ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ មិនអាចកាត់ផ្តាច់ពីការខិតខំប្រឹងប្រែងចូលរួមយ៉ាងសកម្មពីស្ថាប័នព័ត៌មាននិងអ្នកសារព័ត៌មានបានឡើយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 72
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ មិនអាចកាត់ផ្តាច់ពីការខិតខំប្រឹងប្រែងចូលរួមយ៉ាងសកម្មពីស្ថាប័នព័ត៌មាននិងអ្នកសារព័ត៌មានបានឡើយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ មិនអាចកាត់ផ្តាច់ពីការខិតខំប្រឹងប្រែងចូលរួមយ៉ាងសកម្មពីស្ថាប័នព័ត៌មាននិងអ្នកសារព័ត៌មានបានឡើយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា សម្រាប់ប្រទេសកម្ពុជា ព្រឹត្តិការណ៍ឆ្លងសហគមន៍២៨ វិច្ឆិកា បានបញ្ចប់ទាំងស្រុងប្រកបដោយជោគជ័យ។ ប៉ុន្តែយើងមិនអាចមើលស្រាលពីស្ថានការណ៍និងឱកាសនៃការវិលត្រឡប់មកវិញរបស់មេរោគដ៏កាចសាហាវនេះបានទេ។ រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការនិងឆ្លើយតបបានទាន់ពេលវេលាដែលអាចគ្រប់គ្រងស្ថានការណ៍បានដោយការកាត់ផ្តាច់មធ្យោបាយដែលនាំឱ្យជំងឺកូវីដ-១៩ ឆ្លងរីករាលដាលចូលក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ។ បើប្រៀបធៀបប្រទេសក្នុងតំបន់ចំនួនអ្នកឆ្លងមេរោគកូវីដ-១៩ នៅកម្ពុជាមានចំនួនតិច ហើយត្រូវបានព្យាបាលឱ្យជាសះស្បើយជាបន្តបន្ទាប់ដោយគ្មានប្រជាពលរដ្ឋខ្មែរ ឬជនបរទេសណាម្នាក់ស្លាប់ដោយសារជំងឺនេះនៅកម្ពុជានៅឡើយទេ។ នេះបើយោងតាមសារលិខិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ញើជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិក្នុងឱកាសទិវានៃពិធីជំនួបរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាមួយអ្នកសារព័ត៌មានកម្ពុជាលើកទី៥ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា នេះគឺជាជោគជ័យដ៏ធំធេងដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងនិងកិច្ចសហប្រតិបត្តិការបានល្អទាន់ពេលវេលារបស់ស្ថាប័នជំនាញនិងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តទុកដាក់អនុវត្តវិធានការបន្ទាន់និងចាំបាច់របស់រាជរដ្ឋាភិបាលកម្ពុជា និងវិធានការរបស់ក្រសួង ស្ថាប័នជំនាញ ហើយក៏មិនអាចកាត់ផ្តាច់ពីការខិតខំប្រឹងប្រែងចូលរួមយ៉ាងសកម្មពីស្ថាប័នព័ត៌មាននិងអ្នកសារព័ត៌មានរបស់យើងបានឡើយ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រសាសន៍បន្ថែមថា ជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលបានឆ្លងរាតត្បាតនៅទូទាំងសកលលោកដ៏គួរឱ្យព្រួយបារម្ភនេះមិនត្រឹមតែមិនទាន់បានថយចុះនៅលើសកលលោកប៉ុណ្ណោះទេថែមទាំងបំលែងជាវីរុសកូវីដ-១៩ ប្រភេទថ្មី កំពុងឆ្លងរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងប្រទេសអង់គ្លេសហើយត្រូវបានរកឃើញផងដែរនៅក្នុងប្រទេសមួយចំនួនទៀតក្នុងទ្វីបអឺរ៉ុបដែលទាមទារឱ្យយើងយកចិត្តទុកដាក់ចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលឆ្លងជាសកលនៃជំងឺកូវីដ-១៩ ឱ្យកាន់តែសកម្មថែមទៀត។ បច្ចុប្បន្នប្រទេសក្នុងតំបន់អាស៊ានមួយចំនួនកំពុងតែប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការរីករាលដាលនៃរលកទី៣ និងទី៤ នៃជំងឺកូវីដ-១៩ដែលរហូតមកដល់ពេលនេះនៅទូទាំងសកលលោកមានអ្នកឆ្លងជំងឺកូវីដ-១៩ជាង៨៣លាននាក់និងអ្នកស្លាប់ជិត២លាននាក់។ សភាពការណ៍នេះនៅតែធ្ងន់ធ្ងរនៅឡើយដែលតម្រូវឱ្យយើងអាក់ខានក្នុងការរៀបចំពិធីជួបជុំផ្សេងៗនិងត្រូវបង្កើនការប្រុងប្រយ័ត្នដោយគោរពនិងអនុវត្តតាមវិធានការបន្ទាន់នានារបស់រាជរដ្ឋាភិបាលនិងវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាលជាការចាំបាច់បំផុត៕

អត្ថបទទាក់ទង