ខ្មែរប៉ុស្ដិ៍ Close

Xinhua ៖ អង្គហេតុនានាស្តីអំពីការរំលោភច្បាប់អន្តរជាតិរបស់សហរដ្ឋអាមេរិក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 83
Xinhua ៖ អង្គហេតុនានាស្តីអំពីការរំលោភច្បាប់អន្តរជាតិរបស់សហរដ្ឋអាមេរិក Xinhua ៖ អង្គហេតុនានាស្តីអំពីការរំលោភច្បាប់អន្តរជាតិរបស់សហរដ្ឋអាមេរិក

ជាមួយនឹងការតាំងខ្លួនជាមហាអំណាចពិភពលោក សហរដ្ឋអាមេរិកតែងតែអះអាងថា ខ្លួនគឺជា «អ្នកការពារច្បាប់អន្តរជាតិ» និងតែងតែស្តីបន្ទោសប្រទេសដទៃទៀតដោយគ្មានភស្តុតាង ក៏ដូចជាបានដាក់ទណ្ឌកម្មតាមតែអំពើចិត្ត ទៅលើប្រទេសទាំងនោះ ក្រោមលេសនៃការការពារច្បាប់អន្តរជាតិ។

ប៉ុន្តែតាមពិតទៅ សហរដ្ឋអាមេរិកតែងតែតម្កល់ផលប្រយោជន៍នយោបាយដ៏អាត្មានិយមរបស់ខ្លួនជាធំ និងចាត់ទុកច្បាប់ជាតិរបស់ខ្លួនមានតម្លៃជាងច្បាប់អន្តរជាតិ។

ក្រោមឥទិ្ធពលនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស សហរដ្ឋអាមេរិកបានជ្រៀតជ្រែកចូលទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀត ដោយបានបង្កជាសង្គ្រាមដោយឥតសំចៃ ដើម្បីរំលោភលើអធិបតេយ្យភាព របស់ប្រទេសដទៃទៀត ក៏ដូចជាបានបង្កអន្តរាយដល់សណ្តាប់ធ្នាប់អន្តរជាតិ និងបានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខអន្តរជាតិ។

អ្វីដែលសហរដ្ឋអាមេរិកបានធ្វើ បានរំលោភយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់អន្តរជាតិ បូករួមទាំងធម្មនុញ្ញរបស់អង្គការ សហប្រជាជាតិ «UN Charter»។ ការប៉ុនប៉ងរបស់សហរដ្ឋអាមេរិកក្នុងការដាក់សម្ពាធទៅលើប្រទេសដទៃទៀតឱ្យគោរពច្បាប់ តាមពិតទៅ គឺដើម្បីបង្ខំពួកគេឱ្យទទួលយកនូវសណ្តាប់ធ្នាប់ពិភពលោកមួយដែលដឹកនាំដោយសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។

១. ការជ្រៀតជ្រែកចូលទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ

គោលការណ៍នៃការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀត គឺជាគោលការណ៍ដ៏សំខាន់មួយដែលមានចែងនៅក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងជាបទដ្ឋានមូលដ្ឋានមួយសម្រាប់ការងារទំនាក់ទំនងជាអន្តរជាតិ។

ប៉ុន្តែ រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្រោមការចង្អុលបង្ហាញអំពីអ្វីដែលគេចាត់ទុកជា «ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស» បានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនជាយូរមកហើយ ពាក់ព័ន្ធនឹងបញ្ហាដែលទាក់ទងទៅនឹងមនោគមវិជ្ជា, បញ្ហាតៃវ៉ាន់, បញ្ញាហុងកុង, បញ្ហាស៊ីនជាំង និងបញ្ញានៅទីបេជាដើម។

តាមរយៈការលក់អាវុធទៅឱ្យតៃវ៉ាន់ ក៏ដូចជាការបង្កើតឱ្យមានទំនាក់ទំនងជាផ្លូវការជាមួយតៃវ៉ាន់ និងជាមួយនឹងសេចក្តីថ្លែងការណ៍ ឬសកម្មភាពនានាដើម្បីសមគំនិតប្រព្រឹត្តអំពើទុច្ចរិតពាក់ព័ន្ធនឹង «ឯករាជ្យរបស់តៃវ៉ាន់» រដ្ឋាភិបាលសហរដ្ឋអាមេរិកបាននិងកំពុងបង្កជាឧបសគ្គដល់ការបង្រួបបង្រួមរវាងភាគីទាំងពីរ ដែលនៅសងខាងច្រកសមុទ្រតៃវ៉ាន់។

បន្ទាប់ពីប្រទេសចិន បានបន្តអនុវត្តអធិបតេយ្យភាពលើហុងកុង សហរដ្ឋអាមេរិកបានឃុបឃិតជាមួយកម្លាំងប្រដាប់អាវុធនៅហុងកុង និងបានញុះញង់ឱ្យមានចលាចលសង្គមនៅទីនោះ។ ហើយសហរដ្ឋអាមេរិកក៏បានបង្កឱ្យមានអារម្មណ៍ស្អប់ខ្ពើមមកលើគោលនយោបាយអភិបាលកិច្ចរបស់ចិននៅតំបន់ស៊ីនជាំង ក៏ដូចជាមកលើកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលកណ្តាលក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើរភេរវកម្ម និងអំពើជ្រុលនិយមដទៃទៀតនៅក្នុងតំបន់ តាមរយៈការបង្កាច់បង្ខូចស្ថានភាពសិទ្ធិមនុស្សនៅស៊ីនជាំង និងបានដាក់ទណ្ឌកម្មជាឯកតោភាគី ទៅលើបុគ្គលចិន និងអង្គភាពដែលពាក់ព័ន្ធនានាដទៃទៀត។

លោក Lawrence Wilkerson ដែលជាប្រធានផ្នែកបុគ្គលិករបស់អតីតរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក Colin Powell បានសារភាពដោយផ្ទាល់ថា៖

«បញ្ហាជនជាតិអ៊ុយហ្គួ នៅ ស៊ីនជាំង គឺជាផែនការយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ដើម្បីបង្កអស្ថិរភាព និងដើម្បីទប់ទល់នឹងប្រទេសចិនពីខាងក្នុង»។

ក្នុងនាមជាអ្នកសហការឧបត្ថម្ភរបស់គណៈកម្មាធិការប្រឆាំងភេរវកម្ម ១២៦៧ នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិដើម្បីចុះបញ្ជីចលនាអ៊ីស្លាមទួគីស្ថានខាងកើត (East Turkestan Islamic Movement-ETIM) ជា «អង្គការភេរវករ» សហរដ្ឋអាមេរិកបានបង្វែរទិសដៅយុទ្ធសាស្ត្ររបស់អង្គការសហប្រជាជាតិ នៅខែវិច្ឆិកាឆ្នាំ ២០២០ ដោយបានដក ETIM ចេញពីបញ្ជីនៃអង្គការភេរវករ និងបាន
បង្ក្រាបលើក្រុមភេរវករយ៉ាងខ្លាំងក្លា។

អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលសហរដ្ឋអាមេរិកបានផ្តល់ជំរកដល់កងកម្លាំងដែលពួកគេ បានចាត់ទុកជាចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យ ដូចជា ETIM និង Falun Gong ដើម្បីឃុបឃិតគ្នាបង្កអស្ថិរភាពដល់ប្រទេសចិន។

អ្នកនយោបាយអាមេរិកក៏បានជួបជាមួយមនុស្សមកពីកងកម្លាំងទាំងនោះជាច្រើនដងផងដែរ ដើម្បីបង្ហាញអំពីកាយវិការនៃការទទួលស្គាល់និងគាំទ្រ និងដែលបានបង្ហាញពីចេតនាពិតរបស់ពួកគេក្នុងការជ្រៀតជ្រែកចូលទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនក្រោមលេសប្រជាធិបតេយ្យ និងសេរីភាព។

វាគឺជាការមូលមតិគ្នាជាអន្តរជាតិដែលគោលការណ៍នៃអធិបតេយ្យភាពរបស់រដ្ឋនឹងត្រូវបានអនុវត្តផងដែរចំពោះប្រព័ន្ធលំហរអ៊ីនធើណិត (Cyberspace) ។ ប៉ុន្តែសហរដ្ឋអាមេរិក ដែលមានជំនាញខាងផ្នែកបច្ចេកវិទ្យាព័ត៌មាន និងអំណាចយោធាតាមប្រព័ន្ធអ៊ីនធើណិត បានបន្តឈ្លានពាននិងវាយប្រហារម្តងហើយម្តងទៀតទៅលើប្រព័ន្ធអ៊ីនធើណិតរបស់ប្រទេសដទៃទៀត ដែលបានបង្កជាការរំលោភលើអធិបតេយ្យភាពរបស់ពួកគេ។

នៅក្នុងខែមិថុនា ឆ្នាំ ២០១៣ រឿង អាស្រូវ PRISM បានលាតត្រដាងជាលក្ខណៈប្រព័ន្ធនូវសកម្មភាពរបស់សហរដ្ឋអាមេរិកដែលបានលួចចូល (Hack) ទៅក្នុងប្រព័ន្ធបណ្តាញរបស់ប្រទេសនានា និងបានបង្កើតជាបណ្តាញឃ្លាំមើលនិងចារកម្មយ៉ាងធំ។

សហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចបាននិងកំពុងផ្សព្វផ្សាយ និងដើរតាមប្រព័ន្ធមួយ ដែលពួកគេចាត់ទុកជា «ប្រព័ន្ធសេរីភាព និងប្រជាធិបតេយ្យ» តាមរយៈការលើកកម្ពស់ «បដិវត្តពណ៌» នៅទូទាំងពិភពលោក។

បដិវត្ត «Arab Spring» ដែលទទួលបានការគាំទ្រនិងដឹកនាំដោយសហរដ្ឋអាមេរិក បានបង្កភាពវឹកវរជាបន្តបន្ទាប់នៅក្នុងប្រទេសជាច្រើន នៅតំបន់អាស៊ីខាងលិចនិងអាហ្វ្រិកខាងជើង។ សហរដ្ឋអាមេរិកក៏បាននិងកំពុងធ្វើសកម្មភាពលួចស៊ើបការណ៍សម្ងាត់ និងការធ្វើវិទ្ធង្សនាអស់រយៈពេលជាយូរមកហើយនៅក្នុងប្រទេស វេណេស៊ុយអេឡា, ប៉ាណាម៉ា ក៏ដូចជានៅបណ្តាប្រទេសនៅមជ្ឈិមបូព៌ា ហើយក៏បានជួយដល់កងកម្លាំងប្រឆាំងនៅក្នុងប្រទេសទាំងនោះ ដើម្បីរៀបចំផែនការធ្វើរដ្ឋប្រហារ ដែលសកម្មភាពទាំងនេះគឺជាការជ្រៀតជ្រែកចូលយ៉ាងខ្លាំងក្លាទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀត។

សហរដ្ឋអាមេរិកគឺជាប្រទេសហត្ថលេខីនៃអនុសញ្ញាអន្តរជាតិមួយចំនួន ដូចជាអនុសញ្ញា Hague Evidence Convention (ដែលជាអនុសញ្ញាស្តីពីការទាញយកភ័ស្តុតាងនៅក្រៅប្រទេស ពាក់ព័ន្ធនឹងបញ្ហារដ្ឋប្បវេណី ឬពាណិជ្ជកម្ម) , អនុសញ្ញារបស់អង្គការសហប្រជាជាតិ ស្តីពីការប្រឆាំងនឹងអំពើពុករលួយ (United Nations Convention Against Corruption) និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន (United Nations Convention Against Transnational Organized Crime)។

សហរដ្ឋអាមេរិកក៏បានផ្តល់សច្ចាប័នលើសន្ធិសញ្ញាស្តីពីការផ្តល់ជំនួយផ្នែកព្រហ្មទណ្ឌចំនួន ៦៩ ជាមួយបណ្តាប្រទេសមួយចំនួនផងដែរ។ ប៉ុន្តែ ក្រោមលេសនៃការជៀសវាងប្រសិទ្ធភាពទាប និងការរឹតត្បិតហួសហេតុ លើនីតិវិធីក្នុងការផ្តល់ជំនួយផ្នែកព្រហ្មទណ្ឌ សហរដ្ឋអាមេរិកបានបង្កើតប្រព័ន្ធដីការកោះបង្គាប់ឱ្យចូលខ្លួនមកផ្តល់សក្ខីកម្ម (Subpoena ad testificandum) ដោយផ្អែកលើបទប្បញ្ញត្តិក្នុងស្រុក និងការសម្រេចរបស់តុលាការដើម្បីធ្វើការប្រមូលភ័ស្តុតាងដែលស្ថិតនៅក្រៅដែនសមត្ថកិច្ចរបស់អាមេរិក ខណៈពេលដែលសកម្មភាពបែបនេះ នឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាពរបស់តុលាការនិងសេចក្តីថ្លៃថ្នូរផ្នែកច្បាប់របស់ប្រទេសដទៃទៀត។

ចាប់តាំងពីពេលកើតមានការរីករាលដាលនៃវីរុសរាតត្បាត COVID-19 បណ្តឹងដែលមានលក្ខណៈរំលោភបំពានជាច្រើនត្រូវបានធ្វើឡើងនៅសហរដ្ឋអាមេរិក ដើម្បីទាមទារសំណងពីរដ្ឋាភិបាលចិនចំពោះផលប៉ះពាល់ដែលបង្កឡើងដោយសារវីរុសនេះ។

យោងតាមអ្នកជំនាញផ្នែកច្បាប់អន្តរជាតិ ការដែលតុលាការអាមេរិកព្រមទទួលយកពាក្យបណ្តឹងទាំងនេះប្រឆាំងនឹងរដ្ឋាភិបាលចិន បានបង្ហាញអំពីការំលោភលើគោលការណ៍ស្មើភាពគ្នានៃអធិបតេយ្យភាពនៃរដ្ឋ ដូចដែលមានចែងនៅក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងគោលការណ៍ស្តីពីអភ័យឯកសិទ្ធិអធិបតេយ្យនៅក្នុងច្បាប់អន្តរជាតិ និងបានរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងសេចក្តីថ្លៃថ្នូររបស់ប្រទេសចិន។

២. ការរំលោភបំពានទៅលើច្បាប់អន្តរជាតិ និងការបង្កការគំរាមកំហែងដល់សន្តិភាពនិងសន្តិសុខ

អស់ពេលជាយូរមកហើយដែលសហរដ្ឋអាមេរិកបានព្រងើយកន្តើយចំពោះគោលការណ៍គ្រឹះនៃច្បាប់អន្ដរជាតិ ដែលហាមឃាត់ការប្រើប្រាស់កម្លាំងដោយខុសច្បាប់ ឬការគំរាមកំហែងប្រើប្រាស់កម្លាំង និងថែមទាំងបានបង្កសង្រ្គាមដោយឥតកោតក្រែងប្រឆាំងនឹងរដ្ឋអធិបតេយ្យផ្សេងៗទៀតផងដែរ។

នៅឆ្នាំ ២០០៣ សហរដ្ឋអាមេរិកបានប្រើសារធាតុនៃសាប៊ូបោកខោអាវដបមួយ ដើម្បីធ្វើជាភស្ដុតាងចោទប្រកាន់ថា «អ៊ីរ៉ាក់ថាមានអាវុធប្រល័យលោក» និងបានបើកការវាយប្រហារទៅលើប្រទេសនេះដោឋគ្មានការអនុញ្ញាតពីអង្គការសហប្រជាជាតិ និងបានបណ្តាលឱ្យមានមនុស្សស្លាប់និងរបួសរាប់សែននាក់ និងជាង ១ លាននាក់ត្រូវរត់ភៀសខ្លួន។

នៅឆ្នាំ ២០១៨ ប្រទេសមួយចំនួន ដែលរួមមានទាំងសហរដ្ឋអាមេរិក, អង់គ្លេស និងបារាំង បានបើកការវាយប្រហារតាមផ្លូវអាកាស ទៅលើប្រទេសស៊ីរី និងបានបណ្តាលឱ្យជនស៊ីវិលស្លូតត្រង់រាប់ម៉ឺននាក់ស្លាប់និងរបួស ហើយខ្លះទៀតត្រូវរត់ភៀសខ្លួន។

របាយការណ៍របស់អង្គការសហប្រជាជាតិឆ្នាំ ២០១៩ បានសន្និដ្ឋានថា៖

«សហរដ្ឋអាមេរិកនិងកងកម្លាំងចម្រុះរបស់លោកខាងលិច មិនបានកំណត់គោលដៅនៃការវាយប្រហាររបស់ពួកគេឱ្យបានជាក់លាក់ទៅលើគោលដៅយោធាណាមួយ ឬក៏មិនបានធ្វើវាដោយប្រុងប្រយ័ត្ន ដែលជាហេតុបង្កទៅជាបទឧក្រិដ្ឋសង្គ្រាម»។

ភ័ស្តុតាងនៃអ្វីដែលត្រូវបានចាត់ទុកជា «ការប្រើប្រាស់អាវុធគីមីរបស់រដ្ឋាភិបាលស៊ីរី» គឺជាវីដេអូដែលរៀបចំ និងដឹកនាំដោយអង្គការ White Helmets ដែលជាអង្គការមួយដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិក និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អង់គ្លេស។

នៅខែមករា ឆ្នាំ ២០២០ សហរដ្ឋអាមេរិកបានធ្វើការកំណត់គោលដៅធ្វើឃាតលើមេបញ្ជាការកងទ័ពឆ្មាំបដិវត្តឥស្លាម (Islamic Revolutionary Guard Corps Quds Force) គឺ លោក Qassem Soleimani ដែលសកម្មភាពនេះបានរំលោភលើធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងបទប្បញ្ញត្តិនៃអនុសញ្ញាទីក្រុងហ្សឺណែវស្តីពីការប្រើប្រាស់កម្លាំងយោធា។

សហរដ្ឋអាមេរិកក៏បាននិងកំពុងបង្កើនប្រសិទ្ធិភាពឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន តាមរយៈការកាត់បន្ថយកម្រិតនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដោយប្រើប្រាស់វិធីសាស្ត្រនៃ «ការចរចាត្រីភាគី» ដើម្បីជាលេសគេចវេសពីការទទួលខុសត្រូវពិសេសរបស់ខ្លួន ក្នុងការការរំសាយអាវុធនុយក្លេអ៊ែរ និងថែមទាំងបានបង្ហាញពីបំណងចង់បន្ដដំណើរការសាកល្បងអាវុធនុយក្លេអ៊ែរឡើងវិញទៀតផង។

សហរដ្ឋអាមេរិកបានដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីល នៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុបកណ្តាលនិងខាងកើត ហើយក៏កំពុងព្យាយាមដាក់ពង្រាយប្រព័ន្ធមីស៊ីលកម្រិតមធ្យម នៅលើដីក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងនៅអឺរ៉ុបផងដែរ ក្នុងគោលបំណងដើម្បីពង្រឹងវត្តមានយោធារបស់ខ្លួន និងបង្កើតអំណាចផ្តាច់មុខ។

សហរដ្ឋអាមេរិកគឺជាប្រទេសតែមួយគត់ ដែលបានប្រឆាំងនឹងការចរចាស្តីពីពិធីសារនៃការត្រួតពិនិត្យលើអនុសញ្ញាអាវុធជីវសាស្ត្រ (Biological Weapons Convention) និងបានរារាំងកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ ក្នុងការត្រួតពិនិត្យលើសកម្មភាពជីវសាស្ត្រនៅក្នុងប្រទេសជាសមាជិក ហើយអាមេរិកក៏បានបង្កការរារាំងដល់ដំណើរការនៃការគ្រប់គ្រងអាវុធជីវសាស្ត្រផងដែរ។

សហរដ្ឋអាមេរិកបានបង្កើតមន្ទីរពិសោធន៍ជីវសាស្រ្តដោយសម្ងាត់នៅកន្លែងជាច្រើនជុំវិញពិភពលោក និងបានចូលរួមក្នុងការធ្វើយោធានីយកម្មអាវុធជីវសាស្ត្រ (Biological Militarization) ផងដែរ។ ភាពជាប់ទាក់ទងគ្នារវាងមន្ទីរពិសោធន៍យោធារបស់អាមេរិកនៅឯ Fort Detrick រដ្ឋ Maryland និងការរីករាលដាលនៃវីរុស COVID-19 នៅតែជារឿងដែលគួរឱ្យសង្ស័យ។

ក្នុងនាមជាប្រទេសតែមួយគត់ នៅលើពិភពលោកដែលមានឃ្លាំងអាវុធគីមី សហរដ្ឋអាមេរិកបានពន្យារពេលម្តងហើយម្តងទៀតក្នុងការបំផ្លាញអាវុធគីមីរបស់ខ្លួន និងបានអូសបន្លាយការបំពេញកាតព្វកិច្ចរបស់ខ្លួន ដែលជាហេតុធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជាឧបសគ្គដ៏ធំបំផុតមួយក្នុងការសម្រេចបាននូវ «ពិភពលោកមួយដែលគ្មានអាវុធគីមី»

តាមរយៈការបង្កើតកងទ័ពអវកាស (Space Force) និងបញ្ជាការអវកាស (Space Command) សហរដ្ឋអាមេរិកបាននិងកំពុងបង្កើនល្បឿននៃការសាកល្បងអាវុធអវកាស និងការធ្វើសមយុទ្ធយោធាអវកាសដែលបានបង្កជាការគំរាមកំហែងដល់សន្តិសុខអវកាស និងជាសកម្មភាពផ្ទុយពីគោលការណ៍នៃការប្រើប្រាស់ទីលំហរអាកាសដោយសន្តិវិធី។

នៅឆ្នាំ ២០១៥ ប្រទេសនេះបានអនុម័តច្បាប់មួយដែលអនុញ្ញាតឱ្យមានសកម្មភាពរុករក និងទាញយកធនធានអវកាសដែលរំលោភលើសន្ធិសញ្ញាស្តីពីលំហអាកាសឆ្នាំ ១៩៦៧ (Outer Space Treaty) ដែលចែងថា «លំហរអាកាសមិនមែនជាកម្មវត្ថុនៃការទាមទារអធិបតេយ្យភាពរបស់ប្រទេសណាមួយឡើយ មិនថាតាមមធ្យោបាយនៃការប្រើប្រាស់ ឬការកាន់កាប់»

សមុទ្រចិនខាងត្បូងមានចម្ងាយជាង ៨៣០០ម៉ាយ ពីទ្វីបរបស់សហរដ្ឋអាមេរិក។ ក៏ប៉ុន្តែភាគីសហរដ្ឋអាមេរិកបានបង្កើតមូលដ្ឋានយោធាជាច្រើននៅជុំវិញតំបន់នោះ ដោយមានបំពាក់ទៅដោយអាវុធ និងឧបករណ៍ដែលបម្រើឱ្យការវាយលុក។

សហរដ្ឋអាមេរិកក៏បានបញ្ជូននាវាដឹកយន្តហោះនិងយន្តហោះទម្លាក់គ្រាប់បែកជាយុទ្ធសាស្រ្ត ទៅកាន់សមុទ្រចិនខាងត្បូងជាញឹកញាប់ផងដែរ និងបានដាក់ពង្រាយយន្តហោះយោធា និងនាវាចម្បាំងជាច្រើននៅទីនោះជាប្រចាំ ហើយថែមទាំងបានក្លែងបន្លំយន្តហោះស៊ីវិល ដោយប្រើលេខកូដបញ្ជូនរបស់ប្រទេសដទៃទៀត ដែលវាជាសកម្មភាពបំពានច្បាប់អាកាសចរណ៍អន្តរជាតិ និងបង្កការរំខានដល់សណ្តាប់ធ្នាប់អាកាសចរណ៍ និងសុវត្ថិភាពនៅក្នុងដែនអាកាសដែលពាក់ព័ន្ធ ក៏ដូចជាបង្កការគំរាមកំហែងដល់សន្តិសុខជាតិរបស់ប្រទេសនៅក្នុងតំបន់។

នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ១៩៨៦ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចថា៖

«សកម្មភាពរបស់សហរដ្ឋអាមេរិកក្នុងការផ្តល់ហិរញ្ញប្បទាន និងបណ្តុះបណ្តាលក្រុមប្រឆាំងនីការ៉ាហ្គ័រ និងការដាក់ពង្រាយអាវុធនៅក្នុងដែនទឹករបស់ប្រទេសនីការ៉ាហ្គ័រ គឺជាការរំលោភលើអធិបតេយ្យភាពរបស់ប្រទេសនីការ៉ាហ្គ័រ និងគោលការណ៍ដែលហាមឃាត់ការប្រើប្រាស់កម្លាំងដោយខុសច្បាប់»។

៣. ការសម្លុតគំរាមកំហែងនិងការដាក់ទណ្ឌកម្មជាឯកតោភាគីដើម្បីទាញយកអំណាចគ្រប់គ្រងទាំងស្រុង

ទិន្នន័យដែលត្រូវបានចេញផ្សាយដោយក្រុមហ៊ុនច្បាប់អាមេរិក «Gibson Dunn» បានបង្ហាញថា៖

«ក្រោមរដ្ឋបាលរបស់អតីតប្រធានាធិបតី Donald Trump សហរដ្ឋអាមេរិកបានចាត់វិធានការដាក់ទណ្ឌកម្មចំនួនជាង ៣៩០០ ផ្សេងៗគ្នា»។

ផ្អែកលើច្បាប់ពាណិជ្ជកម្មផ្ទាល់របស់ខ្លួននៅឆ្នាំ ១៩៧៤ សហរដ្ឋអាមេរិកបានលុបចោលនូវបទដ្ឋានមូលដ្ឋាននៃការផ្លាស់ប្តូរគ្នាជាអន្តរជាតិ ដូចជាការគោរពគ្នាទៅវិញទៅមក និងការពិគ្រោះយោបល់ដោយស្មើភាពគ្នា និងបានអនុវត្តនូវឯកតោភាគីនិយម, ការគាំពារនិយម និងអនុត្តរភាពសេដ្ឋកិច្ច (Economic Hegemony) និងបានបើកការស៊ើបអង្កេតលើប្រទេសចិន ដោយផ្អែកលើមាត្រា ៣០១ ។

នៅក្នុងខែកក្កដា និងសីហា ឆ្នាំ ២០១៨ សហរដ្ឋអាមេរិកបានដាក់ពន្ធគយបន្ថែម ចំនួន ២៥% លើការនាំចូលរបស់ចិនដែលមានតម្លៃ ៥០ ពាន់លានដុល្លារអាមេរិក ហើយវិធានពន្ធគយក៏ត្រូវបានបង្កើនចាប់តាំងពីពេលនោះមក។

នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០១៨ សហរដ្ឋអាមេរិកបានចាប់ផ្តើមដាក់ពន្ធបន្ថែម ១០% លើផលិតផលចិនដែលមានតម្លៃ ២០០ ពាន់លានដុល្លារ ដោយបានរំលោភយ៉ាងធ្ងន់ធ្ងរទៅលើគោលការណ៍គ្រឹះ និងស្មារតីរបស់អង្គការពាណិជ្ជកម្មពិភពលោក។

ផ្ទុយពីគោលការណ៍នៃការប្រកួតប្រជែងផ្នែកទីផ្សារនិងច្បាប់ពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិ ដែលខ្លួនធ្លាប់បានលើកស្ទួយ សហរដ្ឋអាមេរិកបែរជាបានប្រើប្រាស់បញ្ហាសន្តិសុខជាតិ និងបានរំលោភបំពានលើអំណាចជាតិរបស់ខ្លួន ដើម្បីធ្វើការគាបសង្កត់មកលើក្រុមហ៊ុនចិន។

រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកបានបញ្ចូលក្រុមហ៊ុន និងស្ថាប័នចិនចំនួន ៣៨២ នៅក្នុងបញ្ជីខ្មៅ (Entity List) និងបញ្ចូលក្រុមហ៊ុនចិនចំនួន ៤៤ ជា «សហគ្រាសយោធាកុម្មុយនីស្តចិន» (Communist Chinese military enterprises)។

អាមេរិកក៏បានចេញផ្សាយនូវបញ្ជី «Military End User List» ដែលមានរួមបញ្ចូលក្រុមហ៊ុនចិនចំនួន ៧៣ និងបានអនុម័តច្បាប់ស្តីពីគណនេយ្យភាពរបស់ក្រុមហ៊ុនបរទេស (Holding Foreign Companies Accountable Act) ជាមួយនឹងបទប្បញ្ញត្តិ ដែលមានលក្ខណៈរើសអើងក្រុមហ៊ុនចិន។

ដើម្បីគាបសង្កត់លើក្រុមហ៊ុន Huawei សហរដ្ឋអាមេរិកបានរំលោភលើនីតិវិធីផ្នែកព្រហ្មទណ្ឌ ក៏ដូចជាសន្ធិសញ្ញាស្តីពីការធ្វើបត្យាប័នរវាងសហរដ្ឋអាមេរិក-កាណាដា ដើម្បីឃុំខ្លួននិងចោទប្រកាន់ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei គឺលោកស្រី Meng Wanzhou ដើម្បីដាក់សម្ពាធលើប្រទេសចិន។

នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មជាច្រើនលើក ទៅលើគម្រោង «Nord Stream 2» ដែលនឹងផ្សារភ្ជាប់ប្រទេសរុស្ស៊ីជាមួយ នឹងប្រទេសអាល្លឺម៉ង់ ដោយសារតែសហរដ្ឋអាមេរិកយល់ថា «គម្រោងនេះនឹងជះឥទ្ធិពលដល់ឧស្សាហកម្មឧស្ម័នហ្គាសរបស់អាមេរិក និងផលប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់អាមេរិកនៅក្នុងតំបន់អឺរ៉ាស៊ី»

សហរដ្ឋអាមេរិកក៏បានរំលោភលើ «យុត្តាធិការដោយស្មើភាពគ្មា» (long-arm jurisdiction) របស់ខ្លួនដើម្បីវាយប្រហារក្រុមហ៊ុនបរទេស ដូចជាធនាគារ Deutsche Bank និង Alstom របស់បារាំងដែលបានបង្កជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាពសេដ្ឋកិច្ចរបស់ប្រទេសដទៃទៀត។

សហរដ្ឋអាមេរិកក៏បានអនុវត្ត «យុទ្ធសាស្ត្រដាក់សម្ពាធក្នុងកម្រិតអតិបរិមា» ទៅលើប្រទេសអ៊ីរ៉ង់ និងបានរារាំងក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិពីការដកទណ្ឌកម្មផ្នែកសព្វាវុធនិងការហាមឃាត់ការធ្វើដំណើរពីប្រទេសអ៊ីរ៉ង់ឱ្យបានទាន់ពេលវេលាស្របតាមដំណោះស្រាយ ២២៣១ (Resolution 2231) ស្តីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់។

នៅឆ្នាំ ២០២០ សហរដ្ឋអាមេរិកបានជំរុញឱ្យមានការបន្តការដាក់ទណ្ឌកម្មអាវុធលើអ៊ីរ៉ង់នៅក្នុងក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ហើយអាមេរិកក៏បានប្រកាសជាឯកតោភាគី អំពីការដាក់ទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់ផងដែរ។ ចំណាត់ការរបស់សហរដ្ឋអាមេរិកបានបរាជ័យ ដោយសារមានការជំទាស់ពីសំណាក់សមាជិកភាគច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ។

សហរដ្ឋអាមេរិកក៏បានប្រកាសដាក់ទណ្ឌកម្មជាឯកតោភាគី ប្រឆាំងនឹងមន្រ្តីនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នៅខែកញ្ញា ឆ្នាំ ២០២០ ដោយសារតែតុលាការ ICC បានយល់ព្រម និងផ្តល់សិទ្ធិអំណាចដល់ប្រធានព្រះរាជអាជ្ញាដើម្បីបើកការស៊ើបអង្កេតលើឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលធ្វើឡើងដោយពួកតាលីបង់, កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន និងយោធាអាមេរិកក៏ដូចជាបុគ្គលិកស៊ើបការណ៍សម្ងាត់របស់អាមេរិកនៅអាហ្វហ្គានីស្ថាន។

បន្ទាប់ពីប្រធានាធិបតីអាមេរិក ចូ បៃឌិន ចូលកាន់តំណែង សហរដ្ឋអាមេរិកបានដកទណ្ឌកម្មទាំងនេះចេញ ក៏ប៉ុន្តែប្រទេសនេះនៅតែបដិសេធមិនព្រមប្រឈមមុខដោះស្រាយបញ្ហារបស់ខ្លួនដដែល។

៤. ការទុកអាមេរិកជាធំ និងការមិនគោរពតាមការប្តេជ្ញាចិត្តនិងកាតព្វកិច្ច

រដ្ឋាភិបាលសហរដ្ឋអាមេរិកបានគំរាមម្តងហើយម្តងទៀតពាក់ព័ន្ធនឹងការដកខ្លួនចេញពីសន្ធិសញ្ញា និងអង្គការអន្តរជាតិជាច្រើន។

សហរដ្ឋអាមេរិកបានរំលោភលើស្មារតី នៃកិច្ចសន្យានិងសីលធម៌អន្តរជាតិ តាមរយៈការដកខ្លួនចេញពីអង្គការនានា និងការបង្ហាញពីចេតនារំលោភលើកិច្ចសន្យា និងបានចាត់ទុកអង្គការអន្តរជាតិជា «ឧទ្យានកំសាន្ត» ដែលខ្លួនអាចទៅមកបានគ្រប់ពេលទាំងអស់តាមតែចិត្តចង់។

អស់ពេលជាយូរមកហើយដែលសហរដ្ឋអាមេរិកបានជំពាក់ប្រាក់យ៉ាងច្រើន នៅក្នុងការចូលរួមវិភាគទាននៅក្នុងអង្គការសហប្រជាជាតិ និងការចូលរួមក្នុងដំណើរការថែរក្សាសន្តិភាព។ គិតត្រឹមដើមខែមេសា សហរដ្ឋអាមេរិកនៅជំពាក់ប្រាក់អង្គការសហប្រជាជាតិចំនួន ១,២៣៧ ពាន់លានដុល្លារ និងជំពាក់ថវិការក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិចំនួន ១,៦៤៦ ពាន់លានដុល្លារ។

នៅដំណាក់កាលដ៏សំខាន់នៃការប្រយុទ្ធប្រឆាំងជាសកលទៅនឹងវីរុស COVID-19 សហរដ្ឋអាមេរិក ក្នុងគោលបំណងដើម្បីបិទបាំងនូវអសមត្ថភាពរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាវីរុសរាតត្បាត បានបង្កើនជម្លោះរបស់ខ្លួនជាសាធារណៈជាមួយអង្គការសុខភាពពិភពលោក (WHO) ដោយបានគំរាមកាត់បន្ថយថវិកាជំនួយរបស់ខ្លួនម្តងហើយម្តងទៀត ហើយនៅខែកក្កដា ឆ្នាំ ២០២០ អាមេរិកបានប្រកាសថា ខ្លួននឹងដកខ្លួនជាផ្លូវការចេញពីអង្គការសុខភាពពិភពលោកនៅខែកក្កដា ឆ្នាំ ២០២១។ បន្ទាប់ពីចូលកាន់តំណែង រដ្ឋបាល បៃឌិន បានប្រកាសថា «ខ្លួននឹងបញ្ឈប់ដំណើរការចាកចេញពីអង្គការសុខភាពពិភពលោក» នេះវិញ។

នៅខែមិថុនាឆ្នាំ ២០១៨ សហរដ្ឋអាមេរិកបានប្រកាសដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដោយលើកឡើងពី «ភាពលំអៀង» របស់ក្រុមប្រឹក្សាចំពោះបញ្ហាអ៊ីស្រាអែល និងអសមត្ថភាពក្នុងការការពារសិទ្ធិមនុស្សប្រកបដោយប្រសិទ្ធភាព។

នៅខែកុម្ភៈ ឆ្នាំ ២០២១ សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួននឹងឈរឈ្មោះជាសមាជិកក្រុមប្រឹក្សានេះសម្រាប់ឆ្នាំ ២០២២-២០២៤ និងបាននិយាយថា៖

«ប្រទេសដែលមានកំណត់ត្រាសិទ្ធិមនុស្សមិនល្អមិនគួរក្លាយជាសមាជិកនៃក្រុមប្រឹក្សានេះទេ»។

នៅខែមេសា ឆ្នាំ ២០១៧ រដ្ឋបាល ត្រាំ បានប្រកាសជាឯកតោភាគីអំពីការកាត់ផ្តាច់ការផ្តល់ជំនួយដល់មូលនិធិប្រជាជនរបស់អង្គការសហប្រជាជាតិ (UN Population Fund-UNFPA) ដោយផ្អែកលើហេតុផលថា «អង្គការនេះបានគាំទ្រ ឬចូលរួមក្នុងការរៀបចំកម្មវិធីនៃការរំលូតកូនដោយបង្ខំ ឬការក្រៀវដោយបង្ខំ»។ បន្ទាប់ពីចូលកាន់តំណែង រដ្ឋបាល បៃឌិន បានស្តារការចូលរួមនៅក្នុងមូលនិធិ UNFPA នេះ ឡើងវិញ។

សហរដ្ឋអាមេរិកគឺជាសមាជិកស្ថាបនិកនៃអង្គការអប់រំ, វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ក៏ប៉ុន្តែបានប្រកាសដកខ្លួនចេញពីអង្គការនេះចំនួន ២ ដងរួចមកហើយ គឺនៅឆ្នាំ ១៩៨៤ និងឆ្នាំ ២០១៧។

នៅឆ្នាំ ២០២០ បើទោះបីជាមានការជំទាស់ពីសម្ព័ន្ធមិត្តរបស់ខ្លួនក៏ដោយ ក៏សហរដ្ឋអាមេរិកបានប្រកាសថា «ខ្លួនបានចាប់ផ្តើមនីតិវិធីនៃការចាកចេញពីសន្ធិសញ្ញាបើកចំហផ្លូវអាកាស (Open Skies Treaty)»

នៅឆ្នាំ ២០១៩ សហរដ្ឋអាមេរិកបានប្រកាសដកខ្លួនចេញពីសន្ធិសញ្ញាអាវុធនុយក្លេអ៊ែររយះចម្ងាយមធ្យម (Intermediate-Range Nuclear Forces Treaty) ដើម្បីជាប្រយោជន៍ដល់អាមេរិកក្នុងការអភិវឌ្ឍអាវុធទំនើបដោយគ្មានឧបសគ្គរារាំង។

ដើម្បីរក្សាឥទ្ធិពលកូតារបស់ខ្លួននៅក្នុងមូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) សហរដ្ឋអាមេរិកបានរារាំង IMF ពីការបំពេញតួនាទីត្រួតពិនិត្យកូតាលើកទី ១៥ នៅមុនកិច្ចប្រជុំប្រចាំឆ្នាំ ២០១៩ ស្របតាមមតិឯកភាពរបស់ថ្នាក់ដឹកនាំនៃក្រុមប្រទេស G20 និងបានបដិសេធមិនបង្កើនការផ្ទេរកូតាសម្រាប់ទីផ្សារកំពុងរីកចម្រើន និងប្រទេសកំពុងអភិវឌ្ឍដែលធ្វើឱ្យដំណើរការកែទម្រង់ត្រូវជាប់គាំង។

ក្នុងខែតុលា ឆ្នាំ ២០១៨ ជាការឆ្លើយតប នឹងប៉ាឡេស្ទីនដែលបានប្តឹងសហរដ្ឋអាមេរិកទៅតុលាការយុត្តិធម៌អន្តរជាតិ ពាក់ព័ន្ធនឹងការផ្លាស់ប្តូរទីតាំងស្ថានទូតអាមេរិកនៅអ៊ីស្រាអែល ទៅទីក្រុង Jerusalem សហរដ្ឋអាមេរិកបានប្រកាសដកខ្លួនចេញពីពិធីសារជម្រើសនៃអនុសញ្ញាទីក្រុងវីយែន ស្តីពីទំនាក់ទំនងកុងស៊ុលទាក់ទងនឹងការដោះស្រាយវិវាទជាកាតព្វកិច្ចដែលពាក់ព័ន្ធនឹងយុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ។

នៅខែឧសភា ឆ្នាំ ២០១៨ សហរដ្ឋអាមេរិកបានលើកឡើងអំពីការប្រកាសដកខ្លួនចេញពីផែនការសកម្មភាពរួម (Comprehensive Plan of Action) ដែលគាំទ្រដោយក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ បើទោះបីជាទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (International Atomic Energy Agency) បានបញ្ជាក់ម្តងហើយម្តងទៀតពីការដែលអ៊ីរ៉ង់បានសម្រេចតាមការប្តេជ្ញាចិត្តរបស់ខ្លួននៅក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ហើយសហរដ្ឋអាមេរិកក៏មិនមានភ័ស្តុតាងណាមួយដែលបញ្ជាក់ថា អ៊ីរ៉ង់បានរំលោភកិច្ចព្រមព្រៀងនេះដែរ។

ក្នុងខែធ្នូ ឆ្នាំ ២០១៧ ក្រុមបេសកម្មរបស់អាមេរិកប្រចាំនៅអង្គការសហប្រជាជាតិបានប្រកាសថា ខ្លួននឹងមិនចូលរួមក្នុងកតិកាសញ្ញាសកលស្តីពីដំណើរការចរចារពាក់ព័ន្ធនឹងបញ្ហាអន្តោប្រវេសន៍នោះទេ ដោយអះអាងថា៖

«សេចក្តីសម្រេចចិត្តរបស់សហរដ្ឋអាមេរិកលើគោលនយោបាយអន្តោប្រវេសន៍ត្រូវធ្វើឡើងដោយប្រជាជនអាមេរិក និងសហរដ្ឋអាមេរិកតែប៉ុណ្ណោះ»។

នៅខែធ្នូឆ្នាំ ២០១៨ សហរដ្ឋអាមេរិកបានបោះឆ្នោតប្រឆាំងនឹងកតិកាសញ្ញាសកលស្តីពីការធ្វើចំណាកស្រុកនៅក្នុងសម័យប្រជុំលើកទី ៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ។

ដោយគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន សហរដ្ឋអាមេរិកបានបង្កការរារាំងដល់ការតែងតាំងសមាជិកនៃស្ថាប័នឧទ្ធរណ៍របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO’s Appellate Body) ចាប់តាំងពីខែសីហា ឆ្នាំ ២០១៧ ដោយបង្ខំឱ្យស្ថាប័ននេះត្រូវជាប់គាំងនៅខែធ្នូ ឆ្នាំ ២០១៩ និងបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិអំណាច និងប្រសិទ្ធភាពរបស់ប្រព័ន្ធពាណិជ្ជកម្មពហុភាគីនេះ។

នៅខែមិថុនាឆ្នាំ ២០១៧ សហរដ្ឋអាមេរិកបានបញ្ជាក់ថា ខ្លួននឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ (Paris Agreement on Climate Change) ដើម្បីបំពេញនូវកាតព្វកិច្ចដ៏ម៉ឺងម៉ាត់របស់ខ្លួនក្នុងការការពារសហរដ្ឋអាមេរិក និងពលរដ្ឋអាមេរិក។ នៅ ២ ខែបន្ទាប់ពីការដកខ្លួនជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ ២០២០ សហរដ្ឋអាមេរិកបានប្រកាសថា «ខ្លួនបានចូលរួមនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះឡើងវិញ»

បន្ទាប់ពីចុះហត្ថលេខាលើពិធីសារក្យូតូ (Kyoto Protocol) សហរដ្ឋអាមេរិកនៅតែបន្តការបំភាយកាបូនកាន់តែច្រើន និងបែរជាបានស្នើសុំឱ្យប្រទេសកំពុងអភិវឌ្ឍបង្កើនការកាត់បន្ថយការបំភាយកាបូន។

សហរដ្ឋអាមេរិកថែមទាំងបានតម្រូវឱ្យបណ្តាប្រទេសកំពុងអភិវឌ្ឍ កាត់បន្ថយការបំភាយកាបូន មុនពេលអាចចូលជាសមាជិកនៃពិធីសារក្យូតូ។ ដូច្នេះ ការពិតបានបង្ហាញឱ្យឃើញយ៉ាងច្បាស់អំពីការអនុវត្តនូវស្តង់ដារ ២ របស់សហរដ្ឋអាមេរិកក្នុងការ «យោគយល់ចំពោះខ្លួនឯង តែតឹងរឹងជាមួយអ្នកដទៃ» នៅលើឆាកពហុភាគី។

បើទោះបីជាសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើសន្ធិសញ្ញាពហុភាគីស្តីពីបរិស្ថាន ដូចជាអនុសញ្ញាស្តីពីជីវចម្រុះ (Convention on Biological Diversity), អនុសញ្ញា Basel ស្តីពីការគ្រប់គ្រងចរាចរឆ្លងព្រំដែននូវកាកសំណល់គ្រោះថ្នាក់ (Basel Convention on the Control of Transboundary Movements of Hazardous Wastes and their Disposal), អនុសញ្ញា Rotterdam ស្តីពី
នីតិវិធីនៃការព្រមព្រៀងជាមុនចំពោះសារធាតុគីមីដែលមានគ្រោះថ្នាក់ និងថ្នាំសំលាប់សត្វល្អិតនៅក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិ (Rotterdam Convention on the Prior Informed Consent Procedure for Certain Hazardous Chemicals and Pesticides in International Trade) និងអនុសញ្ញា Stockholm ស្តីពីសារធាតុបំពុលសរីរាង្គ (Stockholm Convention on Persistent Organic Pollutants) ក៏សហរដ្ឋអាមេរិកមិនទាន់បានផ្តល់សច្ចាប័នដល់អនុសញ្ញាណាមួយនៅឡើយទេ រហូតមកទល់ពេលនេះ។

ការពិតបានបង្ហាញអំពីគំនិតជាឯកតោភាគីរបស់សហរដ្ឋអាមេរិក ដែលមិនចង់ឱ្យខ្លួនមានការជាប់កាតព្វកិច្ចជាមួយនឹងសន្ធិសញ្ញាអន្តរជាតិស្តីពីបរិស្ថាន និងចង់គេចវេសពីទំនួលខុសត្រូវជាអន្តរជាតិរបស់ខ្លួន ហើយវាបានបង្ហាញយ៉ាងច្បាស់ នូវការមិនយកចិត្តទុកដាក់របស់សហរដ្ឋអាមេរិកចំពោះការការពារបរិស្ថានអន្តរជាតិ ក៏ដូចជាអាកប្បកិរិយាមិនសហការណ៍នៅក្នុងវិស័យបរិស្ថានពហុភាគី។

ក្នុងឆ្នាំ ២០០២ សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនបានដកហត្ថលេខារបស់ខ្លួនចេញពីលក្ខន្តិកៈទីក្រុងរ៉ូម (Rome Statute) នៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដោយលើកឡើងថា «វាបានផ្តល់គុណវិបត្តិដល់ទាហាន អ្នកការទូត និងអ្នកនយោបាយរបស់អាមេរិក»

ក្នុងឆ្នាំ ១៩៨២ សហរដ្ឋអាមេរិកបានបដិសេធមិនចុះហត្ថលេខាលើអនុសញ្ញារបស់អង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UN Convention on the Law of the Sea) ដើម្បីការពារផលប្រយោជន៍អនុត្តរភាពរបស់ខ្លួននៅមហាសមុទ្រ ហើយរហូតមកដល់ពេលនេះ នៅតែមិនទាន់បានចូលរួមក្នុងអនុសញ្ញានេះនៅឡើយទេ។

៥. ការអនុវត្តនូវស្តង់ដា ២ និងការរំលោភលើសិទ្ធិមនុស្ស

កតិកាសញ្ញាអន្តរជាតិស្តីពីសិទិ្ធពលរដ្ឋនិងសិទិ្ធធ្វើនយោបាយ បានធ្វើឱ្យសិទ្ធិរស់រានមានជីវិតមានសារសំខាន់ជាងសិទ្ធិមនុស្ស។

ប៉ុន្តែ នៅក្នុងអំឡុងពេលកើតមានវីរុសរាតត្បាត COVID-19 រដ្ឋាភិបាលអាមេរិកបានបង្ហាញការព្រងើយកណ្តើយចំពោះជីវិតរបស់ប្រជាជន, មើលងាយវិទ្យាសាស្ត្រ, បង្អាក់ដំណើរការការពារនិងគ្រប់គ្រងជំងឺ ព្រមទាំងបានផ្តល់អាទិភាពដល់បញ្ហានយោបាយនិងផលប្រយោជន៍មូលធន ដែលបានបង្កជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតរបស់ពលរដ្ឋខ្លួន និងបានរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិក្នុងការរស់រានមានជីវិត ក៏ដូចជាសិទ្ធិក្នុងការទទួលបានការថែទាំសុខភាព។

គិតត្រឹមថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២១ សហរដ្ឋអាមេរិកបានរាយការណ៍អំពីករណីឆ្លងវីរុស COVID-19 ចំនួន ៣១,៦៦ លានករណី បូករួមនឹងករណី ស្លាប់ជាង ៥៦៧ ពាន់ករណី ដែលជាប់ចំណាត់ថ្នាក់លេខ ១ នៅលើពិភពលោក។

ដើម្បីបិទបាំងការបរាជ័យរបស់ពួកគេក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុស COVID-19 នៅក្នុងប្រទេស អ្នកនយោបាយអាមេរិកមួយចំនួនបានផ្សព្វផ្សាយពាក្យចចាមអារ៉ាមស្តីពី «វីរុសចិន» (Chinese virus) និង «វីរុសអ៊ូហាន» (Wuhan virus) និងបានបង្កការញុះញង់ដោយបើកចំហឱ្យមានការរើសអើងពូជសាសន៍ និងការស្អប់ខ្ពើមដែលនាំឱ្យមានការវាយប្រហារយ៉ាងសាហាវ មកលើជនជាតិអាមេរិកាំងដើមកំណើតអាស៊ី។

អាកប្បកិរិយារបស់អ្នកនយោបាយអាមេរិកទាំងនេះ បានរំលោភយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍។

របាយការណ៍របស់អង្គការ «Stop AAPI Hate» ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានឱ្យដឹងថា៖

«យ៉ាងហោចណាស់ មានករណីនៃការរើសអើងជាតិសាសន៍ចំនួន ៣៧៩៥ ករណីដែលត្រូវបានគេរាយការណ៍ ចាប់ពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២០ ដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២១ ហើយជនជាតិអាមេរិកាំងដើមកំណើតអាស៊ីបានទទួលរងនូវការរើសអើងជាតិសាសន៍ក្នុងអំឡុងពេលកើតមានជំងឺរាតត្បាត»។

គណៈកម្មាធិការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសេដ្ឋកិច្ច, សង្គម និងវប្បធម៌ (The United Nations Committee on Economic, Social and Cultural Rights) បានកត់សម្គាល់ឃើញថា «ការប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ចជាឯកតោភាគីបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើការអនុវត្តសិទ្ធិរបស់ប្រជាជន»។ ដូច្នេះ ដើម្បីការពារសិទ្ធិក្នុងការរស់រានមានជីវិត ក៏ដូចជាសិទ្ធិក្នុងការទទួលបានការថែទាំសុខភាព ប្រទេសនីមួយៗមិនគួរដាក់ទណ្ឌកម្ម ឬចាត់វិធានការណាមួយ ដើម្បីរឹតត្បិតការផ្គត់ផ្គង់ថ្នាំ និងឧបករណ៍វេជ្ជសាស្ត្រដល់ប្រទេសមួយផ្សេងទៀតឡើយ។

ប៉ុន្តែ នៅក្នុងអំឡុងពេលកើតមានវីរុសរាតត្បាត សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មជាឯកតោភាគីទៅលើប្រទេសអ៊ីរ៉ង់, គុយបា, វេណេហ្ស៊ុយអេឡា, ស៊ីរី និងប្រទេសដទៃទៀតដែលបានបង្កការលំបាកដល់ប្រទេសទាំងនេះក្នុងការទទួលបានសម្ភារៈវេជ្ជសាស្ត្រ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសរាតត្បាតឱ្យបានទាន់ពេលវេលាដែលជាហេតុធ្វើឱ្យវិបត្តិមនុស្សធម៌មានភាពកាន់តែធ្ងន់ធ្ងរនៅក្នុងប្រទេសទាំងនោះ។

ឯកសារអន្តរជាតិ ដែលរួមមានអនុសញ្ញាអន្តរជាតិស្តីពីការការពារសិទ្ធិរបស់ពលករចំណាកស្រុក និងសមាជិកគ្រួសារពួកគេ, អនុសញ្ញាអាមេរិកស្តីពីសិទ្ធិមនុស្ស, សេចក្តីអត្ថាធិប្បាយទូទៅទី ២ ស្តីពីសិទ្ធិពលករចំណាកស្រុករបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ស្តីពីការការពារសិទ្ធិរបស់ពលករចំណាកស្រុក និងសេចក្តីអត្ថាធិប្បាយទូទៅទី ៣០ ស្តីពីបញ្ហានៃការរើសអើងជនដែលមិនមែនជាពលរដ្ឋ របស់គណៈកម្មាធិការលុបបំបាត់ការរើសអើងពូជសាសន៍ សុទ្ធតែបានហាមឃាត់ការបណ្តេញជនចំណាកស្រុក និងបានបញ្ជាក់ថា «ជនអន្តោប្រវេសន៍ មានសិទ្ធិទទួលបានការព្យាបាលសុខភាពបន្ទាន់»

ប៉ុន្តែ ដោយមិនគិតពីហានិភ័យនៃវីរុស COVID-19 សហរដ្ឋអាមេរិកបានបន្តនិរទេសខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ និងអនុវត្តគោលនយោបាយនៃការបំបែកបំបាក់គ្រួសារ ដោយបានរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិរបស់កុមារ ដែលជាជនអន្តោប្រវេសន៍។

កាសែត Los Angeles Times បានឱ្យដឹងថា «ចាប់តាំងពីខែមីនា ឆ្នាំ ២០២០ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបណ្តេញកុមារចំណាកស្រុកដែលគ្មានឯកសារគ្រប់គ្រាន់ យ៉ាងតិចចំនួន ៨៨០០ នាក់»។

របាយការណ៍ដែលបានដាក់ជូនដោយអ្នកជំនាញឯករាជ្យរបស់អង្គការសហប្រជាជាតិ (UN Independent Expert) ស្តីពីសិទ្ធិមនុស្សនិងសាមគ្គីភាពអន្តរជាតិ ស្របតាមដំណោះស្រាយលេខ ៣៥/៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានចង្អុលបង្ហាញថា «រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបង្ខំឱ្យកុមារដែលជាជនអន្តោប្រវេសន៍ត្រូវបែកចេញពីឪពុកម្តាយរបស់ពួកគេដែលកំពុងស្វែងរកការសុំសិទ្ធិជ្រកកោន» ដែលនេះគឺជាសកម្មភាពមួយដែលជាការរំលោភបំពានលើសិទ្ធិរបស់ជនចំណាកស្រុកយ៉ាងធ្ងន់ធ្ងរ ក៏ដូចជាសិទ្ធិក្នុងការរស់រានមានជីវិត មានសេចក្តីថ្លៃថ្នូរ និងមានសេរីភាព។

ក្នុងឆ្នាំ 2020 មនុស្ស ២១ នាក់ បានស្លាប់នៅក្រោមការឃុំឃាំងរបស់អាជ្ញាធរអន្តោប្រវេសន៍និងគយរបស់សហរដ្ឋអាមេរិក (S. Immigration and Customs Enforcement-ICE) ដែលជាចំនួនមនុស្សស្លាប់ដ៏ខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០០៥ មក ។

វេជ្ជបណ្ឌិតនៅក្នុងមន្ទីរឃុំឃាំង ICE ត្រូវបានចោទប្រកាន់ថាបានធ្វើការវះកាត់រោគស្ត្រីដែលមិនចាំបាច់ ទៅលើស្ត្រីអន្តោប្រវេសន៍រាប់សិបនាក់ និងថែមទាំងបានវះកាត់យកស្បូនរបស់ពួកគេចេញដោយគ្មានការយល់ព្រមពីពួកគេ ដែលជាហេតុបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរាងកាយ និងផ្លូវចិត្តរបស់ស្ត្រី។

កតិកាសញ្ញាអន្តរជាតិស្តីពីសិទិ្ធពលរដ្ឋ និងសិទិ្ធនយោបាយបានចែងយ៉ាងច្បាស់ថា «មនុស្សគ្រប់រូបមានសិទ្ធិរស់រានមានជីវិត ដែលមិនអាចដកហូតបានតាមអំពើចិត្តឡើយ»។ ប៉ុន្តែ នៅសហរដ្ឋអាមេរិក មានឧទាហរណ៍ជាច្រើននៃការប្រើប្រាស់កម្លាំងហួសប្រមាណពីសំណាក់មន្រ្តីអនុវត្តច្បាប់ដែលបានបណ្តាលឱ្យមនុស្សជាច្រើនបានស្លាប់។

នៅខែមេសា ឆ្នាំ ២០២០ ជនជាតិអាមេរិកាំងដើមកំណើតអាហ្រ្វិក George Floyd ត្រូវបានសម្លាប់ដោយប៉ូលីសស្បែកស នៅក្នុងការអនុវត្តន៍ច្បាប់ដ៏ឃោរឃៅមួយ និងបានបង្កឱ្យមានបាតុកម្មទ្រង់ទ្រាយធំប្រឆាំងនឹងការរើសអើងជាតិសាសន៍ និងការអនុវត្តន៍ច្បាប់ដោយហិង្សាពីសំណាក់ប៉ូលីសនៅទូទាំងសហរដ្ឋអាមេរិក ជាពិសេសពីក្នុងចំណោមជនជាតិអាមេរិកាំងដើមកំណើតអាហ្រ្វិក ដែលបានទទួលរងនូវការរើសអើងជាតិសាសន៍ និងការសម្លាប់ក្រៅប្រព័ន្ធអស់រយៈពេលជាយូរមកហើយ។

បើទោះបីជាខ្លួនជារដ្ឋហត្ថលេខីនៃអនុសញ្ញារបស់អង្គការសហប្រជាជាតិប្រឆាំងនឹងការធ្វើទារុណកម្មក៏ដោយ ក៏សហរដ្ឋអាមេរិកមានបញ្ហាពាក់ព័ន្ធនឹងការធ្វើទារុណកម្មនៅក្នុងប្រព័ន្ធតុលាការរបស់ខ្លួន ដូចដែលបាន ឃើញនៅក្នុងរឿងអាស្រូវរំលោភបំពានលើអ្នកទោសដ៏ល្បីល្បាញនៅជំរុំឃុំឃាំង នៅឆ្នេរសមុទ្រ «Guantanamo»

លោក John Wilkerson អតីតប្រធានផ្នែកបុគ្គលិករបស់រដ្ឋមន្ត្រី Colin Powell ធ្លាប់បានសារភាពថា៖

«កងទ័ពអាមេរិកបានធ្វើឃាតទៅលើអ្នកទោសនៃសង្គ្រាមអ៊ីរ៉ាក់មួយចំនួន។ ក្នុងអំឡុងពេលសង្គ្រាមអ៊ីរ៉ាក់ យ៉ាងហោចណាស់មនុស្ស ១០០ នាក់បានស្លាប់នៅក្នុងការសួរចម្លើយ»។

នៅឆ្នាំ ២០២០ លោក ត្រាំ បានលើកលែងទោសដល់បុគ្គលិកចំនួន ៤ នាក់របស់ក្រុមហ៊ុនយោធាឯកជនរបស់អាមេរិក «Blackwater» ដែលបានប្រព្រឹត្តនូវអំពើសម្លាប់រង្គាល និងឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ីរ៉ាក់ ដែលការលើកលែងទោសនេះ នឹងបង្កផលប៉ះពាល់ដល់ច្បាប់ស្តីពីមនុស្សធម៌អន្តរជាតិ និងសិទ្ធិមនុស្ស ក៏ដូចជាបានបង្ហាញអំពីការប្រមាថមើលងាយលើប្រព័ន្ធយុត្តិធម៌ ក៏ដូចជាជនរងគ្រោះ ព្រមទាំងក្រុមគ្រួសាររបស់ពួកគេផងដែរ។

លោក Marta Hurtado អ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សបាននិយាយថា៖

«ការលើកលែងទោសពួកគេនឹងរួមចំណែកធ្វើឱ្យមាននិទណ្ឌភាព និងអាចធ្វើឱ្យអ្នកដទៃទៀតប្រព្រឹត្តឧក្រិដ្ឋកម្មបែបនេះផងដែរ»៕