ខ្មែរប៉ុស្ដិ៍ Close

តើការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន អាចបញ្ចប់ទៅដោយរបៀបណា?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 57
តើការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន អាចបញ្ចប់ទៅដោយរបៀបណា? តើការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន អាចបញ្ចប់ទៅដោយរបៀបណា?

ការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែនទំនងជាមិនអាចត្រូវបានបញ្ចប់ដោយការធ្វើសង្គ្រាមនៅក្នុងសមរភូមិនោះទេ។ ការបញ្ចប់ការបង្ហូរឈាម និងការបំផ្លិចបំផ្លាញនៅក្នុងប្រទេសអ៊ុយក្រែនអាចត្រូវបានបញ្ចប់ដោយការចរចា ប៉ុន្តែការចរចានោះ ចាំបាច់ត្រូវមានការសម្របសម្រួលដោយប្រុងប្រយ័ត្នបំផុត។

រហូតមកដល់ពេលនេះ ការព្យាយាមអំពាវនាវពីសំណាក់មេដឹកនាំប្រទេសលោកខាងលិចរហូតដល់សម្តេចប៉ាបដើម្បីឱ្យលោក Putin បញ្ចប់សង្គ្រាម មិនទទួលបានជោគជ័យនោះទេ។

បច្ចុប្បន្ននេះ លោក Recep Tayyip Erdogan ប្រធានាធិបតីទួរគីកំពុងដើរតួធ្វើជាអ្នកសម្របសម្រួលរវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែន។ នៅក្នុងស្ថានភាពរបៀបនេះ ប្រទេសដាច់ដោយឡែក ឬអ្នកនយោបាយធ្លាប់បានដើរតួដើម្បីនាំមកនូវការបញ្ចប់សង្រ្គាមកាលពីអតីតកាលជាច្រើនមកហើយ។ ប៉ុន្តែជានិច្ចជាកាល អ្នកនយោបាយមិនមែនជាអ្នកសម្របសម្រួលដ៏ល្អបំផុតនោះទេ។

ដើម្បីឱ្យការសម្របសម្រួលនូវការចរចាអាចត្រូវបានធ្វើឡើងដោយសកម្មនោះអ្នកជំនាញអន្តរជាតិ ដែលមានឧត្តមគតិក្នុងការសម្រុះសម្រួលស្វែងរកសន្តិភាពគួរតែចូលរួមឱ្យបានលឿនរហ័សតាមដែលអាចធ្វើទៅបាន។

មានការវិវត្តជាច្រើននៅក្នុងវិស័យនៃការសម្របសម្រួលដើម្បីស្វែងរកសន្តិភាពនៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ។ អង្គការសហប្រជាជាតិ សហភាពអាហ្រ្វិក និងអង្គការអន្តរជាតិផ្សេងទៀត សុទ្ធតែបានបង្កើតក្រុមដើម្បីចូលរួមសម្របសម្រួលដោះស្រាយបញ្ហាខាងលើនេះ។

អង្គការមិនមែនរដ្ឋាភិបាលជាច្រើនក៏ត្រូវបានគេបង្កើតឡើងផងដែរ ដែលរួមមានទាំងមជ្ឈមណ្ឌលសម្រាប់កិច្ចសន្ទនាមនុស្សធម៌ ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ (Centre for Humanitarian Dialogue) និងគំនិតផ្តួចផ្តើមគ្រប់គ្រងវិបត្តិ ដែលមានមូលដ្ឋាននៅទីក្រុង Helsinki (Helsinki-based Crisis Management Initiative) ។

ការសម្របសម្រួលដើម្បីស្វែងរកសន្តិភាពកំពុងវិវឌ្ឍន៍ទៅជាសកម្មភាពវិជ្ជាជីវៈ ហើយក៏មានការផ្តួចផ្តើមគំនិតឱ្យប្រើប្រាស់សន្ធិសញ្ញាអន្តរជាតិថ្មីៗដើម្បីបង្កើតជាក្របខ័ណ្ឌដ៏រឹងមាំ និងការណែនាំបន្ថែមទៀតសម្រាប់អ្នកចរចាសន្តិភាពផងដែរ។

អ្នកសម្រុះសម្រួលត្រូវបានគេអញ្ជើញឱ្យចូលរួមដោះស្រាយ នៅពេលដែលជម្លោះនោះមានភាពស្មុគស្មាញពេក ហើយភាគីទាំងឡាយមិនអាចដោះស្រាយដោយខ្លួនឯងបាន។ ជាក់ស្តែងការប៉ុនប៉ងបញ្ចប់សង្រ្គាមណាមួយ គឺពិតជាស្មុគស្មាញខ្លាំងណាស់ ហើយក៏ទាមទារឱ្យមានអ្នកជំនាញពិតប្រាកដផងដែរ។

អ្វីដែលជាបញ្ហានៅក្នុងបរិបទនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែននោះគឺអង្គការដែលធ្លាប់មានបទពិសោធន៍ក្នុងការចរចាខាងលើសុទ្ធតែត្រូវបានប្រទេសរុស្ស៊ីចាត់ទុកថាជាអ្នកគាំទ្រប្រទេសលោកខាងលិច ។

ដូចគ្នានេះដែរ ចំពោះប្រទេសមួយចំនួនដែលធ្លាប់បានដើរតួរជាអ្នកសម្របសម្រួលអស់រយៈពេលជាយូរមកហើយ ដូចជាប្រទេសស្វីស និងប្រទេស Nordic ក៏ត្រូវបានប្រទេសរុស្ស៊ីចាត់ទុកថាជាអ្នកគាំទ្រលោកខាងលិចដែរ។

ដូច្នេះហើយកិច្ចចរចារវាងរុស្ស៊ី-អ៊ុយក្រែននៅពេលនេះ ត្រូវប្រកាន់យកទម្រង់នៃការចរចាបែបការទូតបុរាណ ក្រោមការសម្របសម្រួលដោយអ្នកនយោបាយ ហើយមិនមានការចូលរួមពីសំណាក់អ្នក សម្របសម្រួលស្វែងរកសន្តិភាពដែល មានវិជ្ជាជីវៈនោះទេ។

អ្នកសម្របសម្រួលស្វែងរកសន្តិភាពមិនចាំបាច់ត្រូវមានភាពអព្យាក្រឹត្យ និងភាពមិនលំអៀងពេកនោះទេ តែពួកគេត្រូវមានទំនាក់ទំនងជិតស្និទ្ធជាមួយភាគីជម្លោះណាមួយឬភាគីទាំងពីរ។

ជាការពិតណាស់ លោក Erdogan ទទួលបានផលប្រយោជន៍ច្រើនណាស់ពីជម្លោះនេះ ប៉ុន្តែចំណុចនេះមិនអាចធ្វើឱ្យលោកត្រូវបាត់បង់សិទ្ធិក្នុងការធ្វើជាអ្នកសម្របសម្រួលនោះទេ។

យើងអាចធ្វើការពិចារណាអំពីសកម្មភាពរបស់សហរដ្ឋអាមេរិកដែលបានចូលមកសម្របសម្រួលរហូតដល់មានការបង្កើតឱ្យមានកិច្ចព្រមព្រៀង Oslo ឆ្នាំ១៩៩៣ រវាង អ៊ីស្រាអែលនិងអង្គការរំដោះប៉ាឡេស្ទីន បើទោះបីជាសហរដ្ឋអាមេរិកពេលនោះ គឺជាប្រទេសដែលគាំទ្រយ៉ាងរឹងមាំចំពោះប្រទេសអ៊ីស្រាអែលក៏ដោយ។

ករណីដែលជាឧទាហរណ៍មួយទៀតនោះ គឺតួនាទីរបស់លោក Blaise Compaoré ដែលជាអតីតប្រធានាធិបតីនៃប្រទេស Burkina Faso ហើយបានចូលមកដឹកនាំការចរចានៅក្នុងឆ្នាំ២០០៧ ដើម្បីឈានរកកិច្ចព្រមព្រៀងសន្តិភាពរវាងរដ្ឋាភិបាលនៃប្រទេសកូតឌីវ័រ ជាមួយនឹងកងកម្លាំងបះបោរថ្មី ដែលជាកងកម្លាំងដែលទទួល បានការគាំទ្រដោយបើកចំហពីសំណាក់ លោក Compaoré ។

នៅក្នុងចំណុចខ្លះ ការមានឥទ្ធិពល ហើយអាចចាប់បង្ខំឱ្យភាគីជម្លោះចូលមកធ្វើការចរចាក៏អាចជួយដោះស្រាយបញ្ចប់ជម្លោះបានផងដែរ។ ឧទាហរណ៍ដូចជាករណីកិច្ចព្រមព្រៀងសន្តិភាព Dayton ឆ្នាំ១៩៩៥ ដែលបានបញ្ចប់ការបង្ហូរឈាមនៅ Bosnia-Herzegovina។

នៅពេលនោះ សហរដ្ឋអាមេរិកមានឥទ្ធិពលមកលើភាគីទាំងសងខាងដែលចំណុចនេះបានធ្វើឱ្យប្រធានក្រុមសម្របសម្រួលលោក Richard Holbrooke ប្រើប្រាស់ «វិធីសាស្រ្ត Big Bang» ដើម្បីចាក់សោរភាគីទាំងអស់នៅក្នុងបន្ទប់មួយ រហូតដល់ពួកគេឈានដល់កិច្ចព្រមព្រៀង។ ប៉ុន្តែអាមេរិកមិនមានឥទ្ធិពលបែបនេះមកលើរុស្ស៊ីនោះទេ។

ដោយសារតែមូលហេតុនេះហើយ ទើបការធ្វើដំណើរទស្សនកិច្ចរបស់អធិការបតីអូទ្រីសទៅកាន់ទីក្រុងម៉ូស្គូក្នុងសប្តាហ៍នេះ ហាក់ដូចជាមិនបានផ្តល់នូវក្តីសង្ឃឹម ហើយថែមទាំងអាចផ្តល់ផលអាក្រក់ថែមទៀត នៅក្នុងដំណាក់កាលនេះ។

លោកអធិការបតី Nehammer ហាក់ដូចជាបានគិតថា គាត់អាចធ្វើការចរចាដើម្បីបើកច្រករបៀងមនុស្សធម៌និងបង្កើតឱ្យមានបទឈប់បាញ់បាន។

តែផ្ទុយទៅវិញ លោក Putin នឹងប្រើប្រាស់ដំណើរទស្សនកិច្ចនេះដើម្បីបង្ហាញដល់ជនជាតិរុស្ស៊ីថា រូបគាត់មិនឯកោនៅក្នុងអឺរ៉ុបនោះទេ។ បើទោះបីជាកិច្ចព្យាយាមក្នុងការធ្វើការសម្របសម្រួលតែងតែត្រូវបានគេសាទរក៏ដោយ ក៏ពួកគេត្រូវរៀបចំផែនការ ដោយមានការប្រុងប្រយ័ត្នផងដែរ។

ជាធម្មតា អ្នកនយោបាយមិនមែនជាអ្នកសម្របសម្រួលដ៏ល្អបំផុតនោះទេ បើទោះបីជាពួកគេតែងតែឃើញខ្លួនឯងថាល្អក៏ដោយ ហើយលោក Erdogan គឺជាបុគ្គលដែលសក្ដិសម។

អ្នកជំនាញដែលមានវិជ្ជាជីវៈអន្តរជាតិ ស្តីពីការសម្របសម្រួលស្វែងរកសន្តិភាព គួរតែចូលរួមនៅក្នុងកិច្ចចរចារវាងរុស្ស៊ី-អ៊ុយក្រែន មិនថាជាលក្ខណៈផ្លូវការ ឬក្រៅផ្លូវការក៏ដោយ។

កិច្ចព្រមព្រៀងសន្តិភាពភាគច្រើនត្រូវបានសម្រប សម្រួលដោយភាគីទី៣ តាមរយៈមធ្យោបាយណាមួយ។ ជាឧទាហរណ៍ អាជ្ញាធរអន្តររដ្ឋាភិបាលស្តីពីការអភិវឌ្ឍ (Intergovernmental Authority on Development) ដែលជាអង្គការក្នុងតំបន់ដែលធ្វើការសម្របសម្រួលការចរចារវាងស៊ូដង់ និងស៊ូដង់ខាងត្បូង ដោយមានការរួមចំណែកពីអង្គការនានា និងក្រុមអ្នក ជំនាញផ្សេងៗទៀត។

ការធ្វើសកម្មភាព របស់អង្គការក្នុងតំបន់ខាងលើបានធ្វើឱ្យគេឈានទៅអនុម័តកិច្ចព្រមព្រៀងសន្តិភាពពេញលេញនៅក្នុងឆ្នាំ២០០៥ ដែលបានបញ្ចប់សង្រ្គាមដែលបានអូសបន្លាយអស់រយៈពេលដ៏យូរអង្វែងមួយ។

ដូចគ្នានេះផងដែរ ខណៈដែលបទឈប់បាញ់គឺជាអ្វីដែលគ្រប់គ្នាចង់បាន តែវាមិនមែនជារឿងដ៏ចាំបាច់បំផុតដើម្បីធ្វើឱ្យមានវឌ្ឍនភាពនៅក្នុងបញ្ហាសំខាន់ៗមួយ ចំនួននៅក្នុងទីក្រុង Donbas និង Crimea នោះទេ។

ការចរចាជាច្រើនចាប់តាំងពីប្រទេស Bosnia រហូតដល់ប្រទេសកូឡុំប៊ី ត្រូវបានធ្វើឡើង ខណៈពេលដែលការប្រយុទ្ធគ្នានៅតែបន្ត។ ដូច្នេះ បើទោះបីជាគ្មានបទឈប់បាញ់ក៏ដោយ ក៏ភាគីនានានៅតែអាចឯកភាពគ្នាលើបញ្ហាផ្សេងៗទៀតផងដែរ។

ភាគីទាំងសងខាងអាចយល់ព្រម ឬមិនយល់ព្រមចំពោះបញ្ហាមួយចំនួនបាន ព្រោះមិនមែនគ្រប់បញ្ហាទាំងអស់ត្រូវតែបានដោះស្រាយនៅក្នុងកិច្ចព្រមព្រៀងនោះទេ។ បញ្ហាមួយចំនួនអាចត្រូវលើកយកទៅដោះស្រាយនៅពេលក្រោយបាន ខណៈការស្វែងរកសន្តិភាពគឺជាដំណើរការដែលត្រូវចំណាយពេលវេលាមួយចំនួន។

ការចូលរួមក្នុងការចរចាមិនមែនជាការចោទប្រកាន់ថា ប្រទេសរុស្ស៊ីកំពុងតែឈ្លានពាន ឬប្រទេសរុស្ស៊ីកំពុងតែប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនោះទេ ហើយការផ្សព្វផ្សាយអំពីអំពើឃោរឃៅប្រឆាំងនឹងជនស៊ីវិលតាមរយៈការបង្ហាញនូវសាកសពដែលបានរកឃើញកាលពីពេលថ្មីៗនេះនៅ Bucha គឺជារឿងដែលអាចធ្វើឱ្យការពិភាក្សាកាន់តែមានភាពមិនជោគជ័យបន្ថែមទៀត។

រហូតមកដល់ពេលនេះ គេនៅមិនទាន់បានដាក់ចេញនូវការចោទប្រកាន់ ឬដីកាចាប់ខ្លួនចំពោះមេដឹកនាំនយោបាយ និងយោធាដែលរួមមានទាំងលោក Putin នៅឡើយទេ។ ប៉ុន្តែបើសិនជាករណី នេះបានចូលទៅដល់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ អ្វីៗអាចនឹងមានការផ្លាស់ប្តូរ ហើយដីកាប្រភេទនេះមិនត្រឹមតែពិបាកក្នុងការអនុវត្តនោះទេ វាថែមទាំងអាចជះឥទ្ធិពលអាក្រក់ដល់ការចរចាថែមទៀតផង។

វាពិតជាមានសារៈសំខាន់ណាស់ក្នុងការស្វះស្វែងរកគ្រប់ជម្រើសដើម្បីបញ្ចប់សង្រ្គាមនៅពេលនេះ តាមរយៈសេណារីយ៉ូដែលធ្វើឱ្យភាគីទាំង២ មិនទទួលរងការអាម៉ាស់។ ការប្រើប្រាស់អ្នកសម្របសម្រួលស្វែងរកសន្តិភាពអាជីពអាចផ្តល់ជាប្រយោជន៍បាន តែកត្តាទាំងអស់នេះមិនអាចលើកយក មកប្រើប្រាស់ជាមួយលោក Putin បាន នោះទេ៕ Asia Times

អត្ថបទទាក់ទង