ខ្មែរប៉ុស្ដិ៍ Close

តើផែនការថាមពលថ្មីរបស់ EU នឹងជះឥទ្ធិពលយ៉ាងដូចម្តេចដល់តំបន់អាស៊ីអាគ្នេយ៍?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 51
តើផែនការថាមពលថ្មីរបស់ EU នឹងជះឥទ្ធិពលយ៉ាងដូចម្តេចដល់តំបន់អាស៊ីអាគ្នេយ៍? នៅក្នុងឆមាសទីមួយនៃឆ្នាំ 2022 ការនាំចេញធ្យូងថ្មរបស់ឥណ្ឌូនេស៊ីបានកើនឡើង 20% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

ក្នុងពេលកើតមានវិបត្តិថាមពល បណ្តាប្រទេសអឺរ៉ុបបានងាកទៅរកអ្នកផលិតធ្យូងថ្មនិងឧស្ម័នធម្មជាតិ (LNG) នៅតំបន់អាស៊ីអាគ្នេយ៍ ដើម្បីប៉ះប៉ូវសងនូវការធ្លាក់ចុះនៃការផ្គត់ផ្គង់ពីប្រទេសរុស្ស៊ី។ ការហាមឃាត់របស់សហភាពអឺរ៉ុបលើការនាំចូលធ្យូងថ្មពីរុស្ស៊ីដែលបានចូលជាធរមាននៅក្នុងខែសីហា បូករួមនឹងការសម្រេចចិត្តរបស់រុស្ស៊ីក្នុងការផ្អាកការផ្គត់ផ្គង់ឧស្ម័នទៅកាន់ប្រទេសមួយចំនួននៅអឺរ៉ុបនៅក្នុងខែនេះ បានធ្វើឱ្យអ្នកបញ្ជាទិញនៅអឺរ៉ុប នាំគ្នាងាកមករកធ្យូងថ្មរបស់ឥណ្ឌូណេស៊ីដែលជាប្រទេសនាំចេញធ្យូងថ្មធំជាងគេរបស់ពិភពលោក។

នៅដើមខែមេសា ពោលគឺនៅ ២ ខែបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីចូលអ៊ុយក្រែន ក្រុមហ៊ុនរុករកធ្យូងថ្មយក្ស «PT Adaro Energy Indonesia» បានឱ្យដឹងថា «ខ្លួនបានលក់ធ្យូងថ្មចំនួន ៣ លានតោនទៅឱ្យប្រទេសហូឡង់ និងអេស្ប៉ាញ» ។ ប្រទេសប៉ូឡូញក៏បានបញ្ជាទិញធ្យូងថ្មចំនួន ៥៣ ២៣០ តោនពីប្រទេសឥណ្ឌូណេស៊ីផងដែរនៅក្នុងខែដដែលនោះ។

អ្នកជំនាញខាងផ្នែកឧស្សាហកម្មរំពឹងថា «វានឹងមានការកើនឡើងនូវការនាំចូលនៅអឺរ៉ុបនៅចុងឆ្នាំនេះ រហូតដល់ឆ្នាំ ២០២៣ ហើយតម្លៃថាមពលអាចនឹងបន្តកើនឡើងកាន់តែខ្ពស់ជាងនេះនៅទូទាំងទ្វីបអឺរ៉ុប»។ លោក Pandu Sjahrir ដែលជាប្រធានសមាគមរុករករ៉ែធ្យូងថ្មឥណ្ឌូណេស៊ីបាននិយាយកាលពីសប្តាហ៍មុនថា «តម្រូវការសម្រាប់ធ្យូងថ្មឥណ្ឌូណេស៊ីកំពុងមានការកើនឡើងខ្លាំងដោយសារតែបញ្ហាភូមិសាស្ត្រនយោបាយបច្ចុប្បន្ន។ អាល្លឺម៉ង់គឺជាឧទាហរណ៍ដ៏ល្អមួយ ដោយក្នុងនោះពួកគេកំពុងស្នើសុំធ្យូងថ្មយ៉ាងច្រើនពីឥណ្ឌូណេស៊ី។ នៅឆ្នាំក្រោយ អាល្លឺម៉ង់អាចនឹងក្លាយជាអ្នកនាំចូលធ្យូងថ្មធំលំដាប់ទី២ ឬទី៣ របស់ឥណ្ឌូណេស៊ី បន្ទាប់ពីចិន និងឥណ្ឌា»។

សេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅក្នុងខែនេះដោយក្រុមហ៊ុនរុករកធ្យូងថ្មដែលគ្រប់គ្រងដោយរដ្ឋនៃប្រទេសឥណ្ឌូណេស៊ី «PT Bukit Asam» បានកត់សម្គាល់ថា «ខ្លួនបាននាំចេញធ្យូងថ្មចំនួន ១៤៧ ០០០ តោនទៅកាន់ប្រទេសអ៊ីតាលី បើគិតរហូតមកដល់ឆ្នាំនេះ» ហើយក្រុមហ៊ុននេះក៏កំពុងពិភាក្សាជាមួយប្រទេសអាល្លឺម៉ង់ និងប៉ូឡូញផងដែរ។

ក្រុមហ៊ុន«Bumi Resources» ដែលជាក្រុមហ៊ុនផលិតធ្យូងថ្មដ៏ធំបំផុតរបស់ប្រទេសឥណ្ឌូណេស៊ីបាន ប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីពេលថ្មីៗនេះថា «ខ្លួនបានធ្វើការដឹកជញ្ជូនខ្នាតតូចៗមួយចំនួនទៅកាន់តំបន់អឺរ៉ុបនៅឆ្នាំនេះ ក៏ប៉ុន្តែបើតាមការប៉ាន់ស្មាន ទិន្នផលអាចនឹងមានការកើនឡើងនៅចុងឆ្នាំ ២០២២»។

លោកស្រី Kadri Simson ដែលជាប្រធានគណៈកម្មការថាមពលរបស់សហភាពអឺរ៉ុបបានទៅបំពេញទស្សនកិច្ចនៅឥណ្ឌូណេស៊ីកាលពីដើមខែនេះសម្រាប់កិច្ចប្រជុំ G20 ក៏ប៉ុន្តែលោកស្រីក៏បានទៅទស្សនាអណ្តូងរ៉ែធ្យូងថ្មមួយកន្លែងផងដែរ។ តម្លៃធ្យូងថ្មរបស់ឥណ្ឌូណេស៊ីត្រូវបានកំណត់ថ្លៃ ៣១៩,២២ ដុល្លារក្នុងមួយតោននៅក្នុងខែកញ្ញា ក៏ប៉ុន្តែវាបានឈានដល់កំណត់ត្រា ៣២១,៥៩ ដុល្លារកាលពីខែមុន។

នៅក្នុងឆមាសទី១ នៃឆ្នាំ ២០២២ ការនាំចេញធ្យូងថ្មរបស់ឥណ្ឌូណេស៊ីបានកើនឡើង ២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រទេសម៉ាឡេស៊ីដែលជាប្រទេសនាំចេញឧស្ម័ន LNG ធំជាងគេលំដាប់ទី ៥ របស់ពិភពលោកក៏ទទួលបានការកើនឡើងនូវការនាំចេញទៅកាន់បណ្តារដ្ឋនានានៅអឺរ៉ុបផងដែរ បន្ទាប់ពីរុស្ស៊ីបានបញ្ឈប់លំហូរឧស្ម័ននេះទៅកាន់អឺរ៉ុបតាមរយៈបំពង់ Nord Stream 1។

លោក Felix Booth ដែលជាប្រធានផ្នែក LNG នៅក្រុមហ៊ុនថាមពលនិងដឹកជញ្ជូន «Vortexa» បាននិយាយថា «ការផ្ទេរឧស្ម័ន LNG តាមកប៉ាល់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នឹងនៅតែមានភាពសកម្មដដែលនៅពេលដែលតំបន់អឺរ៉ុបកំពុងជួបប្រទះនឹងការខ្វះខាតថាមពល»។ កាលពីដើមខែនេះ លោកស្រី Ursula von der Leyen ដែលជាប្រធានគណៈកម្មការអឺរ៉ុបបានលើកឡើងនូវសំណើរមួយចំនួនដើម្បីដោះស្រាយវិបត្តិថាមពលដ៏អាក្រក់របស់សហភាពអឺរ៉ុប។ សំណើរទាំងនោះរួមបញ្ចូលទាំងការកំណត់តម្លៃឧស្ម័នរបស់រុស្ស៊ី និងការកំណត់ពន្ធលើប្រាក់ចំណេញរបស់ក្រុមហ៊ុនឥន្ធនៈហ្វូស៊ីល។

លោកស្រី von der Leyen បាន និយាយថា «ឧបាយកលនៅក្នុងទីផ្សារឧស្ម័នបានបង្កផលប៉ះពាល់ដល់ទីផ្សារអគ្គិសនី។ យើងកំពុងប្រឈមមុខនឹងតម្លៃអគ្គិសនីកាន់តែខ្ពស់ បូករួមនឹងការប្រែប្រួលកាន់តែលឿនរហ័សនៅក្នុងទីផ្សារ»។ ទោះជាយ៉ាងណាក៏ដោយ លោកស្រីបានសង្កត់ធ្ងន់ថា «បញ្ហានេះនឹងមិនបង្កផលប៉ះពាល់ដល់ផែនការថាមពលបៃតងរយៈពេលវែងរបស់សហភាពអឺរ៉ុប ឬការគាំទ្ររបស់អឺរ៉ុបសម្រាប់តំបន់ផ្សេងទៀតនៅក្នុងពិភពលោកនៅក្នុងដំណើរការផ្លាស់ប្តូររបស់ពួកគេឆ្ពោះទៅកាន់ថាមពលស្អាតនោះទេ»។

លោក Sameer Kumar ដែលជាសាស្ត្រាចារ្យរងនៅវិទ្យាស្ថានអាស៊ី-អឺរ៉ុបនៃសាកលវិទ្យាល័យ Malaya បានលើកឡើងថា «ការកើនឡើងនៃចំណាប់អារម្មណ៍របស់អឺរ៉ុបចំពោះការនាំចេញថាមពលមិនកកើតឡើងវិញរបស់តំបន់អាស៊ីអាគ្នេយ៍នឹងមិនធ្វើឱ្យខូចខាតដល់ការប្តេជ្ញាចិត្តផ្នែកបរិស្ថានរបស់សហភាពអឺរ៉ុបនោះទេ ដរាបណាការប្រើប្រាស់ធ្យូងថ្មមានលក្ខណៈបណ្តោះអាសន្ន»។

លោកបានបន្តថា «បើទោះបីជាការប្រើប្រាស់ធ្យូងថ្មអាចនឹងបន្តកើនឡើងដើម្បីបំពេញកង្វះខាតថាមពលបច្ចុប្បន្នក៏ដោយ ក៏ខ្ញុំជឿថា សហភាពអឺរ៉ុបនឹងបន្តពន្លឿនការប្តេជ្ញារបស់ខ្លួនក្នុងការកាត់បន្ថយការពឹងផ្អែក លើឥន្ធនៈហ្វូស៊ីល តាមរយៈការបង្កើនការវិនិយោគលើបច្ចេកវិទ្យាស្អាត»។ ប៉ុន្តែលោកស្រី Shada Islam ដែលជាអ្នកវិភាគឯករាជ្យលើទំនាក់ទំនងអឺរ៉ុបនិងអាស៊ី បាននិយាយថា «មេដឹកនាំសហភាពអឺរ៉ុបចូលចិត្តនិយាយថា ការព្យាយាមរបស់ពួកគេក្នុងការកាត់បន្ថយការពឹងផ្អែកលើប្រេងនិងឧស្ម័នរបស់រុស្ស៊ី កំពុងពន្លឿនកិច្ចព្រមព្រៀងបៃតង»។

លោកស្រីបានបន្ថែមថា «ប៉ុន្តែការពិតគឺមានលក្ខណៈខុសគ្នាពីនេះ។ ខណៈពេលដែលបណ្តាប្រទេស EU កំពុងកាត់បន្ថយការនាំចូលឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ី ការកើនឡើងនៃការប្រើប្រាស់ធ្យូងថ្ម និងឧស្ម័ន LNG គឺជាជំហានដើរថយក្រោយសម្រាប់កិច្ចព្រមព្រៀងបៃតង និងបានបង្កផលប៉ះពាល់ដល់អត្តសញ្ញាណរបស់សហភាពអឺរ៉ុបក្នុងនាមជាអ្នកការពារអាកាសធាតុពិភពលោក»។

ការ​ប្រជែង​គ្នា​របស់​អឺរ៉ុប​ដើម្បី​ថាមពល​ បានធ្វើឱ្យបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍​ជំរុញ​ការ​ផ្លាស់ប្តូរ​ទៅរកថាមពលបៃតង​

«EIB Global» ដែលជាផ្នែកមួយនៃធនាគារវិនិយោគអឺរ៉ុប (Europe Investment Bank) បានបើកការិយាល័យតំណាងប្រចាំតំបន់ថ្មីរបស់ពួកគេសម្រាប់តំបន់អាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិកនៅទីក្រុងហ្សាកាតា កាលពីថ្ងៃទី ០៩ កញ្ញា ដែលនេះគឺជាសញ្ញាបង្ហាញអំពីរលកថ្មីៗនៃការវិនិយោគនៅក្នុងតំបន់។ លោក Kris Peeters ដែលជាអនុប្រធាន EIB បាននិយាយថា «ការិយាល័យ EIB នឹងរួមចំណែកជំរុញឱ្យមានឱកាសវិនិយោគថ្មីៗជាច្រើន ដើម្បីជួយតំបន់ក្នុងការដោះស្រាយតម្រូវការវិនិយោគបន្ទាន់ៗបំផុតរបស់ខ្លួន។ ការវិនិយោគទាំងអស់នឹងមានលក្ខណៈបៃតង និងមាននិរន្តរភាព»។

លោកបានបន្តទៀតថា «យើងចង់ធ្វើឲ្យខ្លួនយើងក្លាយជាដៃគូដែលអាចទុកចិត្តបានរបស់ប្រទេសឥណ្ឌូណេស៊ីនិងតំបន់អាស៊ីអាគ្នេយ៍ ហើយយើងនឹងជួយឱ្យតំបន់នេះមានការរីកចម្រើន និងការអភិវឌ្ឍតាមបែបបៃតងប្រកបដោយនិរន្តរភាព បូករួមនឹងការកាត់បន្ថយនូវផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងការពង្រឹងឯករាជ្យជាតិរបស់បណ្តាប្រទេសជាដៃគូរបស់សហភាពអឺរ៉ុប»។

ក្រុមការងាររបស់ EIB Global បានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា និងបានប្តេជ្ញាថានឹងបង្កើនការផ្តល់ប្រាក់កម្ចីនិងហិរញ្ញប្បទានសម្រាប់ថាមពលកកើតឡើងវិញ។ នៅពេលដែលបណ្តាប្រទេសនានានៅអឺរ៉ុបងាកមករកអ្នកផ្គត់ផ្គង់ថាមពលនៅតំបន់អាស៊ីអាគ្នេយ៍ មនុស្សមួយចំនួនបានលើកឡើងនូវការព្រួយបារម្ភថា «បណ្តាប្រទេសអាស៊ីនិងអាហ្រ្វិកផ្សេងៗទៀតអាចជួបប្រទះនឹងបញ្ហាតម្លៃ ហើយអាចត្រូវបង្ខំឱ្យបង្កើនការចំណាយរបស់រដ្ឋដើម្បីទូទាត់លើថ្លៃឧស្ម័ន LNG ឬធ្យូងថ្មកាន់តែខ្ពស់»។

លោកស្រី Islam បាននិយាយថា «បណ្តាប្រទេសអឺរ៉ុបកំពុងដណ្តើមយកប្រៀបលើប្រទេសផ្សេងទៀត ដើម្បីអាចទទួលបានឧស្ម័ន LNG ដែលជាហេតុបង្កផលប៉ះពាល់ដល់អ្នកទិញផ្សេងៗទៀតនៅក្នុងតំបន់អាស៊ី ដូចជាប្រទេសឥណ្ឌា, ប៉ាគីស្ថាន និង បង់ក្លាដែស ជាដើម»។ ទោះជាយ៉ាងណាក៏ដោយ បញ្ហានេះអាចនឹងក្លាយជាកត្តាជំរុញឱ្យបណ្តាប្រទេសអាស៊ីអាគ្នេយ៍បង្កើនការបោះជំហានឆ្ពោះទៅរកថាមពលបៃតង (យោងតាមរបាយការណ៍កាលពីពេលថ្មីៗនេះរបស់ Carbon Tracker ដែលជាស្ថាប័នហិរញ្ញវត្ថុឯករាជ្យ)»៕

DW

អត្ថបទទាក់ទង