ខ្មែរប៉ុស្ដិ៍ Close

កិច្ចប្រជុំ​អាស៊ាន​ប្រព្រឹត្តិទៅ​នៅក្រោម​ស្រមោល​នៃវិបត្តិមីយ៉ាន់ម៉ា និង​អ៊ុយក្រែន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 52
កិច្ចប្រជុំ​អាស៊ាន​ប្រព្រឹត្តិទៅ​នៅក្រោម​ស្រមោល​នៃវិបត្តិមីយ៉ាន់ម៉ា និង​អ៊ុយក្រែន កិច្ចប្រជុំ​អាស៊ាន​ប្រព្រឹត្តិទៅ​នៅក្រោម​ស្រមោល​នៃវិបត្តិមីយ៉ាន់ម៉ា និង​អ៊ុយក្រែន

នៅក្នុងសប្តាហ៍នេះ រដ្ឋាភិបាលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនិងកិច្ចប្រជុំជាន់ខ្ពស់របស់អាស៊ាននៅរាជធានីភ្នំពេញ ខណៈពេលដែលប្លុកនេះកំពុងរងនូវផលប៉ះពាល់ពីបញ្ហាប្រឈមទាំងក្នុងតំបន់និងក្នុងពិភពលោក។

ចំណុចសំខាន់ផ្លូវការនៃកម្មវិធីចាប់ពីថ្ងៃទី ៣១ ខែកក្កដា ដល់ថ្ងៃទី ០៦ ខែសីហា គឺ «កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥» (AMM) ដែលនឹងប្រមូលផ្តុំប្រទេសចំនួន ៩ ក្នុងចំណោមរដ្ឋជាសមាជិកអាស៊ានទាំង ១០ (ប្រទេសមីយ៉ាន់ម៉ាដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់យោធាត្រូវបានដកចេញពីកិច្ចប្រជុំ)។ បន្ទាប់មក ក៏នឹងមានកិច្ចប្រជុំកំពូលថ្នាក់តំបន់សំខាន់ៗមួយចំនួនទៀត បូករួមទាំងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងវេទិកាតំបន់អាស៊ាន។

កិច្ចប្រជុំ AMM នឹងប្រារព្ធឡើងនៅចំពេលវេលាដ៏តានតឹងសម្រាប់អាស៊ាន។ បន្ថែមពីលើបញ្ហាដ៏លំបាកជុំវិញវិធីសាស្ត្រដោះស្រាយជម្លោះដែនសមុទ្រ និងដែនទឹកនៅសមុទ្រចិនខាងត្បូង ដែលនឹងត្រូវលើកយកមក ពិភាក្សានៅក្នុងអំឡុងពេលនៃកិច្ចប្រជុំនៅសប្តាហ៍នេះ ការរួបរួមនិងប្រសិទ្ធភាពរបស់ប្លុកនេះក៏នឹងរងនូវការធ្វើតេស្តយ៉ាងខ្លាំងផងដែរ ដោយសារស្ថានការណ៍កាន់តែអាក្រក់នៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលបានធ្លាក់ចូលទៅក្នុងជម្លោះនយោបាយចាប់តាំងពីរដ្ឋប្រហារយោធាខែកុម្ភៈ ឆ្នាំ ២០២១ មក។

ការប្រហារជីវិតអ្នកទោសនយោបាយចំនួន ៤ នាក់កាលពីសប្តាហ៍មុន ដោយរបបយោធាបានធ្វើឱ្យបណ្តារដ្ឋសមាជិកអាស៊ានជាច្រើនមានការភ្ញាក់ផ្អើល សូម្បីតែប្រទេសកម្ពុជាដែលជាប្រធានអាស៊ានបច្ចុប្បន្ន ដែលបានចូលរួមធ្វើការជាមួយរដ្ឋបាលយោធាអស់រយៈពេលយ៉ាងយូរ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានដែលឆ្លើយតបទៅនឹងការប្រហារជីវិតកាលពីសប្តាហ៍មុន រដ្ឋាភិបាលកម្ពុជាបានពណ៌នាទង្វើនេះថាជា «ការប្រមាថយ៉ាងធ្ងន់ធ្ងរ» ដែលជាភាសាខ្លាំងៗមិនធ្លាប់មាននៅក្នុងអាស៊ាន។

សេចក្តីថ្លែងការណ៍បានរិះគន់ជាពិសេសលើជម្រើសរបស់របបយោធាក្នុងការមិនអើពើនឹងការទទូចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានជំរុញឱ្យលុបចោលការកាត់ទោសប្រហារជីវិត។ ការអនុវត្តការកាត់ទោសនៅមួយសប្តាហ៍មុនកិច្ចប្រជុំ AMM ត្រូវបានគេចាត់ទុកជា «ការវាយប្រហារចំពោះអាស៊ាន»។

សារជាតិនិងពេលវេលានៃសកម្មភាពទាំងនេះបានបង្កើនសម្ពាធលើអាស៊ានឱ្យធ្វើការវាយតម្លៃឡើងវិញនូវវិធីសាស្រ្តរបស់ខ្លួនចំពោះវិបត្តិនៅមីយ៉ាន់ម៉ា។ ក៏ប៉ុន្តែ គេនៅមិនទាន់ច្បាស់ទេថា «តើដំណោះស្រាយចំពោះបញ្ហានេះគឺជាអ្វី ដោយសារតែវានឹងតម្រូវឱ្យមានការមូលមតិ គ្នានៅក្នុងអាស៊ាន»។

នៅក្នុងការបង្ហោះលើបណ្តាញសង្គម Facebook កាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី Saifuddin Abdullah ដែលស្ថិតក្នុងចំណោមមន្ត្រីអាស៊ានដែលតែងនិយាយមិនសំចៃមាត់ អំពីស្ថានការណ៍ដ៏អាក្រក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានលើកឡើងអំពីលទ្ធភាពដែល «ចំណុចកុងសង់ស៊ីសទាំង ៥ (5PC) របស់អាស៊ាន» អាចនឹងត្រូវបានបោះបង់ចោលទាំងស្រុង។

លោក​បាន​សរសេរ​ថា​ «​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ខែវិច្ឆិកា​នេះ​នឹង​ត្រូវ​ធ្វើ​ការសម្រេចចិត្ត​ដ៏​ធំ​មួយ​។ តើ 5PC នឹងអាចបន្តទៅមុខបានដែរឬទេ? តើវាអាចត្រូវបានកែលម្អ ឬបង្កើតអ្វីថ្មីបន្ថែមដែរឬទេ?»។ ខណៈពេលដែលរបបយោធាត្រូវបានហាមឃាត់រួចហើយពីការបញ្ជូនអ្នកតំណាងនយោបាយមកកាន់កិច្ចប្រជុំកម្រិតខ្ពស់របស់អាស៊ានចាប់តាំងពីកិច្ចប្រជុំកំពូលកាលពីខែតុលាឆ្នាំមុន សម្ពាធបាននិងកំពុងកើនឡើងទាំងពីខាងក្នុង អាស៊ាន និងក្រៅអាស៊ានដើម្បីឱ្យមានការចាត់ វិធានការឆ្លើយតបបន្ថែមទៀត។

បើទោះបីជាការសម្រេចចិត្តលើរឿង នេះអាចនឹងមិនកើតឡើងនៅក្នុងសប្តាហ៍នេះក៏ដោយ ក៏សំណួរពាក់ព័ន្ធនឹងរបៀបដោះស្រាយបញ្ហានៅក្នុងចំណោមសមាជិកអាស៊ាន នឹងក្លាយជារឿងដ៏សំខាន់នៅក្នុងរបៀបវារៈនៃកិច្ចប្រជុំ ហើយវាក៏ទំនងជានឹងត្រូវបានគ្របដណ្ដប់ផងដែរដោយភាពចលាចលជាយុទ្ធសាស្ត្រដែលកំពុងកើនឡើងជុំវិញសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងភាពតានតឹងកាន់តែទូលំទូលាយរវាងសហរដ្ឋអាមេរិកជាមួយរុស្ស៊ី និងរវាងសហរដ្ឋអាមេរិកជាមួយនឹងចិន។

ទាំងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងវេទិកាតំបន់អាស៊ាន នឹងមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken, រដ្ឋមន្ត្រីការបរទេសចិន Wang Yi និងរដ្ឋមន្ត្រីការបរទេស រុស្ស៊ី Sergey Lavrov ដែលការប្រឆាំងគ្នាទៅវិញទៅមកអាចនឹងកើតមាននៅក្នុងកិច្ចប្រជុំ។

បើទោះបីជាមន្ត្រីរុស្ស៊ីនិងសហរដ្ឋអាមេរិកទំនងជានឹងមិននិយាយជាសាធារណៈអំពីសង្គ្រាមនៅអ៊ុយក្រែនក៏ដោយ ក៏កិច្ចប្រជុំនេះអាចនឹងប្រឈមនឹងការតស៊ូមតិជាសកលអំពីជម្លោះនេះ។ យោងតាមក្រសួងការបរទេសអាមេរិក «លោក Blinken គ្រោងនឹងលើកឡើងអំពីសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន បន្ថែមពីលើបញ្ហាជាច្រើនផ្សេងទៀត» ហើយសមភាគីចិននិងរុស្ស៊ី ក៏អាចនឹងធ្វើរឿងដូចគ្នានេះដែរ។

កិច្ចប្រជុំអាស៊ានក៏កើតឡើងនៅចំពេលដ៏ក្តៅគគុកផងដែរ នៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិន បន្ទាប់ពីមានសេចក្តីរាយការណ៍ថា «ប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់នៅសប្តាហ៍នេះ»។

ទីក្រុងប៉េកាំងបានថ្កោលទោសការសម្រេចចិត្តនេះ ហើយបានព្រមានអំពីការចាត់វិធានការឆ្លើយតប ប្រសិនបើលោកស្រីពិតជានឹងធ្វើទស្សនកិច្ចបែបនេះមែន។ លោកស្រី Pelosi និងប្រធានាធិបតី Joe Biden ក៏កំពុងប្រឈមមុខនឹងសម្ពាធនយោបាយក្នុងស្រុកកាន់តែខ្លាំងផងដែរ ដើម្បីឱ្យបន្តអនុវត្តផែនការរបស់ពួកគេ។

វេទិកាតំបន់អាស៊ាននិងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា បានបន្តរួមបញ្ចូលនូវសញ្ញាណនៃមជ្ឈភាពអាស៊ាន។ អាស៊ានបានធ្វើខ្លួនជាអ្នកសម្រប សម្រួលដ៏ស្មោះត្រង់នៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងជាអ្នកការពារក្របខណ្ឌការទូតក្នុងតំបន់ ដែលមានលក្ខណៈបើកចំហ និងបរិយាប័ន្ន។ ដូច្នេះ អាស៊ានក្នុងនាមជាម្ចាស់ផ្ទះអាចជួយសម្របសម្រួលកិច្ចពិភាក្សារវាងមហាអំណាចខាងក្រៅដែលកំពុងប្រកួតប្រជែងគ្នា។

ដោយមានការរួមបញ្ចូលនូវចំណុចសំខាន់ៗទាំងពាក់ព័ន្ធនឹងតំបន់និងពិភពលោក កិច្ចប្រជុំក្នុងសប្តាហ៍នេះគួរតែផ្តល់នូវការចង្អុលបង្ហាញមួយចំនួនអំពីរបៀបដែល «មជ្ឈភាពអាស៊ាន» នឹងដំណើរការនៅក្នុងយុគសម័យនៃភាពចលាចល និងការប្រកួតប្រជែងជាយុទ្ធសាស្រ្តដែលកំពុងកើនឡើងកាន់តែខ្លាំង៕

Sebastian Strangio / The Diplomat

អត្ថបទទាក់ទង