ខ្មែរប៉ុស្ដិ៍ Close

ជប៉ុនផ្តល់ទឹកប្រាក់ ១លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍចំណេះ ជំនាញ ដើម្បីជួយលើកកម្ពស់ការងារដល់ពលករកម្ពុជា

ដោយ៖Sreyleak | ថ្ងៃពុធ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ព័ត៌មានទូទៅ 158
ជប៉ុនផ្តល់ទឹកប្រាក់ ១លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍចំណេះ ជំនាញ ដើម្បីជួយលើកកម្ពស់ការងារដល់ពលករកម្ពុជា ជប៉ុនផ្តល់ទឹកប្រាក់ ១លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍចំណេះ ជំនាញ ដើម្បីជួយលើកកម្ពស់ការងារដល់ពលករកម្ពុជា

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ការវិលត្រឡប់របស់ពលករកម្ពុជា តម្រូវឲ្យមានការឆ្លើយតបកម្រិតថ្នាក់ជាតិមួយប្រកបដោយការសម្របសម្រួល និងស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍធនធានមនុស្សដ៏ទូលំទូលាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងរួមចំណែកដល់ការអភិវឌ្ឍទីផ្សារការងាររយៈពេលវែង ដែលនឹងពង្រឹងសមត្ថភាពកម្ពុជាក្នុងការតភ្ជាប់អតីតពលករទៅកាន់ការអភិវឌ្ឍជំនាញ សេវាកម្មមុខរបរនិងការងារ និងជីវភាពរស់នៅប្រកបដោយផលិតភាព ដើម្បីជួយឲ្យពួកគាត់កសាងជីវិតឡើងវិញដោយមានកិត្តិយស។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងដូចនេះ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញពិធីចុះហត្ថលេខាលើគម្រោងស្តីពី «ការលើកកម្ពស់មុខរបរនិងការងារដល់ពលករចំណាកស្រុកត្រឡប់មកវិញ ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន» នៅស្ថានទូតជប៉ុន រាជធានីភ្នំពេញ។

គូសបញ្ជាក់ថា គម្រោងដែលមានរយៈពេល២៤ខែ និងដឹកនាំដោយ ILO និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយមានការគាំទ្រពីក្រសួងការបរទេសជប៉ុនក្នុងទំហំទឹកប្រាក់ប្រមាណជា ១លានដុល្លារអាមេរិក ដែលនឹងជួយពលករចំណាកស្រុកឲ្យទទួលបានការងារសមរម្យ និងធ្វើសមាហរណកម្មចូលក្នុងសេដ្ឋកិច្ចក្នុងស្រុក តាមរយៈកញ្ចប់រួមគ្នានៃការគាំពារ មុខរបរនិងការងារ និងសេវាកម្មជំនាញផ្សេងៗ រួមមាន៖ ការបង្កើតមជ្ឈមណ្ឌលធនធានពលករចំណាកស្រុកថ្មីចំនួន ៣ ក្នុងខេត្តដែលមានពលករវិលត្រឡប់មកវិញច្រើន ដូចជា៖ ខេត្តឧត្តរមានជ័យ ពោធិ៍សាត់ និងព្រះវិហារ ដើម្បីផ្តល់សេវាពិគ្រោះយោបល់ ការចុះផ្សព្វផ្សាយ ការប្រមូលទិន្នន័យ និងជំនួយផ្នែកច្បាប់។

សូមបញ្ជាក់ជូនថា គម្រោងនេះក៏នឹងគាំទ្រដល់ការឆ្លើយតបផ្នែកការងារ តាមរយៈការពិគ្រោះយោបល់ជាមួយនិយោជក និងអង្គការវិជ្ជាជីវៈកម្មករនិយោជិត ពិព័រណ៍ការងារនៅកម្រិតឃុំ/សង្កាត់ និងយុទ្ធនាការលើកកម្ពស់ការយល់ដឹងតាមគោលដៅ ជាពិសេសនៅក្នុងវិស័យប្រើប្រាស់កម្លាំងពលកម្មច្រើន ដូចជា៖ វិស័យកាត់ដេរ សំណង់ និងផលិតកម្ម។ ការពង្រឹងជំនាញ និងរៀនជំនាញថ្មីតាមតម្រូវការទីផ្សារ ក៏នឹងត្រូវអនុវត្តផងដែរ តាមរយៈវគ្គបណ្តុះបណ្តាលខ្លីៗ ការទទួលស្គាល់ជំនាញមានពីមុន (RPL) ការបណ្តុះបណ្តាលសមត្ថភាពរកការងារ និងសហគ្រិនភាព ព្រមទាំងការពង្រឹងប្រព័ន្ធថ្នាក់ជាតិ ដើម្បីធានាការធ្វើសមាហរណកម្មឡើងវិញដោយចីរភាពទៅក្នុងប្រព័ន្ធការងារសមរម្យ៕

អត្ថបទទាក់ទង