លោក Xi ជម្រុញឱ្យប្រទេសរុស្ស៊ីនិងប្រទេសជាសមាជិកដទៃទៀត សហការគ្នាដើម្បីរារាំងប្រឆាំងបដិវត្តពណ៌
កាលពីថ្ងៃសុក្រ ប្រធានាធិបតីចិន Xi Jinping បានអំពាវនាវដល់ប្រទេសរុស្ស៊ីនិងប្រទេសជាសមាជិកដទៃទៀតនៅក្នុងក្រុមតំបន់ ឱ្យផ្តល់ការគាំទ្រដល់គ្នាទៅវិញទៅមក ដើម្បីទប់ស្កាត់កុំឱ្យមហាអំណាចបរទេសអាចញុះញង់បង្កឱ្យមាន «បដិវត្តន៍ពណ៌» និងការងើបបះបោររបស់ប្រជាជននៅក្នុងប្រទេសរបស់ពួកគេ។
ថ្លែងនៅក្នុងប្រទេស Uzbekistan ក្នុងកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ដែលជាក្រុមសន្តិសុខដែលដឹកនាំដោយចិន និងរុស្ស៊ី លោក Xi បាននិយាយថា «ប្រទេសជាសមាជិកគួរតែផ្តល់ នូវការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គ្នាទៅវិញទៅមក ដើម្បីរក្សាការពារនូវផលប្រយោជន៍សន្តិសុខ និងការអភិវឌ្ឍរបស់ពួកគេ»។
លោក Xi មិនបានលើកឡើងនោះទេ អំពីប្រទេសអ៊ុយក្រែនដែលជាប្រទេសដែលរុស្ស៊ីបានបើកការឈ្លានពានតាំងពីខែកុម្ភៈ នៅក្នុងអ្វីដែលប្រធានាធិបតីរុស្ស៊ីលោក Vladimir បានហៅថាជា «ការធ្វើប្រតិបត្តិការ យោធាពិសេស» ដើម្បីការពារប្រជាជននិយាយភាសារុស្ស៊ីពីអំពើប្រល័យពូជសាសន៍របស់រដ្ឋាភិបាលអ៊ុយក្រែន ខណៈដែលរដ្ឋាភិបាលអ៊ុយក្រែនបានបដិសេធចំពោះការ លើកឡើងនេះ។
លោក Xi ក៏បានលើកឡើងផងដែរថា «ប្រទេសចិន នឹងបណ្តុះបណ្តាលភ្នាក់ងារអនុវត្តច្បាប់ដែលមកពីបណ្តាប្រទេសជាសមាជិក ចំនួន ២ ០០០ នាក់ នៅក្នុងរយៈពេល ៥ ឆ្នាំខាងមុខ និងបង្កើតមូលដ្ឋានបណ្តុះបណ្តាលហ្វឹកហាត់មួយ ដើម្បីផ្តោតលើការងារប្រឆាំងភេរវកម្ម»។
លោក Xi បានអញ្ជើញឱ្យប្រទេសជាសមាជិកធ្វើការចុះឈ្មោះសម្រាប់គំនិតផ្តួចផ្តើមសន្តិសុខសកលរបស់ចិន ដែលជាទស្សនទានមួយដែលលោកបានស្នើឡើងកាលពីខែមេសា និងដែលរួមមានទាំងបញ្ចូលនូវគំនិត ដែលថា «គ្មានប្រទេសណាមួយអាចធ្វើការពង្រឹងនូវសន្តិសុខផ្ទាល់ខ្លួន តាមរយៈការធ្វើអោយប៉ះពាល់ និងខាតបង់នូវផលប្រយោជន៍របស់ប្រទេសដទៃនោះទេ»។
លោក Xi បាន និយាយទៀតថា «ប្រទេសចិននឹងផ្តល់គ្រាប់ធញ្ញជាតិក្នុងតម្លៃប្រមាណ ១,៥ ពាន់លានយន់ ឬ ២១៤ លានដុល្លារ និងជំនួយសង្គ្រោះបន្ទាន់ផ្សេងទៀតដល់ប្រទេសកំពុងអភិវឌ្ឍ» ហើយលោកក៏បានបន្ថែមទៀតថា «សេដ្ឋកិច្ចចិនកំពុងមានភាពធន់ និងពោរពេញទៅដោយសក្តានុពល»។
សេដ្ឋកិច្ចរបស់ប្រទេសចិនបានគេចផុតពីការធ្លាក់ចុះតែបន្តិចបន្តួចតែប៉ុណ្ណោះ នៅក្នុងត្រីមាសខែមេសា-មិថុនា ដោយសារការបិទបណ្តាទីក្រុងដើម្បីទប់ស្កាត់រោគរាតត្បាតកូវីដ-១៩ គួបផ្សំនឹងការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យ និងការដែលប្រជាជនបន្តកាត់បន្ថយចំណាយ៕
Reuters