ខ្មែរប៉ុស្ដិ៍ Close

តើសង្គ្រាមទឹកនឹងមកដល់តំបន់អាស៊ីឬ?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 73
តើសង្គ្រាមទឹកនឹងមកដល់តំបន់អាស៊ីឬ? តើសង្គ្រាមទឹកនឹងមកដល់តំបន់អាស៊ីឬ?

ការសិក្សាដែលបានចេញផ្សាយនៅពេលថ្មីៗនេះដោយក្រុមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Texas, សាកលវិទ្យា Penn State និងសាកលវិទ្យាល័យ Tsinghua បានរកឃើញថា «ស្តុកទឹកនៅលើសំបកផែនដី (Terrestrial Water Storage-TWS) នៅតំបន់ខ្ពង់រាប Qinghai-Tibet ក្នុងប្រទេសចិននឹងរងនូវការថយចុះនៅត្រឹមឆ្នាំ ២០៦០»។

ការសិក្សានេះបានវិភាគប្រព័ន្ធអាងទន្លេចំនួន ៧ ដែលរួមមានទន្លេ Amu Darya, ទន្លេ Indus, ទន្លេ Ganges-Brahmaputra, ទន្លេ Salween-Mekong, Yangtze, និងទន្លេលឿង ហើយបានរកឃើញថា «តំបន់ខ្ពង់រាប Qinghai-Tibet ដែលត្រូវបានគេស្គាល់ថាជាអាងស្តុកទឹករបស់តំបន់អាស៊ី ឬជាដំបូលរបស់ពិភពលោកនឹងប្រឈមមុខនឹងការបាត់បង់ទឹក ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ»។

ផ្ទាំងទឹកកករលាយនិងទឹកក្រោមដីនៃខ្ពង់រាប Qinghai-Tibet បានផ្តល់នូវការផ្គត់ផ្គង់ទឹកដ៏សំខាន់ ដែលហូរចេញពីប្រទេសចិនទៅកាន់បណ្តាប្រទេសអាស៊ីជាច្រើនដែលស្ថិតនៅខ្សែទឹកខាងក្រោម។ ការសិក្សានេះបានបញ្ជាក់កាន់តែច្បាស់ថា «ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុកំពុងធ្វើឱ្យសន្តិសុខទឹក ក្លាយជាបញ្ហាកាន់តែធ្ងន់ធ្ងរសម្រាប់តំបន់អាស៊ី»។

បញ្ហាបានកើតឡើងដោយសារកំណើនប្រជាជនយ៉ាងឆាប់រហ័ស, នគរូបនីយកម្ម, ការកើនឡើងនូវតម្រូវការទឹក, វិវាទទន្លេរវាងខ្សែទឹកខាងក្រោម-ខ្សែទឹកខាងលើ និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយជុំវិញធនធានទឹក។ ដើម្បីជៀសវាងការព្រួយបារម្ភកាន់តែខ្លាំងអំពីអសន្តិសុខទឹក និងការភ័យខ្លាចពីការកើតមាននូវ «សង្រ្គាមទឹក»«វិបត្តិទឹក» បណ្តារដ្ឋាភិបាលនៅក្នុងតំបន់អាស៊ី គួរតែត្រួតពិនិត្យឡើងវិញ នូវវិធីសាស្រ្តរបស់ពួកគេចំពោះសន្តិសុខទឹក តាមរយៈការកែលម្អនូវវិធានការគ្រប់គ្រងធនធានទឹក។

នៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះ ការប្រែប្រួលអាកាសធាតុបានបណ្តាលឱ្យមានការថយចុះយ៉ាងខ្លាំងនៃ TWS (ទឹកលើផ្ទៃដី និងទឹកក្រោមដី)។ TWS បានរងនូវផលប៉ះពាល់ដោយសារការប្រែប្រួលអាកាសធាតុ និងត្រូវបានផ្សារភ្ជាប់ទៅនឹងការកើនឡើងនូវកម្រិតទឹកសមុទ្រនៅក្នុងពិភពលោក។ យោងតាមអ្នកនិពន្ធ «Nature paper» បរិមាណ TWS ដែលបានបាត់បង់ជារៀងរាល់ឆ្នាំមានចំនួន ១៥,៨ Gigaton ដែលមានផ្នែកខ្លះគឺនៅខ្ពង់រាបទីបេ ដែលជាទីតាំងរបស់ភ្នំហិមាល័យ ដែលជាជួរភ្នំខ្ពស់បំផុតរបស់ពិភពលោក។ ដោយផ្អែកលើព័ត៌មាននេះ អ្នកនិពន្ធបានព្យាករណ៍ថា «នៅក្រោមសេណារីយ៉ូនៃការបំភាយកាបូនកម្រិតមធ្យម នៅត្រឹមឆ្នាំ ២០៥០ ខ្ពង់រាប Qinghai-Tibetan អាចនឹងជួបប្រទះនឹងការបាត់បង់ប្រហែល ២៤០ Gigaton នៃ TWS»។

បើទោះបីជាតម្រូវការទឹកសរុបនៅផ្នែកខាងក្រោមនៃអាងទន្លេមួយចំនួន (ទន្លេ Ganges-Brahmaputra, ទន្លេ Salween-Mekong, ទន្លេ Yangtze) អាចបំពេញបានដោយប្រើកត្តាផ្សេងៗទៀតក៏ដោយ ក៏ប៉ុន្តែវាមានករណីលើកលែងសម្រាប់អាងទន្លេ Amu Darya និងអាងទន្លេ Indus។ ការស្រាវជ្រាវបានរកឃើញថា «អាងទន្លេ Amu Darya ដែលមានដើមកំណើតនៅភ្នំ Pamir និងដែលផ្គត់ផ្គង់ទឹកដល់ប្រទេសអាហ្វហ្គានីស្ថាន និងតំបន់អាស៊ីកណ្តាល នឹងរងនូវការថយចុះចំនួន ១១៩% នៃសមត្ថភាពផ្គត់ផ្គង់ទឹក»។

ដូចគ្នានេះដែរ អាងទន្លេ Indus ដែលមានដើមកំណើតនៅខ្ពង់រាប Qinghai-Tibetan និងដែលផ្គត់ផ្គង់ទឹកដល់ភាគខាងជើងនៃប្រទេសឥណ្ឌានិងប៉ាគីស្ថាន ត្រូវបានព្យាករណ៍ថា នឹងរងនូវការធ្លាក់ចំនួន ៧៩% នៃសមត្ថភាពផ្គត់ផ្គង់ទឹក។ តម្រូវការទឹកសាបជាសកលកំពុងកើនឡើងយ៉ាងខ្លាំង ខណៈដែលការផ្គត់ផ្គង់កាន់តែមានភាពមិនច្បាស់លាស់។

នៅពេលបច្ចុប្បន្ន ការប៉ាន់ប្រមាណបានបង្ហាញថា «មនុស្សម្នាក់ក្នុងចំណោមមនុស្ស ៣ នាក់នៅទូទាំងពិភពលោក (ច្រើនជាងមួយពាន់លាននាក់) មិនមានលទ្ធភាពប្រើប្រាស់ទឹកស្អាតដែលមានសុវត្ថិភាពនោះទេ។ លើសពីនេះ មនុស្ស ២,២ ពាន់លាននាក់នៅទូទាំងពិភពលោក មិនទទួលបាននូវទឹកស្អាតផឹកនោះទេ»។

យោងតាមអង្គការសហប្រជាជាតិ «ពាក់កណ្តាលនៃបណ្តាប្រទេសសរុបនៅទូទាំងពិភពលោកនឹងប្រឈមមុខនឹងការខ្វះខាតទឹក ឬភាពតានតឹងខ្លាំងទាក់ទងនឹងទឹកនៅត្រឹមឆ្នាំ ២០២៥»។ នៅពេលនោះ ប្រជាជនជិត ១,៨ ពាន់លាននាក់ នឹងត្រូវរស់នៅក្នុងតំបន់ដែលខ្វះខាតទឹកទាំងស្រុង ខណៈដែល ២/៣ នៃចំនួនប្រជាជនសរុបនៅ ក្នុងពិភពលោកអាច ប្រឈមមុខនឹងស្ថានភាពខ្វះខាតទឹកខ្លាំង។

លើសពីនេះទៅទៀត នៅត្រឹមឆ្នាំ ២០៥០ ប្រហែល ៧៥% នៃចំនួនប្រជាជនសរុបក្នុងពិភពលោក អាចនឹងចាប់ផ្តើមរងនូវផលប៉ះពាល់ដោយសារបញ្ហាកង្វះទឹក។ អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា «ប្រជាជនចន្លោះពី ៤,៨ ទៅ ៥,៧ ពាន់លាននាក់ អាចរស់នៅក្នុងតំបន់ដែលមានការខ្វះខាតទឹកយ៉ាងហោចណាស់មួយខែក្នុងមួយឆ្នាំ នៅត្រឹមឆ្នាំ ២០៥០»។

បញ្ហាទឹក និងបញ្ហាប្រឈមទាក់ទងនឹងទឹក គឺមានលក្ខណៈធ្ងន់ធ្ងរដ៏គួរឱ្យកត់សម្គាល់នៅក្នុងតំបន់អាស៊ី។ ខណៈពេលដែលតំបន់អាស៊ីមានប្រជាជនច្រើនជាង ៥០% នៃចំនួនប្រជាជនសរុបក្នុងពិភពលោក វាមានទឹកសាបតិចជាង (៣៩២០ ម៉ែត្រគូបក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំ) ទ្វីបផ្សេងៗទៀត លើកលែងតែអង់តាក់ទិក។ នៅក្នុងករណីនៃខ្ពង់រាប Qinghai-Tibet តំបន់នេះមានធនធានទឹកច្រើនសន្ធឹកសន្ធាប់ ជាមួយនឹងអត្រានៃការប្រើប្រាស់ទាប។

ក្នុងនាមជាប្រភពទឹករបស់ប្រព័ន្ធទន្លេសំខាន់ៗចំនួន ១០ ដែលបានហូរចាក់បំពេញអាងទន្លេនៅក្នុងតំបន់អាស៊ី ប្រជាជនជាង ១,៣៥ ពាន់លាននាក់ (ឬប្រហែល ២០% នៃចំនួនប្រជាជនសរុបក្នុងពិភពលោក) បាននិងកំពុងពឹងផ្អែកលើទន្លេដែលមានប្រភពមកពីខ្ពង់រាប Qinghai-Tibet របស់ប្រទេសចិន។ ប៉ុន្តែ ខ្ពង់រាប Qinghai-Tibet បានបន្តរងនូវផលប៉ះពាល់យ៉ាងខ្លាំងដោយសារការប្រែប្រួលអាកាសធាតុ បួករួមនឹងការកើនឡើងនៃសីតុណ្ហភាពខ្យល់ប្រចាំឆ្នាំក្នុងកម្រិត ០,៣២ អង្សាសេ ក្នុងមួយទសវត្សរ៍នៅចន្លោះឆ្នាំ ១៩៦១ ដល់ឆ្នាំ ២០១៧ និងការថយចុះយ៉ាងខ្លាំងនៃកម្រិតទឹកក្រោមដី។

ទន្ទឹមនឹងនេះដែរ តំបន់អាស៊ីក៏កំពុងជួបប្រទះនឹងបញ្ហាប្រឈមជាច្រើនទៀតផងដែរ។ ជិត ២/៣ នៃកំណើនប្រជាជនសរុបក្នុងពិភពលោក កំពុងកើតមាននៅក្នុងតំបន់អាស៊ី។ នៅត្រឹមឆ្នាំ ២០៥០ ចំនួនប្រជាជននៃទ្វីបនេះត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់ ៥,២៦ ពាន់លាននាក់ ដោយក្នុងនោះប្រជាជននៅតាមទីក្រុងអាចនឹងនឹងកើនឡើង ៦០%។

ដោយសារអត្រាកំណើនប្រជាជន និងនគរូបនីយកម្មលឿនបែបនេះ គួបផ្សំជាមួយនឹងតម្រូវការទឹកកាន់តែកើនឡើង ធនធានទឹករបស់តំបន់អាស៊ីនឹងជួបប្រទះនឹងភាពតានតឹងដោយជៀសមិនរួច។ កាន់តែស្មុគស្មាញជាងនេះគឺ «ប្រទេសចិនដែលជាមហាអំណាចនៅខ្សែទឹកខាងលើនៃទន្លេ ដែលមានប្រវែងវែងបំផុត និងសំខាន់បំផុត របស់តំបន់អាស៊ី មិនមានគោលនយោបាយគ្រប់គ្រងលើទន្លេដែលហូរឆ្លងកាត់ប្រទេសជាច្រើន នោះទេ»។

ដោយសារការមិនទុកចិត្តរបស់ចិនចំពោះក្របខណ្ឌពហុភាគីក្នុងការដោះស្រាយជម្លោះអន្តរជាតិ ប្រទេសចិនមិនបានចុះហត្ថលេខាលើការចែករំលែកទឹកជាមួយបណ្តាប្រទេសជិតខាងរបស់ខ្លួនទេ ហើយក៏មិនបានចុះហត្ថលេខាលើសន្ធិសញ្ញាគ្រប់គ្រងទឹកឆ្លងដែនអន្តរជាតិនោះដែរ ដែលជាហេតុបង្កឱ្យមាននូវការព្រួយបារម្ភនៅក្នុងបណ្តាប្រទេសខ្សែទឹកខាងក្រោមអំពីការអាចកើតមានជម្លោះជុំវិញសិទ្ធិប្រើប្រាស់ និងការគ្រប់គ្រងធនធានទឹករួមគ្នា។ ប្រទេសជិតខាងមួយចំនួនរបស់ចិន ក៏មិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងខាងលើនេះដែរ។

វិធីសាស្រ្តដ៏សំខាន់របស់ចិនចំពោះបញ្ហាប្រឈមទឹកបានផ្តោតតែទៅលើការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធវារីអគ្គិសនីធំៗ។ ទំនប់វារីអគ្គិសនីអាចបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ការផ្គត់ផ្គង់ទឹក ដោយសារតែវានឹងជះ ឥទ្ធិពលអវិជ្ជមានដល់លំហូរទឹកទន្លេដែលហូរទៅកាន់ខ្សែទឹកខាងក្រោម។ ប្រទេសចិនបានសាងសង់ទំនប់វារីអគ្គិសនីជាច្រើននៅតាមបណ្តោយទន្លេសំខាន់ៗ ទាំងនៅក្នុងទឹកដីរបស់ចិន និងនៅខ្សែទឹកខាងក្រោមដែលជាផ្នែកនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ (BRI)។

សកម្មភាពសាងសង់ទំនប់ទឹករបស់ប្រទេសចិន នៅខ្សែទឹកខាងលើនៃទន្លេឆ្លងព្រំដែន ដែលរួមមានទាំងទន្លេអន្តរជាតិសំខាន់ៗ ដូចជាទន្លេ Brahmaputra, ទន្លេមេគង្គ និងទន្លេ Salween បានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង និងបានបង្កនូវការខូចខាតដល់បរិស្ថាន, សេដ្ឋកិច្ច, សង្គម និងបរិស្ថាននៅក្នុងបណ្តាប្រទេសដែលស្ថិតនៅខ្សែទឹកខាងក្រោម។ បញ្ហានេះបានបង្កើនសម្ពាធកាន់តែខ្លាំងលើតំបន់ដែលបានរងនូវបញ្ហាទឹករួចស្រេចទៅហើយ។

ជាឧទាហរណ៍ នៅក្នុងរបាយការណ៍ឆ្នាំ ២០២០ មជ្ឈមណ្ឌល Stimson បានភ្ជាប់ការគ្រប់គ្រងទំនប់របស់ចិននៅទន្លេមេគង្គលើទៅនឹងការផ្លាស់ប្តូរសំខាន់ៗ នៃកម្រិតទឹកនៅខ្សែទឹកខាងក្រោម។ ការកើនឡើងនៃទំនប់វារីអគ្គីសនីបានបង្កើននូវភាពតានតឹងរវាងប្រទេសចិន និងបណ្តាប្រទេសនៅខ្សែទឹកខាងក្រោម ដែលកំពុងមានការព្រួយបារម្ភកាន់តែខ្លាំងអំពីលទ្ធភាពដែលប្រទេសចិនអាចបង្កការគំរាមកំហែង តាមរយៈការធ្វើឱ្យប្រទេសជិតខាងមិនទទួលបានការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ ឬក្នុងករណីមានជម្លោះអាចនឹងបិទក្បាលម៉ាស៊ីនទឹកដែលហូរចុះទៅខ្សែទឹកខាងក្រោម។

ទន្ទឹមនឹងនេះដែរ សំណើទាក់ទងនឹងគម្រោងអន្តរអាងស្តុកទឹកមួយចំនួនបាននិងកំពុងបង្កនូវការព្រួយបារម្ភដល់ប្រទេសដែលស្ថិតនៅខ្សែទឹកខាងក្រោម ជាពិសេសគឺគម្រោង «Red Flag River» មានគោលបំណងបង្វែរទឹក ៦០ ពាន់លានម៉ែត្រគូបជារៀងរាល់ឆ្នាំពីទន្លេសំខាន់ៗនៃខ្ពង់រាប Qinghai-Tibet ទៅកាន់តំបន់ Xinjiang ដែលស្ងួតហួតហែង និងផ្នែកផ្សេងទៀតនៃភាគពាយព្យប្រទេសចិន។

សកម្មភាពនេះនឹងបង្កផលប៉ះពាល់ដល់ទន្លេចំនួន ៣ (ទន្លេ Brahmaputra, ទន្លេមេគង្គ និងទន្លេ Salween)។ សម្រាប់ប្រទេសដែលស្ថិតនៅខ្សែទឹកខាងក្រោម ជាពិសេសប្រទេសឥណ្ឌានិងវៀតណាម សំណើរបែបនេះបានបង្កើននូវក្តីកង្វល់របស់ពួកគេពាក់ព័ន្ធនឹងបញ្ហាកង្វះទឹក និងការដែលអាចកើតមានការប្រកួតប្រជែងរវាងតំបន់ខ្សែទឹកខាងក្រោមដើម្បីដណ្តើមយកសិទ្ធិក្នុងការទទួលបាន និងគ្រប់គ្រងលើធនធានទឹកដែលជាហេតុអាចឈានទៅកើតមាន «សង្គ្រាមទឹក»

ជាមួយនឹងការភ្ជាប់ទំនាក់ទំនងរវាងទឹកនិងជម្លោះ អ្នកនយោបាយផ្សេងៗ និងបណ្តាមន្ត្រីជាន់ខ្ពស់មកពីអង្គការអន្តរជាតិឈានមុខគេមួយចំនួន បានរួមគ្នាចេញនូវសេចក្តីថ្លែងការណ៍អំពីទិដ្ឋភាពនៃសង្រ្គាមទឹក ដោយក្នុងនោះរួមទាំងអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Kofi Annan, លោក Ban Ki-moon និងលោក Boutros Boutros-Ghali ។ ក្រុមអ្នកវិភាគនិងអង្គការមិនរកប្រាក់ចំណេញ ក៏បានកំណត់អត្តសញ្ញាណហានិភ័យដែលអាចបង្កឡើងដោយវិបត្តិទឹកផងដែរ ដែលរួមមានដូចជាអស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចសង្គម។

ក្នុងឆ្នាំ ២០១៥ របាយការណ៍ហានិភ័យសកលទី ១០ នៅវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានចាត់ចំណាត់ថ្នាក់ «វិបត្តិទឹក» នៅលេខរៀងទី១ ក្នុងចំណោមហានិភ័យសកលជាច្រើន។ កាលពីពេលថ្មីៗនេះ អនុស្សរណៈរបស់ក្រុមប្រឹក្សារៀបចំការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក (NIC) ដែលបានចុះនៅខែកក្កដា ឆ្នាំ ២០២០ បានត្រួតពិនិត្យមើលអំពីសុវត្ថិភាពទឹកជាសកលនៅក្នុងរយៈពេល ៣០ ឆ្នាំខាងមុខ។

អនុស្សរណៈនេះបានកត់សម្គាល់ថា «បើគ្មានទឹកគ្រប់គ្រាន់ទេ ប្រទេសនានានឹងជួបប្រទះនឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចសង្គម, នយោបាយ និងសុខភាពសាធារណៈ ក៏ដូចជាការធ្លាក់ចុះនៃ GDP»។ របាយការណ៍ «NIC Global Trends 2025» របស់សហរដ្ឋអាមេរិក ក៏បានព្យាករណ៍ដែរថា «កិច្ចសហប្រតិបត្តិការដើម្បីគ្រប់គ្រងការផ្លាស់ប្តូរធនធានទឹកនឹងមានលក្ខណៈកាន់តែលំបាកនៅក្នុងរដ្ឋនីមួយៗ និងរវាងរដ្ឋនានានៅក្នុងតំបន់អាស៊ីនិងមជ្ឈិមបូព៌ា»។

ទោះជាយ៉ាងណាក៏ដោយ អ្នកសិក្សាស្រាវជ្រាវផ្សេងៗទៀតបានលើកឡើងថា «សិទ្ធិក្នុងការចូលប្រើប្រាស់ទឹកអាចនឹងមិនក្លាយជាមូលហេតុចម្បងសម្រាប់ការកើតមានសង្គ្រាមទេ» ហើយជម្លោះដណ្តើមទឹក អាចត្រូវ បានដោះស្រាយតាមរយៈទម្រង់ផ្សេងៗនៃកិច្ចសហប្រតិបត្តិការ។ ដូច្នេះ ប្រទេសនានាគួរគិតគូរឡើងវិញនូវវិធីសាស្ត្ររបស់ខ្លួនពាក់ព័ន្ធនឹងបញ្ហាសន្តិសុខទឹក ដើម្បីបំពេញតាមតម្រូវការទឹកដែលកំពុងមានការកើនឡើង និងដើម្បីកាត់បន្ថយការព្រួយបារម្ភអំពីវិបត្តិទឹក។

រដ្ឋាភិបាលនានាត្រូវតែទទួលស្គាល់ថា «ការកែលម្អនូវការអនុវត្តស្តីពីការគ្រប់គ្រងទឹក គឺមានភាពចាំបាច់ណាស់ ដោយក្នុងនោះវាមិនត្រឹមតែកាត់បន្ថយនូវតម្រូវការទឹកប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជួយកែលម្អគុណភាពទឹកបានផងដែរ»។ ទោះបីជាតំបន់ខ្សែទឹកខាងក្រោមអាចមានទំនោរចង់សាងសង់គម្រោងវិស្វកម្មវារីអគ្គិសនីធំៗក៏ដោយ ក៏ពួកគេគួរតែពិចារណាអំពីការប្រើប្រាស់ប្រភពផ្គត់ផ្គង់ទឹកជំនួស ដូចជាកែច្នៃទឹកស្អុយ និងទឹកប្រៃឱ្យក្លាយមកជាប្រភពទឹកដែលអាចប្រើប្រាស់បាន។

ពួកគេក៏អាចពិចារណាផងដែរអំពីការអនុវត្តការគ្រប់គ្រងលើតម្រូវការទឹក (ដូចជាឧបករណ៍វាស់ស្ទង់ឆ្លាតវៃ និងបច្ចេកវិទ្យាផ្សេងៗទៀត) និងការពង្រឹងនូវលទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទាន។ បញ្ហាប្រឈមទាក់ទងនឹងទឹករបស់តំបន់អាស៊ីនឹងមានលក្ខណៈកាន់តែធ្ងន់ធ្ងរនៅក្នុងទសវត្សរ៍ខាងមុខ។ TWS នឹងបន្តធ្លាក់ចុះ ជាពិសេសនៅអាងទន្លេ Amu Darya និង Indus ហើយបញ្ហាប្រឈមដែលបង្កឡើងដោយអសន្តិសុខទឹក និងការគ្រប់គ្រងទឹកមិនបានល្អនៅក្នុងតំបន់អាស៊ី នឹងវិវឌ្ឍទៅកាន់តែអាក្រក់ទៅៗ ដោយសារឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ។

ផលប៉ះពាល់កាន់តែធ្ងន់ធ្ងរនៃការប្រែប្រួលអាកាសធាតុនឹងបង្កើននូវក្តីកង្វល់ទាំងនេះ ហើយក្នុងបរិបទបែបនេះ «សង្រ្គាមទឹក»«វិបត្តិទឹក» ប្រហែលជាមិនអាចចៀសរួចនោះទេ។ ដើម្បីបញ្ចៀសបញ្ហាប្រឈមកាន់តែអា្រកក់លើធនធានទឹក និងដើម្បីធានានូវសន្តិសុខទឹក បណ្តាប្រទេសនានាត្រូវតែកែលម្អវិធានការគ្រប់គ្រងទឹក រួមជាមួយនឹងការអនុវត្តនូវវិធីសាស្រ្តគ្រប់គ្រងតម្រូវការទឹកឱ្យបានល្អប្រសើរ៕

The Diplomat