ខ្មែរប៉ុស្ដិ៍ Close

ហេតុអ្វីបានជាតម្លៃទំនិញ អាចនឹងបន្តធ្លាក់ចុះកាន់តែខ្លាំង?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៧ ខែសីហា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 29
ហេតុអ្វីបានជាតម្លៃទំនិញ អាចនឹងបន្តធ្លាក់ចុះកាន់តែខ្លាំង? ហេតុអ្វីបានជាតម្លៃទំនិញ អាចនឹងបន្តធ្លាក់ចុះកាន់តែខ្លាំង?

ការប្រែប្រួលនៃតម្លៃប្រេង, សារធាតុរ៉ែ និងផលិតផលកសិកម្ម គឺស្ថិតនៅក្នុងចំណោមការវិវឌ្ឍផ្នែកសេដ្ឋកិច្ចដ៏គួរឱ្យកត់សម្គាល់បំផុតនៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ហើយការកើនឡើងយ៉ាគំហ៊ុកនៃតម្លៃទំនិញនៅក្នុងពេលនេះ គឺពិតជាមិនអាចចៀសផុតនោះទេ។

តម្លៃប្រេងឆៅ Brent ក្នុងមួយបារ៉ែលដែលធ្លាប់ត្រូវបានលក់ក្នុងតម្លៃ ២០ ដុល្លារកាលពីខែមេសា ឆ្នាំ ២០២០ បានហក់ឡើងដល់តម្លៃ ១២២ ដុល្លារ នៅក្នុងខែមីនា ឆ្នាំ ២០២២ ក្រោយប្រទេសរុស្ស៊ីបានឈ្លានពានប្រទេសអ៊ុយក្រែន

ប្រេងមិនមែនជាផលិតផលតែមួយគត់ដែលបានកើនឡើងតម្លៃនោះទេ។ តម្លៃទង់ដែងនិងស្រូវសាលី បានកើនឡើងទ្វេដង ខណៈសន្ទស្សន៍នៃតម្លៃទំនិញជាសាកលបានកើនឡើងជិត ៣ ដង បើគិតចាប់តាំងពីខែមេសា ឆ្នាំ ២០២០ ដល់ខែមីនា ឆ្នាំ ២០២២។ ការកើនឡើងនៃតម្លៃទាំងនេះត្រូវបានគិតជាប្រាក់ដុល្លារ ហើយបើសិនជាត្រូវបានគិតជាប្រាក់អឺរ៉ូ, ប្រាក់ យេន, ប្រាក់វ៉ុន ឬរូបិយបណ្ណផ្សេងៗទៀត នោះការកើនឡើងនៃតម្លៃនឹងមានចំនួនកាន់តែច្រើនជាងនេះ។

ទោះជាយ៉ាងណាក៏ដោយ តម្លៃទំនិញជាច្រើនបានចាប់ផ្តើមធ្លាក់ចុះនៅក្នុងរដូវក្តៅនេះ ដោយក្នុងនោះតម្លៃប្រេងបានធ្លាក់ចុះប្រមាណ ៣០% នៅចន្លោះដើមខែមិថុនា ដល់ពាក់កណ្តាលខែសីហា ហើយតម្លៃប្រេងសាំងដែលកំពុងក្លាយជារឿងដ៏រសើបផ្នែកនយោបាយនៅសហរដ្ឋអាមេរិក ក៏បានធ្លាក់ចុះ ២០% ផងដែរនៅក្នុងរយៈពេលដូចគ្នានេះ ដោយបានធ្លាក់ចុះពីចំនួន ៥ ដុល្លារ ក្នុងមួយធុងហ្កាឡុន (Gallon) មកនៅត្រឹម ៤ ដុល្លារ។

សន្ទស្សន៍នៃតម្លៃជារួមបានធ្លាក់ចុះចំនួន ១២%។ «តើការធ្លាក់ចុះតម្លៃទំនិញនេះគឺជារឿងបណ្តោះអាសន្ន ឬក៏វាជាសញ្ញាដែលបង្ហាញថាតម្លៃទំនិញបានហក់ឡើងដល់ចំណុចកំពូលហើយ ដូច្នេះវានឹងបន្តធ្លាក់ចុះជាងនេះទៀត?» តម្លៃទំនិញច្រើនមានទំនាក់ទំនងគ្នាទៅវិញទៅមក ហើយមូលហេតុទី១ គឺទំនាក់ទំនងមីក្រូសេដ្ឋកិច្ចដោយផ្ទាល់។

នៅពេលតម្លៃប្រេងកើនឡើង តម្លៃអ្នកផលិតស្រូវសាលីក៏នឹងកើនឡើងដែរ ដោយសារតែឧបករណ៍ប្រមូលផលត្រូវប្រើប្រេងម៉ាស៊ូតដើម្បីដំណើការ ហើយជីកសិកម្មក៏ត្រូវបានគេផលិតចេញពីឧស្ម័នធម្មជាតិដែរ។ ហេតុដូច្នេះហើយ តម្លៃនៃគ្រាប់ធញ្ញជាតិក៏អាចនឹងកើនដូចគ្នា។ មានមូលហេតុផ្នែកម៉ាក្រូសេដ្ឋកិច្ចចំនួន ២ ដែលអាចពន្យល់បានថា «តម្លៃទំនិញជាទូទៅអាចនឹងមានការធ្លាក់ចុះបន្ថែមទៀត»។

កម្រិតនៃសកម្មភាពសេដ្ឋកិច្ចគឺជាកត្តាកំណត់ដ៏សំខាន់ដើម្បីបញ្ជាក់អំពីតម្រូវការសម្រាប់មុខទំនិញនិងតម្លៃរបស់វា ហើយអត្រាការប្រាក់ពិតប្រាកដ (Real Interest Rate) គឺជាកត្តាដ៏សំខាន់មួយផ្សេងទៀត។ ចក្ខុវិស័យបច្ចុប្បន្នស្តីពីកំណើនសេដ្ឋកិច្ចសកល និងអត្រាការប្រាក់ពិតប្រាកដ សុទ្ធតែបានបង្ហាញថា «តម្លៃទំនិញនឹងមានការធ្លាក់ចុះ»

ប៉ុន្តែមិនមែនគ្រប់តម្លៃទាំងអស់នឹងធ្លាក់ចុះនោះទេដោយសារតែទំនិញខុសៗគ្នា កត្តាកំណត់តម្លៃក៏មានលក្ខណៈខុសៗគ្នាដែរ។ ឧទាហរណ៍ តម្លៃឧស្ម័នធម្មជាតិនៅទ្វីបអឺរ៉ុបនឹងបន្តកើនឡើងបន្ថែមទៀត ដោយសារតែទ្វីបនេះនឹងត្រូវឆ្លងកាត់រដូវរងាដោយគ្មានការផ្គត់ផ្គង់ឧស្ម័នពីប្រទេសរុស្ស៊ី ក៏ប៉ុន្តែតម្លៃឧស្ម័ននៅទីកន្លែងផ្សេងៗទៀតក្រៅពីទ្វីបអឺរ៉ុប នឹងមានការធ្លាក់ចុះ។

កំណើនសេដ្ឋកិច្ចសកលដ៏រឹងមាំជាពិសេសគឺនៅក្នុងប្រទេសចិន គឺជាមូលហេតុដែលធ្វើឱ្យមានការកើនឡើងនៃតម្លៃទំនិញខ្ពស់នៅចន្លោះឆ្នាំ ២០០៤-២០០៧, ចន្លោះឆ្នាំ ២០១០-២០១១ និង នៅឆ្នាំ ២០២១។ ផ្ទុយទៅវិញ ការដាំក្បាលចុះនៃកំណើនសេដ្ឋកិច្ចពិភពលោកគឺជាមូលហេតុដែលធ្វើឱ្យតម្លៃទំនិញមានការធ្លាក់ចុះយ៉ាងគំហ៊ុក ដូចជានៅក្នុងអំឡុងពេលកើតមានវិបត្តិសេដ្ឋកិច្ចនៅពាក់កណ្តាលឆ្នាំ ២០០៨ ដល់ដើមឆ្នាំ ២០០៩ និងឱនភាពនៃសេដ្ឋកិច្ចក្នុងអំឡុងពេលកើតមានវីរុសរាតត្បាតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ ២០២០។

កំណើនសេដ្ឋកិច្ចពិភពលោកនៅពេលបច្ចុប្បន្ន កំពុងតែមានល្បឿនយឺត ខណៈពេលដែលសេដ្ឋកិច្ចរបស់ប្រទេសចិនបាននិងកំពុងធ្លាក់ចុះយ៉ាងគំហ៊ុក។ កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនបានងាកទៅរកចំណុចអវិជ្ជមាននៅត្រីមាសទី ២ ដោយសារតែទីក្រុងសៀងហៃនិងទីក្រុងធំៗផ្សេងទៀតត្រូវបានបន្តបិទខ្ទប់ ដោយសារតែគោលនយោបាយ «Zero COVID» របស់លោកប្រធានាធិបតី Xi Jinping ។

សេដ្ឋកិច្ចរបស់អឺរ៉ុបក៏នឹងត្រូវទទួលរងគ្រោះធ្ងន់ធ្ងរដូចគ្នា ដោយសារតែឥទ្ធិពលនៃការឈ្លានពានរបស់រុស្ស៊ីចូលក្នុងប្រទេសអ៊ុយក្រែន។ សូម្បីតែកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនៅក្នុងឆ្នាំ ២០២២ ក៏នឹងមានការធ្លាក់ចុះជាងកាលពីឆ្នាំមុនផងដែរ ខណៈមនុស្សជាច្រើនបានប្រកាសជាសាធារណៈថា «ការធ្លាក់ចុះនៃសេដ្ឋកិច្ចកំពុងចាប់ផ្តើមហើយ»។

នៅក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុតរបស់ខ្លួន មូលនិធិរូបយវត្ថុអន្តរជាតិ (IMF) បានព្យាករថា «កំណើនសេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះយ៉ាងគំហ៊ុក ពីចំនួន ៦,១% នៅឆ្នាំ ២០២១ មកនៅត្រឹម ៣,២% នៅក្នុងឆ្នាំ ២០២២ នេះ ហើយនឹងបន្តធ្លាក់នៅត្រឹម ២,៩% សម្រាប់ឆ្នាំ ២០២៣»។ កំណើនសេដ្ឋកិច្ចកាន់តែទាប មានន័យស្មើនឹងតម្រូវការនៃទំនិញកាន់តែទាប ហើយតម្លៃទំនិញក៏នឹងមានការធ្លាក់ចុះទាបដូចគ្នា។

ជាងនេះទៅទៀត ខណៈពេលដែលធនាគារកណ្តាលរបស់សហរដ្ឋអាមេរិក និងធនាគារកណ្តាលរបស់ប្រទេសផ្សេងៗទៀត បានធ្វើការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ អត្រាការប្រាក់ពិតប្រាកដអាចនឹងមានការកើនឡើង ដែលអាចទាញទម្លាក់តម្លៃទំនិញ។ ទ្រឹស្តីនៃទំនាក់ទំនងរវាងអត្រាការប្រាក់ពិតប្រាកដ និងតម្លៃទំនិញបានកើតមានជាយូរមកហើយ។

ការកើនឡើងនៃអត្រាការប្រាក់ នឹងនាំមកនូវការកាត់បន្ថយតម្រូវការ ដូច្នេះតម្លៃទំនិញក៏នឹងត្រូវចុះទាបដូចគ្នា។ ក្រៅពីនេះ វានៅមានទាក់ទងនឹងយន្តការចំនួន ៣ ផ្សេងទៀតដែល៖

  • ទី១ ៖ «ការកើនឡើងនៃអត្រាការប្រាក់ នឹងធ្វើសកម្មភាពទាញយកធនធានធម្មជាតិកកើតឡើងវិញ (Exhaustible Resource) មានការកើនឡើង ដើម្បីពង្រីកការផ្គត់ផ្គង់»។
  • ទី២ ៖ «សម្រាប់មុខទំនិញហិរញ្ញប្បទាននីយកម្ម ការកើនឡើងអត្រាការប្រាក់នឹងធ្វើឱ្យវិនិយោគិនជាស្ថាប័ន (Institutional Investors) ងាកចេញពីការវិនិយោគលើមុខទំនិញដើម្បីងាកឆ្ពោះទៅរក
    បណ្ណបំណុលរយៈពេលខ្លី (Treasury Bills) ជំនួសវិញ។
  • ទី៣ ៖ «សម្រាប់មុខទំនិញដែលត្រូវបានជួញដូរជាអន្តរជាតិ ការកើនឡើងនៃអត្រាការប្រាក់ពិតប្រាកដ នៅក្នុងស្រុកនឹងធ្វើឱ្យតម្លៃរូបិយបណ្ណក្នុងស្រុកហក់ឡើងថ្លៃ ហើយវានឹងបន្ទាបតម្លៃទំនិញនៅពេលតម្លៃត្រូវបានគិតតាមរូបិយបណ្ណក្នុងស្រុក»។

អត្រាការប្រាក់ពិតកំពុងស្ថិតនៅក្នុងរបត់នៃការកើនឡើង ខណៈអត្រាអតិផរណានឹងមានការធ្លាក់ចុះ។ បូកផ្សំនឹងកំណើនសេដ្ឋកិច្ចពិភពលោកដែលកំពុងតែធ្លាក់ចុះ «ការធ្លាក់ចុះនៃតម្លៃប្រេង, សារធាតុរ៉ែ, និងផលិតផលកសិកម្មនៅពេលថ្មីៗនេះ អាចនឹងបន្តកើតឡើងនៅពេលខាងមុខទៀត»៕

Project Syndicate

អត្ថបទទាក់ទង