ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តម កើត ឆែ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខណ្ឌច្បារអំពៅ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃសុក្រ ទី៩ ខែកញ្ញា ឆ្នាំ២០២២ ព័ត៌មានទូទៅ 43
ឯកឧត្តម កើត ឆែ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខណ្ឌច្បារអំពៅ ឯកឧត្តម កើត ឆែ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខណ្ឌច្បារអំពៅ

ឯកឧត្តម កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសមុខតំណែងអភិបាលរង នៃគណៈអភិបាលខណ្ឌច្បារអំពៅថ្មី គឺ លោក កាទើ អះម៉ាត់សទើរ ដោយមានការចូលរួមពីប្រធានក្រុមប្រឹក្សាខណ្ឌច្បារអំពៅ អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ ចៅសង្កាត់ សមាជិក សមាជិការយ៉ាងច្រើនកុះករ ក្នុងសាលាខណ្ឌច្បារអំពៅ។

ឯកឧត្តម កើត ឆែ បានសម្តែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ការលះបង់ខ្ពស់ ក្នុងការបំពេញភារកិច្ចការងាររបស់រដ្ឋបាលខណ្ឌទាំងអស់ នៃរាជធានីភ្នំពេញ និយាយជារួម និងរដ្ឋបាលខណ្ឌច្បារអំពៅ និយាយដោយឡែក ដែលកន្លងមកបានយកអស់កម្លាំងកាយ កម្លាំងចិត្ត និងស្មារតី ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនដើម្បីការពារ ថែរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន ជាពិសេសការផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសការប្រយុទ្ធនឹងសមរភូមិកូវីដ-១៩ ដែលយើងបានពួតដៃគ្នាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺឆ្លងមួយនេះ មិនឱ្យចូលក្នុងសហគមន៍ឡើងវិញ ប្រកបដោយភាពជោគជ័យ គួរជាទីមោទនៈបំផុត ។ 

ឯកឧត្តម កើត ឆែ បានផ្តាំផ្ញើដល់លោក កាទើ អះម៉ាត់សទើរ  ដែលចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខណ្ឌច្បារអំពៅ ឱ្យបំពេញតួនាទី-ភារកិច្ច ក្នុងជួរគណៈអភិបាលខណ្ឌច្បារអំពៅ ប្រកបដោយប្រសិទ្ធភាព និងបានស្នើឱ្យសាមីខ្លួនខិតខំបញ្ចេញឱ្យអស់នូវចំណេះដឹង សមត្ថភាព លទ្ធភាព និងទេពកោសល្យ ដោយត្រូវស្វែងយល់ឱ្យបានស៊ីជម្រៅ អំពីលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេស ការគ្រប់គ្រងរដ្ឋបាលរាជធានី និងរដ្ឋបាលខណ្ឌ ក្នុងនោះ ចំណុចត្រូវយកចិត្តទុកដាក់ មានដូចខាងក្រោម ៖

  ត្រូវចូលរួមពង្រឹងរបៀបរបបធ្វើការងារ និងទំនាក់ទំនងរវាងក្រុមប្រឹក្សាខណ្ឌ និងគណៈអភិបាលខណ្ឌ ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យលេខ២១៥អនក្រ.បក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩ ស្តីពីតួនាទី ភារកិច្ច និងទំនាក់ទំនងការងាររបស់ក្រុមប្រឹក្សា គណៈអភិបាលរាជធានីភ្នំពេញ និងក្រុមប្រឹក្សា គណៈអភិបាលខណ្ឌ នៃរាជធានីភ្នំពេញ  សេចក្តីណែនាំនានារបស់ក្រសួងមហាផ្ទៃ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ។

  ត្រូវចូលរួមពង្រឹងសាមគ្គីភាព កិច្ចសហការ និងទំនាក់ទំនងល្អជាមួយក្រុមប្រឹក្សាសង្កាត់ទាំង ០៨ នៃរដ្ឋបាលខណ្ឌច្បារអំពៅ  និងអង្គភាពពាក់ព័ន្ធនានា និងត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង នៅគ្រប់ដំណាក់កាលនៃការបំពេញការងារ ដោយត្រូវចាត់ទុកថា «សាមគ្គីភាពផ្ទៃក្នុង គឺជាកត្តាកំណត់នូវជ័យជម្នះគ្រប់ភារកិច្ច»។

  ត្រូវចូលរួមជាមួយគណៈអភិបាលខណ្ឌ អង្គភាពជំនាញ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងក្របខណ្ឌ «គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ» ដើម្បីថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ពិសេសយកចិត្តទុកដាក់លើការអនុវត្តគោលនយោបាយ «ភូមិ-សង្កាត់ មានសុវត្ថិភាព» សំដៅធានាបាននូវសុខដុមនីយកម្ម និងការអភិវឌ្ឍក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ។

  ត្រូវបន្តចូលរួមដោះស្រាយវិវាទផ្សេងៗ ដូចជាវិវាទដីធ្លី វិវាទជាប់ព្រំអ្នកជិតខាង និងការសម្របសម្រួលដោះស្រាយក្រៅប្រព័ន្ធតុលាការ ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលខណ្ឌ ឱ្យបានចប់សព្វគ្រប់ និងត្រូវខិតខំទប់ស្កាត់ បង្ការកុំឱ្យមានករណីទំនាស់ថ្មីកើតឡើងបន្ថែមទៀត។

  ត្រូវចូលរួមពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ តាមរយៈយន្តការការិយាល័យច្រកចេញចូលតែមួយ នៅថ្នាក់ខណ្ឌ និងនៅថ្នាក់សង្កាត់ ដោយត្រូវគោរពនូវគោលការណ៍ នៃស្តង់ដារសេវាសាធារណៈ រួមមាន ៖ ពេលវេលា នីតិវិធី កម្រៃសេវាសាធារណៈ និងទីកន្លែងផ្តល់សេវាសាធារណៈ ហើយដាច់ខាត មិនត្រូវយកកម្រៃក្រៅផ្លូវការអ្វីឡើយ ។  

  ត្រូវចូលរួមសហការជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌច្បារអំពៅ និងត្រូវចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ តាមខ្នងផ្ទះ ដោយមិនត្រូវប្រកាន់និន្នាការនយោបាយ ពណ៌សម្បុរពូជសាសន៍ ជំនឿសាសនា អ្វីឡើយ និងត្រូវក្តាប់នូវបញ្ហាប្រឈមដែលកើតមានឡើងក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ និងត្រូវទទួលយកសំណូមពររបស់ពួកគាត់ ដើម្បីធ្វើការដោះស្រាយឱ្យបានទាន់ពេលវេលា  និង

  ត្រូវត្រៀមខ្លួនជានិច្ច ដើម្បីចូលរួមក្នុងសកម្មភាពការងារប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលអាចកើតមានជាយថាហេតុក្នុងមូលដ្ឋាន និងត្រូវខិតខំជំរុញការងារចាក់វ៉ាក់សាំងបង្ការជំងឺ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញជូនប្រជាពលរដ្ឋ សំដៅធានានូវ “ភាពសុំាសហគមន៍រឹងមាំពិតប្រាកដយូរអង្វែង” ស្របតាមគោលការណ៍ចាត់តាំងអនុវត្តរបស់រាជរដ្ឋាភិបាល គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស  និងរដ្ឋបាលរាជធានីភ្នំពេញ៕