាមិនបានប្រើប្រាស់និងមិនបានដាក់គ្រាប់មីនថ្មីឡើយនិងប្រកាន់ខ្ជាប់នូវការគោរពអនុសញ្ញាអូតាវ៉ាដែលកម្ពុជាជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្សនេះ។ ជាមួយគ្នានេះ កម្ពុជាក៏ធ្លាប់បានជម្រាបជូនភាគីថៃនិងសហគមន៍អន្តរជាតិជាច្រើនដងរួចមកហើយថានៅតាមបណ្តោយព្រំដែនក្នុងទឹកដីកម្ពុជាគឺនៅមានគ្រាប់មីនជាច្រើនដែលបន្សល់ទុកពីសម័យសង្គ្រាមស៊ីវិល។
កម្ពុជាសូមគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់និងច្បាស់លាស់បំផុតនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនក្នុងការគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ដែលបាន សម្រេចកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងគោលការណ៍ឯកភាពទាំង១៣ចំណុចឯកភាពក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។
កម្ពុជាសូមអំពាវនាវឱ្យភាគីថៃគោរពនូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់ព្រមទាំងស្មារតីនិងការឯកភាពគ្នានៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ(GBC) ដែលថា ភាគីទាំងពីរបានព្រមព្រៀងគ្នារក្សាកម្លាំងយោធារបស់ខ្លួននៅក្នុងទីតាំងបច្ចុប្បន្នដោយមិនអនុញ្ញាតឱ្យផ្លាស់ទីហួសពីទីតាំងដែលខ្លួនបានឈរជើងក្នុងពេលកិច្ចព្រមព្រៀងបទឈប់បាញ់បានចូលជា ធរមាននៅម៉ោង១២រំលងអធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ឡើយ។ ភាគីទាំងពីរមិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការដើរល្បាតទៅលើទីតាំងរបស់ភាគីម្ខាងទៀតឡើយ។
លើសពីនេះទៀត កម្ពុជាបានប្រកាន់ខ្ជាប់និងអនុវត្តតាមស្មារតីដែលភាគីទាំងពីរបានឯកភាពគ្នាក្នុងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC) នាពេលកន្លងមកជាពិសេសកិច្ចប្រជុំវិសាមញ្ញថ្នាក់យោធភូមិភាគរវាងយោធភូមិភាគទី៤ កម្ពុជានិងបញ្ជាការដ្ឋានកងទ័ពភូមិភាគទី២ ថៃ ដែលទើបតែបញ្ចប់ទៅនៅវេលាម៉ោង១១:៥៣នាទី ក្នុងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ដោយភាគីទាំងពីរបានឯកភាពគ្នាបង្កើនជំនឿទុកចិត្តសំដៅកាត់បន្ថយភាពតានតឹងនិងរក្សាសន្តិភាពនៅតាមបណ្តោយព្រំដែន ដោយប្រើប្រាស់យន្តការផ្សេងៗដើម្បីដោះស្រាយភាពខុសគ្នាដោយសន្តិវិធីនិងបញ្ជៀសការប៉ះទង្គិចគ្នា ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពនិងសាមគ្គីភាព និងប្រសិនបើមានបញ្ហាអ្វីត្រូវរួមគ្នាដោះស្រាយតាមយន្តការដែលមានស្រាប់។ ក្នុងន័យនេះ កម្ពុជាស្នើសុំឱ្យភាគីថៃអនុវត្តដូចគ្នានូវស្មារតីនេះ។
កម្ពុជាសូមគូសបញ្ជាក់សាជាថ្មីនូវគោលជំហរដោះ ស្រាយបញ្ហាដោយសន្តិវិធី ស្មោះត្រង់ ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន៕



