ខ្មែរប៉ុស្ដិ៍ Close

របៀបដែលតំបន់អាស៊ីអាគ្នេយ៍អាចជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 110
របៀបដែលតំបន់អាស៊ីអាគ្នេយ៍អាចជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន របៀបដែលតំបន់អាស៊ីអាគ្នេយ៍អាចជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន

ប្រទេសអាស៊ីអាគ្នេយ៍កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការងើបឡើងវិញ ហើយដើម្បីជំរុញតម្រូវការក្នុងស្រុករដ្ឋាភិបាលនានាបានបន្តលុបចោលការរឹតបន្តឹងលើការធ្វើបម្លាស់ទី និងបានបើកព្រំដែនរបស់ប្រទេសឡើងវិញ។ សន្ទស្សន៍គ្រប់គ្រងការទិញទំនិញ (Purchasing Managers’ Index) នៅក្នុងប្រទេសឥណ្ឌូណេស៊ី, ថៃ, ហ្វីលីពីន, សិង្ហបុរី, ម៉ាឡេស៊ី និងវៀតណាម នៅតែមានកម្រិតលើសពី ៥០ ដោយមិនបានរងនូវការធ្លាក់ចុះដូចដែលប្រទេសចិនបានជួបប្រទះនៅក្នុងឆ្នាំនេះ នៅចំពេលកើតមានការរីករាលដាលនៃវីរុសទម្រង់អូមីក្រុងនោះទេ។

ការកើនឡើងនៃទិន្នផលផលិតកម្ម និងសេវាកម្ម បាននាំឱ្យមានការបង្កើតការងារ និងការកើនឡើងនៃប្រាក់ចំណូលគ្រួសារ។ នៅក្នុងរបាយការណ៍ស្តីពីទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (Asian Development Outlook) ដែលបានចេញផ្សាយកាលពីដើមខែនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបង្កើនការព្យាករណ៍កំណើនរបស់ខ្លួនសម្រាប់តំបន់អាស៊ីអាគ្នេយ៍ពីចំនួន ៤,៩% ឡើងដល់ ៥% សម្រាប់ឆ្នាំ ២០២២ នេះ។

ប៉ុន្តែ បើទោះបីជាផលប៉ះពាល់នៃវីរុសកូវីដ-១៩ មកលើតំបន់អាស៊ីអាគ្នេយ៍ត្រូវបានកាត់បន្ថយក៏ដោយ ក៏សេដ្ឋកិច្ចរបស់តំបន់នេះនៅតែបន្តប្រឈមមុខនឹងបញ្ហាពាក់ព័ន្ធនឹងការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ និងស្បៀងអាហារ, ការកើនឡើងនូវអត្រាការប្រាក់នៅក្នុងពិភពលោក បូករួមនឹងការរំខាននៅក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់។

ការងើបឡើងវិញនៃវិស័យទេសចរណ៍ ដែលជាចំណុចស្នូលនៃសេដ្ឋកិច្ចក្នុងតំបន់ នៅតែមានសភាពយឺតយ៉ាវ។ សហគមន៍អន្តរជាតិ ហាក់បាត់បង់ជំនឿលើផែនការរបស់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ក្នុងការពន្លឿនការស្តារសេដ្ឋកិច្ចឡើងវិញ នៅក្នុងរយៈពេល ២ ឆ្នាំខាងមុខតាមរយៈការដកចេញនូវវិធានការនានាទាក់ទងនឹងវីរុសកូវីដ-១៩ ។

បណ្តាប្រទេសតូចៗបានរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារបញ្ហាអតិផរណា និងការរំខាននៅក្នុងការផ្គត់ផ្គង់។ ហេតុដូច្នេះហើយការយកចិត្តទុកដាក់ជាពិសេសចំពោះការប្រែប្រួលនៃដំណើរការស្តារឡើងវិញនៅក្នុងប្រទេសនីមួយៗគឺជារឿងចាំបាច់ណាស់។

ការវិភាគទិន្នន័យអតិផរណាសម្រាប់ប្រទេសអាស៊ានទាំង ១០ បានបង្ហាញថា «ប្រទេសឡាវ និងមីយ៉ាន់ម៉ា មានអត្រាអតិផរណាខ្ពស់បំផុតបើធៀបនឹងប្រទេសដទៃទៀតនៅក្នុងពិភពលោក»។ ជាក់ស្ដែង អត្រាអតិផរណារបស់ប្រទេសឡាវ នៅក្នុងខែមិថុនាគឺមានចំនួនរហូតដល់ទៅ ២៣,៦%។

នៅប្រទេសថៃ, សិង្ហបុរី និងហ្វីលីពីន អត្រាអតិផរណាស្ថិត នៅចន្លោះ ៦,១% ទៅ ៧,៧% ហើយមានតែឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងវៀតណាមប៉ុណ្ណោះ ដែលមានអត្រាអតិផរណាទាបចន្លោះពី ៣,៤% ទៅ ៤,៣%។

នៅប្រទេសម៉ាឡេស៊ី ការរំពឹងទុកស្តីអំពីអត្រាអតិផរណាអាចនឹងមានភាពធូរស្រាលជាងមុន ក៏ប៉ុន្តែតម្លៃវត្ថុធាតុដើមកាន់តែឡើងខ្ពស់អាចបង្កជាបញ្ហាប្រឈមដល់ក្រុមហ៊ុននាំចេញ។ ឥណ្ឌូណេស៊ីដែលជាប្រទេសផលិតធ្យូងថ្មនិងប្រេងដូងដ៏សំខាន់មួយ បានទទួលកំណើន GDP ៥% ពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងត្រីមាសទី១ នៃឆ្នាំនេះ។

ទោះជាយ៉ាងណាក៏ដោយ នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចតូចៗ ការកើនឡើងនៃថ្លៃប្រេងឥន្ធនៈនិងការធ្លាក់ចុះយ៉ាងខ្លាំងនៃរូបិយបណ្ណក្នុងស្រុក បានបន្តដាក់សម្ពាធលើអតិផរណា។ ទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងវិនិយោគិនបានធ្លាក់ ចុះនៅក្នុងប្រទេសឡាវ ហើយទស្សនវិស័យសម្រាប់ការស្ទុះងើបឡើងវិញនៅឆ្នាំនេះ នៅតែមានភាពស្រពិចស្រពិល ខណៈដែលផលប៉ះពាល់ទំនងជានឹងបន្តកើតមានរហូតដល់ឆ្នាំក្រោយ។

បើទោះបីជាកំណើននៅក្នុងវិស័យឧស្សាហកម្មនិងសេវាកម្មរបស់ប្រទេសមីយ៉ាន់ម៉ាមានភាពប្រសើរឡើងបន្តិចហើយក៏ដោយ ក៏ភាពតានតឹងផ្នែកនយោបាយ, បញ្ហាសន្តិសុខសង្គម និងអតិផរណានៅតែបន្តបង្កបញ្ហាប្រឈមកាន់តែធ្ងន់ធ្ងរផ្នែកសេដ្ឋកិច្ច។

«លំហគោលនយោបាយរូបិយវត្ថុរបស់កម្ពុជាបានរងនូវការធ្លាក់ចុះយ៉ាងខ្លាំង ខណៈដែលអ្នកបង្កើតគោលនយោបាយបាននិងកំពុងជាប់គាំងនៅក្នុងគោលដៅជាច្រើន ដែលរួមមានការព្យាយាមរក្សាការនាំចេញ, ការរក្សាស្ថិរភាពរូបិយបណ្ណ និងការការពារជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប»។

យើងមិនអាចមើលស្រាលលើការព្រួយបារម្ភផ្នែកហិរញ្ញវត្ថុដែលបណ្តាលមកពីការរួមបញ្ចូលគ្នានៃវីរុសរាតត្បាត និងការរឹតបន្តឹងរូបិយវត្ថុរបស់សហរដ្ឋអាមេរិកបានទេ ដោយក្នុងនោះ វាអាចធ្វើឱ្យការងើបឡើងវិញនៃ សេដ្ឋកិច្ចរបស់តំបន់អាស៊ីអាគ្នេយ៍មានសភាពកាន់តែយឺតយ៉ាវ ដែលជាហេតុនឹងធ្វើឱ្យស្ថានភាពហិរញ្ញវត្ថុរបស់បណ្តាអាជីវកម្មនិងគ្រួសារកាន់តែធ្លាក់ក្នុងស្ថានភាពអាក្រក់ទៅៗ។

លើសពីនេះ ប្រទេសចិនគឺជាអ្នកផ្គត់ផ្គង់ដ៏សំខាន់សម្រាប់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដូចជាកម្ពុជាជាដើម ដែលបាននាំចូលសម្ភារៈសំណង់យ៉ាងច្រើនពីប្រទេសចិន។ ផលវិបាកនៃការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ប្រទេសចិន និងការរំខានចំពោះខ្សែច្រវ៉ាក់ផ្គត់ផ្គង់ គឺជារឿងដែលមិនអាចអើពើបានឡើយ។

វីរុសរាតត្បាតនិងឥទ្ធិពលនៃសង្គ្រាមនៅអ៊ុយក្រែនបានបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីបញ្ហាកង្វះបរិយាប័ន្ននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ បញ្ហាអតិផរណានៅពេលបច្ចុប្បន្នបាននាំមកនូវបញ្ហាកង្វះខាតស្បៀងអាហារដែលបានបង្កផលប៉ះពាល់ដល់ការអភិវឌ្ឍធនធានមនុស្សនៅក្នុងបណ្តាប្រទេសទន់ខ្សោយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

វាគឺជារឿងចាំបាច់ណាស់ក្នុងការជំរុញឱ្យសេដ្ឋកិច្ចក្នុងតំបន់មានលក្ខណៈបរិយាប័ន្នទាំងសម្រាប់ពេលបច្ចុប្បន្ន និងអនាគត។

ទី១ «បណ្តាប្រទេសសេដ្ឋកិច្ចតូចៗនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ត្រូវតែធ្វើការវាយតម្លៃឱ្យបាន ហ្មត់ចត់អំពីប្រសិទ្ធភាពនៃវិធានការត្រៀមលក្ខណៈរបស់ពួកគេ ក៏ដូចជាវិសាលភាព និងប្រសិទ្ធភាពនៃវិធានការគាំទ្រគោលនយោបាយដើម្បីកំណត់មូលហេតុស្នូលនៃបញ្ហា»។

ទី២ «រហូតដល់ការងើបឡើងវិញអាចមានស្ថិរភាព វិធានការគោលនយោបាយគួរតែបន្តជួយដល់ប្រជាពលរដ្ឋនិងអាជីវកម្មដែលកំពុងរងទុក្ខលំបាក»។ ដើម្បីការពារក្រុមដែលងាយរងគ្រោះបំផុត បូករួមទាំងយុវជន, អ្នកដែលមានប្រាក់ចំណូលទាបនិងស្ត្រី បណ្តាប្រទេសនានាត្រូវតែពន្យឺតការដកចេញនូវជំនួយគោលនយោបាយ ទន្ទឹមនឹងការបង្កើនការប្រុងប្រយ័ត្នអំពីនិរន្តរភាពបំណុល និងកង្វល់ផ្នែកហិរញ្ញវត្ថុ។

ចំណុចចុងក្រោយគឺ «ការជំរុញការផ្លាស់ប្តូរ»។ នៅក្រោយវិបត្តិវីរុសវីរុស-១៩ ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលដែលមានលក្ខណៈកាន់តែបៃតង, កាន់តែបរិយាប័ន្ន និងកាន់តែរឹងមាំ ត្រូវតែក្លាយជាគោលដៅកំពូល។ បណ្តាប្រទេសតូចៗមានទំហំគោលនយោបាយមានកំណត់ ដែលជាហេតុធ្វើឱ្យពួកគេត្រូវការជំនួយហិរញ្ញវត្ថុជាបន្ទាន់ពីសហគមន៍អន្តរជាតិ។

ក្របខណ្ឌរួមរបស់ក្រុម G20 សម្រាប់ការបន្ធូរបន្ថយបំណុល អាចត្រួសត្រាយផ្លូវសម្រាប់ប្រទេសនានាក្នុងការរៀបចំរចនាសម្ព័ន្ធបំណុលដែលមិនមាននិរន្តរភាព និងការស្ដារកំណើនឡើងវិញតាមរយៈកិច្ចសហប្រតិបត្តិការជាអន្តរជាតិ៕

South China Morning Post