ខ្មែរប៉ុស្ដិ៍ Close

ដំណើរទស្សនកិច្ចរបស់ Pelosi ទៅកាន់តៃវ៉ាន់បានបង្កនូវការឈឺក្បាលដល់បណ្តាប្រទេសអាស៊ាន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៩ ខែសីហា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 90
ដំណើរទស្សនកិច្ចរបស់ Pelosi ទៅកាន់តៃវ៉ាន់បានបង្កនូវការឈឺក្បាលដល់បណ្តាប្រទេសអាស៊ាន ដំណើរទស្សនកិច្ចរបស់ Pelosi ទៅកាន់តៃវ៉ាន់បានបង្កនូវការឈឺក្បាលដល់បណ្តាប្រទេសអាស៊ាន

ដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក Nancy Pelosi ទៅកាន់កោះតៃវ៉ាន់កាលពីសប្តាហ៍មុន បានជំរុញឱ្យប្រទេសចិនធ្វើសមយុទ្ធយោធាដោយការបាញ់គ្រាប់ពិត។ ការធ្វើសមយុទ្ធទាំងនេះបានបង្ហាញឱ្យឃើញនូវកត្តាប្រឈមដោយផ្ទាល់ទៅលើអ្វីដែលតៃវ៉ាន់បានអះអាងថាជាដែនទឹកផ្ទៃក្នុង និងដែនអាកាសរបស់ខ្លួន។

ខណៈពេលដែលដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi បានធ្វើឱ្យតៃវ៉ាន់សប្បាយចិត្ត វាបានធ្វើឱ្យប្រទេសចិនមានការខឹងសម្បារយ៉ាងខ្លាំងរហូតដល់ធ្វើឱ្យតំបន់ទាំងមូលស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ដោយសារការសងសឹករបស់ចិនដោយប្រើកម្លាំងយោធា។ នៅចំពេលកើតមានភាពតានតឹងកាន់តែខ្លាំង បណ្តារដ្ឋមន្ត្រីការបរទេសរបស់អាស៊ានបានអំពាវនាវឱ្យភាគីទាំងអស់អនុវត្តនូវភាពអត់ធ្មត់ជាអតិបរមា និងចៀសវាងសកម្មភាពដែលមានលក្ខណៈញុះញង់ និងត្រូវប្រកាន់ភ្ជាប់នូវគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិនិងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍ (TAC)។

សេចក្តីថ្លែងការណ៍នេះបានចេញផ្សាយនៅមុនរដ្ឋមន្ត្រីការបរទេសចិន Wang Yi បានជួបជាមួយសមភាគីអាស៊ាននៅទីក្រុងភ្នំពេញកាលពីថ្ងៃទី ០៤ ខែសីហា។ នៅចំពេលកំពុងកើតមានភាពតានតឹងខ្ពស់នៅក្នុងតំបន់ លោក Wang បានសង្កត់ធ្ងន់អំពីការខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការលើកកម្ពស់ទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលនេះហាក់ជាចេតនារបស់ចិនក្នុងការបង្កើនឥទ្ធិពលខ្លួននៅក្នុងតំបន់។

បណ្តាប្រទេសអាស៊ីអាគ្នេយ៍បានប្រឈមមុខនឹងការលំបាកអស់រយៈពេលជាយូរមកហើយនៅក្នុងការប្រកួតប្រជែងរវាងប្រទេសចិននិងសហរដ្ឋអាមេរិក។ ក៏ប៉ុន្តែ សម្ពាធបានវិវឌ្ឍទៅកាន់តែធ្ងន់ធ្ងរនៅប៉ុន្មានថ្ងៃក្រោយដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ទៅកាន់កោះតៃវ៉ាន់។ សេចក្តីថ្លែងការណ៍បានលើកឡើងថា «អាស៊ានមានកង្វល់ចំពោះភាពផុយស្រួយនៅក្នុងតំបន់ និងនៅទូទាំងពិភពលោក ជាពិសេសពាក់ព័ន្ធនឹងស្ថានភាពវិវវឌ្ឍថ្មីៗនៅក្នុងតំបន់ដែលស្ថិតនៅជាប់តំបន់អាស៊ាន ដែលអាចបង្កអស្ថិរភាពដល់តំបន់ទាំងមូល និងអាចឈានដល់ការចាត់វិធានការខុស ការប្រឈមមុខដាក់គ្នាយ៉ាងធ្ងន់ធ្ងរ, ជម្លោះដោយបើកចំហ និងផលវិបាកដែលមិនអាចទាយទុកជាមុនបាននៅក្នុងចំណោមមហាអំណាច»។

ជាក់ស្តែង បណ្តារដ្ឋាភិបាលអាស៊ីអាគ្នេយ៍តែងមានការប្រុងប្រយ័ត្នចំពោះការកើនឡើងនៃភាពតានតឹងរវាងប្រទេសចិននិងសហរដ្ឋអាមេរិក ដែលអាចធ្វើឱ្យខូចផលប្រយោជន៍ដល់បណ្តាប្រទេសទាំងអស់នៅក្នុងតំបន់។ ដោយសារតែភាពរសើបនៃបញ្ហាបណ្តារដ្ឋាភិបាលអាស៊ានមិនបានលើកឡើងចំៗអំពីដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាសរបស់លោកស្រី Pelosi ទៅកាន់កោះតៃវ៉ាន់ ឬការឆ្លើយតបរបស់ប្រទេសចិននៅក្នុងសេចក្តីថ្លែងការណ៍របស់ពួកគេទេ។

ជាជំនួសវិញ បណ្តារដ្ឋមន្ត្រីអាស៊ានបានគូសបញ្ជាក់ថា «ពិភពលោកកំពុងត្រូវការជាចាំបាច់នូវឧត្តមគតិ និងការទទួលខុសត្រូវរបស់មេដឹកនាំទាំងអស់ក្នុងការប្រកាន់ខ្ជាប់នូវគោលនយោបាយពហុភាគីនិយម និងភាពជាដៃគូ, កិច្ចសហប្រតិបត្តិការ, ការរួមរស់ជាមួយគ្នាប្រកបដោយសន្តិសហវិជ្ជមាន និងការប្រកួតប្រជែងគ្នាដ៏ត្រឹមត្រូវ សម្រាប់គោលដៅរួមរបស់យើងចំពោះសន្តិភាព, ស្ថិរភាព, សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន»។ ច្បាស់ណាស់តំបន់នេះមិនចង់ក្លាយជាទីតាំងជម្លោះរវាងមហាអំណាចនោះទេ។

លើសពីនេះទៅទៀត បណ្តារដ្ឋមន្ត្រីការបរទេសអាស៊ីអាគ្នេយ៍កំពុងព្យាយាមស្វែងរកវិធី ដើម្បីកាត់បន្ថយភាពតានតឹងជុំវិញបញ្ហាកោះតៃវ៉ាន់។ ពួកគេបាននិយាយថា «អាស៊ាននឹងធ្វើការរួមគ្នា ហើយបានត្រៀមខ្លួនរួចជាស្រេចក្នុងការដើរតួនាទីប្រកបដោយការស្ថាបនាក្នុងការសម្របសម្រួលកិច្ចសន្ទនាដោយសន្តិវិធីរវាងភាគីទាំងអស់ បូករួមទាំងតាមរយៈការប្រើប្រាស់យន្តការដែលដឹកនាំដោយអាស៊ានដើម្បីកាត់បន្ថយភាពតានតឹង, ការពារសន្តិភាព, សន្តិសុខ និងការអភិវឌ្ឍនៅក្នុងតំបន់របស់យើង»។

អាស៊ានបានរងនូវបែកបាក់ផ្ទៃក្នុងរវាងប្រទេសដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសចិន ដូចជាមីយ៉ាន់ម៉ា, កម្ពុជា និងឡាវ និងបណ្តាប្រទេសផ្សេងទៀតដែលមានមន្ទិលសង្ស័យលើប្រទេសចិន ដោយសារតែអាកប្បកិរិយាឈ្លានពានរបស់ចិន។ ទោះជាយ៉ាងណាក៏ដោយ គ្មានប្រទេសអាស៊ានណាមួយបានទទួលស្គាល់តៃវ៉ាន់ជាផ្លូវការនោះទេ។

កាន់តែសំខាន់ជាងនេះទៅទៀតនោះគឺ «គេនៅមិនច្បាស់ទេថា តើបណ្តាប្រទេសអាស៊ានអាចធ្វើអ្វីបានខ្លះក្នុងការកាត់បន្ថយវិបត្តិរវាងមហាអំណាចទាំងពីរ»។ កាលពីខែកក្កដា ប្រធានាធិបតីអាមេរិក Joe Biden បាននិយាយជាសាធារណៈថា «យោធាអាមេរិកជឿថា ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi មិនមែនជាគំនិតល្អនោះទេសម្រាប់ពេលនេះ»។

ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi បានបង្កជាបញ្ហាប្រឈមមិនត្រឹមតែសម្រាប់តៃវ៉ាន់ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់បណ្តាប្រទេសអាស៊ាន ដែលមានការភ័យខ្លាចអំពីលទ្ធភាពនៃការកើតមានការប្រឈមមុខដាក់គ្នាកាន់តែធំនៅក្នុងតំបន់។ សេដ្ឋកិច្ចរបស់តៃវ៉ាន់បានពឹងផ្អែកមួយភាគធំលើប្រទេសចិនដែលជាដៃគូធ្វើពាណិជ្ជកម្មធំជាងគេរបស់កោះនេះ។

អាស៊ានក៏នៅតែជាដៃគូពាណិជ្ជកម្មដ៏ធំជាងគេរបស់ប្រទេសចិនដែរដោយមានចំណែក ១៤,៦% នៃការធ្វើពាណិជ្ជកម្មនៅបរទេសសរុបរបស់ចិននៅត្រីមាសទីមួយនៃឆ្នាំ ២០២២ ខណៈដែលសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក ស្ថិតនៅលេខរៀងទី ២ និងទី ៣។ ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi អាចបង្កគ្រោះថ្នាក់ដល់សន្តិសុខ និងផលប្រយោជន៍សេដ្ឋកិច្ចរបស់កោះតៃវ៉ាន់ផង និងរបស់បណ្តាប្រទេសអាស៊ានផង។

បណ្តាប្រទេសអាស៊ីអាគ្នេយ៍បានព្យាយាមងាកចេញពីការប្រកួតប្រជែងរវាងប្រទេសចិននិងសហរដ្ឋអាមេរិក និងមិនចង់ត្រូវបានគេបង្ខំឱ្យជ្រើសរើសយកភាគីណាមួយនៅក្នុងចំណោមមហាអំណាចទាំងពីរនោះទេ។ កាន់តែសំខាន់ថែមទៀតនោះគឺ «នៅក្នុងរយៈពេលវែង បណ្តាប្រទេសអាស៊ានអាចនឹងព្យាយាមងាកចេញពីមហិច្ឆិតាភូមិសាស្ត្រនយោបាយរបស់សហរដ្ឋអាមេរិក ដែលអាចបង្ខំឱ្យពួកគេផ្តាច់ខ្លួនចេញពីប្រទេសចិន ដោយសារតែប្រទេសចិនបានយកឈ្នះអាមេរិករួចហើយនៅក្នុងផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍»។

បើមើលពីសំបកក្រៅ ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ទៅកាន់តៃវ៉ាន់ បើទោះបីជាមានការព្រមានដដែលៗរបស់ប្រទេសចិនក៏ដោយ អាចត្រូវបានគេចាត់ទុកជាជ័យជំនះរបស់អាមេរិក ដោយហេតុថា «វាបានពង្រឹងជំនឿរបស់កោះតៃវ៉ាន់ចំពោះការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនក្នុងការឈានឆ្ពោះទៅរកស្វ័យគ្រប់គ្រង»។ ទោះជាយ៉ាងណាក៏ដោយ រឿងរ៉ាវគឺមិនមែនសាមញ្ញពេកនោះទេ។ ល្បែងរបស់លោកស្រី Pelosi លើកោះតៃវ៉ាន់ មិនបានធ្វើឱ្យកោះនេះកាន់តែមានសុវត្ថិភាពនោះទេ។

ដំណើរទស្សនកិច្ចរបស់លោកស្រី បានបញ្ឆេះកំហឹងរបស់ចិនដែលអាចបង្កគ្រោះថ្នាក់ដល់សន្តិភាពរបស់តំបន់ ទាំងតំបន់អាស៊ីបូព៌ា និងតំបន់អាស៊ីអាគ្នេយ៍ ហើយបញ្ហានេះអាចជួយឱ្យប្រទេសចិនទទួលបានឥទ្ធិពលនយោបាយកាន់តែខ្លាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នៅពេលនិយាយដល់គោលនយោបាយក្នុងតំបន់ ជាពិសេសបញ្ហារសើបនៅកោះតៃវ៉ាន់ សហរដ្ឋអាមេរិកចាំបាច់ត្រូវមានទស្សនៈទូលំទូលាយជាងនេះ។

ទង្វើរបស់សហរដ្ឋអាមេរិកចំពោះតៃវ៉ាន់អាចបង្កនូវផលប៉ះពាល់ដោយប្រយោលដល់បណ្តាប្រទេសដៃគូអាស៊ានតាមរយៈការធ្វើឱ្យពួកគេស្ថិតក្នុងស្ថានភាពការទូតមិនរឹងមាំ ដែលជាហេតុនាំមកនូវហានិភ័យដល់សន្តិសុខ និងផលប្រយោជន៍សេដ្ឋកិច្ច។ រដ្ឋាភិបាលអាមេរិកត្រូវតែពិរចារណាឡើងវិញអំពីរបៀបដែលគោលនយោបាយការបរទេសរបស់ខ្លួនអាចជះឥទ្ធិពលជាអវិជ្ជមានលើបណ្តាប្រទេសជាដៃគូ បូករួមទាំងបណ្តាប្រទេសដៃគូនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។

សហរដ្ឋអាមេរិកគួរតែធ្វើការជាមួយសម្ព័ន្ធមិត្ត និងប្រទេសជាដៃគូប្រពៃណីរបស់ខ្លួន ដើម្បីលើកកម្ពស់បរិយាកាសសន្តិសុខនិងសេដ្ឋកិច្ចប្រកបដោយចីរភាពដែលអាចចៀសវាងពីការធ្វើឱ្យតំបន់ត្រូវបែកបាក់ចេញជាពីរ។ សហរដ្ឋអាមេរិកមានការយល់ឃើញចាស់គំរិលដែលថា «តំបន់អាស៊ីអាគ្នេយ៍មានទស្សនៈយុទ្ធសាស្ត្ររួមដូចសហរដ្ឋអាមេរិក ជុំវិញការគំរាមកំហែងរបស់ចិន»។

ការសន្និដ្ឋាននេះមិនសមស្របនោះទេ។ បើទោះបីជាបណ្តាប្រទេសអាស៊ីអាគ្នេយ៍ពិតជាព្រួយបារម្ភអំពីផលប៉ះពាល់ដែលកើតចេញពីភាពឈ្លានពានកាន់តែខ្លាំងរបស់ចិនមកលើតំបន់ក៏ដោយ ក៏ពួកគេមិនបានចាត់ទុកចិនជា «គ្រោះថ្នាក់បន្ទាន់» ដែលចាំបាច់ត្រូវតែដោះស្រាយភ្លាមៗនោះទេ។

ជាជំនួសវិញ ពួកគេចាត់ទុកចិនជា «តួអង្គដែលកំពុងរីកលូតលាស់យ៉ាងឆាប់រហ័សនៅក្នុងតំបន់ ដែលពួកគេត្រូវតែចូលរួមធ្វើការជាមួយដើម្បីថែរក្សាវិបុលភាពនិងសន្តិភាពរបស់តំបន់»។ ដូច្នេះ គោលនយោបាយប្រឈមមុខដាក់គ្នារបស់លោក Biden ចំពោះប្រទេសចិន ចាំបាច់ត្រូវតែធ្វើការកែសម្រួលឡើងវិញ ដើម្បីបុព្វហេតុនៃទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយបណ្តាប្រទេសអាស៊ាន។

និយាយជារួម ជំនួសឱ្យការចាត់ទុកបណ្តាប្រទេសអាស៊ានជាតួអង្គបន្ទាប់បន្សំនៅក្នុងការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិកនិងចិន សហរដ្ឋអាមេរិកគួរតែចាត់ទុកពួកគេជា «ដៃគូដ៏ពិតប្រាកដ» និងគួរបង្កើនការចូលរួមនៅក្នុងសេដ្ឋកិច្ចរបស់តំបន់អាស៊ីអាគ្នេយ៍ ជាពិសេសផ្នែកពាណិជ្ជកម្ម, ការវិនិយោគ និងបច្ចេកវិទ្យា។

សហរដ្ឋអាមេរិកគួរតែផ្តល់នូវកញ្ចប់នៃផលប្រយោជន៍និងឱកាសសេដ្ឋកិច្ចសម្រាប់ការធ្វើទំនើបកម្មបច្ចេកវិទ្យាដល់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងទាក់ទាញពួកគេឱ្យចូលរួម។ តាមរយៈការធ្វើបែបនេះ សហរដ្ឋអាមេរិកអាចទទួលបាននូវជំនឿទុកចិត្ត និងការគាំទ្រពីបណ្តាប្រទេសអាស៊ានដើម្បីអាចបន្តរក្សាអំណាចដ៏មានឥទ្ធិពលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ទន្ទឹមនឹងការបង្កើនផលប្រយោជន៍របស់បណ្តាប្រទេសទាំងអស់នៅក្នុងតំបន់៕

The Diplomat

អត្ថបទទាក់ទង