ខ្មែរប៉ុស្ដិ៍ Close

គោលនយោបាយរបស់ចិនចំពោះកោះតៃវ៉ាន់នៅក្នុងយុគសម័យថ្មី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 81
គោលនយោបាយរបស់ចិនចំពោះកោះតៃវ៉ាន់នៅក្នុងយុគសម័យថ្មី គោលនយោបាយរបស់ចិនចំពោះកោះតៃវ៉ាន់នៅក្នុងយុគសម័យថ្មី

បន្ទាប់ពីការធ្វើសមយុទ្ធយោធាដ៏រំជើបរំជួលប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់លោកស្រី Nancy Pelosi មកកាន់ទីក្រុងតៃប៉ិ ប្រទេសចិនបានចេញផ្សាយនូវសៀវភៅ «ស» មួយក្បាលដើម្បី «បញ្ជាក់ឡើងវិញនូវជំហររបស់ខ្លួនចំពោះកោះតៃវ៉ាន់នៅក្នុងយុគសម័យថ្មី»។

ចាប់តាំងពីលោក Xi Jinping បានឡើងកាន់អំណាចមក សៀវភៅ «ស» នេះគឺជាឯកសារដំបូង ដែលមានលើកឡើងអំពីកោះតៃវ៉ាន់ និងដែលត្រូវបានចែកចាយនៅក្នុងអំឡុងពេលដ៏គ្រោះថ្នាក់បំផុត។ សៀវភៅ «ស» នេះបានបង្ហាញអំពីយុទ្ធសាស្ត្រខុសគ្នាពីអ្វីដែលចិនបានកំណត់នៅក្នុងសៀវភៅ «ស» ២ ក្បាលមុន ដែលត្រូវបានចេញផ្សាយកាលពីឆ្នាំ ១៩៩៣ និងឆ្នាំ ២០០០។

ឯកសារចុងក្រោយបង្អស់នេះបានចាត់ទុកការរួបរួមជាមួយកោះតៃវ៉ាន់ជា «រឿងដែលមិនអាចខ្វះបានសម្រាប់ការកសាងភាពរស់រវើករបស់ប្រទេសចិន»។ ឯកសារនេះក៏បានបញ្ជាក់ផងដែរអំពីភាពបន្ទាន់នៃការដោះស្រាយបញ្ហានេះ ដោយបានលើកឡើងថា «យើងមិនគួរទុកឱ្យបញ្ហានេះត្រូវបានផ្ទេរបន្តពីមួយជំនាន់ទៅមួយជំនាន់ទៀតនោះទេ»។

ឯកសារនេះបានបញ្ជាក់ទៀតថា «ប្រសិនបើកោះតៃវ៉ាន់មិនត្រូវបានបង្រួបបង្រួមជាមួយចិនវិញទេ កោះនេះនឹងត្រូវបានប្រើប្រាស់ជាកូនអុករបស់ពួកបរទេសដើម្បីទប់ស្កាត់ប្រទេសចិន។ គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលកំពុងកាន់អំណាចនៅកោះតៃវ៉ាន់និងសហរដ្ឋអាមេរិក គឺជាអ្នកដែលបានចូលរួមនៅក្នុងគំនិតនេះ»។

តាមរយៈការអួតអាងអំពីភាពរីកចម្រើនខាងផ្នែកសេដ្ឋកិច្ច, បច្ចេកវិទ្យា និងកម្លាំងយោធារបស់ប្រទេសចិន ឯកសារនេះក៏បានបញ្ជាក់ដែរថា «ការបង្រួបបង្រួមជាមួយប្រទេសចិននឹងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់ប្រជាជនតៃវ៉ាន់ ទាក់ទងនឹងការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ»។ ប្រសិនបើការផ្តល់អនាគតដ៏ល្អប្រសើរនេះមិនអាចទាក់ទាញកោះតៃវ៉ាន់បានទេ ឯកសារនេះបានក្រើនរំលឹកយ៉ាងច្បាស់ថា «ប្រទេសចិនមានទាំងសមត្ថភាពដ៏អស្ចារ្យ និងមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីអាចសម្រេចបាននូវគោលដៅដែលខ្លួនចង់បាន»។

ខណៈពេលដែលការបង្រួបបង្រួមឡើងវិញជាមួយកោះតៃវ៉ាន់ដោយសន្តិវិធីត្រូវបានគេកំណត់ជា «ជម្រើសទី១» ឯកសារនេះក៏បានបញ្ជាក់ផងដែរថា «ប្រទេសចិននឹងមិនបោះបង់ចោលនូវការប្រើប្រាស់កម្លាំងទ័ព នោះទេ ហើយប្រទេសចិនអាចនឹងប្រើប្រាស់នូវគ្រប់វិធីសាស្ត្រទាំងអស់នៅក្នុងករណីចាំបាច់ដើម្បីការពារទប់ទល់នឹងការជ្រៀតជ្រែកពីខាងក្រៅ និងដើម្បីប្រឆាំងនឹងសកម្មភាពផ្តាច់ខ្លួនទាំងឡាយ»។

លទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធាអាចត្រូវបានគេអនុវត្តដូចកាលពីជំនាន់ដែលប្រទេសចិនបានចូលរួមនៅក្នុងសង្គ្រាមកូរ៉េ (១៩៥០-១៩៥៣) ដើម្បីប្រឆាំងនឹងកងកម្លាំងរបស់អង្គការសហប្រជាជាតិដែលដឹកនាំដោយសហរដ្ឋអាមេរិក ដោយក្នុងនោះឯកសារខាងលើបានលើកឡើងថា «យើងធ្លាប់បានកម្ចាត់សត្រូវដ៏មានឥទ្ធិពលដែលមានអាវុធទំនើបៗជាងយើង តាមរយៈការប្រើប្រាស់ភាពប៉ិនប្រសប់ និងភាពអត់ធ្មត់របស់យើង»។

អ្វីដែលជាលក្ខណៈពិសេសមួយទៀតរបស់សៀវភៅ «ស» ថ្មីនេះ គឺការកំណត់ឡើងវិញនូវរូបមន្ត «ប្រទេស ១ ប្រព័ន្ធ ២»។ ឯកសារនេះបានបញ្ជាក់យ៉ាងច្បាស់ថា «ប្រព័ន្ធ ២ គឺត្រូវតែស្ថិតនៅក្រោមការគ្រប់គ្រងដោយប្រទេសតែ ១»។ វានឹងផ្តល់ឱកាសកាន់តែច្រើនដល់ប្រទេសចិន ហើយនឹងធ្វើឱ្យអាជ្ញាធរតៃវ៉ាន់មានឱកាសកាន់តែតិចក្នុងការធ្វើប្រតិបត្តិការ។

ទិដ្ឋភាពមួយជ្រុងនៃការលើកឡើងនេះត្រូវបានឆ្លុះបញ្ចាំងនៅក្នុងសេចក្តីប្រកាសដែលបានលើកឡើងថា «ជនជាតិតៃវ៉ាន់ដែលស្មោះស្ម័គ្រ និងគាំទ្រចំពោះការរួបរួមគ្នារវាងចិននិងតៃវ៉ាន់ នឹងក្លាយទៅជាម្ចាស់នៃតំបន់» ដែលនេះមានន័យថា «រដ្ឋាភិបាលចិននឹងផ្តល់ការគាំទ្រដល់នយោបាយផ្ទៃក្នុងរបស់តៃវ៉ាន់នៅក្រោយការរួបរួមគ្នា» ខណៈដែលជោគវាសនារបស់មនុស្សដែលមិនគាំទ្រចំពោះការបង្រួបបង្រួមនេះមិនត្រូវបានគេលើកឡើងនោះទេ។

សៀវភៅ «ស» ខាងលើនេះមិនបានលើកឡើងអំពីការអនុវត្តនូវរូបមន្ត «ប្រទេស ១ ប្រព័ន្ធ ២» សម្រាប់កោះតៃវ៉ាន់ក្នុងកម្រិតធូររលុងជាងម៉ាកាវ និងទីក្រុងហុងកុង ដូចដែលខ្លួនបានសន្យានៅក្នុងសៀវភៅសឆ្នាំ ២០០០ នោះទេ។ សៀវភៅ «ស» ឆ្នាំ ២០២២ បានព្រមានថា «ការប៉ុនប៉ងបដិសេធចំពោះការបង្រួបបង្រួម ក៏ដូចជាសកម្មភាពក្នុងការបំបែកបំបាក់ប្រទេស ច្បាស់ជានឹងត្រូវជួបប្រទះនឹងរឿងវិនាស»។

ការសន្យាដែលត្រូវបានធ្វើឡើងនៅក្នុងសៀវភៅ «ស» ឆ្នាំ ១៩៩៣ ក្នុងការអនុញ្ញាតឱ្យកោះតៃវ៉ាន់បន្តគ្រប់គ្រងស្ថាប័នរដ្ឋបាល, នីតិប្បញ្ញត្តិ និងតុលាការដោយខ្លួនឯង បូករួមនឹងការអាចដំណើរការគណបក្ស, នយោបាយ, យោធា, សេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដោយខ្លួនឯង គឺមិនមានលើកឡើងនៅក្នុងសៀវភៅ «ស» ចុងក្រោយនេះទេ។

សៀវភៅ «ស» ឆ្នាំ ២០២២ មានចែងអំពីសិទ្ធិរបស់កោះតៃវ៉ាន់ក្នុងការរក្សាទំនាក់ទំនងឯករាជ្យនៅក្នុងផ្នែកសេដ្ឋកិច្ច វប្បធម៌ និងសង្គម ជាមួយបណ្តាប្រទេសផ្សេងៗទៀត និងការរឹតត្បិតទៅលើកិច្ចការបរទេសរបស់កោះនេះ ដូចគ្នានឹងអ្វីដែលបានលើកឡើងនៅក្នុងឯកសារមុនៗដែរ។ អ្វីដែលសំខាន់បំផុតនោះគឺការសន្យាដែលថា «ចិនដីគោកនឹងមិនធ្វើការបញ្ជូនកងទ័ព ឬមន្ត្រីរដ្ឋបាលទៅកាន់កោះនេះ» មិនត្រូវបានលើកឡើងនៅពេលនេះទៀតនោះទេ។

មិនដូចសៀវភៅ «ស» នៅឆ្នាំ ១៩៩៣ ទេ សៀវភៅដែលបានធ្វើកំណែថ្មីនេះមិនបានបញ្ជាក់អំពីលទ្ធភាពនៃការរួមរស់ជាមួយគ្នារវាងរបបសង្គមនិយមរបស់ចិនដីគោក និងរបបមូលធននិយមរបស់កោះតៃវ៉ាន់ដោយមិនមានការជ្រៀតជ្រែកគ្នាទៅវិញទៅមកនោះទេ។ សៀវភៅ «ស» ថ្មីនេះបានលើកសរសើរចំពោះ «គំនិតរបស់លោក Xi Jinping ស្តីអំពីសង្គមនិយមដែលមានចរិតលក្ខណៈតាមបែបចិននៅក្នុងយុគសម័យថ្មី» ដើម្បីគូសបញ្ជាក់អំពីភាពខ្លាំងរបស់ចិនទល់នឹងកោះតៃវ៉ាន់ ដែលជាហេតុធ្វើឱ្យស្វយ័ភាពរបស់កោះតៃវ៉ាន់ក្រោយការរួបរួមគ្នា កាន់តែមានភាពមិនច្បាស់លាស់។

សៀវភៅនេះត្រូវបានរៀបចំឡើងស្របតាមទម្រង់នយោបាយបែបបុរាណរបស់ប្រធានាធិបតី Xi Jingping ដែលបានបញ្ចូលទាំងទស្សនៈស្តីពីការរួបរួមគ្នារបស់ប្រជាជនចិនដើម្បីប្រឆាំងនឹងការមើលងាយ និងការជាន់ឈ្លីពីសំណាក់ពួកបរទេស និងទស្សនៈដែលផ្តោតទៅលើអនាគតភ្លឺស្វាងរបស់ប្រទេសចិនក្រោមស្នាដៃរបស់គណបក្សកុម្មុយនីស្តចិន។ អ្នកជាតិនិយមចិនក្នុងសម័យទំនើបនេះ បានអំពាវនាវឱ្យប្រទេសចិននិយាយគ្នាដោយត្រង់ៗជាមួយមហាអំណាចបរទេស ជាពិសេសគឺសហរដ្ឋអាមេរិក ដើម្បីការពារផលប្រយោជន៍របស់ចិន។

ទោះបីជាយ៉ាងណាក៏ដោយ សៀវភៅ «ស» ឆ្នាំ ២០២២ នេះ មិនបានលើកឡើងពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ឬចេតនាក្នុងការធ្វើសង្រ្គាមជាមួយអាមេរិកនោះទេ ដែលនេះបានឆ្លុះបញ្ចាំងអំពីដែនកំណត់របស់ចិនក្នុងការត្រៀមខ្លួនប្រយុទ្ធជាមួយនឹងសហរដ្ឋអាមេរិក។ បើទោះបីជាការលុកលុយដោយការប្រើប្រាស់អាវុធចូលទៅកោះតៃវ៉ាន់អាចនឹងមិនកើតឡើងនៅពេលនេះក៏ដោយ ក៏វាគឺជារឿងដ៏ចាំបាច់ក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដើម្បីបញ្ចៀសវិបត្តិនេះ៕

The Interpreter

អត្ថបទទាក់ទង