ខ្មែរប៉ុស្ដិ៍ Close

នៅមុនកិច្ចប្រជុំជាប្រវត្តិសាស្ត្ររវាងអាមេរិក និងតំបន់ប៉ាស៊ីហ្វិក ប្រធានបទទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និង ប្រទេសចិន ទទួលបានការចាប់អារម្មណ៍ខ្លាំង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 151
នៅមុនកិច្ចប្រជុំជាប្រវត្តិសាស្ត្ររវាងអាមេរិក និងតំបន់ប៉ាស៊ីហ្វិក ប្រធានបទទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និង ប្រទេសចិន ទទួលបានការចាប់អារម្មណ៍ខ្លាំង នៅមុនកិច្ចប្រជុំជាប្រវត្តិសាស្ត្ររវាងអាមេរិក និងតំបន់ប៉ាស៊ីហ្វិក ប្រធានបទទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និង ប្រទេសចិន ទទួលបានការចាប់អារម្មណ៍ខ្លាំង

ក្រុមអ្នកវិភាគបាននិយាយថា «ខណៈពេលដែលប្រធានាធិបតីអាមេរិក Joe Biden គ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកដំបូង ដែលមិនធ្លាប់មានពីមុនមក ជាមួយបណ្តាមេដឹកនាំមកពីតំបន់ប៉ាស៊ីហ្វិកនៅឯសេតវិមាននៅខែក្រោយ គ្រប់គ្នាកំពុងរង់ចាំមើលថា តើរដ្ឋបាលរបស់លោក Biden នឹងយកចិត្តទុកដាក់ចំពោះការអំពាវនាវរបស់តំបន់នេះសម្រាប់ជំនួយក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុដែរឬទេ»។

កិច្ចប្រជុំកំពូលនេះត្រូវបានប្រកាសកាលពីដើមខែនេះ ដោយអនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman ដែលបានទៅបំពេញទស្សនកិច្ចនៅតំបន់ប៉ាស៊ីហ្វិកនៅពេលថ្មីៗនេះ ចំពេលដែលអាមេរិកកំពុងខិតខំប្រកួតប្រជែងនឹងឥទ្ធិពលដែលកំពុងកើនឡើងរបស់ចិននៅក្នុងតំបន់។

លោកស្រីបាននិយាយថា «កិច្ចប្រជុំនៅពេលខាងមុខនេះនឹងក្លាយជាឱកាសប្រវត្តិសាស្ត្រសម្រាប់សហរដ្ឋអាមេរិកក៏ដូចជាបណ្តាប្រទេសប៉ាស៊ីហ្វិក ដើម្បីចូលរួមស្តាប់និងធ្វើតាមតម្រូវការរបស់តំបន់ប៉ាស៊ីហ្វិក»។ ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់កោះ Samoa, Tonga និងកោះ Solomon លោក ស្រី Sherman បាននិយាយថា «ទំនាក់ទំនងដ៏រឹងមាំជាមួយបណ្តាប្រទេសប៉ាស៊ីហ្វិកគឺជារឿងអាទិភាពសម្រាប់រដ្ឋបាលរបស់លោក Biden» ហើយលោកស្រីបានសន្យាថា «សហរដ្ឋអាមេរិកនឹងបង្កើនការវិនិយោគរបស់ខ្លួននៅក្នុងតំបន់»។

ប៉ុន្តែ អ្នកវិភាគបានកត់សម្គាល់ថា «បើទោះបីជាលោកស្រីបានចាត់ទុកការប្រែប្រួលអាកាសធាតុជាការគំរាមកំហែងដែលមានស្រាប់ចំពោះតំបន់ប៉ាស៊ីហ្វិកក៏ដោយ ក៏គ្មានគោលនយោបាយច្បាស់លាស់ ឬគម្រោងជំនួយណាមួយត្រូវបានប្រកាសនៅក្នុងអំឡុងដំណើរទស្សនកិច្ចនោះទេ»។

លោក Ying Zhu ដែលជានាយកមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ធុរកិច្ចអាស៊ីនៅសាកលវិទ្យាល័យ South Australia បាននិយាយថា «បើគ្មានលទ្ធផលជាក់ស្តែងទេ អាមេរិកនឹងជួបប្រទះនឹងការលំបាកក្នុងការទទួលបានការប្តេជ្ញាចិត្តយ៉ាងមុតមាំពីតំបន់ប៉ាស៊ីហ្វិក។ តំបន់នេះនឹងបង្ហាញការគាំទ្រកាន់តែខ្លាំង ប្រសិនបើអាមេរិកអាចជួយបណ្តាប្រទេសប៉ាស៊ីហ្វិក ក្នុងការដោះស្រាយបញ្ហាស្តីពីការប្រែប្រួលអាកាសធាតុ ដែលជាក្តីកង្វល់ដ៏សំខាន់បំផុតរបស់ពួកគេ»។

ពួកគេកំពុងប្រឈមមុខនឹងបញ្ហាពាក់ព័ន្ធជាច្រើន រាប់ចាប់ពីការកើនឡើងនៃកម្ពស់ទឹកសមុទ្រ, ការជន់លិចតាមឆ្នេរសមុទ្រ និងការហូរច្រោះដី, ការនេសាទលើសទម្ងន់ និងការបរាជ័យនៅក្នុងការដាំដំណាំ។ លោក Zhu បាន​បន្ថែម​ថា «ប្រទេស​ទាំង​នេះមិន​មាន​ចេតនា​ចង់​ជ្រើសរើសយកភាគីណាមួយ​រវាង​អាមេរិកនិង​ចិន​នោះទេ។ ពួកគេនឹងរីករាយក្នុងការធ្វើការជាមួយភាគីទាំងពីរ។ ការ​ព្រួយ​បារម្ភ​អំពី​ការ​ប្រែប្រួល​អាកាសធាតុ​ក៏​ត្រូវ​បាន​មេដឹកនាំ​ក្នុង​តំបន់​លើកឡើង​ទៅ​កាន់​ប្រទេសចិន​ផង​ដែរ»។

សមាជិកជាន់ខ្ពស់ផ្សេងទៀតរបស់រដ្ឋបាលអាមេរិកក៏បានធ្វើដំណើរទៅកាន់តំបន់ប៉ាស៊ីហ្វិកនៅឆ្នាំនេះផងដែរ ទន្ទឹមនឹងវត្តមាននៃដំណើរទស្សនកិច្ចរបស់មន្ត្រីចិន។ រដ្ឋមន្ត្រីការបរទេសចិន Wang Yi បានទៅបំពេញទស្សនកិច្ចនៅក្នុងតំបន់នេះក្នុងអំឡុងដំណើររយៈពេល ១០ ថ្ងៃរបស់លោកដែលបានចាប់ផ្តើមនៅចុងខែឧសភា បន្ទាប់ពីមានការព្រួយបារម្ភជាច្រើនខែថា «ចិនអាចនឹងបង្កើតមូលដ្ឋានយោធានៅកោះ Solomon»។

វិទ្យាស្ថាន Lowy Institute នៅទីក្រុងស៊ីដនីបានឱ្យដឹងថា «ចាប់ពីឆ្នាំ ២០០៦ ដល់ឆ្នាំ ២០១៧ ប្រទេសចិនបានផ្តល់ជំនួយបរទេសជិត ១,៥ ពាន់លានដុល្លារដល់តំបន់នេះ»។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានផ្តល់ជំនួយទាំងផ្នែកសេដ្ឋកិច្ចនិងបច្ចេកទេស បូករួមនឹងវ៉ាក់សាំងកូវីដ-១៩ និងការដាក់ឱ្យដំណើរការគម្រោងជំនួយ។ កាលពីខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសអាមេរិក Anthony Blinken បានទៅបំពេញទស្សនកិច្ចនៅប្រទេសហ្វីជី និងបានសន្យាថានឹងពង្រីកវត្តមានរបស់អាមេរិកនៅក្នុងតំបន់ដើម្បីពង្រឹងសុវត្ថិភាពនិងលទ្ធភាពក្នុងការទទួលបានវ៉ាក់សាំង។

គិតត្រឹមខែមេសា សហរដ្ឋអាមេរិកបានផ្តល់ថវិកាជាង ៣២ លានដុល្លារអាមេរិកដើម្បីគាំទ្រដល់ការឆ្លើយតបទៅនឹងវីរុសឆ្លងរបស់បណ្តាប្រទេសនៅមហាសមុទ្រប៉ាស៊ីហ្វិក និងបានសន្យាផ្តល់ជំនួយចំនួន ១ លានដុល្លារអាមេរិក ដល់គម្រោងជំនួយស្តីពីគ្រោះមហន្តរាយអន្តរជាតិ។ ដោយសារភាពច្របូកច្របល់នៃដំណើរទស្សនកិច្ចដែលមានលក្ខណៈប្រកួតប្រជែង បណ្តាមេដឹកនាំប៉ាស៊ីហ្វិកបានបង្ហាញនូវការប្រុងប្រយ័ត្នចំពោះរបៀបវារៈរបស់អាមេរិកពាក់ព័ន្ធនឹងការចូលរួមជាមួយតំបន់។

នៅឯវេទិកាកោះប៉ាស៊ីហ្វិកក្នុងប្រទេសហ្វីជីកាលពីខែមុន បណ្តាមេដឹកនាំតំបន់បានអំពាវនាវឱ្យមានសកម្មភាពជាសកលជាបន្ទាន់ដើម្បីដោះស្រាយបញ្ហាអាកាសធាតុជាមួយនឹងការប្រកាសថា «តំបន់នេះកំពុងប្រឈមមុខនឹងគ្រោះអាសន្នអាកាសធាតុ ដែលនឹងបង្កការគំរាមកំហែងដល់ជីវភាពរស់នៅ, សន្តិសុខ និងសុខុមាលភាពរបស់ប្រជាជន និងប្រព័ន្ធអេកូឡូស៊ីរបស់តំបន់»។

លោក Hideyuki Shiozawa ដែលជាមន្ត្រីកម្មវិធីជាន់ខ្ពស់នៃកម្មវិធីប្រជាជាតិកោះប៉ាស៊ីហ្វិក របស់មូលនិធិ «Sasakawa Peace Foundation» បាននិយាយថា «ដំណើរទស្សនកិច្ចរបស់លោកស្រី Sherman គឺជាសញ្ញាមួយដែលបង្ហាញថា សហរដ្ឋអាមេរិកបានយកចិត្តទុកដាក់ចំពោះការសន្យាដែលខ្លួនបានធ្វើក្រោមយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកដែលបាន ប្រកាសកាលពីខែកុម្ភៈដែលពឹងផ្អែកលើសម្ព័ន្ធមិត្ត និង
ការរារាំងដោយកម្លាំងយោធា និងការបង្កើនវត្តមាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីទប់ទល់នឹងការកើនឡើងនៃឥទ្ធិពលរបស់ចិន»។

លោកបានបន្ថែមថា «សហរដ្ឋអាមេរិកគឺជាដៃគូប្រពៃណី និងធ្លាប់បានផ្តល់ជំនួយដល់តំបន់ប៉ាស៊ីហ្វិកយ៉ាងច្រើនទាំងដោយផ្ទាល់និងដោយប្រយោល តាមរយៈអង្គការអន្តរជាតិ»។ លោក Marc Lanteigne ដែលជាសាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យ Tromsø ក្នុងប្រទេសន័រវេស បាននិយាយថា «ទីក្រុងវ៉ាស៊ីនតោនបានបោះជំហានជាច្រើនក្នុងទិសដៅដ៏ត្រឹមត្រូវជាមួយនឹងគោលនយោបាយប៉ាស៊ីហ្វិករបស់ខ្លួន»។

លោក Lanteigne បានបន្ថែមថា «ការសន្យានៅពេលថ្មីៗនេះអំពីការបើកស្ថានទូតអាមេរិកបន្ថែមទៀតនៅក្នុងតំបន់គឺជាសញ្ញាវិជ្ជមានមួយទៀត។ ប៉ុន្តែ វានឹងមានសម្ពាធជាច្រើនមកលើរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីជំរុញឱ្យមានការអនុវត្តជាក់ស្តែងតាមការសន្យាទាំងនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ខណៈដែលប្រទេសចិនបាននិងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងផ្នែកការទូតនិងសេដ្ឋកិច្ចនៅក្នុងតំបន់ ហើយការព្រួយបារម្ភដ៏ធំបំផុតគឺកិច្ចព្រមព្រៀងសន្តិសុខ Sino-Solomon ដែលត្រូវបានចុះហត្ថលេខាកាលពីខែមេសា»។

លោក Lanteigne បាននិយាយទៀតថា «ការសម្រេចចិត្តរបស់នាយករដ្ឋមន្រ្តី Solomon លោក Manasseh Sogavare ក្នុងការ មិនចូលរួមក្នុងព្រឹត្តិការណ៍ដែលរៀបចំដោយសហរដ្ឋអាមេរិកនៅថ្ងៃទី ០៧ ខែសីហា ដើម្បីរំលឹកខួបលើកទី ៨០ នៃសមរភូមិ Guadalcanal អាចជាសញ្ញាព្រមានមួយដែលបញ្ជាក់ថាវានៅតែមានការសង្ស័យនៅក្នុងតំបន់អំពីកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកក្នុងចាប់ផ្តើមឡើងវិញនូវការងារការទូតរបស់ខ្លួននៅតំបន់ប៉ាស៊ីហ្វិក»។

សំណួរដែលមេដឹកនាំប៉ាស៊ីហ្វិកកំពុងចោទសួរនៅពេលនេះគឺ «តើគំនិតផ្តួចផ្តើមរបស់អាមេរិកទាំងនេះគឺជាការឆ្លើយតបទៅនឹងសកម្មភាពការទូតថ្មីៗរបស់ចិនមែនដែរឬទេ» ហើយ «តើផែនការវិនិយោគរបស់អាមេរិកដែលបានប្រកាសនៅពេលថ្មីៗនេះនឹងរលាយបាត់ទៅវិញទេ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅឆ្នាំនេះ ឬប្រសិនបើមានការផ្លាស់ប្តូររដ្ឋបាលអាមេរិកនៅឆ្នាំ ២០២៤»។

លោក Zhu បាននិយាយថា «ខណៈ ពេលដែលអាមេរិកអាចនឹងមានរបៀបវារៈមួយស្តីពីការប្រឆាំងនឹងប្រទេសចិននៅឯកិច្ចប្រជុំនៅសេតវិមាននៅខែក្រោយ ប្រទេសកោះប៉ាស៊ីហ្វិកអាចនឹងជំរុញឱ្សហរដ្ឋអាមេរិកចាត់វិធានការបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាស្តីពីការប្រែប្រួលអាកាសធាតុ។ ភាពជាមេដឹកនាំពិភពលោករបស់អាមេរិកនឹងរងនូវការធ្លាក់ចុះកាន់តែខ្លាំង ប្រសិនបើអាមេរិកមិនអាចផ្តល់ដំណោះស្រាយដ៏រឹងមាំសម្រាប់វិបត្តិពិភពលោកដូចជាការប្រែប្រួលអាកាសធាតុ, ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច»។

លោកបានបន្តថា «សហរដ្ឋអាមេរិកកំពុងស្ថិតនៅលើផ្លូវនៃការធ្លាក់ចុះនៅក្នុងវិស័យជាច្រើន ហើយពេលនេះសេដ្ឋកិច្ចរបស់អាមេរិក៏មិនមានភាពរឹងមាំដែរ ដោយសារបំណុលដ៏ធំ និងអត្រាអតិផរណាដ៏ខ្ពស់»។ ក្នុងពេលប៉ុន្មានខែថ្មីៗនេះ អាមេរិកក៏បានស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងផងដែរក្នុងការផ្តល់ការកាត់បន្ថយពន្ធ និងការផ្តល់សិទ្ធិចូលទៅកាន់ទីផ្សាររបស់អាមេរិក ជាពិសេសនៅក្រោមក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក (IPEF) ដែលជាគំនិតផ្តួចផ្តើមសេដ្ឋកិច្ចដែលបានប្រកាសដោយលោក Biden កាលពីខែឧសភា។

ប៉ុន្តែ ទាំងនេះនឹងមិនអាចសម្រេចបានទេ ជាមួយនឹងនិន្នាការគាំពារនិយមកាន់តែកើនឡើងនៅក្នុងសហរដ្ឋអាមេរិក ដោយក្នុងនោះអ្នកបង្កើតគោលនយោបាយបានបញ្ជាក់យ៉ាងច្បាស់ថា «ក្របខណ្ឌ IPEF នឹងផ្តោតលើការកសាងសេដ្ឋកិច្ចដែលមានលក្ខណៈតភ្ជាប់ និងភាពធន់»។

លោក Lanteigne បាននិយាយថា «គេនៅតែមានក្តីសង្ឃឹមថា កិច្ចប្រជុំនៅខែក្រោយរវាងលោក Biden និងបណ្តាមេដឹកនាំប៉ាស៊ីហ្វិក នឹងមិនគ្រាន់តែជាការជួបគ្នាដើម្បីថតរូបប៉ុណ្ណោះទេ ប៉ុន្តែវានឹងបញ្ជូននូវសញ្ញាដ៏រឹងមាំមួយថា សហរដ្ឋអាមេរិកពិតជាបានវិលត្រឡប់មកកាន់តំបន់នេះវិញហើយ ហើយអាមេរិកមិនបានចាត់ទុកតំបន់ប៉ាស៊ីហ្វិកត្រឹមតែជាវេទិកាសម្រាប់ការរក្សាតុល្យភាពអំណាចរបស់ចិនទេ»។

លោក Shiozawa បានកត់សម្គាល់ថា «វានឹងក្លាយជាកិច្ចប្រជុំថ្នាក់មេដឹកនាំអាមេរិក-ប៉ាស៊ីហ្វិកលើកដំបូងបង្អស់មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ ហើយកិច្ចប្រជុំនេះត្រូវបានគេរំពឹងថានឹងជួយធ្វើឱ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងតំបន់នេះកាន់តែមានភាពរឹងមាំ»៕

South China Morning Post