ខ្មែរប៉ុស្ដិ៍ Close

ការបូជាកំណើនសេដ្ឋកិច្ចរបស់ចិន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 61
ការបូជាកំណើនសេដ្ឋកិច្ចរបស់ចិន ការបូជាកំណើនសេដ្ឋកិច្ចរបស់ចិន

ចាប់តាំងពីសម័យដឹកនាំរបស់លោក តេង ស៊ាវពីង មក កំណើនសេដ្ឋកិច្ចមានសារៈសំខាន់ជាងអ្វីៗទាំងអស់សម្រាប់មេដឹកនាំចិន។ កំណើនខ្លាំងប្រចាំឆ្នាំ ១០% ចាប់ពីឆ្នាំ ១៩៨០ ដល់ឆ្នាំ ២០១០ ត្រូវបានគេចាត់ទុកជាការវិវឌ្ឍប្រកបដោយប្រសិទ្ធិភាព បើប្រៀបធៀបនឹងយុគសម័យដឹកនាំរបស់លោក ម៉ៅ សេទុង ដែលនៅពេលនោះសេដ្ឋកិច្ចចិនបានរីកលូតលាស់ត្រឹមតែប្រមាណ ៦% ប៉ុណ្ណោះ។

ប៉ុន្តែ ស្ថិតក្រោមប្រធានាធិបតី ស៊ី ជីនពីង និន្នាការនេះបាននិងកំពុងវិលត្រឡប់ទៅរកសភាពដើមវិញ ជាមួយនឹងកំណើនសេដ្ឋកិច្ចជាមធ្យមចំនួន ៦,៦% បើគិតចាប់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០២១។ ទោះជាយ៉ាងណាក៏ដោយ ការធ្លាក់ចុះនៃសេដ្ឋកិច្ចគឺពិតជាមិនអាចចៀសផុតនោះទេ។

នៅពេលដែលសេដ្ឋកិច្ចចិនបានកើនឡើងពីចំនួន ២% នៃ GDP ពិភពលោកនៅឆ្នាំ ១៩៨០ (ក្រោមការដឹកនាំរបស់លោក តេង ស៊ាវពីង) ដល់ចំនួន ១៥% នៅពេលលោក ស៊ី ជីនពីង បានឡើងកាន់អំណាចនៅឆ្នាំ ២០១២ ការធ្លាក់ចុះនៃតួលេខនេះ ច្បាស់ណាស់នឹងកើតមាននៅក្នុងពេលណាមួយ។ ប៉ុន្តែរឿងដ៏គួរឱ្យភ្ញាក់ផ្អើលនោះគឺ «ការធ្លាក់ចុះមិនបានកើតឡើងក្នុងពេលឆាប់ៗនោះទេ»។

ប្រសិនបើកំណើន GDP ពិតប្រចាំឆ្នាំរបស់ចិន អាចបន្តស្ថិតនៅក្នុងរង្វង់ ១០% ក្រោមការដឹកនាំរបស់លោក ស៊ី ជីនពីង ហើយប្រសិនបើវាមិនបានធ្លាក់ចុះជិត ៣,៥% ចាប់ពីឆ្នាំ ២០១២ មកទេ សេដ្ឋកិច្ចរបស់ចិន បច្ចុប្បន្ននឹងមានទំហំធំជាងបច្ចុប្បន្នរហូតដល់ ៤០%។

កម្លាំងដ៏មានឥទ្ធិពលចំនួន ៣ ក៏កំពុងកើតឡើងផងដែរ ដែលរួមមានការធ្វើបរិវត្តកម្មជាប្រព័ន្ធនៃសេដ្ឋកិច្ច, ផលសងត្រឡប់មកវិញនូវអតិរេកកាលពីអតីតកាល និងការងាករេខ្លាំងនៅក្នុងទស្សនៈមនោគមវិជ្ជាស្តីអំពីអភិបាលកិច្ចរបស់ចិន។ ការពន្យល់ជាលក្ខណៈប្រព័ន្ធបានផ្តល់នូវសុទិដ្ឋិនិយមអំពីការធ្លាក់ចុះនៃសេដ្ឋកិច្ច តាមរយៈការចាត់ទុកវាជា «លទ្ធផលបន្ទាប់បន្សំនៃយុទ្ធសាស្ត្រដែលមានគោលដៅពង្រឹងគុណភាពនៃកំណើនសេដ្ឋកិច្ច»។

ប៉ុន្តែ ជាមួយនឹងការផ្តោតយូរពេកលើកំណើនខ្ពស់ ប្រទេសចិននឹងកាន់តែរងនូវសម្ពាធ «មិន ៤ – For Uns» របស់អតីតនាយករដ្ឋមន្ត្រី វេន ជាបាវ  ដែលជាការសំដៅលើសេដ្ឋកិច្ចមួយដែលរួមមាន​៖

  1. មិនមានស្ថិរភាព,
  2. មិនមានតុល្យភាព,
  3. មិនមានសុខដុមនីយកម្ម
  4. និងនៅទីបំផុតគឺ មិនមានចីរភាព។

ការរក្សាតុល្យភាពឡើងវិញគឺជាដំណោះស្រាយតែមួយគត់ ជាពិសេសប្រសិនបើវាអាចនាំមកនូវកំណើនកាន់តែបៃតងជាងមុន, ដែលត្រូវបានជំរុញដោយអ្នកប្រើប្រាស់ និងដែលផ្តោតលើសេវាកម្មដែលអាចនឹងជួយឱ្យសម្រេចបាននូវគោលដៅចំនួន ២ គឺការរក្សាតុល្យភាព និងចីរភាព។ អស់មួយរយៈពេល កំណើនដែលត្រូវបានជំរុញដោយសេវាកម្ម បាននាំមកនូវការបង្កើតការងារ ហើយនគរភាវូបនីយកម្មក៏បានផ្តល់នូវកម្លាំងដ៏ខ្លាំងក្លាដល់ការកើនឡើងនៃប្រាក់ចំណូលពិតប្រាកដ។

ប៉ុន្តែ ការធ្លាក់ចុះនៃសេដ្ឋកិច្ចកំពុងបង្កផលប៉ះពាល់ដល់កត្តាកំណើនផលិតភាពសរុប (Total Factor Productivity) បូករួមនឹងវិបត្តិប្រជាសាស្ត្រខ្លាំង ដែលកើតចេញពីគោលនយោបាយកូនទោលនៅចន្លោះឆ្នាំ ១៩៨០ ដល់ឆ្នាំ ២០១៥។ ប៉ុន្តែ ការធ្លាក់ចុះរបស់ចិនអាចជាស្ថានភាពដែលមិនអាចចៀសរួចបន្ទាប់ពីការទទួលបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ខ្លាំងកាលពីពេលអតីតកាល។

ការប្រែប្រួលយ៉ាងខ្លាំងនៃទស្សនៈមនោគមវិជ្ជាស្តីពីអភិបាលកិច្ចក៏កំពុងលេចឡើងផងដែរ។ ក្នុងនាមជាស្ថាបនិកបដិវត្តន៍របស់រដ្ឋចិនថ្មី លោក ម៉ៅ សេទុង បានផ្តោតលើមនោគមវិជ្ជា ជាជាងការអភិវឌ្ឍ។ សម្រាប់លោក តេង ស៊ាវពីង និងអ្នកកាន់តំណែងក្រោយៗមកទៀត វាគឺជាដំណើរផ្ទុយ ដោយក្នុងនោះការមិនផ្តោតលើមនោគមវិជ្ជាត្រូវបានចាត់ទុកថាមានសារៈសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការធ្វើកំណែទម្រង់ និងការបើកចំហទីផ្សារ។

បន្ទាប់មក លោក ស៊ី ជីនពីង ក៏បានបង្ហាញវត្តមាន។ ដំបូងឡើយ មនុស្សមួយចំនួនបានដាក់ក្តីសង្ឃឹមលើកំណែទម្រង់ដែលដាក់ចេញក្នុងសន្និបាតលើកទី៣ «Third Plenum Reform» នាឆ្នាំ ២០១៣ របស់លោក ជាមួយនឹងការរំពឹងថា «វានឹងនាំមកនូវយុគសម័យថ្មីនៃកំណើនសេដ្ឋកិច្ចដ៏រឹងមាំ»។ ប៉ុន្តែ យុទ្ធនាការមនោគមវិជ្ជាថ្មីដែលត្រូវបានអនុវត្តឡើងក្រោមគោលគំនិតផ្ទាល់របស់លោក ស៊ី ជីនពីង ដែលរួមមានទាំងការបង្ក្រាបលើក្រុមហ៊ុ វេទិកាអ៊ីនធឺណិត និងការរឹតត្បិតលើការលេងល្បែងតាមប្រព័ន្ធអនឡាញ, លើតន្ត្រី និងលើការរៀនបំប៉នក្រៅសាលា ក៏ដូចជាគោលនយោបាយ «Zero Covid» បានបង្កនូវការបំផ្លាញដល់ក្តីសង្ឃឹមទាំងនោះ។

រឿងដ៏សំខាន់មួយទៀតគឺ «ភាពងប់ងល់របស់លោក ស៊ី ជីនពីង ក្នុងការការស្តារមុខមាត់ជាតិឡើងវិញ» ដែលជាអ្វីដែលលោកហៅថាជា «សុបិន្តរបស់ចិន» ដែលបាននាំមកនូវគោលនយោបាយការបរទេសបែប បញ្ចេញសាច់ដុំ ដែលមានលក្ខណៈផ្ទុយស្រឡះពីជំហរ «លាក់កំបាំងភាពខ្លាំង និងការសម្ងំរង់ចាំឱកាស – Hide and Bide» របស់លោក តេង ស៊ាវពីង។

សកម្មភាពទាំងនេះបានបង្កឱ្យមានសង្គ្រាមពាណិជ្ជកម្ម និងសង្គ្រាមបច្ចេកវិទ្យាជាមួយសហរដ្ឋអាមេរិក, បានជំរុញឱ្យមាន «ភាពជាដៃគូគ្មានដែនកំណត់» រវាងចិននិងរុស្ស៊ី និងបានបង្កឱ្យមានភាពតានតឹងលើបញ្ហាតៃវ៉ាន់។ បញ្ហាទាំងអស់នេះបាននាំមកនូវការដើរថយក្រោយនៃសាកលភាវូបនីយកម្ម ដែលធ្លាប់បានផ្តល់នូវផលប្រយោជន៍ដល់ប្រទេសចិនច្រើនជាងប្រទេសណាៗទាំងអស់។

ស្ថិតក្រោមការដឹកនាំរបស់លោក ស៊ី ជីនពីង យុគសម័យថ្មីរបស់ចិនគឺគ្មានអ្វីក្រៅពីឧត្តមភាពរបស់គណបក្សកុម្មុយនីស្តនោះទេ ជាមួយនឹងការផ្តោតសំខាន់លើអំណាច, ការគ្រប់គ្រង និងមនោគមវិជ្ជារឹតត្បិតលើសេដ្ឋកិច្ច។ មិនដូចប្រទេសចិនរបស់លោក ម៉ៅ សេទុង ទេ (ដែលនៅពេលនោះ ប្រទេសចិនគ្មានកំណើនខ្លាំងដែលត្រូវលះបង់នោះទេ) បច្ចុប្បន្ននេះ ប្រទេសដែលមានសេដ្ឋកិច្ចដ៏ធំជាងគេលំដាប់ទី២ របស់ពិភពលោកមួយនេះ កំពុងជួបប្រទះនឹងបញ្ហាប្រឈមធ្ងន់ធ្ងរណាស់។

ជាមួយនឹងសមាជបក្សលើកទី ២០ នៅពេលខាងមុខ បក្សកុម្មុយនីស្តចិនទំនងជានឹងផ្តល់អាណត្តិដឹកនាំរយៈពេល ៥ ឆ្នាំជាលើកទី៣ ដល់លោក ស៊ី ជីនពីង ព្រោះការលះបង់កំណើនសេដ្ឋកិច្ចរបស់ចិនទំនងទើបតែបានចាប់ផ្តើមប៉ុណ្ណោះ៕

Project Syndicate

អត្ថបទទាក់ទង