ខ្មែរប៉ុស្ដិ៍ Close

ហានិភ័យដ៏ធ្ងន់ធ្ងរសម្រាប់អាស៊ាន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 209
ហានិភ័យដ៏ធ្ងន់ធ្ងរសម្រាប់អាស៊ាន ហានិភ័យដ៏ធ្ងន់ធ្ងរសម្រាប់អាស៊ាន

សេចក្តីប្រកាសព័ត៌មានបន្ទាប់ពីកិច្ចប្រជុំកំពូលរវាងមេដឹកនាំអាស៊ាននិងអាមេរិកដែលបានបញ្ជាក់ថា «ពួកគេនឹងប្តេជ្ញាចិត្តចំពោះភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» កំពុងតែបង្កជាបញ្ហាប្រឈមថ្មីមួយទៀតដល់ប្លុកក្នុងតំបន់។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលត្រូវបានចេញផ្សាយក្រោយរយៈពេល ២ ថ្ងៃនៃកិច្ចប្រជុំកំពូល នៅក្នុងទីក្រុងវ៉ាស៊ីនតោន ភាគីទាំង២ បានប្រកាសថា «ពួកគេនឹងលើកកម្ពស់ទំនាក់ទំនងរបស់ពួកគេឱ្យក្លាយ ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅចុងឆ្នាំនេះ»។

នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូល ហើយក៏ជាការរំលឹកដល់ខួបលើកទី ៤៥ នៃការធ្វើទំនាក់ទំនងផងនោះ ប្រធានាធិបតី Joe Biden បានសន្យាថា នឹងធ្វើការចំណាយថវិកាចំនួន ១៥០ លានដុល្លារនៃមូលនិធិវិនិយោគនៅក្នុងអាស៊ានទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ, សន្តិសុខ, ការត្រៀមលក្ខណៈសម្រាប់ទប់ស្កាត់ជំងឺរាតត្បាត និងការខិតខំប្រឹងប្រែងផ្សេងៗទៀត។

ចំណាត់ការនេះត្រូវបានធ្វើឡើងនៅចំពេលដែលប្រទេសចិនកំពុងតែបង្កើនឥទ្ធិពលផ្នែកយោធា និងសេដ្ឋកិច្ចនៅក្នុងតំបន់ ហើយគោលបំណងជាក់ស្តែងនៃចំណាត់ការនេះគឺដើម្បីប្រឆាំងនឹងប្រទេសចិន។ ទីក្រុងប៉េកាំងក៏កំពុងតែមានជម្លោះដែនទឹកជាមួយប្រទេសជាសមាជិកអាស៊ានចំនួន ៤ ផងដែរគឺ ប្រ៊ុយណេ, ម៉ាឡេស៊ី, ហ្វីលីពីន និងវៀតណាម។

ទាក់ទងនឹងបញ្ហាសមុទ្រចិនខាងត្បូង សេចក្តីថ្លែងការណ៍រួមអាស៊ាន-អាមេរិកបានធ្វើការគាំទ្រឱ្យមានការអនុវត្តឱ្យបានពេញលេញតាមសេចក្តីថ្លែងការណ៍ឆ្នាំ ២០០២ ស្តីពីក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រចិនខាងត្បូង Declaration on the Conduct of Parties in the South China Sea (DOC)។

សេចក្តីថ្លែងការណ៍ DOC បានធ្វើការបញ្ជាក់ឡើងវិញនូវ សេរីភាពនៃការធ្វើនាវាចរ និងតម្រូវឱ្យមានការដោះស្រាយជម្លោះដោយសន្តិវិធី និងរក្សាការអត់ធ្មត់នៅក្នុងសកម្មភាពនានា។

កិច្ចប្រជុំកំពូលនេះគឺជាសញ្ញាដែលបង្ហាញអំពីការបង្កើនការប្រកួតប្រជែងជាសកលរបស់អាមេរិកនៅលើផ្នែកឥទ្ធិពល និងអំណាចដោយផ្អែកទៅលើយុទ្ធសាស្ត្រតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ខ្លួន។

ខណៈពេលដែលសង្គ្រាម រុស្ស៊ី-អ៊ុយក្រែនកំពុងបន្ត ហើយអាមេរិកនិងអឺរ៉ុបសុទ្ធតែមានជាប់ពាក់ព័ន្ធដោយប្រយោលផងនោះ ពេលនេះគ្រប់គ្នាកំពុងរង់ចាំមើលថា តើអាស៊ានអាចនឹងត្រូវបានគេទាញឱ្យចូលទៅក្នុងគន្លងនៃជម្លោះដោយសារតែសារៈសំខាន់នៃទំនាក់ទំនងទ្វេភាគីរបស់ពួកគេដែរឬទេ។

នៅក្នុងសេចក្តីថ្លែងការណ៍រួម ពួកគេបានអំពាវនាវឱ្យ «បញ្ឈប់ជាបន្ទាន់នូវសកម្មភាពអរិភាព និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការស្វែង រកដំណោះស្រាយដោយសន្តិវិធី ហើយពួកគេក៏បានបញ្ជាក់ឡើងវិញអំពីការគោរពចំពោះអធិបតេយ្យភាព ឯករាជ្យភាពនយោបាយ និងបូរណភាពទឹកដីផងដែរ»។

ទីក្រុងប៉េកាំងកំពុងឃ្លាំមើលយ៉ាងដិតដល់ទៅលើកិច្ចប្រជុំកំពូល និងលទ្ធផលនៃកិច្ចប្រជុំនេះ។ សម្រាប់អាស៊ាន ប្រទេសចិនគឺជាដៃគូ ពាណិជ្ជកម្មនិងវិនិយោគដ៏ធំបំផុតរបស់ប្លុកនេះ។

គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវរបស់ចិនកំពុងតែពង្រីកការអភិវឌ្ឍ និងបង្កើតឱកាសសម្រាប់ការធ្វើអាជីវកម្មថ្មីៗនៅក្នុងអាស៊ានដែលជាតំបន់មួយក្នុងចំណោមតំបន់ដែលមានថាមពលខ្លាំងបំផុតរបស់ពិភពលោក។

ប្រទេសចិនគឺជាអ្នកចូលរួមដ៏ធំបំផុតនៅក្នុងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតរបស់ពិភពលោកដែល ប្រទេសជាសមាជិករបស់អាស៊ានទាំង ១០ ក៏បានចូលរួមផងដែរ។

ការប្តេជ្ញាចិត្តរបស់ប្រទេសចិនចំពោះតំបន់អាស៊ីអាគ្នេយ៍ទាក់ទងនឹងភាពជាដៃគូផ្នែកយោធានិងសន្តិសុខ មិនទាន់មានភាពស្មើគ្នាជាមួយនឹងសហរដ្ឋអាមេរិកដែលបានចូលរួមជាមួយតំបន់នេះអស់រយៈពេលជាយូរមកហើយនៅឡើយទេ។

ទោះជាយ៉ាងណាក៏ ដោយ ការចូលរួមរបស់ប្រទេសចិនពាក់ព័ន្ធនឹងផ្នែកសន្តិសុខនៅក្នុងតំបន់កំពុងតែមានការកើនឡើង ខណៈដែលប្រទេសជាសមាជិកអាស៊ានមួយចំនួនកំពុងព្យាយាមកាត់បន្ថយការពឹងផ្អែករបស់ពួកគេទៅលើអាមេរិកនៅក្នុងកិច្ចការយោធា។

នៅក្នុងអំឡុងពេលនៃការប្រកួតប្រជែងភូមិសាស្ត្រ នយោបាយរវាងអាមេរិកនិងចិន អាស៊ានត្រូវតែរក្សាភាពអព្យាក្រឹត និងត្រូវស្វែងរកវិធីសាស្រ្តប្រកបដោយការប្រុងប្រយ័ត្នដើម្បីរក្សាតុល្យភាពទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសជាមហាអំណាចទាំង2 និងមិនត្រូវងាកទៅកាន់ភាគីណាមួយខ្លាំងពេកនោះទេ។

បញ្ហាប្រឈមដ៏ធំបំផុតនោះគឺការស្វែងរកនូវវិធីសាស្រ្តណាដែលអាចបម្រើដល់ផលប្រយោជន៍ទាំងអាមេរិកនិងចិន ហើយថែមទាំងអាចបំពេញតម្រូវការក្នុងតំបន់បានទៀត។

អាស៊ានត្រូវតែធ្វើឱ្យប្រាកដថាក្របខណ្ឌ ឬយុទ្ធសាស្ត្រតំបន់ឥណ្ឌូ-ចិន (Indo-China) ដែលទទួលបានការគាំទ្រពីសំណាក់អាមេរិក ត្រូវតែមានភាពស្របគ្នាទៅនឹងគោលការណ៍ណែនាំរបស់ខ្លួន និងមិនធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងក្នុងការរក្សាតុល្យភាពរបស់ខ្លួននោះឡើយ។

អាស៊ានចាំបាច់ត្រូវមានការប្រុងប្រយ័ត្នក្នុងការធ្វើទំនាក់ទំនងជាមួយអាមេរិកនិងចិន ហើយមិនត្រូវចាញ់ការបោកបញ្ឆោត ហើយធ្លាក់ចូលទៅក្នុងផែនការយុទ្ធសាស្ត្រដ៏ធំរបស់ប្រទេសមហាអំណាច នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នោះទេ៕ Bangkok Post

អត្ថបទទាក់ទង