សារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យ ស្ម័គ្រចិត្តសម្តេចតេជោ ប្រមាណជាង៤០០នាក់ មុននឹងពួកគេចេញបេសកកម្មជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ-១៩ (COVID-19)។ ជំនួបរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៅថ្ងៃនេះ គឺជាការផ្តល់ដំបូន្មាន និងកម្លាំងចិត្តដល់ក្រុមគ្រូពេទ្យដែលបានស្ម័គ្រចិត្តធ្វើដំណើរចាកចេញ ពីក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ ប្រឈមនឹងជំងឺគេខ្លាចរអា ដើម្បីសង្គ្រោះជីវិតមនុស្ស។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចូលសមរភូមិប្រយុទ្ធជាមួយកូវីដ-១៩ ខុសពីការធ្វើសង្គ្រាម ដែលគេបានដឹងខ្លះពីទីតាំងសត្រូវ។ តែការប្រយុទ្ធជាមួយកូវីដ-១៩ គេមិនបានដឹងវានៅទីណានោះឡើយ។
- សម្តេចតេជោ ហ៊ុន សែន ហៅជំងឺកូវីដ-១៩ គឺជាបិសាចឥតស្រមោល។
- សម្តេចតេជោ ហ៊ុន សែន ថ្លែងកោតសរសើរ និងអរគុណដល់គ្រូពេទ្យស្ម័គ្រចិត្ត និងអាណាព្យាបាល ដែលបានចូលរួមសកម្មភាពប្រយុទ្ធនឹងជំងឺកូវីដ-១៩។
- សម្តេចតេជោ ហ៊ុន សែន បានពន្យល់ថា ការដែលត្រូវការគ្រូពេទ្យស្ម័គ្រចិត្តប្រយុទ្ធជាមួយកូវីដ-១៩ ព្រោះគ្រូពេទ្យកម្ពុជាដែលមានជាង២ម៉ឺននាក់ ត្រូវធ្វើសកម្មភាពព្យាបាលជំងឺផ្សេងៗទៀត។
- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គ្រូពេទ្យរបស់កងទ័ពក៏ត្រូវបានចាត់ចែងរៀបចំត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ផងដែរ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បន្ទប់ជាង៣០០០បន្ទប់ ត្រូវបានត្រៀមសម្រាប់អ្នកជំងឺកូវីដ១០។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ម្ចាស់អតីតសណ្ឋាគារអាំងទែកុងតឺណង់តាល់មិនយកថ្លៃឈ្នួលពីរាជរដ្ឋាភិបាលនោះទេ។ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកនេះជាកាយវិការមនុស្សធម៌ដែលសង្គមត្រូវការ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលតម្រូវឱ្យរាយការណ៍ពីសម្ភារៈ បរិក្ខារ សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ជារៀងរាល់ថ្ងៃ។
- ដោយយោងតាមអង្គការ WHO សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាមេរិកអាចក្លាយជាមជ្ឈមណ្ឌលរីករាលដាលជំងឺកូវីដ-១៩។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសមានភាពជឿនលឿនលើផ្នែកវេជ្ជសាស្ត្រកំពុងទទួលបរាជ័យខ្លាំងចំពោះជំងឺកូវីដ-១៩។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានអ្នកមើលងាយលើប្រព័ន្ធវេជ្ជសាស្ត្រនៅកម្ពុជា មីយ៉ាន់ម៉ា និងឡាវ តែអ្នកមើលងាយប្រព័ន្ធវេជ្ជសាស្ត្ររបស់គេ កំពុងរាតត្បាតធ្ងន់ធ្ងរដោយសារកូវីដ-១៩។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកខ្លាំងមិនប្រាកដថាខ្លាំងទេ ហើយអ្នកខ្សោយ ក៏មិនប្រាកដថាខ្សោយនោះដែរ ព្រោះតែការមើលស្រាលសភាពការណ៍ និងចាត់វិធានការមិនទាន់។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានមោទនភាពចំពោះការសម្រេចចិត្តមិនយកនិស្សិតចេញពីទីក្រុងវូហាន ប្រទេសចិន ព្រោះមកដល់ពេលនេះគ្មាននិស្សិតនៅចិនណាម្នាក់រងគ្រោះដោយកូវីដ-១៩នោះទេ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើពេលនោះសម្តេចសម្រេចចិត្តយកយន្តហោះទៅដឹកនិស្សិតមកពីវូហាន នឹងនាំឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជា និងចិន ហើយអាចសាងកំហុសដោយនាំមេរោគចូលស្រុកថែមទៀតផង។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកធ្លាប់ចោទ និងរិះគន់សម្តេចលើការសម្រេចមិនយកនិស្សិតមកពីវូហានល្មមភ្លឺភ្នែកហើយ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជនជាតិបារាំងពីរនាក់ទៀត នៅព្រះសីហនុ រកឃើញមានជំងឺកូវីដ-១៩ នាំឱ្យអ្នកកើតជំងឺកូវីដ-១៩នៅកម្ពុជាឡើងដល់៩៣នាក់
- សម្តេចតេជោ ហ៊ុន សែន ស្នើទៅកាន់អាណាព្យាបាលថា កុំបារម្ភពីសុវត្ថិភាពដែលចូលធ្វើសកម្មភាពប្រយុទ្ធនឹងជំងឺកូវីដ-១៩។
- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បើគ្មានអាវុធគ្រប់គ្រាន់ គឺមិនឱ្យចូលសមរភូមិនោះឡើយ ពោលបើគ្មានសម្ភារៈ បរិក្ខាពេទ្យគ្រប់គ្រាន់សម្រាប់ស្លៀកពាក់ធ្វើសកម្មភាពទេ គឺមិនអនុញ្ញាតឱ្យធ្វើសកម្មភាពនោះឡើយ។
- សម្តេចតេជោ ហ៊ុន សែន បានផ្ញើទៅសារព័ត៌មាន ASIA TIMES ថា សុខភាពសម្តេចល្អមិនមានកើតជំងឺកូវីដ-១៩នោះទេ។
- សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឱ្យប្រែក្លាយការបារម្ភ និងខ្លាចគ្នា ទៅជាការការពារខ្លួនតាមរយៈការមិនប៉ះពាល់គ្នា។
- សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរព្រះគុណថ្វាយព្រះមហាក្សត្រ និងព្រះមហាក្សត្រី ដែលបានសព្វព្រះរាជហឫទ័យព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ខ្លួនសម្រាប់ដោះស្រាយបញ្ហារីករាលដាលជំងឺកូវីដ-១៩។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការឧបត្ថម្ភរបស់សប្បុរសជនសម្រាប់ធ្វើសកម្មភាពប្រយុទ្ធនឹងកូវីដ-១៩ មានទឹកប្រាក់ជិត ៩លានដុល្លារហើយ។
- សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះសប្បុរសជនទាំងអស់ ដែលនេះជាកាយវិការបង្ហាញពីទឹកចិត្តសប្បុរសធម៌ និងការចេះជួយគ្នា។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅតែទទួលថវិកាសប្បុរសជននានារហូតដល់ការរីករាលដាលជំងឺកូវីដ-១៩ត្រូវបានបិទបញ្ចប់។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្រោយពេលធ្វើសកម្មភាពប្រយុទ្ធជំងឺកូវីដ-១៩ ត្រូវបានបិទបញ្ចប់ថវិកាសប្បុរសជនបើនៅសល់ នឹងបង្វែរទៅមូលនិធិគន្ធបុប្ផា ឬចំណាយលើសេចក្តីត្រូវការចាំបាច់របស់សុខាភិបាល។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបានឆ្លងពីរដំណាក់កាលហើយសម្រាប់ជំងឺកូវីដ-១៩នេះ។ ដំណាក់ទី១ ទប់ស្កាត់កុំឱ្យមានការឆ្លងមកពីខាងក្រៅ ដែលការទប់ទល់នេះធ្វើបានរយៈពេលប្រមាណពីរខែ។
- សម្តេចតេជោ ហ៊ុន សែន កោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីអង្គការសុខភាពពិភពលោក ដែលប្រើប្រាស់ពាក្យសម្តីបានយ៉ាងសមរម្យលើជំងឺកូវីដ-១៩នេះ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តីរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលហៅមេរោគកូវីដ-១៩ ថាជាមេរោគរបស់ចិន រងការរិះគន់ពេញពិភពលោក។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសចំនួន៦រួមមាន អាមេរិក បារាំង អាល្លឺម៉ង់ អ៉ីតាលី អេស្បាញ និងអ៉ីរ៉ង់ នៅតែជាប្រទេសជាប់បំរាមមិនឱ្យចូលកម្ពុជា។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាប្រទេសក្រ តែចិត្តធំ ពោលរាល់អ្នកកើតជំងឺលើដីកម្ពុជា ត្រូវទទួលបានការព្យាបាលជនបរទេសដោយមិនបង់ថ្លៃ។ សម្តេចតេជោបានថ្លែងថា ការព្យាបាលនេះគឺជាកាតព្វកិច្ចរបស់កម្ពុជា
- សម្តេចតេជោ បានប្រកាសថា កម្ពុជាព្យាបាលជនបរទេសកើតកូវីដដោយមិនបង់ថ្លៃ។ សម្តេចតេជោបានថ្លែងថា ការព្យាបាលនេះគឺជាកាតព្វកិច្ចរបស់កម្ពុជា
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹកស្មានមិនដល់នោះឡើយថា សមាជិកសភាអាមេរិកម្នាក់ ថេត យូហូ ដែលធ្លាប់រិះគន់កម្ពុជា បានសរសេរលិខិតថ្លែងអំណរគុណសម្តេច។ សម្តេចតេជោ ចាត់ទុកសមាជិកសភារូបនេះថា ជាអ្នកមានគុណធម៌។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មានគោលការណ៍ជម្លៀសនិស្សិតចេញពីប្រទេសកំពុងកើតជំងឺកូវីដ-១៩នោះឡើយ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងអង្វរដល់និស្សិតសិក្សានៅអាមេរិកប្រមាណ១២នាក់ ដែលមានបំណងវិលមកប្រទេសកម្ពុជាវិញ សុំកុំត្រឡប់មកកម្ពុជា។
- សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅនិស្សិតកំពុងសិក្សានៅអាមេរិក កុំត្រឡប់មកប្រទេស ព្រោះអាចនាំមេរោគមកឱ្យក្រុមគ្រួសារ។
- សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យនិស្សិតទាំងនោះ នៅរួមរស់ជាមួយប្រជាពលរដ្ឋអាមេរិក។
- សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យគ្រប់គ្រងជាបន្ទាន់សម្រាប់ពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ។
- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យរៀបចំដាក់អ្នកមកពីថៃនោះ ស្ថិតនៅក្នុងផ្ទះ។
- សម្តេចតេជោ ហ៊ុន សែន ស្នើដល់អ្នកមកពីថៃកុំអាលស្និទ្ធស្នាលជាមួយគ្រួសារ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ត្រីកម្ពុជាទាំងអស់ត្រូវឈប់ចេញទៅឈប់ទៅប្រជុំនៅក្រៅប្រទេស។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចប្រជុំអន្តរជាតិទាំងអស់នៅកម្ពុជាត្រូវលុបចោល។ សម្តេចតេជោ ក៏កំពុងពិនិត្យផងដែរថា តើកិច្ចប្រជុំអាស៊ី-អឺរ៉ុប នឹងត្រូវនៅចុងឆ្នាំនេះដដែល ឬត្រូវលើកពេល?
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបិទព្រំដែនដោយភាគីវៀតណាម សម្តេចមិនបានដឹងនោះទេ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅច្រកប៉ោយប៉ែតចំណូលពន្ធគយមានជិត ១លានដុល្លារកាលពីថ្ងៃម្សិលមិញនេះ។ ចំណូលពន្ធគយនៅព្រំដែនជាមួយឡាវ និងវៀតណាម នៅតែមានដដែល ដែលនេះបង្ហាញថា សកម្មភាពពាណិជ្ជកម្មរវាងកម្ពុជា ជាមួយប្រទេសជិតខាងនៅតែមាន។
- សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យមានការត្រួតពិនិត្យឱ្យបានហ្មត់ចត់នៅតាមព្រលានយន្តហោះ។
- សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យតាមរកអ្នកពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ និងតាមដានសុខភាព។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាចំណុចល្អដែលពលរដ្ឋខ្មែរស្ម័គ្រចិត្តក្នុងការពិនិត្យសុខភាពស្វែងរកជំងឺកូវីដ-១៩ ខុសពីប្រទេសមួយចំនួនបដិសេធការពិនិត្យសុខភាពរកជំងឺនេះ។
- សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋឱ្យទាក់ទងទៅពេទ្យពេលមានការសង្ស័យមានជំងឺកូវីដ-១៩។
- សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋនៅផ្ទះ កុំឱ្យចេញក្រៅបើគ្មានករណីចាំបាច់។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅតាមភូមិឃុំត្រូវអប់រំដល់ប្រជាពលរដ្ឋតាមរយៈវិធីសាមញ្ញ ដោយចាក់មេក្រូផ្សព្វផ្សាយពីសារអប់រំការពារជំងឺកូវីដ-១៩ជូនប្រជាពលរដ្ឋ។
- សម្តេចតេជោ ហ៊ុន សែន ស្នើដល់អ្នកកាន់សាសនាទាំងអស់ អប់រំដល់សាសនិកក្នុងការការពារជំងឺកូវីដ-១៩។
- សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យបញ្ឈប់ការរើសអើងចំពោះខ្មែរ-ឥស្លាម។
- សម្តេចតេជោ ហ៊ុន សែន ស្នើដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវសារអប់រំស្តីពីការការពារជំងឺកូវីដ-១៩។
- សម្តេចតេជោ ហ៊ុន សែន ណែនាំដល់ក្រុមហ៊ុនទូរស័ព្ទចល័តទាំងអស់ ឱ្យបញ្ចូលសារអប់រំពីការការពារជំងឺកូវីដ-១៩នេះ ទៅក្នុងខលធូន (Call Tune)។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា រាជរដ្ឋាភិបាលគ្មានផែនការបិទផ្សារ អាហារដ្ឋាន ហាងកាហ្វេ និងគ្មានផែនការបិទរោងចក្រនោះឡើយ។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា រាជរដ្ឋាភិបាល មិនបិទពិធីបុណ្យចូលឆ្នាំនោះឡើយ តែកុំប្រមូលផ្តុំច្រើនពេក។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ការប្រកួតប្រដាល់ត្រូវបានស្នើសុំផ្អាកសកម្មភាពចាប់ពីសប្តាហ៍នេះតទៅ។
- សម្តេចតេជោ ហ៊ុន សែន ស្នើសុំកុំឱ្យប្រើអបិយជំនឿ ដើម្បីបណ្តេញជំងឺកូវីដ-១៩។
- សម្តេចតេជោ ហ៊ុន សែន ស្នើទៅកាន់ក្រុមការងារបក្សប្រជាជនកម្ពុជា និងសមាជិកសភា ឱ្យទិញក្រមា ម៉ាស់ចែកជូនប្រជាពលរដ្ឋ។
- សម្តេចតេជោ ហ៊ុន សែន ព្រមានបិទឱសថស្ថាន និងរឹបអូសយកម៉ាស់ពីឱសថស្ថានទាំងឡាយ ដែលលក់ម៉ាស់ថ្លៃហួសហេតុ។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចកំពុងពិចារណាទូលថ្វាយព្រះមហាក្សត្រ ដើម្បីដាក់ប្រទេសក្នុងភាពមានអាសន្ន។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដាក់ប្រទេសក្នុងគ្រាមានអាសន្ន គឺដើម្បីជាវិធានការចាំបាច់ក្នុងការទប់ស្កាត់ការរីករាលជំងឺ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់អ្នកវិភាគ អ្នកសិទ្ធិមនុស្សនិយមថា កុំនិយាយថាការដាក់ប្រទេសក្នុងគ្រាមានអាសន្ននេះជាការរឹតត្បិតសេរីភាពប្រជាពលរដ្ឋ។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រចំណាត់ការនៅតាមរោងចក្រ សហគ្រាស ដែលបានចាត់វិធានការនានា ដើម្បីទប់ស្កាត់ការចម្លងមេរោគ។
- សម្តេចតេជោ ហ៊ុន សែន គាំទ្រឱ្យក្រសួង ស្ថាប័នរដ្ឋបែងចែងម៉ោងគ្នាធ្វើការ ឬអ្នកខ្លះអាចធ្វើការតាមអនឡាញពីផ្ទះ។
- សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាទៅតាមក្រសួង ស្ថាប័នរដ្ឋ ឱ្យបញ្ឈប់ការស្កេនមេដៃចូលធ្វើការងារ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំនួបជាច្រើនត្រូវបានលុបចោលហើយ មានដូចជាជួបកីឡាករ ជួបសហគ្រាសធុនតូច និងមធ្យម និងជួបអាហារស្រាយបួសជាដើម។
- សម្តេចតេជោ ហ៊ុន សែន អំពាវនាវកុំឱ្យមានការរើសអើងចំពោះជាតិសាសន៍ និងសាសនា ពាក់ព័ន្ធជំងឺកូវីដ-១៩នេះ។
- សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អ្នកព្យាបាលជាជំងឺកូវីដ កុំអាលចេញទៅទីសាធារណៈ បន្តស្នាក់នៅក្នុងផ្ទះ។
- សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យបញ្ជាក់សញ្ជាតិជនដែលព្យាបាលជាពីជំងឺកូវីដ-១៩។
- សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យបែងចែកជាពីរចំពោះការប្រើប្រាស់ទីតាំងព្យាបាលជំងឺកូវីដ-១៩។ ក្នុងនោះសម្រាប់កន្លែងប្រើក្នុងការព្យាបាលអ្នករកឃើញមានជំងឺកូវីដ-១៩ គឺត្រូវបំពាក់ឧបករណ៍ និងបរិក្ខារបម្រើការព្យាបាលឱ្យបានត្រឹមត្រូវ និងគ្រប់គ្រាន់។
- សម្រាប់ទីតាំងដាក់ដាច់ដោយឡែកមុនដឹងលទ្ធផលរយៈពេល១៤ថ្ងៃ សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យមានគ្រែ មានកន្លែងសម្រាន្ត និងអាហារហូបចុកឱ្យបានត្រឹមត្រូវ។
- សម្តេចតេជោ ហ៊ុន សែន ណែនាំដល់អាជ្ញាធរនៅតាមខេត្ត ជាពិសេសខេត្តជាប់ព្រំដែន ត្រូវយកចិត្តទុកដាក់ចំពោះអ្នកមកពីប្រទេសថៃ។
- សម្តេចតេជោ ហ៊ុន សែន ណែនាំដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទម្លាក់ថវិកាទៅអាជ្ញាធរតាមខេត្ត ដើម្បីដោះស្រាយបញ្ហានានា។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្លាំងដែលត្រូវប្រយុទ្ធនឹងជំងឺកូវីដ-១៩មានចំនួន៤ រួមមាន៖ ពេទ្យរដ្ឋ យោធា នគរបាល និងស្ម័គ្រចិត្ត។
- សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅក្រុមការងារថ្នាក់ជាតិចុះជួយតាមខេត្ត ចុះដោះស្រាយរាល់ការខ្វះខាតរបស់ប្រជាពលរដ្ឋ ដែលប្រឈមនឹងជំងឺកូវីដ-១៩។
- សម្តេចតេជោ ហ៊ុន សែន បញ្ជាទៅរដ្ឋមន្ត្រីក្រសួងសុខាភិបាល ឱ្យធានាសុខសុវត្ថិភាពរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ភារៈ បរិក្ខារសម្រាប់ប្រយុទ្ធជំងឺកូវីដ-១៩ ដែលជាជំនួយរបស់ចិន នឹងត្រូវផ្តល់មកជាបន្តបន្ទាប់តាមតម្រូវការរបស់កម្ពុជា។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រទេស និងអង្គការដៃគូនានា ដែលបានជួយកម្ពុជាប្រយុទ្ធនឹងជំងឺកូវីដ-១៩។
- សម្តេចតេជោ ហ៊ុន សែន អំពាវនាវដោយទទូចដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩។
- សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ត្រូវយកឱកាសនៃការរីករាលជំងឺកូវីដ-១៩នេះ ទៅជាការជំរុញឱ្យប្រជាពលរដ្ឋរក្សាអនាម័យ។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចជាអ្នកទទួលបន្ទុកចិញ្ចឹមគ្រូពេទ្យស្ម័គ្រចិត្តប្រយុទ្ធកូវីដ-១៩ រយៈពេល ១០០ថ្ងៃ។
- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចឧបត្ថម្ភដល់គ្រូពេទ្យស្ម័គ្រចិត្តនេះក្នុងមួយថ្ងៃ៤ម៉ឺនរៀល មួយខែ ១លានពីរសែនរៀល។
- ជំនួបសំណេះសំណាលនៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកាដល់គ្រូពេទ្យស្ម័គ្រចិត្ត ១លានរៀល និងបើកថវិកាឧបត្ថម្ភប្រចាំថ្ងៃមុនមួយខែទៀត។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងមួយខែសម្តេចឧបត្ថម្ភដល់គ្រូពេទ្យស្ម័គ្រចិត្តសរុប ២,១១០លានរៀល ស្មើនឹងជាង ៥០ម៉ឺនដុល្លារ។
- សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអាណាព្យាបាលជួយបង្រៀនកូនក្នុងកំលុងពេលនៃការបិទសាលារៀន។
- សម្តេចតេជោ ហ៊ុន សែន ព្រមានគ្រូដែលប៉ុនប៉ងបើកបង្រៀនគួរ។ សម្តេចតេជោហាមផ្តាច់មិនឱ្យបង្រៀនគួរនោះឡើយ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលនេះជាពេលដ៏ស្រួចស្រាវដែលត្រូវប្រយុទ្ធនឹងជំងឺកូវីដ-១៩។ សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថា កម្ពុជានឹងយកឈ្នះលើជំងឺកូវីដ-១៩។
- សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យមេសាសនាផ្នែកមូស្លីម និងគ្រឹស្តនៅកម្ពុជា បញ្ចេញសារអប់រំដល់សាសនិករបស់ខ្លួន ការពារការឆ្លងជំងឺកូវីដ-១៩។
- សម្តេចតេជោ ហ៊ុន សែន បានបញ្ជប់ការថ្លែងសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្មគ្រចិត្តសម្តេចតេជោប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅវេលាម៉ោង១១៖៥០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០៕