ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តម កើត ឆែ បើកវគ្គបណ្តុះបណ្តាលស្តីពី «បរិវត្តកម្មឌីជីថលក្នុងវិស័យសាធារណៈនៅកម្ពុជា»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០២២ ព័ត៌មានទូទៅ 36
ឯកឧត្តម កើត ឆែ បើកវគ្គបណ្តុះបណ្តាលស្តីពី «បរិវត្តកម្មឌីជីថលក្នុងវិស័យសាធារណៈនៅកម្ពុជា» ឯកឧត្តម កើត ឆែ បើកវគ្គបណ្តុះបណ្តាលស្តីពី «បរិវត្តកម្មឌីជីថលក្នុងវិស័យសាធារណៈនៅកម្ពុជា»

ឯកឧត្តម កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ នេះ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី «បរិវត្តកម្មឌីជីថល ក្នុងវិស័យសាធារណៈនៅកម្ពុជា» ក្នុងសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីសមាជិក សមាជិកា មន្ត្រីរាជការយ៉ាងច្រើនកុះករ។

វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងដោយមានការចូលរួមពីវាគ្មិន ២រូប គឺ ឯកឧត្តម នាង ម៉ៅ អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោកស្រី ងួន សុម៉ាលី ប្រធានវិទ្យាស្ថានអភិបាលកិច្ចឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។

ឯកឧត្តម កើត ឆែ បានមានប្រសាសន៍ថា ដោយពិនិត្យឃើញពីភាពចាំបាច់នៃនិន្នាការសកលនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ (Industry4.0) នៅក្នុងបណ្តាប្រទេសជឿនលឿននៅលើពិភពលោក រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា” និង “គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ” ក្នុងគោលបំណងកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក សម្រាប់តួអង្គសង្គមទាំងរដ្ឋ ពលរដ្ឋ និងធុរជន ដើម្បីជំរុញសន្ទុះកំណើន សេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គមផ្អែកលើប្រក្រតីភាពថ្មី។

ឯកឧត្តមបានបន្តថា រដ្ឋាភិបាលឆ្លាតវៃ (Smart Govornment) គឺជាគោលបំណងសំខាន់មួយរបស់គោលនយោបាយខាងលើ ដែលបង្កើតឡើងដើម្បីគិតគូរដល់ការធ្វើទំនើបកម្មនូវស្ថាប័នរដ្ឋ និងវិស័យសាធារណៈ តាមរយៈការបញ្ជ្រាបនូវចំណេះដឹងបច្ចេកវិទ្យាឌីជីថល ដើម្បីយកមកប្រើប្រាស់សម្រាប់ការងាររដ្ឋបាលប្រចាំថ្ងៃនិងការផ្តល់សេវាសាធារណៈ។

តាមរយៈវគ្គបណ្តុះបណ្តាលនាថ្ងៃនេះ ឯកឧត្តម កើត ឆែ សង្ឃឹមថាមន្ត្រីរាជការទាំងអស់នឹងទទួលបាននូវចំណេះដឹងបន្ថែមពាក់ព័ន្ធនឹងអ្វីដែលយើងហៅថា រដ្ឋបាលអេឡិចត្រូនិច ឬការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងរដ្ឋបាលសាធារណៈ សំដៅបង្កើននូវប្រសិទ្ធភាព ប្រសិទ្ធផលការងាររដ្ឋបាល និងការងារផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ៕